៦
១ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ
តើស្ងួនសំឡាញ់របស់នាងបានទៅឯណា
ដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនឹងនាងផង
តើស្ងួនសំឡាញ់របស់នាងបានទៅឯណា។
២ ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានចុះទៅឯសួនច្បាររបស់ទ្រង់
គឺទៅឯទីដាំគ្រឿងក្រអូប
ដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ ហើយនឹងបេះផ្កាកំភ្លឹង
៣ ខ្ញុំជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់
ជារបស់ផងខ្ញុំដែរ
ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។
៤ ៙ ឱមាសសំឡាញ់អើយ
ឯងស្រស់បស់ល្អដូចក្រុងធើសា
ហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិម
ក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង
៥ ចូរបែរភ្នែកចេញពីអញទៅ ដ្បិតភ្នែកឯងឈ្នះអញហើយ
សក់របស់ឯងប្រៀបដូចជាហ្វូងពពែ
ដែលដេកនៅចង្កេះភ្នំកាឡាត
៦ ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម
រួចឡើងមកពីការលាងជំរះវិញ
ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ
ឥតមានណាមួយដែលបាត់កូនឡើយ
៧ តើកឯងដែលបាំងដោយស្បៃ
នោះមើលទៅដូចជាផ្លែទទឹម១ចំហៀង
៨ មានពួកភរិយា៦០នាក់ នឹងអ្នកម្នាង៨០នាក់
ក៏មានស្រីក្រមុំៗឥតគណនា
៩ ប៉ុន្តែមានតែ១ទេ ដែលជាព្រាប ជាអ្នកបរិសុទ្ធរបស់អញ
នាងជាកូនពន្លករបស់ម្តាយ ជាកូនសំឡាញ់
របស់អ្នកដែលបង្កើតនាងមក
ពួកកូនស្រីទាំងឡាយបានឃើញនាង
ហើយក៏ហៅថាជាអ្នកមានពរ
អើ ព្រមទាំងពួកភរិយានឹងអ្នកម្នាង
ក៏សរសើរនាងដែរ។
១០ ៙ តើនាងណានុ៎ះ ដែលលេចចេញមកដូចជាអរុណរះ
ស្រស់ល្អដូចជាព្រះចន្ទ ហើយភ្លឺត្រចះដូចជាព្រះអាទិត្យ
ក៏គួរស្ញែងខ្លាចដូចជាពលទ័ព
មានទាំងទង់ជ័យផងដូច្នេះ។ ១១ ៙ ខ្ញុំបានចុះទៅឯចំការឈើមានផ្លែគ្រាប់
ដើម្បីមើលកូនឈើខៀវខ្ចីដែលដុះនៅក្នុងច្រកភ្នំ
ហើយឲ្យដឹងបើទំពាំងបាយជូរប៉ិចឡើងឬនៅ
ហើយបើទទឹមមានផ្កាផង
១២ រីឯមុនដែលខ្ញុំដឹងខ្លួន នោះចិត្តបាននាំខ្ញុំ
ទៅដាក់នៅក្នុងព្រះរាជរថនៃសាសន៍ដ៏សទ្ធារបស់ខ្ញុំ។
១៣ ៙ សូមវិលមក វិលមកវិញ ឱនាងសាសន៍ស៊ូឡាមអើយ
សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យយើងខ្ញុំ
បានមើលនាងផង។
៙ តើមករាល់គ្នាចង់មើលនាងសាសន៍ស៊ូឡាមធ្វើអី
តើដូចជាមើលការរាំរបស់ពួករបាំ២ពួកឬ។