១២
អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ
១ បងប្អូនអើយ ខ្ញុំចង់អោយបងប្អូនជ្រាបយ៉ាងច្បាស់ អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ ២ បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយបងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។ ៣ ហេតុនេះ ខ្ញុំសូមជំរាបបងប្អូនអោយដឹងថា ប្រសិនបើអ្នកណាម្នាក់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ អ្នកនោះពុំអាចពោលថា «ព្រះយេស៊ូត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធ*ណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «ព្រះយេស៊ូជាព្រះអម្ចាស់» បានដែរ។
៤ មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានអោយ។ ៥ មានមុខងារផ្សេងៗពីគ្នា តែយើងបំរើព្រះអម្ចាស់តែមួយព្រះអង្គដដែល។ ៦ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។ ៧ ព្រះវិញ្ញាណប្រោសប្រទានអោយម្នាក់ៗសំដែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម ៨ គឺព្រះអង្គប្រទានអោយម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតចេះនិយាយ ដោយយល់គំរោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ ៩ ព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានអោយម្នាក់ទៀតចេះប្រោសមនុស្សអោយជាពីជំងឺ ១០ អោយម្នាក់ទៀតចេះធ្វើការអស្ចារ្យ អោយម្នាក់ទៀតចេះថ្លែង*ព្រះបន្ទូល អោយម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ អោយម្នាក់ទៀតចេះនិយាយភាសាចំឡែកអស្ចារ្យ* អោយម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ ១១ ប៉ុន្តែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានអោយម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។
ព្រះកាយតែមួយបែងចែកជាច្រើនផ្នែក
១២ ព្រះគ្រិស្ដ*ប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ ១៣ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជ*ក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។
១៤ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។ ១៥ បើជើងនិយាយថា «ខ្ញុំមិនមែនដៃ ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ជើងនោះនៅតែជាចំណែករបស់រូបកាយដដែល។ ១៦ បើត្រចៀកនិយាយថា «ខ្ញុំមិនមែនភ្នែក ដូច្នេះ ខ្ញុំមិនមែនជាចំណែករបស់រូបកាយទេ» ក៏ត្រចៀកនោះនៅតែជាចំណែករបស់រូបកាយដដែល។ ១៧ ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន? ១៨ តាមពិត ព្រះជាម្ចាស់ប្រទានអោយសរីរាង្គនីមួយៗមានមុខងារ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ។ ១៩ ប្រសិនបើទាំងអស់ជាសរីរាង្គតែមួយ តើរូបកាយនៅឯណា? ២០ តាមពិត សរីរាង្គមានច្រើន តែរូបកាយមានតែមួយប៉ុណ្ណោះ។
២១ ភ្នែកពុំអាចនិយាយទៅដៃថា «អញមិនត្រូវការឯង» បានទេ រីឯក្បាលក៏ពុំអាចនិយាយទៅកាន់ជើងថា «អញមិនត្រូវការឯងទាំងពីរ» បានដែរ។ ២២ ផ្ទុយទៅវិញ សរីរាង្គណាដែលគេចាត់ទុកថាខ្សោយជាងគេ យើងត្រូវការសរីរាង្គនោះជាចាំបាច់ ២៣ ហើយសរីរាង្គណាដែលយើងចាត់ទុកថាមិនសូវថ្លៃថ្នូរ យើងគោរពសរីរាង្គនោះខ្លាំងជាងគេទាំងអស់។ សរីរាង្គណាដែលមិនសូវសមរម្យ យើងគោរពយ៉ាងពិសេសទៅវិញ។ ២៤ រីឯសរីរាង្គណាដែលសមរម្យហើយ សរីរាង្គនោះមិនត្រូវការអោយយើងយកចិត្តទុកដាក់ទេ។ ព្រះជាម្ចាស់បានរៀបចំរូបកាយរបស់យើង ដោយប្រទានសេចក្ដីថ្លៃថ្នូរ ដល់សរីរាង្គណាដែលខ្វះខាត ២៥ ដើម្បីកុំអោយមានការបាក់បែកគ្នានៅក្នុងរូបកាយ គឺអោយសរីរាង្គយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមក។ ២៦ ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។
២៧ បងប្អូនជាព្រះកាយរបស់ព្រះគ្រិស្ដ ហើយម្នាក់ៗជាសរីរាង្គនៃព្រះកាយនេះ តាមចំណែករៀងៗខ្លួន។ ២៨ ក្នុងក្រុមជំនុំមុនដំបូងបង្អស់ ព្រះជាម្ចាស់បានតែងតាំងអោយមានសាវ័ក* បន្ទាប់មក ព្រះអង្គតែងតាំងអ្នកថ្លែងព្រះបន្ទូល បន្ទាប់មកទៀត ព្រះអង្គតែងតាំងអ្នកបង្រៀន។ បន្ទាប់ពីនោះ មានព្រះអំណោយទានខាងធ្វើការអស្ចារ្យ ព្រះអំណោយទានខាងប្រោសអ្នកជំងឺអោយជា ព្រះអំណោយទានខាងជួយអ្នកដទៃ ព្រះអំណោយទានខាងណែនាំព្រះអំណោយទានខាងនិយាយភាសាចំឡែកអស្ចារ្យ*។ ២៩ តើគ្រប់គ្នាសុទ្ធតែជាសាវ័កឬ? គ្រប់គ្នាសុទ្ធតែជាអ្នកថ្លែងព្រះបន្ទូលឬ? គ្រប់គ្នាសុទ្ធតែជាអ្នកបង្រៀនឬ? គ្រប់គ្នាសុទ្ធតែធ្វើការអស្ចារ្យឬ? ៣០ តើគ្រប់គ្នាសុទ្ធតែទទួលព្រះអំណោយទានខាងប្រោសអ្នកជំងឺអោយជាឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងនិយាយភាសាចំឡែកអស្ចារ្យឬ? គ្រប់គ្នាសុទ្ធតែមានព្រះអំណោយទានខាងបកប្រែភាសាចំឡែកអស្ចារ្យឬ?
៣១ ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានណាដែលសំខាន់ៗជាងគេ។ ក៏ប៉ុន្តែ ខ្ញុំចង់បង្ហាញប្រាប់បងប្អូនអំពីមាគ៌ាមួយទៀត ដែលប្រសើរលើសលប់បំផុត។