១ ខ្ញុំ​ជា​ផ្កា​កុលាប​ដែល​ដុះ​នៅ​វាល​សារ៉ុន
ជា​ផ្កា​កំភ្លឹង​ដែល​ដុះ​នៅ​ច្រក​ភ្នំ។
 
២ ៙ មាស​សំឡាញ់​របស់​អញ​នៅ​កណ្តាល​ពួក​កូន​ស្រីៗ
ប្រៀប​ដូច​ជា​កំភ្លឹង​ដុះ​នៅ​កណ្តាល​គុម្ព​បន្លា។
៣ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​នៅ​កណ្តាល​ពួក​កូន​ប្រុសៗ
នោះ​ប្រៀប​ដូច​ជា​ដើម​សារី នា​កណ្តាល​ពួក​ឈើ​នៅ​ព្រៃ
ខ្ញុំ​បាន​អង្គុយ​ក្រោម​ម្លប់​នៃ​ទ្រង់ ដោយ​ចិត្ត​រីករាយ​ជា​ខ្លាំង
ហើយ​ផ្លែ​របស់​ទ្រង់​ក៏​មាន​រស​ផ្អែម​ដល់​អណ្តាត​ខ្ញុំ
៤ ទ្រង់​បាន​នាំ​ខ្ញុំ​ទៅ​ឯ​ផ្ទះ​ស៊ីលៀង
ហើយ​ទង់​របស់​ទ្រង់​ដែល​នៅ​ពី​លើ​ខ្ញុំ
គឺ​ជា​សេចក្តី​ស្រឡាញ់
៥ សូម​ទប់ទល់​ខ្ញុំ​ដោយ​ផែន​ទំពាំងបាយជូរ
ហើយ​ចំរើន​កំឡាំង​ខ្ញុំ​ដោយ​ផ្លែ​សារី​ផង
ដ្បិត​ខ្ញុំ​ឈឺ​ដោយ​រោគ​ស្រឡាញ់
៦ ព្រះហស្ត​ឆ្វេង​ទ្រង់​ទ្រ​ក្បាល​ខ្ញុំ
ហើយ​ព្រះហស្ត​ស្តាំ​ក៏​ឱប​ខ្ញុំ
៧ ឱ​ពួក​កូន​ស្រី​ក្រុង​យេរូសាឡិម​អើយ
ខ្ញុំ​ចាប់​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​នូវ​ពួក​ប្រើស
នឹង​ពួក​ក្តាន់​នៅ​វាល​ថា
នាង​ទាំងឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សំឡាញ់
របស់​ខ្ញុំ​ឡើយ
ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះទ័យ។
 
៨ ៙ នុ៎ះន៏ សំឡេង​របស់​ស្ងួន​សំឡាញ់​ខ្ញុំ
មើល ទ្រង់​មក​ហើយ កំពុង​តែ​ផ្លោះ​នៅ​លើ​ភ្នំ
ហើយ​លោត​សំទុះ​ក្អែក នៅ​លើ​ទួល
៩ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ
មើល ទ្រង់​ឈរ​នៅ​ខាង​ក្រៅ​កំផែង​ហើយ
ទ្រង់​អើត​មើល​តាម​បង្អួច
ហើយ​ក្រឡេក​មើល​តាម​ចន្លោះ​ប្រដឹស។
 
១០ ៙ ស្ងួន​សំឡាញ់​របស់​ខ្ញុំ​បាន​មាន​ព្រះបន្ទូល​នឹង​ខ្ញុំ​ថា
មាស​សំឡាញ់​អើយ ចូរ​ក្រោក​ឡើង
ស្រស់​ប្រិមប្រិយ​អើយ ចូរ​ចេញ​មក
១១ ដ្បិត​មើល រដូវ​រងា​កន្លង​ទៅ​ហើយ
ភ្លៀង​ក៏​រាំង​ស្រឡះ​ហើយ​ដែរ
១២ ផ្កា​ទាំង​ប៉ុន្មាន​កំពុង​តែ​លេច​ឡើង​នៅ​ផែនដី
ពេល​ដែល​សត្វ​ហើរ​យំ​កញ្ជ្រៀវ​បាន​មក​ដល់
ក៏​ឮ​សំឡេង​លលក​នៅ​ក្នុង​ស្រុក​យើង​ហើយ
១៣ ដើម​ល្វា​មាន​ផ្លែ​ខ្ចី​កំពុង​តែ​ទុំ
ហើយ​ដើម​ទំពាំងបាយជូរ​កំពុង​តែ​ផ្កា
ក៏​ផ្សាយ​ក្លិន​ក្រអូប​ឈ្វេង
ដូច្នេះ ចូរ​ក្រោក​ឡើង មាស​សំឡាញ់​អើយ
ឱ​ស្រស់​ប្រិមប្រិយ​អើយ ចូរ​ចេញ​មក
១៤ ឱ​ព្រាប​អញ​អើយ ឯង​នៅ​តែ​ក្នុង​ក្រហែង​ថ្ម
ឯង​ពួន​ក្នុង​ទី​កំបាំង​ត្រង់​ភ្នំ​ចោត​ធ្វើ​អី
សូម​ឲ្យ​អញ​ឃើញ​មុខ​ឯង ហើយ​ស្តាប់​សំឡេង​ឯង​ផង
ដ្បិត​សំឡេង​ឯង​ផ្អែម​ពីរោះ មុខ​ឯង​ក៏​ស្រស់បស់​ល្អ​ដែរ។
១៥ ៙ ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មាន
ដែល​បំផ្លាញ​ចំការ​ទំពាំងបាយជូរ​ទៅ
ដ្បិត​ទំពាំងបាយជូរ​របស់​យើង​កំពុង​តែ​ផ្កា​ហើយ
១៦ ស្ងួន​សំឡាញ់​ខ្ញុំ​ជា​របស់​ផង​ខ្ញុំ ខ្ញុំ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ
ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​ទី​មាន​ផ្កា​កំភ្លឹង
១៧ ឱ​ស្ងួន​សំឡាញ់​អើយ សូម​វិល​ទៅ​វិញ
ធ្វើ​ដូច​ជា​ប្រើស ឬ​ក្តាន់​ស្ទាវ នៅ​លើ​ភ្នំ​បេធើរ
ចាំ​ដល់​ថ្ងៃ​ត្រជាក់ ហើយ​ស្រមោល​បាត់​ទៅ​សិន។