នាង​រស់​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​បូអូស
១ ឯ​ន៉ាអូមី គាត់​មាន​សាច់ញាតិ​ខាង​ប្តី​ម្នាក់ ឈ្មោះ​បូអូស ជា​អ្នក​មាន​ស្តុកស្តម្ភ នៅ​ក្នុង​គ្រួសារ​អេលីម៉ាលេច ២ គ្រា​នោះ នាង​រស់ ជា​សាសន៍​ម៉ូអាប់ នាង​និយាយ​នឹង​ន៉ាអូមី​ថា ឥឡូវ​នេះ សូម​បើក​ឲ្យ​ខ្ញុំ​ទៅ​ឯ​ស្រែ ដើម្បី​នឹង​រើស​សន្សំ​ស្រូវ តាម​អ្នក​ណា​ដែល​អាណិត​មេត្តា​ដល់​ខ្ញុំ រួច​គាត់​ប្រាប់​ថា ទៅ​ចុះ កូន​អើយ ៣ នាង​ក៏​ទៅ​រើស​សន្សំ​ក្នុង​ស្រែ​តាម​ពួក​អ្នក​ច្រូត ហើយ​គាប់​ជួន​ជា​នាង​ទៅ​ក្នុង​ស្រែ​១​របស់​បូអូស ដែល​ជា​សាច់ញាតិ​នឹង​អេលីម៉ាលេច ៤ ឯ​បូអូស​គាត់​ចេញ​ពី​បេថ្លេហិម មក​និយាយ​នឹង​ពួក​អ្នក​ចំរូត​ថា សូម​ព្រះយេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា គេ​ឆ្លើយ​ឡើង​ថា សូម​ព្រះយេហូវ៉ា​ប្រទាន​ពរ​ដល់​លោក ៥ រួច​បូអូស​សួរ​ទៅ​អ្នក​បំរើ ដែល​គាត់​តាំង​ឲ្យ​ត្រួតត្រា​លើ​ពួក​ចំរូត​នោះ​ថា នាង​នេះ​ជា​កូន​អ្នក​ណា ៦ អ្នក​បំរើ​នោះ​ឆ្លើយ​ថា នោះ​គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ ដែល​មក​ពី​ស្រុក​ម៉ូអាប់​ជា​មួយ​នឹង​ន៉ាអូមី ៧ នាង​ក៏​សូម​ដល់​យើង​ខ្ញុំ​ថា សូម​ឲ្យ​ខ្ញុំ​រើស​សន្សំ​តាម​ពួក​អ្នក​ចំរូត​ផង ដូច្នេះ​នាង​បាន​មក ហើយ​បាន​នៅ​តាំង​តែ​ពី​ព្រលឹម​រហូត​ដល់​ពេល​នេះ លើក​តែ​កាល​នាង​សំរាក​នៅ​ផ្ទះ​១​ភ្លែត​ប៉ុណ្ណោះ។
៨ ដូច្នេះ​បូអូស​ប្រាប់​នាង​រស់​ថា ចូរ​ស្តាប់​ខ្ញុំ នាង​អើយ កុំ​ឲ្យ​នាង​ចេញ​ពី​ស្រែ​នេះ ទៅ​រើស​សន្សំ​ក្នុង​ស្រែ​ឯ​ណា​ទៀត​ឡើយ ចូរ​នៅ​តែ​ក្នុង​ទី​នេះ​ជិត​ពួក​ស្រីៗ​របស់​ខ្ញុំ​នេះ​ហើយ ៩ ចូរ​ឲ្យ​ភ្នែក​នាង​មើល​តែ​ស្រែ ដែល​ពួក​នេះ​កំពុង​ច្រូត ហើយ​ដើរ​តាម​គេ​ចុះ ខ្ញុំ​បាន​ហាម​ដល់​ពួក​កំឡោះ មិន​ឲ្យ​គេ​ពាល់​នាង​ទេ បើ​កាល​ណា​នាង​ស្រេក​ទឹក ឲ្យ​ទៅ​ឯ​ក្អម ផឹក​ទឹក​ដែល​ពួក​កំឡោះ​បាន​ដង​ហើយ​ចុះ ១០ នោះ​នាង​ក៏​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​នឹង​ដី ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​លោក​ប្រោស​មេត្តា ដោយ​អាណិត​ដល់​ខ្ញុំ​ជា​សាសន៍​ដ៏ទៃ​ដូច្នេះ ១១ បូអូស​ឆ្លើយ​ទៅ​នាង​ថា គេ​បាន​ប្រាប់​ដល់​ខ្ញុំ ពី​គ្រប់​ទាំង​កិរិយា ដែល​នាង​បាន​ប្រព្រឹត្ត​នឹង​ម្តាយ​ក្មេក តាំង​ពី​ប្តី​នាង​ស្លាប់​ចោល​ទៅ ហើយ​ពី​នាង​បាន​លះ​ចោល​ឪពុក​ម្តាយ និង​ស្រុក​កំណើត​របស់​នាង មក​ឯ​សាសន៍​នេះ ដែល​មិន​បាន​ស្គាល់​កាល​ពី​ដើម​ផង ១២ សូម​ព្រះយេហូវ៉ា​ប្រទាន​រង្វាន់​ដល់​នាង ហើយ​ឲ្យ​នាង​បាន​ទទួល​បំណាច់​ដ៏​ពោរពេញ ពី​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​នាង​បាន​មក​ជ្រក​ក្រោម​ស្លាប​ទ្រង់​ចុះ ១៣ រួច​នាង​និយាយ​ថា ឱ​លោក​ម្ចាស់​ខ្ញុំ​អើយ សូម​លោក​មេត្តា​ប្រោស​ដល់​ខ្ញុំ​ផង ទោះ​បើ​ខ្ញុំ​មិន​មែន​ដូច​ជា​ពួក​ស្រី​បំរើ​របស់​លោក​ណា​មួយ​ក៏​ដោយ គង់​តែ​លោក​បាន​កំសាន្ត​ចិត្ត​ខ្ញុំ​ហើយ ព្រម​ទាំង​និយាយ​នឹង​ខ្ញុំ​ជា​អ្នក​បំរើ​លោក ដោយ​សប្បុរស​ដែរ។
១៤ លុះ​ដល់​ពេល​បាយ បូអូស​ប្រាប់​នាង​ថា អញ្ជើញ​មក​ហូប ហើយ​ជ្រលក់​អាហារ​ទៅ​ក្នុង​ទឹកខ្មេះ​ចុះ នាង​ក៏​អង្គុយ​នៅ​ខាង​ពួក​អ្នក​ចំរូត ឯ​គេ​ក៏​ហុច​លាជ​មក​ឲ្យ​នាង​ដែរ ហើយ​នាង​បាន​បរិភោគ​ទាល់​តែ​ឆ្អែត ក៏​យក​ខ្លះ​ទុក​ដែរ ១៥ កាល​នាង​បាន​ក្រោក​ឡើង​ទៅ​រើស​ទៀត នោះ​បូអូស​ប្រាប់​ដល់​ពួក​កំឡោះ​របស់​គាត់​ថា ចូរ​បើក​ឲ្យ​នាង​រើស​យក​ក្នុង​គំនរ​កណ្តាប់​ស្រូវ​ផង​ចុះ កុំ​ឲ្យ​បន្ទោស​នាង​ឡើយ ១៦ ហើយ​ហូត​គួរ​ខ្លះ​ពី​កណ្តាប់​ចេញ ទុក​ឲ្យ​នាង​រើស កុំ​ឲ្យ​ស្តី​ថា​ដល់​នាង​ឡើយ។
១៧ ដូច្នេះ នាង​ក៏​រើស​សន្សំ​នៅ​ក្នុង​ស្រែ​នោះ រហូត​ដល់​ល្ងាច រួច​នាង​បែន​ស្រូវ​ដែល​បាន​រើស​នោះ បាន​ស្រូវ​ឱក​ប្រហែល​ជា​១​ថាំង ១៨ នាង​លើក​ទូល​នាំ​យក​ទៅ​ឯ​ទី​ក្រុង ឯ​ម្តាយ​ក្មេក​ក៏​ឃើញ​ស្រូវ​ដែល​នាង​រើស​យក​មក​នោះ រួច​នាង​បញ្ចេញ​ម្ហូប ដែល​សល់​ពី​នាង​ចំអែត ជូន​ដល់​ម្តាយ​ក្មេក ១៩ គាត់​ក៏​សួរ​នាង​ថា នៅ​ថ្ងៃ​នេះ ឯង​បាន​រើស​សន្សំ​នៅ​ទី​ណា តើ​ឯង​បាន​ធ្វើ​ការ​នៅ​កន្លែង​ណា សូម​ពរ​ដល់​អ្នក​ណា​នោះ ដែល​បាន​អាណិត​មេត្តា​ដល់​ឯង ដូច្នេះ​នាង​ក៏​រៀបរាប់​ប្រាប់​ម្តាយ​ក្មេក ពី​ដំណើរ​ដែល​នាង​បាន​ធ្វើ​នៅ​ទី​ណា​នោះ ដោយ​ពាក្យ​ថា មនុស្ស​នោះ​ដែល​ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ជា​មួយ​នៅ​ថ្ងៃ​នេះ លោក​ឈ្មោះ បូអូស ២០ នោះ​គាត់​និយាយ​ទៅ​កូន​ប្រសា​ថា សូម​ឲ្យ​លោក​បាន​ពរ​ពី​ព្រះយេហូវ៉ា​ចុះ ដោយ​ព្រោះ​លោក​មិន​ខាន​នឹង​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ទាំង​មនុស្ស​រស់ និង​មនុស្ស​ស្លាប់​ផង រួច​ន៉ាអូមី​និយាយ​ថា លោក​នោះ​ជា​សាច់ញាតិ​ជិតដិត​នឹង​យើង​ហើយ លោក​ជា​អ្នក​១​ដែល​មាន​ច្បាប់​នឹង​លោះ​ឲ្យ​យើង​បាន ២១ នាង​រស់ ជា​សាសន៍​ម៉ូអាប់​នោះ ក៏​ឆ្លើយ​ឡើង​ថា ចាស លោក​មាន​ប្រសាសន៍​នឹង​ខ្ញុំ​ដែរ​ថា ត្រូវ​ឲ្យ​នាង​នៅ​ជាប់​តែ​នឹង​ពួក​កំឡោះ​របស់​ខ្ញុំ​នេះ ដរាប​ដល់​ច្រូត​ចំរូត​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ហើយ ២២ នោះ​ន៉ាអូមី​និយាយ​ទៅ​នាង​រស់ ជា​កូន​ប្រសា​ថា កូន​អើយ បើ​ឯង​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​ស្រី​របស់​លោក មិន​ឲ្យ​មាន​អ្នក​ណា​ជួប​នឹង​ឯ​នៅ​ស្រែ​ឯ​ទៀត នោះ​ស្រួល​ហើយ ២៣ ដូច្នេះ​នាង​ក៏​នៅ​ជាប់​ជា​មួយ​នឹង​ពួក​ស្រី​របស់​បូអូស​នោះ ទាំង​ខំ​រើស​សន្សំ​ទាល់​តែ​ចំរូត​នៃ​ស្រូវ​ឱក និង​ស្រូវ​ភោជ្ជសាលី បាន​ហើយ នាង​ក៏​នៅ​ជា​មួយ​នឹង​ម្តាយ​ក្មេក។