៧
១ ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយ
ជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះ
ត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូង
ជាស្នាដៃនៃជាងឆ្នៃយ៉ាងជំនាញ
២ ផ្ចិតនាងរាងដូចជាកែវក្រពុំ
ដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយ
ពោះនាងប្រៀបដូចជាគំនរស្រូវសាលី
មានផ្កាកំភ្លឹងដោតជុំវិញ
៣ ដោះនាងទាំង២ដូចជាកូនក្តាន់២
ដែលជាកូនភ្លោះរបស់មេ១
៤ កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក
ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន
ដែលនៅជិតទ្វារបាត-រ៉ាប៊ីម
ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស
៥ ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែល
សក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយ
ស្តេចទ្រង់ជាប់ចិត្តដោយដុំសក់នោះ។
៦ ៙ ឱមាសសំឡាញ់អើយ ឯងស្រស់បស់ល្អ
ហើយប្រិមប្រិយ គួររីករាយណាស់ហ្ន៎
៧ កំពស់ឯងដូចជាដើមលម៉ើ
ហើយដោះឯងដូចជាចង្កោមផ្លែលម៉ើ
៨ អញបានថា អញនឹងឡើងដើមនោះ
អញនឹងចាប់ធាងតោងឡើង
សូមឲ្យដោះឯងបានដូចជាចង្កោមទំពាំងបាយជូរ
ហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី
៩ នឹងមាត់ឯងក្រអូបដូចជាស្រាទំពាំងបាយជូរយ៉ាងឯក
ដែលហូរចុះទៅដោយស្រួល សំរាប់មាសសំឡាញ់អញ
ក៏ធ្វើឲ្យបបូរមាត់មនុស្សដេកលក់បាននិយាយឡើង។
១០ ៙ ខ្ញុំម្ចាស់ជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ
ហើយទ្រង់មានសេចក្តីប៉ងប្រាថ្នាចំពោះរូបខ្ញុំម្ចាស់
១១ ឱស្ងួនសំឡាញ់អើយ សូមមក
យើងនឹងចេញទៅឯវាល
សូមឲ្យយើងស្នាក់នៅតាមភូមិគេ
១២ យើងនឹងឡើងទៅឯចំការទំពាំងបាយជូរពីព្រលឹម
សូមឲ្យយើងទៅមើលបើទំពាំងបាយជូរបានប៉ិចឡើង
ឬមានផ្កាហើយឬនៅ
ហើយបើដើមទទឹមកំពុងផ្កាឬទេ
នៅទីនោះខ្ញុំម្ចាស់នឹងប្រគល់សេចក្តីស្រឡាញ់ថ្វាយទ្រង់
១៣ ផ្លែស្នេហ៍ផ្សាយក្លិនក្រអូបសុសសាយទៅ
ឱស្ងួនសំឡាញ់ខ្ញុំម្ចាស់អើយ
នៅមាត់ទ្វាផ្ទះយើងមានផលយ៉ាងវិសេសគ្រប់មុខ
ទាំងថ្មីនឹងចាស់ផង ដែលខ្ញុំម្ចាស់បានប្រមូលទុក
សំរាប់ទ្រង់។