២១
ចំការ​ទំពាំងបាយជូរ​របស់​លោក​ណាបោត
១ ក្រោយ​ព្រឹត្តិការណ៍​ទាំង​នោះ​មក មាន​ហេតុការណ៍​មួយ​ទៀត​កើត​ឡើង។ នៅ​ក្រុង​យេសរាល មាន​បុរស​ម្នាក់​ឈ្មោះ​ណាបោត គាត់​មាន​ចំការ​ទំពាំង​បាយជូរ​មួយ​នៅ​ជិត​រាជវាំង​ព្រះបាទ​អហាប់ ជា​ស្ដេច​នៅ​ក្រុង​សាម៉ារី។ ២ ថ្ងៃ​មួយ ព្រះបាទ​អហាប់​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ណាបោត​ថា៖ «ចូរ​ប្រគល់​ចំការ​ទំពាំងបាយជូរ​របស់​អ្នក​មក​អោយ​យើង ដើម្បី​យើង​យក​ទៅ​ធ្វើ​សួន​បន្លែ ព្រោះ​ចំការ​នេះ​ស្ថិត​នៅ​ជិត​វាំង​ស្រាប់។ យើង​នឹង​ប្រគល់​ចំការ​ទំពាំងបាយជូរ​មួយ​ល្អ​ជាង​ចំការ​នេះ​ទៅ​អ្នក ឬ​ប្រសិន​បើ​អ្នក​ចង់​បាន​ប្រាក់​វិញ យើង​នឹង​បង់​អោយ​តាម​តម្លៃ​ចំការ»។ ៣ លោក​ណាបោត​ទូល​ព្រះបាទ​អហាប់​ថា៖ «សូម​ព្រះអម្ចាស់​ធ្វើ​ជា​សាក្សី​ចុះ ថា​ទូលបង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី ដែល​ជា​កេរមត៌ក​ពី​ដូនតា​នេះ ថ្វាយ​ព្រះករុណា​បាន​ទេ»។ ៤ ព្រះបាទ​អហាប់​យាង​ចូល​ទៅ​ក្នុង​វាំង​វិញ​ទាំង​មួម៉ៅ និង​ក្រេវក្រោធ ព្រោះ​តែ​ពាក្យ​សំដី​ដែល​លោក​ណាបោត ជា​អ្នក​ស្រុក​យេសរាល​ទូល​ថា “ទូលបង្គំ​គ្មាន​សិទ្ធិ​ប្រគល់​ដី ដែល​ជា​កេរមត៌ក​ពី​ដូនតា​នេះ ថ្វាយ​ព្រះករុណា​បាន​ទេ”។ ស្ដេច​ផ្ទំ​លើ​ព្រះ​ទែន​បែរ​ព្រះភក្ត្រ​ទៅ​ជញ្ជាំង ហើយ​មិន​ព្រម​សោយ​ព្រះស្ងោយ​ឡើយ។ ៥ ម្ចាស់​ក្សត្រី​យេសិបិល ជា​មហេសី យាង​មក​គាល់​ស្ដេច​ហើយ​ទូល​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះករុណា​មាន​ព្រះហឫទ័យ​មួម៉ៅ មិន​ព្រម​សោយ​ព្រះស្ងោយ​ដូច្នេះ?»។ ៦ ស្ដេច​មាន​រាជឱង្ការ​ដូច​ត​ទៅ៖ «យើង​និយាយ​ជា​មួយ​ណាបោត ជា​អ្នក​ស្រុក​យេសរាល​ថា “ចូរ​លក់​ចំការ​ទំពាំងបាយជូរ​របស់​អ្នក មក​អោយ​យើង ឬ​ប្រសិន​បើ​អ្នក​មិន​ចង់​បាន​ប្រាក់​ទេ យើង​នឹង​ប្រគល់​ចំការ​ទំពាំងបាយ​ជូរ​មួយ​ទៀត​ជា​ថ្នូរ”។ ប៉ុន្តែ គាត់​ឆ្លើយ​ថា “ទូលបង្គំ​មិន​ប្រគល់​ចំការ​ទំពាំងបាយជូរ​របស់​ទូលបង្គំ ថ្វាយ​ព្រះករុណា​ទេ!”»។ ៧ ម្ចាស់​ក្សត្រី​យេសិបិល​ជា​មហេសី​ទូល​ថា៖ «តើ​ព្រះករុណា​មិន​មែន​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​ទេ​ឬ! សូម​តើន​ឡើង សោយ​ព្រះស្ងោយ ហើយ​រីករាយ​ក្នុង​ព្រះហឫទ័យ​ចុះ ចាំ​ខ្ញុំ​ម្ចាស់​ទៅ​យក​ចំការ​ទំពាំងបាយជូរ​របស់​លោក​ណាបោត ជា​អ្នក​ស្រុក​យេសរាល​មក​ថ្វាយ»។
៨ ម្ចាស់​ក្សត្រី​យេសិបិល​សរសេរ​រាជសារ​ក្នុង​នាម​ព្រះបាទ​អហាប់ ព្រម​ទាំង​យក​ត្រា​រាជ្យ​មក​ប្រថាប់​ផង ហើយ​ចាត់​គេ​អោយ​យក​ទៅ​ជូន​ពួក​ព្រឹទ្ធាចារ្យ និង​ថ្នាក់​ដឹក​នាំ​ដែល​នៅ​ក្រុង​ជា​មួយ​លោក​ណាបោត។ ៩ ក្នុង​រាជសារ​ទាំង​នោះ​ម្ចាស់​ក្សត្រី​យេសិបិល​បាន​សរសេរ​ថា៖ «ចូរ​ប្រកាស​អោយ​ប្រជាជន​ធ្វើ​ពិធី​តម​អាហារ ហើយ​អោយ​លោក​ណាបោត​អង្គុយ​នៅ​កន្លែង​គណៈ​អធិបតី។ ១០ ត្រូវ​អោយ​មនុស្ស​ខិលខូច​ពីរ​នាក់​មក​អង្គុយ​នៅ​ទល់​មុខ​គាត់ ដើម្បី​ធ្វើ​ជា​សាក្សី​ចោទ​ប្រកាន់​គាត់​ថា“លោក​បាន​ប្រមាថ​ព្រះជាម្ចាស់ និង​ប្រមាថ​ព្រះមហាក្សត្រ!”។ បន្ទាប់​មក ចូរ​នាំ​គាត់​ទៅ​ក្រៅ រួច​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ទៅ»។​
១១ ពួក​ព្រឹទ្ធាចារ្យ និង​ថ្នាក់​ដឹក​នាំ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​លោក​ណាបោត ធ្វើ​តាម​សេចក្ដី​ដែល​ម្ចាស់​ក្សត្រី​យេសិបិល​បាន​បញ្ជា​ក្នុង​រាជសារ។ ១២ ពួក​គេ​ប្រកាស​ពិធី​តម​អាហារ ហើយ​អោយ​លោក​ណាបោត​អង្គុយ​នៅ​កន្លែង​គណៈអធិបតី។ ១៣ មនុស្ស​ខិលខូច​ពីរ​នាក់ មក​អង្គុយ​នៅ​ទល់​មុខ​លោក​ណាបោត រួច​ចោទ​ប្រកាន់​លោក​នៅ​ចំពោះ​មុខ​ប្រជាជន​ថា៖ «លោក​ណាបោត​បាន​ប្រមាថ​ព្រះជាម្ចាស់ និង​ប្រមាថ​ព្រះមហាក្សត្រ!»។ ដូច្នេះ គេ​នាំ​លោក​ណាបោត​ចេញ​ទៅ​ក្រៅ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក។ ១៤ គេ​ចាត់​មនុស្ស​អោយ​ទៅ​ទូល​ម្ចាស់​ក្សត្រី​យេសិបិល​ថា៖ «យើង​ខ្ញុំ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណាបោត​ហើយ»។ ១៥ កាល​ម្ចាស់​ក្សត្រី​យេសិបិល​ជ្រាប​ថា គេ​បាន​យក​ដុំ​ថ្ម​គប់​សម្លាប់​លោក​ណាបោ​ហើយ​នោះ ម្ចាស់​ក្សត្រី​ក៏​ទូល​ព្រះបាទ​អហាប់​ថា៖ «សូម​តើន​ឡើង​យាង​ទៅ​ចាប់​យក​ចំការ​ទំពាំងបាយជូរ​របស់​ណាបោត ជា​អ្នក​ស្រុក​យេសរាល ដែល​មិន​ព្រម​លក់​ថ្វាយ​ព្រះករុណា​ចុះ ដ្បិត​ណាបោត​ស្លាប់​បាត់​បង់​ជីវិត​ហើយ»។ ១៦ កាល​ព្រះបាទ​អហាប់​ជ្រាប​ថា លោក​ណាបោត​ស្លាប់​ហើយ ទ្រង់​ក៏​តើន​ឡើង​យាង​ចុះ​ទៅ​ចាប់​យក​ចំការ​ទំពាំងបាយជូរ​របស់​លោក​ណាបោត ជា​អ្នក​ស្រុក​យេសរាល។
ព្រះអម្ចាស់​ដាក់​ទោស​ព្រះបាទ​អហាប់ និង​ម្ចាស់​ក្សត្រី​យេសិបិល
១៧ ពេល​នោះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេសប៊ីថា៖ ១៨ «ចូរ​ក្រោក​ឡើង​ទៅ​ជួប​អហាប់ ជា​ស្ដេច​អ៊ីស្រាអែល​នៅ​ក្រុង​សាម៉ារី។ ឥឡូវ​នេះ អហាប់​ស្ថិត​នៅ​ក្នុង​ចំការ​ទំពាំងបាយជូរ​របស់​ណាបោត ដែល​ខ្លួន​ទើប​ចាប់​យក​បាន។ ១៩ ត្រូវ​ប្រាប់​អហាប់​ដូច​ត​ទៅ: “ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា​ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ឃាត​គេ ហើយ​ចាប់​យក​ដី​របស់​គេ​ដូច្នេះ?” អ្នក​ត្រូវ​ពោល​ទៀត​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា “ឆ្កែ​បាន​លិទ្ធ​ឈាម​របស់​ណាបោត​នៅ​កន្លែង​ណា ឆ្កែ​ក៏​នឹង​លិទ្ធ​ឈាម​របស់​អ្នក​ផ្ទាល់​នៅ​កន្លែង​នោះ​ដែរ”»។
២០ ព្រះបាទ​អហាប់​មាន​រាជឱង្ការ​មក​លោក​ថា៖ «នែ៎​សត្រូវ​អើយ! តើ​លោក​មក​ជួប​យើង​ទៀត ហើយ​ឬ?»។ លោក​អេលីយ៉ា​ទូល​ថា៖ «ទូលបង្គំ​មក​គាល់​ព្រះករុណា ព្រោះ​ព្រះករុណា​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់២១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា: “យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច​កើត​មាន​ចំពោះ​អ្នក យើង​នឹង​លុប​បំបាត់​ពូជពង្ស​របស់​អ្នក យើង​នឹង​ប្រហារ​ប្រុសៗ​ក្នុង​ក្រុម​គ្រួសារ​អហាប់ ទាំង​អ្នក​ងារ ទាំង​អ្នក​ជា អោយ​អស់​ពី​ស្រុក​អ៊ីស្រាអែល។ ២២ យើង​នឹង​ធ្វើ​អោយ​ពូជពង្ស​របស់​អ្នក បាន​ដូច​ពូជពង្ស​របស់​យេរ៉ូបោម ជា​កូន​របស់​នេបាត និង​ដូច​ពូជពង្ស​របស់​បាសា ជា​កូន​របស់​អហ៊ីយ៉ា​ដែរ ព្រោះ​អ្នក​ធ្វើ​អោយ​យើង​ខឹង ព្រម​ទាំង​នាំ​ប្រជាជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ផង”។
២៣ ព្រះអម្ចាស់​មាន​ព្រះបន្ទូល អំពី​ម្ចាស់​ក្សត្រី​យេសិបិល​ថា “ឆ្កែ​នឹង​ហែក​ស៊ី​យេសិបិល នៅ​ជើង​កំពែង​ក្រុង​យេសរាល។ ២៤ កូន​ចៅ​របស់​អហាប់​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ឆ្កែ​ហែកស៊ី ហើយ​កូន​ចៅ​ដែល​ស្លាប់​នៅ​ទី​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី​ដែរ”»​។
២៥ មិន​ដែល​មាន​នរណា ដូច​ព្រះបាទ​អហាប់​ទេ គឺ​ស្ដេច​លក់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ក្រោម​ការ​ញុះញង់​របស់​ម្ចាស់​ក្សត្រី​យេសិបិល ជា​មហេសី។ ២៦ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដោយ​គោរព​ថ្វាយបង្គំ​ព្រះ​ក្លែងក្លាយ ដូច​ជន​ជាតិ​អាម៉ូរី ដែល​ព្រះអម្ចាស់​បាន​បណ្ដេញ​ចេញ​ពី​មុខ​ប្រជាជន​អ៊ីស្រាអែល។
២៧ កាល​ព្រះបាទ​អហាប់​ឮ​ព្រះបន្ទូល​ទាំង​នោះ​ហើយ ទ្រង់​ហែក​ព្រះពស្ដ្រ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ផ្ទំ​ក៏​ស្ដេច​ស្លៀក​បាវ​ដែរ ហើយ​យាង​យឺតៗ។ ២៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេសប៊ីថា៖ ២៩ «អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​អោយ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​អោយ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជពង្ស​របស់​គេ​នៅ​ជំនាន់​ក្រោយ»។