៣
នាងរស់នៅក្នុងលានបោកបែនស្រូវ
១ គ្រានោះ ន៉ាអូមី ជាម្តាយក្មេក និយាយទៅនាងថា កូនអើយ គួរឲ្យអញរកទីសំរាកឲ្យឯងដែរ ដើម្បីឲ្យឯងបានស្រួលវិញ ២ ឯបូអូស ដែលឯងបាននៅជាមួយនឹងពួកស្រីរបស់លោក នោះជាសាច់ញាតិនឹងយើងហើយ មើល នៅយប់នេះឯង លោកនឹងរោយស្រូវឱកនៅទីលាន ៣ ដូច្នេះ ចូរឯងងូតទឹក រួចលាបគ្រឿងក្រអូប ហើយតែងខ្លួនចូលទៅឯទីលាននោះចុះ តែកុំឲ្យលោកស្គាល់ឯងឡើយ ដរាបដល់លោកបានស៊ីផឹកហើយ ៤ លុះដល់កាលណាលោកសំរាន្ត នោះត្រូវឲ្យឯងកំណត់ចំណាំកន្លែងរបស់លោក រួចចូលទៅបើកផួយ ពីខាងចុងជើងលោកចូលដេកទៅ នោះលោកនឹងប្រាប់ឲ្យឯងដឹងពីការដែលត្រូវធ្វើដូចម្តេច ៥ នាងក៏ជំរាបគាត់ថា ខ្ញុំនឹងធ្វើតាមគ្រប់ទាំងសេចក្តី ដែលអ្នកម្តាយមានប្រសាសន៍មកនោះ។
៦ នាងក៏ចុះទៅឯទីលាន ធ្វើតាមគ្រប់ទាំងសេចក្តីដែលម្តាយក្មេកបានបង្គាប់មក ៧ កាលបូអូសបានស៊ីផឹកមានចិត្តរីករាយឡើង នោះលោកក៏ទៅដេកនៅចុងគំនរកណ្តាប់ស្រូវ រួចនាងលបចូលទៅ បើកផួយពីខាងចុងជើងលោកដេកទៅ ៨ លុះដល់ពេលកណ្តាលអធ្រាត្រ នោះលោកក៏នឹកខ្លាច ហើយភ្ងារប្រែខ្លួនមក ឃើញមានស្ត្រីម្នាក់ដេកនៅត្រង់ចុងជើងរបស់ខ្លួន ៩ លោកសួរថាអ្នកណានេះ នាងឆ្លើយថា ខ្ញុំឈ្មោះរស់ ជាបាវស្រីរបស់លោក សូមបណ្តោយផួយលោកមកដណ្តប់ឲ្យបាវស្រីផង ដ្បិតលោកជាអ្នកមានច្បាប់នឹងលោះបាន ១០ លោកតបថា នាងអើយ សូមឲ្យនាងបានប្រកបដោយពរនៃព្រះយេហូវ៉ាចុះ នាងបានសំដែងទឹកចិត្តដ៏សប្បុរស នៅជាន់ក្រោយនេះ វិសេសជាងមុនណាស់ ដោយនាងមិនបានទៅតាមកំឡោះៗ ទោះក្រ ឬមានផង ១១ ឥឡូវនេះ នាងអើយ កុំឲ្យខ្លាចឡើយ ខ្ញុំនឹងធ្វើសំរេចឲ្យនាងតាមគ្រប់ទាំងសេចក្តីដែលនាងនិយាយនេះ ដ្បិតមនុស្សទាំងអស់នៅទីក្រុងខ្ញុំនេះដឹងហើយថា នាងជាស្ត្រីល្អត្រឹមត្រូវណាស់ ១២ ឯខ្ញុំៗមានច្បាប់នឹងលោះមែន ប៉ុន្តែមានម្នាក់ទៀតដែលជាសាច់ញាតិជិតជាងខ្ញុំទៅទៀត ១៣ ដូច្នេះ ចូរបង្អង់នៅយប់នេះសិន ចាំដល់ព្រឹកឡើង បើគេចង់សំរេចនឹងនាង តាមច្បាប់ជាសាច់ញាតិជិតដិតគ្នា នោះចូរឲ្យគេសំរេចចុះ តែបើអ្នកនោះមិនព្រមទេ នោះខ្ញុំនឹងសំរេចជាសាច់ញាតិជិតដិតនឹងនាងវិញ ខ្ញុំស្បថនឹងព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅដូច្នេះហើយ ចូរដេកនៅទីនេះរហូតដល់ព្រឹកចុះ។
១៤ នាងក៏ដេកនៅត្រង់ចុងជើងលោក ទាល់តែព្រឹក រួចក្រោកឡើងមុនពេលដែលមើលគ្នាស្គាល់ ដ្បិតលោកបានហាមថា កុំឲ្យអ្នកណាដឹងថា មានស្ត្រីមកក្នុងទីលាននេះឲ្យសោះ ១៥ រួចលោកប្រាប់ថា ចូរយកក្រមាដែលនាងបង់នោះ មកត្រដាងកាន់ទៅ នាងក៏ត្រដាង នោះលោកវាល់ស្រូវឱក៦រង្វាល់ ដាក់ឲ្យនាងទូល រួចនាងក៏ចូលទៅក្នុងទីក្រុងវិញ ១៦ កាលបានមកដល់ម្តាយក្មេក នោះគាត់សួរថា តើឯងឬអី កូនអើយ នាងក៏រៀបរាប់ប្រាប់ ពីគ្រប់ទាំងសេចក្តីដែលលោកបានប្រព្រឹត្តដល់នាង ១៧ ហើយនាងនិយាយថា លោកឲ្យស្រូវឱកមកខ្ញុំ៦រង្វាល់នេះ ដោយពាក្យថា កុំឲ្យនាងត្រឡប់ទៅឯម្តាយក្មេកវិញដោយដៃទទេឡើយ ១៨ ដូច្នេះន៉ាអូមីប្រាប់ថា កូនអើយ ចូរឯងនៅស្ងៀម ចាំមើលការនោះនឹងទៅជាយ៉ាងណា ដ្បិតនៅថ្ងៃនេះលោកមិនឈប់ខានទេ ទាល់តែបានបង្ហើយការនោះជាស្រេច។