២២
១ ទេវតា​ក៏​បង្ហាញ ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត ថ្លា​ដូច​ជា​កែវ​ចរណៃ ដែល​ហូរ​ចេញ​ពី​បល្ល័ង្ក​នៃ​ព្រះ និង​កូន​ចៀម ២ ឯ​នៅ​កណ្តាល​ផ្លូវ​ក្រុង​នោះ ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង នោះ​មាន​ដើម​ជីវិត ដែល​បង្កើត​ផ្លែ​១២​ដង គឺ​១​ខែ​ម្តងៗ ហើយ​ស្លឹក​ឈើ​នោះ ក៏​សំរាប់​នឹង​មើល​អស់​ទាំង​សាសន៍​ឲ្យ​ជា ៣ គ្រា​នោះ​នឹង​គ្មាន​សេចក្តី​បណ្តាសា​ទៀត​ឡើយ ហើយ​បល្ល័ង្ក​នៃ​ព្រះ និង​កូន​ចៀម ក៏​នឹង​នៅ​ក្នុង​ក្រុង​នោះ ឯ​ពួក​បាវ​របស់​ទ្រង់ គេ​នឹង​បំរើ​ទ្រង់ ៤ គេ​នឹង​ឃើញ​ព្រះភក្ត្រ​ទ្រង់ ហើយ​ព្រះនាម​ទ្រង់​នឹង​នៅ​លើ​ថ្ងាស​គេ ៥ ក៏​នឹង​ឥត​មាន​យប់​ទៀត​ឡើយ ហើយ​គេ​មិន​ត្រូវ​ការ​នឹង​ចង្កៀង​ណា ឬ​ពន្លឺ​ព្រះអាទិត្យ​ទេ ពី​ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​ទ្រង់​នឹង​បំភ្លឺ​គេ ហើយ​គេ​នឹង​សោយ​រាជ្យ នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ទៅ។
សេចក្តី​ដាស់តឿន​ផ្សេងៗ
៦ ទេវតា​ក៏​និយាយ​មក​ខ្ញុំ​ថា ពាក្យ​ទាំង​នេះ​ពិត​ប្រាកដ ហើយ​គួរ​ជឿ ឯ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នៃ​វិញ្ញាណ​ពួក​ហោរា ទ្រង់​ក៏​ចាត់​ទេវតា​ទ្រង់​មក បង្ហាញ​ឲ្យ​ពួក​បាវ​បំរើ​ទ្រង់​ឃើញ​ការ ដែល​បន្តិច​ទៀត​ត្រូវ​កើត​មក ៧ មើល អញ​មក​ជា​ឆាប់ មាន​ពរ​ហើយ​អ្នក​ណា​ដែល​កាន់​តាម​សេចក្តី​ទំនាយ​ក្នុង​គម្ពីរ​នេះ។
៨ គឺ​យ៉ូហាន​ខ្ញុំ ដែល​បាន​ឃើញ ហើយ​ឮ​សេចក្តី​ទាំង​នេះ លុះ​ខ្ញុំ​ឮ ហើយ​ឃើញ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​រៀប​នឹង​ថ្វាយ​បង្គំ នៅ​ទៀប​ជើង​នៃ​ទេវតា ដែល​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​សេចក្តី​ទាំង​នេះ ៩ តែ​ទេវតា​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ឡើយ ខ្ញុំ​ក៏​ជា​បាវ​បំរើ​ជា​មួយ​នឹង​អ្នក​ដែរ ហើយ​ជា​មួយ​នឹង​ពួក​ហោរា ជា​បង​ប្អូន​អ្នក និង​ពួក​អ្នក​ដែល​កាន់​តាម​ព្រះបន្ទូល​ក្នុង​គម្ពីរ​នេះ​ផង ចូរ​ថ្វាយ​បង្គំ​ដល់​ព្រះ​វិញ​ចុះ។
១០ រួច​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា កុំ​ឲ្យ​បំបិទសេចក្តី​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ពី​ព្រោះ​ពេល​កំណត់​ជិត​ដល់​ហើយ ១១ អ្នក​ណា​ដែល​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ទុច្ចរិត អ្នក​ដែល​ស្មោកគ្រោក ឲ្យ​អ្នក​នោះ នៅ​តែ​ស្មោកគ្រោក​ចុះ តែ​អ្នក​ណា​ដែល​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ចេះ​តែ​ប្រព្រឹត្ត​ផ្លូវ​សុចរិត​ទៅ ហើយ​អ្នក​ណា​ដែល​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ដដែល ១២ មើល អញ​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​នឹង​ចែក​ឲ្យ​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ធ្វើ ១៣ អញ​ជា​អាលផា និង​អូមេកា គឺ​ជា​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម ហើយ​ជា​ចុង ១៤ មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​បាន​ច្បាប់​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ ១៥ ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្តអាគម ពួក​កំផិត ពួក​កាប់​សំឡាប់​គេ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​គ្រប់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្តី​កំភូត។
១៦ អញ ឈ្មោះ​យេស៊ូវ បាន​ចាត់​ទេវតា​របស់​អញ​មក​ធ្វើ​បន្ទាល់ ប្រាប់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ពី​សេចក្តី​ទាំង​នេះ នៅ​ក្នុង​ពួក​ជំនុំ​ទាំង​ប៉ុន្មាន អញ​ជា​ឫស ហើយ​ជា​ពូជ​ហ្លួង​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង ១៧ ព្រះវិញ្ញាណ និង​ប្រពន្ធ​ថ្មោងថ្មី​ពោល​ថា អញ្ជើញ​មក ហើយ​អ្នក​ណា​ដែល​ឮ ក៏​ថា អញ្ជើញ​មក​ដែរ អ្នក​ណា​ដែល​ស្រេក នោះ​មាន​តែ​មក ហើយ​អ្នក​ណា​ដែល​ចង់​បាន មាន​តែ​យក​ទឹក​ជីវិត​នោះ​ចុះ ឥត​ចេញ​ថ្លៃ​ទេ។
១៨ ខ្ញុំ​ធ្វើ​បន្ទាល់ ដល់​អស់​អ្នក​ណា ដែល​ឮ​សេចក្តី​ទំនាយ ក្នុង​គម្ពីរ​នេះ​ថា បើ​អ្នក​ណា​បញ្ចូល​អ្វី​ក្នុង​សេចក្តី​ទាំង​នេះ នោះ​ព្រះ​ទ្រង់​នឹង​បន្ថែម​អស់​ទាំង​សេចក្តី​វេទនា ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដល់​អ្នក​នោះ​ផង ១៩ ហើយ​បើ​អ្នក​ណា​ដក​អ្វី ពី​ព្រះបន្ទូល​ក្នុង​គម្ពីរ​នៃ​សេចក្តី​ទំនាយ​នេះ​ចេញ នោះ​ព្រះ​ទ្រង់​នឹង​ដក​ចំណែក ដែល​អ្នក​នោះ​មាន​ដល់​ដើម​ជីវិត និង​ទី​ក្រុង​បរិសុទ្ធ ហើយ​និង​សេចក្តី​ទាំង​ប៉ុន្មាន ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ចេញ​ដែរ។
២០ ព្រះអង្គ ដែល​ធ្វើ​បន្ទាល់​ពី​សេចក្តី​ទាំង​នេះ ទ្រង់​មាន​ព្រះបន្ទូល​ថា អើ អញ​មក​ជា​ឆាប់។ អាម៉ែន ព្រះអម្ចាស់​យេស៊ូវ​អើយ សូម​យាង​មក។ ២១ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚