១៣
ការ​ដង្ហែ​ហិប​សម្ពន្ធមេត្រី​ចូល​ក្រុង​យេរូសាឡឹម
(២​សាំយូអែល ៦:១-១១)
១ ព្រះបាទ​ដាវីឌ​បាន​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ​បញ្ជា​ការ​កងពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កងពល​តូច ព្រម​ទាំង​មេ​ដឹក​នាំ​ទាំង​អស់។ ២ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​អ៊ីស្រាអែល​ទាំង​មូល​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​យល់​ឃើញ​ថា​ជា​ការ​ប្រសើរ ហើយ​បើ​ការ​នេះ​មក​ពី​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង​មែន ចូរ​ផ្ញើ​សារ​ទៅ​ជូន​បង​ប្អូន​យើង​នៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​អ៊ីស្រាអែល​ទាំង​មូល និង​ជូន​ពួក​បូជាចារ្យ​ពួក​លេវី ដែល​រស់​នៅ​តាម​ក្រុង​នានា​របស់​ពួក​គេ ដើម្បី​អញ្ជើញ​ពួក​គេ​មក​ជួបជុំ​ជា​មួយ​យើង​ទាំង​អស់​គ្នា។ ៣ បន្ទាប់​មក យើង​នាំ​គ្នា​ដង្ហែ​ហិប​របស់​ព្រះ​នៃ​យើង​យក​មក​វិញ ដ្បិត​នៅ​រជ្ជកាល​របស់​ព្រះបាទ​សូល យើង​ពុំ​បាន​នឹក​ដល់​ហិប​នេះ​មក​ទេ»។ ៤ អង្គ​ប្រជុំ​ទាំង​មូល​ក៏​យល់​ស្រប ព្រោះ​ប្រជាជន​ទាំង​មូល​ពេញ​ចិត្ត​នឹង​សំណើ​នេះ។ ៥ ព្រះបាទ​ដាវីឌ​បាន​ប្រមូល​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ចាប់​តាំង​ពី​ជ្រោះ​ស្រុក​អេស៊ីប​រហូត​ដល់​ច្រក​ចូល​ក្រុង​ហាម៉ាត់ ដើម្បី​ដង្ហែ​ហិប​របស់​ព្រះជាម្ចាស់​ពី​គារយ៉ាត់-យារីម។ ៦ ព្រះរាជា​យាង​ទៅ​ក្រុង​បាឡា គឺ​គារយ៉ាត់-យារីម ដែល​ស្ថិត​នៅ​ស្រុក​យូដា​ជា​មួយ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដើម្បី​ដង្ហែ​ហិប​ព្រះជាម្ចាស់ គឺ​ព្រះអម្ចាស់​ដែល​គង់​នៅ​កណ្ដាល​ពួក​ចេរូប៊ីន* ហើយ ហិប​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ផ្ទាល់។ ៧ គេ​ដាក់​ហិប​របស់​ព្រះជាម្ចាស់​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដង្ហែ​ពី​ផ្ទះ​របស់​លោក​អប៊ីណាដាប់ ដោយ​មាន​លោក​អ៊ូសា និង​លោក​អហ៊ីយ៉ូ ជា​អ្នក​បរ​រទេះ​នោះ។ ៨ ព្រះបាទ​ដាវីឌ និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​សប្បាយ​រីករាយ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់ គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។ ៩ កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​គីដុន លោក​អ៊ូសា លើក​ដៃ​ទៅ​ទប់​ហិប ព្រោះ​គោ​ធ្វើ​អោយ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។ ១០ ពេល​នោះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​នឹង​លោក​អ៊ូសា ហើយ​ប្រហារ​ជីវិត​លោក ព្រោះ​លោក​បាន​លើក​ដៃ​ពាល់​ហិប។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ទី​នោះ នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់។ ១១ ព្រះបាទ​ដាវីឌ​រំជួល​ព្រះហឫទ័យ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះអម្ចាស់​ប្រហារ​ជីវិត​លោក​អ៊ូសា​ដូច្នេះ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “ពេរេស-អ៊ូសា” រហូត​ដល់​សព្វ​ថ្ងៃ។ ១២ នៅ​ថ្ងៃ​នោះ​ព្រះបាទ​ដាវីឌ​ភ័យ​ខ្លាច​ព្រះជាម្ចាស់ ហើយ​មាន​រាជឱង្ការ​ថា៖ «យើង​យក​ហិប​របស់​ព្រះជាម្ចាស់ ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​មិន​កើត​ទេ»។ ១៣ ព្រះបាទ​ដាវីឌ​មិន​បាន​យក​ហិប​របស់​ព្រះអម្ចាស់ ទៅ​ដំណាក់​នៅ​បុរី​ព្រះបាទ​ដាវីឌ​ទេ តែ​ស្ដេច​បាន​អោយ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក​នៅ​ផ្ទះ​លោក​អូបេឌអេដុម ជា​អ្នក​ស្រុក​កាថ។ ១៤ ហិប​របស់​ព្រះអម្ចាស់​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេឌ-អេដុម គឺ​នៅ​ជា​មួយ​គ្រួសារ​របស់​គាត់​ចំនួន​បី​ខែ។ ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូបេដអេដុម និង​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន។