ការ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​របស់​ព្រះ
១ ដូច្នេះ ឱ​មនុស្ស​អើយ អស់​អ្នក​ណា​ដែល​ថ្កោល​ទោស​គេ នោះ​គ្មាន​សេចក្តី​ដោះ​សារ​ចំពោះ​ខ្លួន​ឡើយ ដ្បិត​ដែល​អ្នក​ថ្កោល​ទោស​គេ នោះ​ឈ្មោះ​ថា​កាត់​ទោស​ខ្លួន​ឯង​ហើយ ពី​ព្រោះ​អ្នក​ឯង​ដែល​ថ្កោល​ទោស​គេ ក៏​ប្រព្រឹត្ត​ដូច​គ្នា​ដែរ ២ តែ​យើង​រាល់​គ្នា​ដឹង​ថា ចំណែក​សេចក្តី​ជំនុំជំរះ​របស់​ព្រះ​វិញ នោះ​ត្រូវ​នឹង​សេចក្តី​ពិត ទាស់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ ៣ មួយ​ទៀត ឱ​មនុស្ស​អើយ ដែល​អ្នក​ថ្កោល​ទោស ដល់​អស់​អ្នក ដែល​ប្រព្រឹត្ត​ការ​យ៉ាង​នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​តើ​អ្នក​ស្មាន​ថា​ខ្លួន​អ្នក​នឹង​រួច​ពី​សេចក្តី​ជំនុំជំរះ​របស់​ព្រះ​ឬ​អី ៤ ឬ​អ្នក​មើលងាយ​សេចក្តី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្តី​ទ្រាំ​ទ្រ និង​សេចក្តី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្តី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី ៥ តែ​ដោយ​អ្នក​រឹង​របឹង ហើយ​មិន​ព្រម​ប្រែ​ចិត្ត​សោះ បាន​ជា​អ្នក​ឈ្មោះ​ថា​កំពុង​តែ​ប្រមូល​សេចក្តី​ក្រោធ ទុក​សំរាប់​ខ្លួន​ដល់​ថ្ងៃ​នៃ​សេចក្តី​ក្រោធវិញ ជា​ថ្ងៃ​ដែល​សេចក្តី​ជំនុំជំរះ​ដ៏​សុចរិត​របស់​ព្រះ​នឹង​សំដែង​មក ៦ ដែល​ទ្រង់​នឹង​សង​ដល់​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ៧ គឺ​ជា​ជីវិត​អស់​កល្ប​ជានិច្ច ដល់​ពួក​អ្នក​ដែល​រក​សិរីល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​មិន​ពុករលួយ ដោយ​គេ​កាន់​ខ្ជាប់​ក្នុង​ការ​ល្អ ៨ តែ​ពួក​អ្នក​ដែល​ទាស់​ទទឹង មិន​ព្រម​ស្តាប់​តាម​សេចក្តី​ពិត គឺ​ស្តាប់​តាម​តែ​សេចក្តី​ទុច្ចរិត​វិញ នោះ​នឹង​បាន​សេចក្តី​ក្រោធ និង​សេចក្តី​ឃោរឃៅ ៩ ជា​សេចក្តី​វេទនា និង​សេចក្តី​លំបាក​នៅ​លើ​គ្រប់​ទាំង​ព្រលឹង​មនុស្ស​ណា ដែល​ប្រព្រឹត្ត​អាក្រក់ មាន​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង ១០ តែ​អស់​អ្នក​ដែល​ប្រព្រឹត្ត​ល្អ នោះ​នឹង​បាន​សិរីល្អ កេរ្តិ៍​ឈ្មោះ និង​សេចក្តី​សុខ​វិញ គឺ​មាន​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង ១១ ដ្បិត​ព្រះ​ទ្រង់​មិន​យោគយល់​ខាង​អ្នក​ណា​សោះ ១២ ព្រោះ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ឥត​ស្គាល់​ក្រឹត្យវិន័យ នោះ​នឹង​ត្រូវ​វិនាស​ទៅ​ឥត​ក្រឹត្យវិន័យ​ដែរ ហើយ​អស់​អ្នក​ណា​ដែល​បាន​ធ្វើ​បាប​ក្នុង​បន្ទុក​ក្រឹត្យវិន័យ នោះ​នឹង​ត្រូវ​ក្រឹត្យវិន័យ​ជំនុំជំរះ​វិញ ១៣ (ដ្បិត​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្តាប់​ក្រឹត្យវិន័យ នោះ​មិន​មែន​ឈ្មោះ​ថា​សុចរិត នៅ​ចំពោះ​ព្រះ​ឡើយ គឺ​បាន​រាប់​ជា​សុចរិត​តែ​ពួក​អ្នក ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ប៉ុណ្ណោះ​ទេ ១៤ ពី​ព្រោះ​កាល​ណា​ពួក​សាសន៍​ដទៃ ដែល​គ្មាន​ក្រឹត្យវិន័យ គេ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ពី​បវេណី នោះ​ពួក​ដែល​គ្មាន​ក្រឹត្យ​វិន័យ​នោះ​ឯង គេ​ជា​ក្រឹត្យវិន័យ​ដល់​ខ្លួន​គេ​វិញ ១៥ ដោយ​សំដែង​ថា របៀប​ក្រឹត្យវិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ជួនកាល​ប្រកាន់​ទោស ជួនកាល​ដោះ​សា​គ្នា​ទៅ​វិញ​ទៅ​មក) ១៦ គឺ​ក្នុង​ថ្ងៃ ដែល​ព្រះ​ទ្រង់​នឹង​ជំនុំជំរះ​អស់​ទាំង​ការ​លាក់​កំបាំង​របស់​មនុស្ស តាម​ដំណឹង​ល្អ​ខ្ញុំ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ។
១៧ បើ​អ្នក​មាន​ឈ្មោះ​ជា​សាសន៍​យូដា ទាំង​ទុក​ចិត្ត​នឹង​ក្រឹត្យវិន័យ ហើយ​អួត​សរសើរ​ពី​ព្រះ ១៨ ក៏​ស្គាល់​ព្រះហឫទ័យ​ទ្រង់ ហើយ​ចេះ​សំគាល់​រើស​សេចក្តី​ល្អ ដោយ​បាន​រៀន​តាម​ក្រឹត្យវិន័យ ១៩ ទាំង​ជឿ​ប្រាកដ​ថា ខ្លួន​ជា​អ្នក​ដឹកនាំ​មនុស្ស​ខ្វាក់ ជា​ពន្លឺ​ដល់​ពួក​អ្នក​ងងឹត ២០ ជា​អ្នក​ទូន្មាន​ប្រដៅ​ដល់​ពួក​ខ្លៅ​ល្ងង់ ជា​គ្រូ​បង្រៀន​ដល់​កូន​ក្មេង ក៏​មាន​គំរូ​ពី​សេចក្តី​ចេះ​ដឹង និង​សេចក្តី​ពិត​នៅ​ក្នុង​ក្រឹត្យវិន័យ ២១ ដូច្នេះ អ្នក​ឯង ដែល​បង្រៀន​គេ តើ​មិន​បង្រៀន​ដល់​ខ្លួន​ឯង​ទេ​ឬ​អី អ្នក​ឯង​ដែល​ប្រដៅ​ថា កុំ​ឲ្យ​លួច​គេ តើ​អ្នក​លួច​ឬ​ទេ ២២ អ្នក​ឯង​ដែល​ថា កុំ​ឲ្យ​ផិត​គ្នា តើ​អ្នក​ផិត​ឬ​ទេ អ្នក​ឯង​ដែល​ស្អប់​ខ្ពើម​រូប​ព្រះ តើ​អ្នក​ប្លន់​វិហារ​ឬ​ទេ ២៣ អ្នក​ឯង​ដែល​អួត​ពី​ក្រឹត្យវិន័យ តើ​អ្នក​បង្អាប់​ព្រះ ដោយ​ប្រព្រឹត្ត​រំលង​នឹង​ក្រឹត្យវិន័យ​ឬ​ទេ ២៤ ដ្បិត​ពួក​សាសន៍​ដទៃ គេ​ប្រមាថ​ដល់​ព្រះនាម​ព្រះ ដោយ​ព្រោះ​តែ​អ្នក​រាល់​គ្នា ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ហើយ។
២៥ រីឯ​ការ​កាត់​ស្បែក នោះ​មាន​ប្រយោជន៍​មែន បើ​អ្នក​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ តែ​បើ​អ្នក​ប្រព្រឹត្ត​រំលង​ក្រឹត្យវិន័យ​វិញ នោះ​ការ​ដែល​ទទួល​កាត់​ស្បែក បាន​ត្រឡប់​ដូច​ជា​មិន​កាត់​វិញ ២៦ ដូច្នេះ បើ​សិន​ជា​ពួក​ដែល​មិន​កាត់​ស្បែក គេ​កាន់​តាម​បញ្ញត្ត​ក្រឹត្យវិន័យ​ទៅ នោះ​ការ​ដែល​មិន​បាន​កាត់​ស្បែក តើ​មិន​រាប់​ដូច​ជា​បាន​កាត់​វិញ​ទេ​ឬ​អី ២៧ ហើយ​ពួក​អ្នក​ដែល​មិន​កាត់​ស្បែក​តាម​បវេណី បើ​គេ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​សព្វ​គ្រប់ តើ​គេ​មិន​ជំនុំជំរះ​អ្នក​ទេ​ឬ​អី ដែល​អ្នក​មាន​ទាំង​គម្ពីរ និង​ការ​កាត់​ស្បែក​ផង តែ​ចេះ​តែ​ប្រព្រឹត្ត​រំលង​ក្រឹត្យវិន័យ​វិញ ២៨ ឯ​ដំណើរ​ដែល​ហៅ​ថា​សាសន៍​យូដា នោះ​មិន​មែន​ចំពោះ​តែ​អ្នក​ណា​ដែល​មាន​ទី​សំគាល់​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ហើយ​ការ​កាត់​ស្បែក​សោត ក៏​មិន​មែន​ចំពោះ​តែ​សាច់​ខាង​ក្រៅ​ប៉ុណ្ណោះ​ដែរ ២៩ រីឯ​សាសន៍​យូដា​ដ៏​ពិត​ប្រាកដ នោះ​គឺ​ខាង​ក្នុង​វិញ ហើយ​ការ​កាត់​ស្បែក​ក៏​នៅ​ក្នុង​ចិត្ត ខាង​ព្រលឹង​វិញ្ញាណ​ដែរ មិន​មែន​តាម​តែ​ន័យ​ពាក្យ​ប៉ុណ្ណោះ​ទេ មនុស្ស​យ៉ាង​នោះ​តែង​មាន​សេចក្តី​សរសើរ មិន​មែន​មក​ពី​មនុស្ស គឺ​ពី​ព្រះ​វិញ។