សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ
១ ចូរ​ឲ្យ​អ្នក​និយាយ​តែ​សេចក្តី​ណា ដែល​សំណំ​នឹង​សេចក្តី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ២ ត្រូវ​ទូន្មាន​ឲ្យ​ពួក​ចាស់ៗ ដឹង​ខ្នាត មាន​ចិត្ត​នឹងធឹង ហើយ​ធ្ងន់ធ្ងរ ឲ្យ​មាន​សេចក្តី​ជំនឿ សេចក្តី​ស្រឡាញ់ និង​សេចក្តី​ខ្ជាប់​ខ្ជួន​ដ៏​ត្រឹម​ត្រូវ​ផង ៣ ឲ្យ​ពួក​ស្ត្រី​ចាស់ៗ បាន​បែប​ដូច​គ្នា ទាំង​ប្រព្រឹត្ត​បែប​គួរ​នឹង​ពួក​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ជាប់​ស្រា​ទំពាំងបាយជូរ​ឡើយ ត្រូវ​ខំ​បង្រៀន​សេចក្តី​ត្រឹម​ត្រូវ​វិញ ៤ ដើម្បី​នឹង​បង្ហាត់​ដល់​ពួក​ស្ត្រី​ក្មេងៗ ឲ្យ​គេ​ស្រឡាញ់​ប្តី និង​កូន​ខ្លួន ៥ ឲ្យ​មាន​ចិត្ត​ធ្ងន់ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ និង​ចុះ​ចូល​ចំពោះ​ប្តី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះបន្ទូល​បាន​ឡើយ។
៦ ចូរ​ទូន្មាន​ពួក​បុរស ដែល​ក្មេង​ជាង បែប​ដូច្នោះ​ដែរ ឲ្យ​គេ​មាន​ចិត្ត​ធ្ងន់ធ្ងរ ៧ ហើយ​ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹងធឹង​វិញ ៨ ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទឹងទទែង​បាន​អៀនខ្មាស ដោយ​គ្មាន​ហេតុ​នឹង​និយាយ​អាក្រក់​ពី​អ្នក​ឡើយ។
៩ ចូរ​ឲ្យ​ពួក​បាវ​បំរើ​ចុះ​ចូល​នឹង​ចៅហ្វាយ​ខ្លួន ទាំង​ផ្គាប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់ ឥត​ប្រកែក ១០ ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះត្រង់​ល្អ​គ្រប់​ជំពូក ដើម្បី​ឲ្យ​បាន​តាក់តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។
១១ ព្រះគុណ​នៃ​ព្រះ ដែល​នាំ​សេចក្តី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំងឡាយ បាន​លេច​មក​ហើយ ១២ ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នា ឲ្យ​លះ​ចោល​សេចក្តី​ទមិល​ល្មើស និង​សេចក្តី​ប៉ងប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្តី​ធ្ងន់ធ្ងរ សេចក្តី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ ១៣ ទាំង​រង់ចាំ​សេចក្តី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរីល្អ​របស់​ព្រះ​ដ៏​ជា​ធំ និង​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង ១៤ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្តី​ទទឹង​ច្បាប់ ហើយ​និង​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ ១៥ ចូរ​ប្រាប់​សេចក្តី​ទាំង​នេះ ទាំង​ទូន្មាន ហើយ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ដោយ​គ្រប់​ទាំង​អំណាច កុំ​ឲ្យ​អ្នក​ណា​មើលងាយ​អ្នក​ឡើយ។