បទ​ចំរៀង​សាឡូម៉ូន
១ នេះ​ជា​ចំរៀង​ដែល​ប្រសើរ​បំផុត​ជាង​អស់​ទាំង
ចំរៀង​ជា​ទំនុក​របស់​ស្តេច​សាឡូម៉ូន។
 
២ ៙ ឱ​បើ​ប្តី​នឹង​ថើប​ខ្ញុំ​ដោយ​ព្រះឱស្ឋ​ទៅ​អេះ
ពី​ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​វិសេស​ជាង​ស្រា
ទំពាំងបាយជូរ
៣ ប្រេង​អប់​របស់​ទ្រង់​ធុំ​ក្លិន​ក្រអូប​ល្អ
ព្រះនាម​ទ្រង់​ក៏​ដូច​ជា​ប្រេង​ក្រអូប​ដែល​ចាក់​ចេញ​ហើយ
ហេតុ​នោះ​បាន​ជា​ពួក​ព្រហ្មចារី​សុទ្ធ​តែ​ស្រឡាញ់​ដល់​ទ្រង់
៤ សូម​ទាញ​នាំ​ខ្ញុំ​ម្ចាស់ នោះ​យើង​ខ្ញុំ​នឹង​រត់​តាម​ទ្រង់។
(ស្តេច​ទ្រង់​បាន​នាំ​ខ្ញុំ​ចូល​ទៅ​ក្នុង​បន្ទប់​ទ្រង់)
យើង​ខ្ញុំ​នឹង​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ក្នុង​អង្គ​ទ្រង់
យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ជា​ជាង
ស្រា​ទំពាំងបាយជូរ
គេ​ស្រឡាញ់​ដល់​ទ្រង់ នោះ​គួរ​ណាស់​ហើយ។
 
៥ ៙ ឱ​ពួក​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម​អើយ
ខ្ញុំ​ខ្មៅ តែ​ល្អ​គួរ​សម
ឧបមា​ដូច​ជា​ត្រសាល​របស់​ពួក​កេដារ
ក៏​ដូច​ជា​វាំងនន​របស់​ស្តេច​សាឡូម៉ូន
៦ សូម​កុំ​ឲ្យ​មើល​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​មាន​សម្បុរ​ស្រគាំ​ឡើយ
ដ្បិត​ខ្ញុំ​បាន​ត្រូវ​ហាល​ថ្ងៃ​ហើយ
ពួក​ប្រុសៗ​ពោះ​១​នឹង​ខ្ញុំ គេ​ខឹង​នឹង​ខ្ញុំ
គេ​បាន​ឲ្យ​ខ្ញុំ​ថែ​រក្សា​ចំការ​ទំពាំងបាយជូរ
ឯ​ចំការ​របស់​ខ្លួន​ខ្ញុំ​វិញ នោះ​មិន​បាន​ថែ​រក្សា​ទេ។
៧ ឱ​អ្នក​ដែល​ចិត្ត​ខ្ញុំ​ម្ចាស់​ស្រឡាញ់​អើយ
សូម​ប្រាប់​ខ្ញុំ​ម្ចាស់​ពី​ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ត្រង់​ណា​ផង
តើ​នៅ​កន្លែង​ណា​ដែល​ឲ្យ​សំរាក​ពេល​ថ្ងៃ​ត្រង់
ដ្បិត​តើ​មាន​ទំនង​អ្វី​ឲ្យ​ខ្ញុំ​ម្ចាស់​បាន​ដូច​ជា​ស្រី​ដែល​ត្រូវ
បាំង​មុខ នៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​ភឿន
ទ្រង់​ដូច្នេះ។
 
៨ ៙ ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ
បើ​មិន​ដឹង​ទេ នោះ​មាន​តែ​ចេញ​ទៅ​តាមដាន​ជើង​របស់
ហ្វូង​សត្វ​ទៅ
ហើយ​ឃ្វាល​កូន​ពពែ​របស់​ឯង​ក្បែរ​ត្រសាល​របស់​ពួក
អ្នក​គង្វាល​ចុះ។
៩ ៙ ឱ​មាស​សំឡាញ់​អើយ
អញ​បាន​ប្រៀប​ឯង​ដូច​ជា​សេះ​ទឹម​រាជរថ​របស់​ផារ៉ោន
១០ ថ្ពាល់​ឯង​ស្រស់​ល្អ​សម​នឹង​គ្រឿង​តែង
ហើយ​ក​ឯង​ផង ដែល​ប្រដាប់​ដោយ​ខ្សែ​ដូច្នេះ
១១ យើង​នឹង​ធ្វើ​ប្រតោក​មាស​ដាំ​ដោយ​ប្រាក់​ឲ្យ​ឯង។
 
១២ ៙ កំពុង​ដែល​ស្តេច​ទ្រង់​គង់​នៅ​តុ
នោះ​ប្រេង​ទេព្វិរូ​របស់​ខ្ញុំ​បាន​ផ្សាយ​ក្លិន​ក្រអូប​ទៅ
១៣ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ជា​កញ្ចប់​កំញាន នៅ
នា​រវាង​ដោះ​ខ្ញុំ​ទាំង​២​ដល់​ខ្ញុំ
១៤ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ក៏​ដូច​ជា​កញ្ចុំ​ផ្កា​ក្រពេន​ដល់​ខ្ញុំ
ដែល​ដុះ​នៅ​ក្នុង​ចំការ​ទំពាំងបាយជូរ​ស្រុក​អេន-កេឌី។
១៥ ៙ មើល ឯង​ស្រស់បស់​ល្អ មាស​សំឡាញ់​អើយ
មើល ឯង​ស្រស់​របស់​ល្អ​ណាស់
ភ្នែក​ឯង​ដូច​ភ្នែក​ព្រាប។
 
១៦ ៙ មើល ព្រះអង្គ​ក៏​ល្អ ស្ងួន​សំឡាញ់​អើយ
អើ ទ្រង់​គួរ​ស្រឡាញ់​ណាស់
១៧ ដំណេក​របស់​យើង​ខៀវ​ខ្ចី
រត​ផ្ទះ​របស់​យើង​ជា​ដើម​តាត្រៅ
ហើយ​ធ្នឹម​របស់​យើង​ជា​ដើម​កកោះ