២១
ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី
១ រួច​ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ​ហើយ ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ ២ ហើយ​យ៉ូហាន​ខ្ញុំ ក៏​ឃើញ​ទី​ក្រុង​ដ៏​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូសាឡិម​ថ្មី ចុះ​ពី​ស្ថានសួគ៌​មក​អំពី​ព្រះ តាក់តែង​ដូច​ជា​ប្រពន្ធ​ថ្មោងថ្មី​តែង​ខ្លួន​ទទួល​ប្តី ៣ ខ្ញុំ​មាន​ឮ​សំឡេង​១​យ៉ាង​ខ្លាំង ចេញ​ពី​ស្ថានសួគ៌​មក​ថា មើល​រោង​ឧបោសថរបស់​ព្រះ បាន​នៅ​ជា​មួយ​នឹង​មនុស្ស​ហើយ ទ្រង់​នឹង​គង់​នៅ​ជា​មួយ​នឹង​គេ គេ​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ព្រះអង្គ​ទ្រង់​ក៏​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ៤ ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក ពី​ភ្នែក​គេ​ចេញ និង​គ្មាន​សេចក្តី​ស្លាប់ ឬ​សេចក្តី​សោក​សង្រេង ឬ​សេចក្តី​យំ​ទួញ ឬ​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ ដ្បិត​សេចក្តី​មុន​ទាំង​ប៉ុន្មាន បាន​កន្លង​បាត់​ទៅ​ហើយ។
៥ ឯ​ព្រះអង្គ ដែល​គង់​លើ​បល្ល័ង្ក ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី រួច​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ចូរ​សរសេរ​ទុក​ចុះ ដ្បិត​ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ៦ ទ្រង់​ក៏​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ស្រេច​ហើយ អញ​ជា​អាលផា និង​អូមេកា គឺ​ជា​ដើម ហើយ​ជា​ចុង បើ​អ្នក​ណា​ស្រេក អញ​នឹង​ឲ្យ​អ្នក​នោះ​ផឹក​ពី​រន្ធ​ទឹក​នៃ​ជីវិត​ឥត​យក​ថ្លៃ ៧ ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​នឹង​បាន​គ្រង​សេចក្តី​ទាំង​នេះ​ទុក​ជា​មរដក អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​ធ្វើ​ជា​កូន​របស់​អញ ៨ តែ​ត្រង់​ពួក​ខ្លាច ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​កាប់​សំឡាប់​គេ ពួក​កំផិត ពួក​មន្តអាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​មនុស្ស​កំភូត គេ​នឹង​មាន​ចំណែក នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់ធ័រ គឺ​ជា​សេចក្តី​ស្លាប់​ទី​២​វិញ។
ក្រុង​យេរូសាឡិម​ថ្មី
៩ ក្នុង​ទេវតា​ទាំង​៧ មាន​ទេវតា​១ ដែល​កាន់​ចាន​កន្ទោង​ដ៏​ពេញ​ដោយ​សេចក្តី​វេទនា​ទាំង​៧​ក្រោយ​បង្អស់ ទេវតា​នោះ​បាន​មក​និយាយ​នឹង​ខ្ញុំ​ថា ចូរ​មក​ឯ​ណេះ ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ប្រពន្ធ​ថ្មោងថ្មី ជា​ភរិយា​របស់​កូន​ចៀម ១០ នោះ​ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​ហើយ​ខ្ពស់ បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូសាឡិម​ដែល​កំពុង​តែ​ចុះ​ពី​ស្ថានសួគ៌ មក​អំពី​ព្រះ ១១ ទាំង​មាន​សិរីល្អ​នៃ​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ទី​ក្រុង​នោះ ក៏​ដូច​ជា​ត្បូង​មាន​ដំឡៃ​ថ្លៃ​វិសេស គឺ​ដូច​ជា​ត្បូង​មណីជោតិ ហើយ​ថ្លា​ដូច​កែវ​ចរណៃ ១២ ក្រុង​នោះ​មាន​កំផែង​ធំ ហើយ​ខ្ពស់ មាន​ទ្វារ​១២ ឯ​ត្រង់​ទ្វារ​ទាំង​នោះ​មាន​ទេវតា​១២ ហើយ​មាន​ឈ្មោះ​ឆ្លាក់​ទុក ដែល​ជា​ឈ្មោះ​របស់​ពូជ​អំបូរ​ជនជាតិ​អ៊ីស្រាអែល​ទាំង​១២ ១៣ នៅ​ទិស​ខាង​កើត​មាន​ទ្វារ​៣ ខាង​ជើង​មាន​ទ្វារ​៣ ខាង​ត្បូង​មាន​ទ្វារ​៣ ហើយ​ខាង​លិច​មាន​ទ្វារ​៣​ដែរ ១៤ កំផែង​នៃ​ទី​ក្រុង​ក៏​មាន​ជើង​១២ ដែល​មាន​ឆ្លាក់​ឈ្មោះ ជា​ឈ្មោះ​ពួក​សាវ័ក​របស់​ពួក​កូន​ចៀម​ទាំង​១២​នាក់។
១៥ ឯ​ទេវតា ដែល​និយាយ​មក​ខ្ញុំ នោះ​ក៏​មាន​កាន់​រង្វាស់​មាស ដើម្បី​នឹង​វាស់​ទី​ក្រុង និង​ទ្វារ ហើយ​កំផែង​ក្រុង​ដែរ ១៦ ទី​ក្រុង​នោះ​មាន​រាង​៤​ជ្រុង បណ្តោយ​នឹង​ទទឹង​ស្មើ​គ្នា ទេវតា​ក៏​យក​រង្វាស់​ទៅ​វាស់​ទី​ក្រុង ឃើញ​មាន​១២​ពាន់​ស្តាដ ឯ​បណ្តោយ ទទឹង ហើយ​កំពស់​ក៏​ស្មើ​គ្នា​ទាំង​អស់ ១៧ ក៏​វាស់​កំផែង​ឃើញ​១៤៤​ហត្ថ តាម​រង្វាស់​មនុស្ស​ជាតិ​ដែល​ទេវតា​ប្រើ ១៨ កំផែង​នោះ​បាន​ធ្វើ​ពី​ត្បូង​មណីជោតិ ហើយ​ទី​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ដូច​ជា​កែវ​ថ្លា​ល្អ ១៩ ជើង​កំផែង​បាន​តាក់តែង ដោយ​ត្បូង​មាន​ដំឡៃ​គ្រប់​យ៉ាង ជើង​ទី​១​មាន​ត្បូង​មណីជោតិ ទី​២​មាន​ត្បូងកណ្តៀង ទី​៣​មាន​ត្បូង​មោរ៉ា ទី​៤​មាន​ត្បូង​មរកត ២០ ទី​៥​មាន​ត្បូង​សាមស៊ី ទី​៦​មាន​ត្បូង​ពិទាយ ទី​៧​មាន​ត្បូង​ប៊ុតលឿង ទី​៨​មាន​ត្បូង​បេរីល ទី​៩​មាន​ត្បូង​ទោប៉ាត់ ទី​១០​មាន​ត្បូង​យក់ ទី​១១​មាន​ត្បូង​និល ទី​១២​មាន​ត្បូង​ត្របែក ២១ ទ្វារ​ទាំង​១២​ជា​កែវមុក្តា​១២ គឺ​ទ្វារ​១​ធ្វើ​ពី​កែវមុក្តា​១ ហើយ​ផ្លូវ​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ថ្លា​ដូច​ជា​កែវ។
២២ ខ្ញុំ​មិន​ឃើញ​មាន​ព្រះវិហារ​ណា នៅ​ក្នុង​ក្រុង​នោះ​ទេ ដ្បិត​ព្រះអម្ចាស់ ជា​ព្រះ​ដ៏​មាន​ព្រះចេស្តា​បំផុត ព្រម​ទាំង​កូន​ចៀម​ដែរ ទ្រង់​ជា​ព្រះវិហារ​នៃ​ទី​ក្រុង​នោះ ២៣ ក្រុង​នោះ​មិន​ត្រូវ​ការ​នឹង​ព្រះអាទិត្យ ឬ​ព្រះចន្ទ សំរាប់​នឹង​បំភ្លឺ​ទេ ដ្បិត​សិរីល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ ២៤ អស់​ទាំង​សាសន៍​នឹង​ដើរ​ក្នុង​ពន្លឺ​ក្រុង​នោះ អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​យក​សិរី​នៃ​ខ្លួន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ ២៥ ទ្វារ​ក្រុង​នោះ​ទាំង​ប៉ុន្មាន​មិន​ដែល​បិទ​នៅ​ពេល​ថ្ងៃ​ទេ ហើយ​នៅ​ឯ​ណោះ​គ្មាន​យប់​ឡើយ ២៦ មនុស្ស​លោក​នឹង​យក​សិរីល្អ និង​កេរ្តិ៍​ឈ្មោះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ទុក​ក្នុង​ក្រុង​នោះ ២៧ ក៏​គ្មាន​អ្វី​ស្មោកគ្រោក ឬ​អ្នក​ណា​ដែល​ប្រព្រឹត្ត​បែប​គួរ​ខ្ពើម ឬ​សេចក្តី​កំភូត​ណា​ចូល​ទៅ​ក្នុង​ទី​ក្រុង​នោះ​ឡើយ ចូល​បាន​តែ​អ្នក​ណា ដែល​មាន​ឈ្មោះ​កត់​ទុក ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម​ប៉ុណ្ណោះ។