៥
ហិបនៃសម្ពន្ធមេត្រីនៅស្រុកភីលីស្ទីន
១ ពួកភីលីស្ទីនដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយដឹកពីអេបេន-អេស៊ើរទៅក្រុងអាសដូឌ។ ២ ពួកភីលីស្ទីនយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងវិហាររបស់ព្រះដាកុន ហើយតម្កល់នៅជិតរូបសំណាករបស់ព្រះដាកុន។ ៣ លុះស្អែកឡើង ពួកអ្នកក្រុងអាសដូឌក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះអម្ចាស់។ ពួកគេលើករូបព្រះដាកុននោះឡើង ដាក់ត្រង់កន្លែងដើមវិញ។ ៤ លុះស្អែកឡើង ពួកគេក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះអម្ចាស់ទៀត។ ក្បាល និងដៃទាំងពីររបស់រូបព្រះដាកុន បាក់ខ្ទាតទៅនៅមាត់ទ្វារវិហារ គឺនៅសល់តែដងខ្លួនប៉ុណ្ណោះ។ ៥ ហេតុនេះហើយបានជារហូតមកទល់សព្វថ្ងៃ ពួកបូជាចារ្យរបស់ព្រះដាកុន និងអស់អ្នកដែលចូលក្នុងវិហារព្រះដាកុន មិនហ៊ានដើរជាន់មាត់ទ្វារវិហារនេះឡើយ។ ៦ ព្រះអម្ចាស់សំដែងឫទ្ធានុភាពដាក់ទោសអ្នកក្រុងអាសដូឌ គឺព្រះអង្គបង្កអោយមានវិនាសកម្មក្នុងចំណោមពួកគេ ព្រះអង្គធ្វើអោយប្រជាជននៅក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញកើតឫសដូងបាត។ ៧ កាលពួកគេឃើញហេតុការណ៍ទាំងប៉ុន្មាន ដែលកើតមានចំពោះខ្លួនដូច្នេះ ក៏និយាយថា៖ «មិនត្រូវទុកហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនៅក្នុងស្រុកយើងឡើយ ដ្បិតឫទ្ធានុភាពរបស់ព្រះនេះសង្កត់មកលើពួកយើង និងព្រះដាកុនរបស់យើងខ្លាំងណាស់»។ ៨ ពួកគេចាត់មនុស្សអោយទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែល?»។ ស្ដេចត្រាញ់ទាំងនោះឆ្លើយថា៖ «ត្រូវផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលនេះទៅក្រុងកាថវិញ!»។ ពួកគេក៏ផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលទៅក្រុងនោះ។ ៩ កាលគេផ្ទេរហិបទៅដល់ក្រុងកាថហើយ ព្រះអម្ចាស់ក៏បានដាក់ទោសក្រុងនោះដែរ ដោយធ្វើអោយមានកើតវឹកវរយ៉ាងខ្លាំងនៅក្នុងទីក្រុង គឺព្រះអង្គដាក់ទណ្ឌកម្មពួកគេអោយកើតឫសដូងបាត តាំងពីអ្នកតូចរហូតដល់អ្នកធំ។ ១០ ដូច្នេះ ពួកគេបញ្ជូនហិបរបស់ព្រះជាម្ចាស់ទៅក្រុងអេក្រូនវិញ។ ប៉ុន្តែ ពេលគេនាំហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងក្រុងអេក្រូន ប្រជាជននៅក្រុងនោះនាំគ្នាស្រែកឡើងថា៖ «គេបានផ្ទេរហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលមកក្នុងក្រុងយើង ដើម្បីសម្លាប់យើងទាំងអស់គ្នាហើយ»។ ១១ ពួកគេក៏ចាត់មនុស្សអោយទៅអញ្ជើញស្ដេចត្រាញ់ទាំងអស់នៃជនជាតិភីលីស្ទីនមក រួចពោលថា៖ «ចូរបញ្ជូនហិបរបស់ព្រះនៃជនជាតិអ៊ីស្រាអែលត្រឡប់ទៅកន្លែងដើមវិញទៅ ដើម្បីកុំអោយយើងទាំងអស់គ្នាត្រូវស្លាប់ ដោយសារហិបនោះ»។
នៅក្នុងទីក្រុងទាំងមូល មានកើតជ្រួលច្របល់យ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់បានដាក់ទោសពួកគេយ៉ាងធ្ងន់ធ្ងរ។ ១២ អស់អ្នកដែលនៅសល់ពីស្លាប់សុទ្ធតែកើតឫសដូងបាត ហើយសំរែករបស់ពួកគេលាន់ឮរំពង រហូតដល់លើមេឃ។