៣
១ ដូច្នេះ តើសាសន៍យូដាវិសេសជាងគេយ៉ាងណា ឬការកាត់ស្បែកមានប្រយោជន៍ដូចម្តេចខ្លះ ២ មានគ្រប់ជំពូកជាច្រើនណាស់ មុនដំបូង គឺពីព្រោះបានផ្ញើព្រះបន្ទូលទុកនឹងគេ ៣ តែបើមានអ្នកខ្លះមិនជឿ នោះដូចម្តេចទៅ សេចក្តីដែលគេមិនជឿនោះ តើនឹងធ្វើឲ្យសេចក្តីជំនឿជឿដល់ព្រះទៅជាមិនកើតការវិញឬអី ៤ ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្តីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានព្រះបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់» ៥ ប៉ុន្តែ បើសិនជាសេចក្តីទុច្ចរិតរបស់យើងរាល់គ្នា បាននាំឲ្យគេឃើញសេចក្តីសុចរិតរបស់ព្រះច្បាស់ជាង នោះតើនឹងថាដូចម្តេច តើព្រះទ្រង់ទុច្ចរិតឬអី ដែលទ្រង់ធ្វើទោសនោះ (នេះខ្ញុំនិយាយតាមបែបមនុស្សលោក) ៦ ទេ មិនមែនឡើយ តែបើសិនជាទុច្ចរិតមែន នោះធ្វើដូចម្តេច ឲ្យព្រះជំនុំជំរះលោកីយ៍បាន ៧ ដ្បិតបើសិនជាសេចក្តីពិតរបស់ព្រះបានចំរើនឡើង សំរាប់ជាសិរីល្អដល់ទ្រង់ ដោយសារសេចក្តីភូតភររបស់ខ្ញុំ នោះតើហេតុអ្វីបានជាខ្ញុំជាប់សេចក្តីជំនុំជំរះ ទុកដូចជាមនុស្សមានបាបទៀត ៨ ហើយហេតុអ្វីបានជាយើងខ្ញុំមិនថា ចូរប្រព្រឹត្តការអាក្រក់ ដើម្បីឲ្យការល្អបានកើតឡើង ដូចជាគេនិយាយបង្កាច់យើងខ្ញុំ ហើយខ្លះប្រកាន់ថា យើងខ្ញុំប្រដៅដូច្នោះមែននោះ ឯទោសនៃពួកអ្នកដែលប្រកាន់ដូច្នោះ នោះត្រឹមត្រូវហើយ។
គ្មានមនុស្សណាម្នាក់សុចរិតទេ
៩ ដូច្នេះ តើដូចម្តេច យើងល្អជាងគេឬទេ មិនមែនទេ ដ្បិតយើងខ្ញុំបានចោទប្រកាន់រួចហើយថា ទោះទាំងសាសន៍យូដា និងសាសន៍ក្រេកផង សុទ្ធតែនៅក្រោមអំពើបាប ១០ ដូចមានសេចក្តីចែងទុកមកថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានផង ១១ គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ ១២ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង ១៣ បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ១៤ ហើយមាត់គេមានពេញដោយសេចក្តីបណ្តាសា និងសេចក្តីជូរចត់ ១៥ ជើងគេរហ័សនឹងកំចាយឈាម ១៦ នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្តីវិនាស និងសេចក្តីទុក្ខលំបាក ១៧ គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ១៨ ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ» ១៩ រីឯគ្រប់ទាំងសេចក្តីដែលក្រឹត្យវិន័យបង្គាប់ នោះយើងដឹងថា បង្គាប់ដល់តែពួកអ្នកដែលនៅក្នុងបន្ទុកក្រឹត្យវិន័យទេ ដើម្បីឲ្យគ្រប់ទាំងមាត់ត្រូវបិទ ហើយឲ្យលោកីយ៍ទាំងមូលជាប់មានទោសនៅចំពោះព្រះ ២០ ហេតុនោះបានជាគ្មានមនុស្សណាបានរាប់ជាសុចរិត នៅចំពោះទ្រង់ ដោយអាងការប្រព្រឹត្តតាមក្រឹត្យវិន័យនោះឡើយ ដ្បិតក្រឹត្យវិន័យគ្រាន់តែសំដែងឲ្យស្គាល់អំពើបាបប៉ុណ្ណោះ។
ព្រះប្រោសឲ្យមនុស្សបានសុចរិតដោយសារជំនឿលើព្រះយេស៊ូវគ្រីស្ទ
២១ ប៉ុន្តែ ឥឡូវនេះ ក្រៅពីក្រឹត្យវិន័យ សេចក្តីសុចរិតផងព្រះដែលមានទាំងក្រឹត្យវិន័យ និងពួកហោរាធ្វើបន្ទាល់ឲ្យផង នោះបានលេចចេញមកហើយ ២២ គឺជាសេចក្តីសុចរិតរបស់ព្រះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ ក៏សំរាប់គ្រប់អស់អ្នកណាដែលជឿផង ដ្បិតគ្មានខុសអំពីគ្នាទេ ២៣ ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ ២៤ តែដោយពឹងដល់ព្រះគុណទ្រង់ នោះបានរាប់ជាសុចរិតទទេ ដោយសារសេចក្តីប្រោសលោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ២៥ ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់ សំរាប់នឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ ចំពោះការដែលទ្រង់មិនប្រកាន់អំពើបាប ដែលគេប្រព្រឹត្តពីដើម ដោយទ្រង់មានព្រះហឫទ័យអត់ធ្មត់ ២៦ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ។
២៧ ដូច្នេះ តើសេចក្តីអួតអាងនៅឯណា គឺត្រូវលើកចោលហើយ តើច្បាប់ណាដែលលើកចោលនោះ តើជាច្បាប់ខាងឯការប្រព្រឹត្តឬ មិនមែនទេ គឺជាច្បាប់ខាងឯសេចក្តីជំនឿវិញទេតើ ២៨ ដ្បិតយើងខ្ញុំអាងថា មនុស្សបានរាប់ជាសុចរិត ដោយសារសេចក្តីជំនឿ គឺមិនមែនដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ២៩ តើព្រះអង្គទ្រង់ជាព្រះនៃសាសន៍យូដាតែប៉ុណ្ណោះ តើទ្រង់មិនមែនជាព្រះនៃសាសន៍ដទៃដែរទេឬអី មែនហើយ ទ្រង់ជាព្រះនៃសាសន៍ដទៃដែរ ៣០ ដ្បិតគឺជាព្រះតែ១ព្រះអង្គ ដែលនឹងរាប់ទាំងពួកកាត់ស្បែក ថាជាសុចរិត ដោយសារតែគេមានសេចក្តីជំនឿ ព្រមទាំងពួកអ្នកដែលមិនកាត់ស្បែកផង ដោយគេមានសេចក្តីជំនឿនោះដែរ ៣១ ដូច្នេះ តើយើងឈ្មោះថាធ្វើឲ្យក្រឹត្យវិន័យទៅជាឥតប្រយោជន៍ ដោយសេចក្តីជំនឿឬអី ទេ មិនមែនឡើយ គឺឈ្មោះថា យើងតាំងក្រឹត្យវិន័យឲ្យកាន់តែមាំមួនឡើងវិញទេតើ។