ពង្សាវតារក្សត្រ​នៃ​រាជា​ណាចក្រ​យូដា និង​រាជា​ណាចក្រ​អ៊ីស្រាអែល ចាប់​ពី​គ្រា​បែងចែក​ស្រុក រហូត​ដល់​ចុង​បញ្ចប់​នៃ​រាជា​ណាចក្រ​អ៊ីស្រាអែល
១២
ប្រជាជន​ជួបជុំ​គ្នា​នៅ​ស៊ីគែម
(២របាក្សត្រ ១០:១-១៥)
១ សម្ដេច​រេហូបោម​បាន​យាង​ទៅ​ស៊ីគែម ដ្បិត​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិសេក​សម្ដេច​ជា​ព្រះមហាក្សត្រ។ ២ កាល​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ក្នុង​ស្រុក​អេស៊ីប​នៅ​ឡើយ។ លោក​យេរ៉ូបោម​បាន​រត់​ភៀស​ខ្លួន​ពី​ព្រះបាទ​សាឡូម៉ូន ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីប។ ៣ ពេល​នោះ គេ​បាន​ចាត់​មនុស្ស អោយ​ទៅ​ហៅ​លោក​យេរ៉ូបោម​មក​ដែរ។ លោក​យេរ៉ូបោម និង​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល​មក​ជួបជុំ​គ្នា ហើយ​ទូល​ព្រះបាទ​រេហូបោម​ថា៖ ៤ «បិតា​របស់​ព្រះករុណា បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​យើង​ខ្ញុំ។ ឥឡូវ​នេះ សូម​ព្រះករុណាមេត្តា​សំរាល​នឹម​ដ៏​ធ្ងន់​ដែល​បិតា​របស់​ព្រះករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​បំរើ​ព្រះករុណា»។ ៥ ព្រះរាជា​មាន​រាជឱង្ការ​ថា៖ «ចូរ​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត​សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជាជន​ក៏​នាំ​គ្នា​ចាកចេញ​ទៅ។
៦ ព្រះបាទ​រេហូបោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធាចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា​ក្នុង​គ្រា​ទ្រង់​នៅ​មាន​ព្រះជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ?»។ ៧ អស់​លោក​ព្រឹទ្ធាចារ្យ​ទូល​វិញ​ថា៖ «ថ្ងៃ​នេះ ប្រសិន​បើ​ព្រះករុណា​សព្វ​ព្រះហឫទ័យ​បំរើ​ប្រជាជន បើ​ព្រះករុណា​យក​ចិត្ត​ទុក​ដាក់​នឹង​គេ ហើយ​ឆ្លើយ​ទៅ​គេ ដោយ​ព្រះហឫទ័យ​សប្បុរស នោះ​ពួក​គេ​នឹង​បំរើ​ព្រះករុណា​រហូត​ត​ទៅ»។ ៨ ប៉ុន្តែ ព្រះបាទ​រេហូបោម​មិន​រវីរវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធាចារ្យ​ទេ តែ​ស្ដេច​បាន​សួរ​យោបល់​ពី​មន្ត្រី​ជំនិត ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច​តាំង​ពី​កុមារ​មក។ ៩ ស្ដេច​មាន​រាជឱង្ការ​ទៅ​ពួក​គេ​ថា៖ «ប្រជាជន​បាន​សុំ​អោយ​យើង​សំរាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ដូច​ម្ដេច? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​ប្រជាជន​នេះ?»។ ១០ មន្ត្រី​ក្មេងៗ​ដែល​ធ្លាប់​នៅ​ជា​មួយ​ស្ដេច តាំង​ពី​កុមារ មក​នាំ​គ្នា​ទូល​ស្ដេច​ថា៖ «សូម​ព្រះករុណា​ប្រាប់​ប្រជាជន ដែល​មក​សុំ​អោយ​ព្រះករុណា​សំរាល​នឹម​បិតា​របស់​ព្រះករុណា​នោះ​វិញ​ថា “កូន​ដៃ​របស់​យើង​មាន​កម្លាំង​ជាង​ដៃ​បិតា​របស់​យើង​ទៅ​ទៀត។ ១១ បិតា​របស់​យើង​បាន​ដាក់​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​នឹម​នេះ​រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​ខ្យាដំរី”»។
១២ លុះ​ដល់​ថ្ងៃ​ទី​បី លោក​យេរ៉ូបោម និង​ប្រជាជន​ទាំង​មូល​ចូល​មក​គាល់​ព្រះបាទ​រេហូបោម តាម​ពេល​កំណត់​ដែល​ស្ដេច​បាន​ប្រាប់​ថា “ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក ជួប​យើង​វិញ”។ ១៣ ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​យ៉ាង​តឹងរ៉ឹង គឺ​ស្ដេច​មិន​រវីរវល់​នឹង​យោបល់​របស់​ក្រុម​ព្រឹទ្ធាចារ្យ​ទេ។ ១៤ ព្រះរាជា​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន តាម​យោបល់​របស់​មន្ត្រី​ក្មេងៗ​ថា៖ «បិតា​របស់​យើង​បាន​ផ្ទុក​នឹម​យ៉ាង​ធ្ងន់​លើ​អ្នក​រាល់​គ្នា រីឯ​យើង​វិញ យើង​នឹង​ធ្វើ​អោយ​នឹម​នេះ រឹត​តែ​ធ្ងន់​ថែម​ទៀត។ បិតា​របស់​យើង​បាន​ប្រដៅ​អ្នក​រាល់​គ្នា ដោយ​ប្រើ​រំពាត់ រីឯ​យើង​វិញ យើង​នឹង​ប្រដៅ​អ្នក​រាល់​គ្នា​ដោយ​ប្រើ​ខ្យាដំរី»។
១៥ ស្ដេច​មិន​ព្រម​ស្ដាប់​តាម​សំណូមពរ​របស់​ប្រជាជន​ទេ ដ្បិត​ព្រះអម្ចាស់​បណ្ដាល​អោយ​មាន​សភាព​ការណ៍​ប្រែប្រួល​ដូច្នេះ ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​មក​កាន់​លោក​យេរ៉ូបោម ជា​កូន​របស់​លោក​នេបាត​តាម​រយៈ​ព្យាការី​អហ៊ីយ៉ា​នៅ​ស៊ីឡូ។
អាណាចក្រ​អ៊ីស្រាអែល​បែក​ជា​ពីរ
(២របាក្សត្រ ១០:១៦-១១:៤)
១៦ ពេល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូមពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖
«ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី​នឹង
ព្រះបាទ​ដាវីឌ​ទេ!
ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ
កូន​របស់​លោក​អ៊ីសាយ​ដែរ!
ប្រជាជន​អ៊ីស្រាអែល​អើយ
ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ចុះ។
រាជវង្ស​របស់​ព្រះបាទ​ដាវីឌ​អើយ
ឥឡូវ​នេះ សូម​បី​បាច់​ថែរក្សា​ខ្លួន​ឯង​ទៅ!»។
ប្រជាជន​អ៊ីស្រាអែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​របស់​ខ្លួន​វិញ។
១៧ ព្រះបាទ​រេហូបោម​គ្រង​រាជ្យ​លើ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​តាម​ក្រុង​ទាំងឡាយ ក្នុង​ស្រុក​យូដា។ ១៨ ព្រះបាទ​រេហូបោម​ចាត់​លោក​អដូរ៉ាម ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​កំណែន អោយ​ទៅ​ជួប​កុលសម្ព័ន្ធ​អ៊ីស្រាអែល​ឯ​ទៀតៗ តែ​ពួក​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ព្រះបាទ​រេហូបោម​ក៏​ប្រញាប់ប្រញាល់​ឡើង​រាជរថ​ភៀស​ខ្លួន​ចូល​ក្រុង​យេរូសាឡឹម​វិញ។ ១៩ គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជាជន​អ៊ីស្រាអែល​បះបោរ ប្រឆាំង​នឹង​រាជវង្ស​ព្រះបាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។
២០ កាល​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល​ដឹង​ថា លោក​យេរ៉ូបោម​វិល​ត្រឡប់​មក​វិញ គេ​ក៏​ជួបជុំ​គ្នា ហើយ​ចាត់​មនុស្ស​អោយ​ទៅ​អញ្ជើញ​លោក​មក។ គេ​អភិសេក​លោក​ជា​ស្ដេច​លើ​ប្រជាជន​អ៊ីស្រាអែល​ទាំង​មូល។ មាន​តែ​កុលសម្ព័ន្ធ​យូដា​មួយ​ប៉ុណ្ណោះ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​ព្រះបាទ​ដាវីឌ។
២១ ពេល​ព្រះបាទ​រេហូបោម​យាង​មក​ដល់​ក្រុង​យេរូសាឡឹម ទ្រង់​ក៏​ប្រមូល​ទាហាន​ក្នុង​ពូជពង្ស​យូដា និង​កុលសម្ព័ន្ធ​បេនយ៉ាមីន​ទាំង​មូល បាន​ចំនួន​មួយ​សែន​ប្រាំ​បី​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចំបាំង​យ៉ាង​ស្ទាត់​ជំនាញ។ ពួក​គេ​លើក​ទ័ព​ចេញ​ទៅ​ច្បាំង​នឹង​កូន​ចៅ​អ៊ីស្រាអែល​ឯ​ទៀតៗ ដើម្បី​ដណ្ដើម​យក​អាណាចក្រ​ទាំង​មូល មក​ថ្វាយ​ព្រះបាទ​រេហូបោម ជា​បុត្រ​របស់​ព្រះបាទ​សាឡូម៉ូន​វិញ។ ២២ ប៉ុន្តែ ព្រះជាម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះអង្គ​ថា៖ ២៣ «ចូរ​ប្រាប់​រេហូបោម បុត្រ​សាឡូម៉ូន ជា​ស្ដេច​នៅ​ស្រុក​យូដា ព្រម​ទាំង​កុលសម្ព័ន្ធ​យូដា កុលសម្ព័ន្ធ​បេនយ៉ាមីន និង​ប្រជាជន​ឯ​ទៀតៗ​ថា ២៤ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: កុំ​ចេញ​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ជា​បង​ប្អូន​របស់​ខ្លួន​ឡើយ។ ចូរ​វិល​ទៅ​កាន់​ទី​លំនៅ​រៀងៗ​ខ្លួន​ចុះ ដ្បិត​យើង​ទេ​ដែល​ធ្វើ​អោយ​សភាព​ការណ៍​នេះ​កើត​មាន»។ ពួក​គេ​ក៏​ស្ដាប់​តាម​បង្គាប់​ព្រះអម្ចាស់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​វិញ តាម​ព្រះបន្ទូល​របស់​ព្រះអង្គ។
២៥ ព្រះបាទ​យេរ៉ូបោម​បាន​សង់​ក្រុង​ស៊ីគែម នៅ​លើ​ភ្នំ​អេប្រាអ៊ីម ដើម្បី​គង់​នៅ​ទី​នោះ។ បន្ទាប់​មក ស្ដេច​បាន​ចេញ​ពី​ស៊ីគែម ទៅ​សង់​ក្រុង​ពេនួល។
អំពើបាប​របស់​ព្រះបាទ​យេរ៉ូបោម
២៦ ព្រះបាទ​យេរ៉ូបោម​រិះគិត​ថា៖ «យោល​តាម​សភាព​ការណ៍​ពេល​នេះ អាណាចក្រ​ខ្ញុំ​អាច​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​រាជវង្ស​ព្រះបាទ​ដាវីឌ​មិន​ខាន។ ២៧ ប្រសិន​បើ​ប្រជាជន​របស់​ខ្ញុំ​នៅ​តែ​ទៅ​ថ្វាយយញ្ញបូជា​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​នៅ​ក្រុង​យេរូសាឡឹម​ដូច្នេះ ចិត្ត​គំនិត​របស់​ពួក​គេ​នឹង​វិល​ទៅ​រក​រេហូបោម ជា​ស្ដេច​ស្រុក​យូដា និង​ជា​ម្ចាស់​ដើម​របស់​ពួក​គេ​វិញ។ ពេល​នោះ ពួក​គេ​មុខ​ជា​សម្លាប់​ខ្ញុំ រួច​វិល​ទៅ​រក​រេហូបោម ជា​ស្ដេច​ស្រុក​យូដា​មិន​ខាន»។ ២៨ ស្ដេច​បាន​រិះគិត​អំពី​មធ្យោបាយ​មួយ គឺ​អោយ​គេ​សិត​ធ្វើ​រូប​គោ​មាស​ពីរ ហើយ​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡឹម​ជា​ច្រើន​ដង​ហើយ អ៊ីស្រាអែល​អើយ! នេះ​នែ៎ ព្រះ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប»។ ២៩ ស្ដេច​តម្កល់​រូប​គោ​មួយ​នៅ​បេតអែល និង​មួយ​ទៀត​នៅ​ក្រុង​ដាន់។ ៣០ ស្ដេច​បាន​នាំ​ប្រជាជន​អោយ​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​តែ​រូប​គោ​នោះ។ ប្រជាជន​នាំ​គ្នា​ដង្ហែ​រូប​គោ រហូត​ដល់​ក្រុង​ដាន់។ ៣១ ព្រះបាទ​យេរ៉ូបោម​សង់​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ រួច​ជ្រើស​រើស​មនុស្ស​ពី​ចំណោម​ប្រជាជន ដែល​មិន​មែន​ជា​ពួក​លេវី​អោយ​ធ្វើ​ជា​បូជាចារ្យ*។
៣២ ព្រះបាទ​យេរ៉ូបោម បាន​កំណត់​យក​ថ្ងៃ​ទី​ដប់​ប្រាំ នៃ​ខែ​ទី​ប្រាំ​បី សំរាប់​ប្រារព្ធ​ពិធី​បុណ្យ ដូច​នៅ​ស្រុក​យូដា​ដែរ។ ពេល​នោះ ស្ដេច​យាង​ទៅ​ថ្វាយ​យញ្ញបូជា​នៅ​លើ​អាសនៈ។ ស្ដេច​បាន​ប្រព្រឹត្ត​របៀប​នេះ​នៅ​បេតអែល​ដែរ គឺ​ថ្វាយ​យញ្ញបូជា​ចំពោះ​រូប​គោ​ដែល​ស្ដេច​បាន​ធ្វើ ព្រម​ទាំង​យក​បូជាចារ្យ​ដែល​ស្ដេច​តែងតាំង​សំរាប់​បំរើ​ការងារ នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ អោយ​មក​បំរើ​ការ​នៅ​បេតអែល​ផង។ ៣៣ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ នៃ​ខែ​ប្រាំ​បី ជា​ថ្ងៃ​ដែល​ស្ដេច​កំណត់​ខ្លួន​ឯង ទ្រង់​យាង​ទៅ​អាសនៈ​ដែល​ទ្រង់​បាន​សង់​នៅ​បេតអែល ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ ជា​មួយ​ប្រជាជន​អ៊ីស្រាអែល។ ក្នុង​ឱកាស​នោះ ស្ដេច​ឡើង​ទៅ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ។