សំបុត្រ​របស់​ប៉ុល​ដល់
ទីតុស
សេចក្តី​ផ្តើម
១ សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​នៃ​ព្រះ ហើយ​ជា​សាវ័ក​របស់​ព្រះយេស៊ូវគ្រីស្ទ សំរាប់​ជា​សេចក្តី​ជំនឿ​ដល់​ពួក​រើស​តាំង​នៃ​ព្រះ និង​សេចក្តី​ចេះ​ដឹង​ខាង​ឯ​សេចក្តី​ពិត ដែល​ត្រូវ​នឹង​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ ២ ដោយ​សេចក្តី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះ​ដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​មុន​អស់​ទាំង​កល្ប ៣ តែ​នៅ​ពេល​កំណត់ នោះ​ទើប​បាន​សំដែង​ចេញ​ឲ្យ​ស្គាល់​ព្រះបន្ទូល​ទ្រង់ ដោយ​ការ​ប្រកាស​ប្រាប់​ដែល​ផ្ញើ​ទុក​នឹង​ខ្ញុំ តាម​បង្គាប់​របស់​ព្រះ​ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ៤ ខ្ញុំ​ផ្ញើ​មក​អ្នក​ទីតុស ជា​កូន​ពិត​តាម​សេចក្តី​ជំនឿ ដែល​យើង​កាន់​ជា​មួយ​គ្នា សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត មក​អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា ហើយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា។
កិច្ចការ​ដែល​ទីតុស​ត្រូវ​បំពេញ​នៅ​កោះ​ក្រេត
៥ ខ្ញុំ​បាន​ទុក​ឲ្យ​អ្នក​នៅ​កោះ​ក្រេត ដើម្បី​នឹង​រៀបចំ​ការ​ដែល​នៅ​ខ្វះ ឲ្យ​ស្រួលបួល​ឡើង ហើយ​និង​តាំង​ឲ្យ​មាន​ពួក​ចាស់ទុំ​នៅ​គ្រប់​ទាំង​ទី​ក្រុង ៦ គឺ​បើ​មាន​អ្នក​ណា​ដែល​រក​ចាប់​ទោស​មិន​បាន ដែល​មាន​ប្រពន្ធ​តែ​១ ហើយ​មាន​កូន​ចៅ​ជឿ​ដែរ ឥត​មាន​អ្នក​ណា​ចោទ​ប្រកាន់ ថា​ជា​មនុស្ស​ខូច​អាក្រក់ ឬ​រឹងចចេស​អ្វី​ឡើយ នោះ​ត្រូវ​តាំង​គេ​ចុះ ដូច​ជា​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ ៧ ដ្បិត​គួរ​ឲ្យ​អ្នក​ដែល​ត្រួត​ត្រា​បាន​ឥត​សៅហ្មង ដូច​ជា​អ្នក​ជំនួយ​របស់​ព្រះ​ដែរ មិន​ត្រូវ​មាន​ចិត្ត​មានះ ឆាប់​ខឹង ចំណូល​ស្រា ច្រឡោត ឬ​ស៊ី​សំណូក​ឡើយ ៨ ត្រូវ​មាន​ចិត្ត​ចៅរ៉ៅ ស្រឡាញ់​ការ​ល្អ មាន​ចិត្ត​ធ្ងន់ធ្ងរ ហើយ​សុចរិត បរិសុទ្ធ ដឹង​ខ្នាត​វិញ ៩ ព្រម​ទាំង​កាន់​ខ្ជាប់​តាម​ព្រះបន្ទូល​ដ៏​ពិត ដូច​ជា​បាន​បង្រៀន​មក​យើង​ហើយ ដើម្បី​ឲ្យ​អាច​នឹង​កំសាន្ត​ចិត្ត​គេ ដោយ​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ហើយ​ឲ្យ​បាន​ផ្ចាញ់​ដល់​ពួក​អ្នក​ដែល​ស្រដី​ទទឹង ១០ ដ្បិត​មាន​មនុស្ស​ជា​ច្រើន គឺ​ក្នុង​ពួក​អ្នក​កាត់​ស្បែក​ជា​ដើម ដែល​រឹងរូស ជា​ពួក​អ្នក​ដែល​ពោល​ពាក្យ​ឥត​ប្រយោជន៍ ហើយ​បង្ខូច​គំនិត​មនុស្ស ១១ ត្រូវ​តែ​បំបាត់​មាត់​គេ ដ្បិត​គេ​ផ្តួល​ពួក​អ្នក​ផ្ទះ​ទាំង​មូល ដោយ​បង្រៀន​សេចក្តី​ដែល​មិន​គួរ​គប្បី ឲ្យ​តែ​បាន​កំរៃ​ដ៏​លាមក ១២ មាន​ពួក​គេ​ម្នាក់ គឺ​ជា​ហោរា​របស់​ផង​គេ​បាន​ថា ពួក​សាសន៍​ក្រេត​ចេះ​តែ​ភូតកុហក ជា​សត្វ​ព្រៃ​កំណាច ជា​ពួក​ល្មោភ​ហើយ​កំជិល ១៣ សេចក្តី​បន្ទាល់​នេះ​ត្រូវ​ណាស់ ដូច្នេះ ត្រូវ​រំឭក​ឲ្យ​គេ​ដឹង​ខ្លួន​ដោយ​តឹងរ៉ឹង ដើម្បី​ឲ្យ​គេ​មាន​សេចក្តី​ជំនឿ​ត្រឹម​ត្រូវ​វិញ ១៤ ឥត​ស្តាប់​តាម​រឿង​ទំនៀម​នៃ​សាសន៍​យូដា ឬ​តាម​សេចក្តី​បញ្ញត្ត​របស់​មនុស្ស ដែល​បែរ​ចេញ​ពី​សេចក្តី​ពិត​នោះ​ឡើយ ១៥ គ្រប់​ទាំង​អស់​ជា​ស្អាត​ដល់​អ្នក​ណា​ដែល​ស្អាត តែ​គ្មាន​អ្វី​ស្អាត​សោះ ដល់​ពួក​អ្នក​ដែល​ស្មោកគ្រោក ហើយ​មិន​ជឿ​វិញ​នោះ​ឡើយ គេ​ស្មោកគ្រោក​ទាំង​គំនិត ទាំង​បញ្ញា​ចិត្ត​ដែរ ១៦ គេ​ប្រកាន់​ថា គេ​ស្គាល់​ព្រះ តែ​កិរិយា​ប្រព្រឹត្ត​របស់​គេ​មិន​ព្រម​ស្គាល់​ព្រះ​ទេ ដ្បិត​គេ​ជា​មនុស្ស​គួរ​ខ្ពើម ហើយ​រឹងចចេស គឺ​ជា​មនុស្ស​ឥត​ប្រយោជន៍​អ្វី​ដល់​ការ​ល្អ​ទាំង​អស់។