១០
១ លោកសាំយូអែលយកដបប្រេងមក ហើយចាក់ប្រេងលើក្បាលលោកសូល រួចលោកឱបលោកសូល ទាំងមានប្រសាសន៍ថា៖ «ព្រះអម្ចាស់បានចាក់ប្រេង*អភិសេកលោក អោយដឹកនាំប្រជាជនផ្ទាល់របស់ព្រះអង្គ។ ២ នៅថ្ងៃនេះ ពេលលោកចាកចេញពីខ្ញុំទៅ លោកនឹងជួបបុរសពីរនាក់ក្បែរផ្នូររបស់លោកស្រីរ៉ាជែល នៅព្រំប្រទល់ទឹកដីបេនយ៉ាមីន គឺនៅភូមិសេលសា។ អ្នកទាំងពីរនឹងជំរាបលោកថា “លាញីដែលលោកដើររកនោះ គេបានរកឃើញវិញហើយ។ ឥឡូវនេះ ឪពុករបស់លោកឈប់គិតពីរឿងលា តែព្រួយបារម្ភពីលោកវិញ ដោយពោលថា: កូនខ្ញុំមិនដឹងជាយ៉ាងណាទេ តើអោយខ្ញុំធ្វើដូចម្ដេច?”។ ៣ ពេលលោកបន្តដំណើរទៅមុខបន្តិច លោកនឹងទៅដល់ដើមជ្រៃតាបោរ។ នៅទីនោះ លោកនឹងជួបបុរសបីនាក់ ដែលឡើងទៅទីសក្ការៈរបស់ព្រះជាម្ចាស់នៅបេតអែល។ អ្នកទីមួយដឹកកូនពពែបីក្បាល អ្នកទីពីរកាន់នំបុ័ងបីដុំ អ្នកទីបីកាន់ថង់ស្រា។ ៤ ពួកគេនឹងនាំគ្នាមកជំរាបសួរលោក ហើយជូននំបុ័ងពីរដុំមកលោក។ លោកនឹងទទួលយកនំបុ័ងនោះពីដៃរបស់ពួកគេ។ ៥ បន្ទាប់មក លោកទៅដល់គីបា-អេឡូអ៊ីម ដែលមានទីតាំងទ័ពរបស់ពួកភីលីស្ទីន។ ពេលលោកចូលទៅក្នុងភូមិ លោកនឹងជួបពួកព្យាការីមួយក្រុម ដែលចុះពីកន្លែងសក្ការៈមក ទាំងមានអ្នកភ្លេងលេងចាប៉ី ស្គរ ខ្លុយ និងពិណ ដើរពីមុខផង ព្យាការីទាំងនោះស្លុងស្មារតី ស្រែកច្រៀង និងរាំថ្វាយព្រះជាម្ចាស់។ ៦ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់នឹងមកសណ្ឋិតលើលោក លោកក៏ស្លុងស្មារតីស្រែកច្រៀង និងរាំជាមួយអ្នកទាំងនោះដែរ ហើយលោកនឹងប្រែក្លាយទៅជាបុគ្គលមួយរូបខុសពីមុន។ ៧ កាលណាលោកឃើញទីសំគាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលលោកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតព្រះជាម្ចាស់គង់ជាមួយលោកហើយ។ ៨ បន្ទាប់មក លោកត្រូវចុះទៅគីលកាល់មុនខ្ញុំ ចំណែកឯខ្ញុំវិញ ខ្ញុំនឹងចុះទៅជួបលោកនៅទីនោះដែរ ដើម្បីថ្វាយតង្វាយដុតទាំងមូល* និងថ្វាយយញ្ញបូជាមេត្រីភាព*។ លោកត្រូវរង់ចាំខ្ញុំប្រាំពីរថ្ងៃ លុះត្រាតែខ្ញុំទៅដល់។ ពេលនោះ ខ្ញុំនឹងជំរាបលោក អំពីកិច្ចការដែលលោកត្រូវធ្វើ»។
៩ ពេលលោកសូលចាកចេញពីលោកសាំយូអែលទៅ ព្រះជាម្ចាស់ផ្លាស់ប្ដូរចិត្តគំនិតលោក ហើយទីសំគាល់ទាំងប៉ុន្មានក៏កើតមាននៅថ្ងៃនោះដែរ។ ១០ កាលលោកសូល និងអ្នកបំរើទៅដល់ភូមិគីបៀរ ព្យាការីមួយក្រុមមកជួបលោក។ ពេលនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោក ហើយលោកស្លុងស្មារតីស្រែកច្រៀង និងរាំក្នុងចំណោមពួកព្យាការី។ ១១ អស់អ្នកដែលធ្លាប់ស្គាល់លោកសូល ឃើញលោកស្លុងស្មារតី ស្រែកច្រៀង និងរាំជាមួយពួកព្យាការី គេក៏សាកសួរគ្នាទៅវិញទៅមកថា «តើមានកើតអ្វីចំពោះកូនប្រុសលោកគីស? សូលចូលក្រុមព្យាការីដែរតើ!»។ ១២ មានអ្នកស្រុកម្នាក់ពោលឡើងថា៖ «តើគ្រូបាធ្យាយ របស់ពួកនេះនៅឯណា?»។ ហេតុនេះបានជាមានពាក្យស្លោកថា «សូលចូលក្រុមព្យាការីដែរតើ!»។ ១៣ កាលលោកសូលដឹងស្មារតីឡើងវិញ លោកអញ្ជើញទៅកន្លែងសក្ការៈនៅទួលខ្ពស់។
១៤ ឪពុកមារបស់លោកសូលសួរលោក និងអ្នកបំរើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបលោកសាំយូអែល»។ ១៥ ឪពុកមារបស់លោកសូលពោលទៀតថា៖ «រៀបរាប់ប្រាប់មាមើល៍ លោកសាំយូអែលមានប្រសាសន៍ប្រាប់ពួកឯងអំពីអ្វីខ្លះ»។ ១៦ លោកសូលតបទៅឪពុកមាវិញថា៖ «លោកបញ្ជាក់ប្រាប់ពួកខ្ញុំថា លាទាំងនោះ គេរកឃើញហើយ»។ លោកសូលមិនបានរៀបរាប់ប្រាប់ឪពុកមាអំពីរាជសម្បត្តិ ដែលលោកសាំយូអែលមានប្រសាសន៍នោះឡើយ។
ប្រជាជនអ៊ីស្រាអែលតែងតាំងលោកសូលជាស្ដេច
១៧ លោកសាំយូអែលបានកោះហៅប្រជាជនមកប្រជុំគ្នានៅចំពោះព្រះភក្ត្រព្រះអម្ចាស់ នៅមីសប៉ា។ ១៨ លោកមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “អ៊ីស្រាអែលអើយ យើងបាននាំអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប យើងបានរំដោះអ្នករាល់គ្នាអោយរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប និងពីកណ្ដាប់ដៃរបស់នគរទាំងប៉ុន្មានដែលសង្កត់សង្កិនអ្នករាល់គ្នា”។ ១៩ ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលព្រះរបស់អ្នករាល់គ្នា គឺព្រះដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូលព្រះអង្គថា “សូមតែងតាំងស្ដេចមួយអង្គអោយសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះព្រះភក្ត្រព្រះអម្ចាស់ តាមកុលសម្ព័ន្ធ តាមអំបូរឥឡូវនេះចុះ»។
២០ លោកសាំយូអែលប្រាប់កុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់អោយចូលមក ហើយចាប់ឆ្នោតប៉ះចំកុលសម្ព័ន្ធបេនយ៉ាមីន។ ២១ បន្ទាប់មក លោកអោយកុលសម្ព័ន្ធបេនយ៉ាមីនចូលមកតាមអំបូរ ហើយចាប់ឆ្នោតប៉ះចំអំបូរម៉ាទ្រី រួចប៉ះចំឈ្មោះលោកសូល ជាកូនរបស់លោកគីស។ គេនាំគ្នារកលោក តែរកពុំឃើញទេ។ ២២ គេក៏ចូលទៅទូលសួរព្រះអម្ចាស់ទៀតថា៖ «តើបុរសនោះមកទីនេះហើយឬនៅ?»។ ព្រះអម្ចា ស់ មានព្រះបន្ទូលថា៖ «នុ៎ះន៎! គេកំពុងពួននៅក្បែរឥវ៉ាន់»។ ២៣ គេរត់ទៅរកលោក នាំលោកចេញពីទីនោះមក លោកក៏ឈរនៅកណ្ដាលចំណោមប្រជាជន។ លោកមានកំពស់ខ្ពស់ជាងគេ គឺប្រជាជនទាំងអស់បានត្រឹមតែស្មារបស់លោកប៉ុណ្ណោះ។ ២៤ លោកសាំយូអែលមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «អ្នករាល់គ្នាឃើញបុរសដែលព្រះអម្ចាស់ជ្រើសរើសនេះឬទេ! ក្នុងចំណោមប្រជាជនទាំងមូល គ្មាននរណាម្នាក់ដូចលោកទេ»។ ប្រជាជនទាំងអស់ក៏នាំគ្នាស្រែកជ័យឃោសឡើងថា៖ «ជយោ! ព្រះមហាក្សត្រ!»។
២៥ លោកសាំយូអែលប្រកាសប្រាប់អោយប្រជាជនដឹងអំពីសិទ្ធិរបស់ស្ដេច រួចលោកកត់ត្រាក្នុងក្រាំង ហើយតម្កល់ទុកនៅចំពោះព្រះភក្ត្រព្រះអម្ចាស់។ បន្ទាប់មក លោកសាំយូអែលប្រាប់អោយប្រជាជនទាំងអស់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ។
២៦ ព្រះបាទសូលយាងត្រឡប់ទៅភូមិដ្ឋាននៅគីបៀរវិញ ដោយមានមនុស្សដ៏អង់អាចមួយក្រុម ដែលព្រះជាម្ចាស់បានបណ្ដាលចិត្ត ហែរហមទៅជាមួយផង។ ២៧ ប៉ុន្តែ មានមនុស្សពាលខ្លះពោលថា «តើជននេះឬដែលសង្គ្រោះយើង!»។ ពួកគេប្រមាថមើលងាយព្រះបាទសូល ហើយមិនបាននាំយកតង្វាយអ្វីមកថ្វាយស្ដេចទេ តែស្ដេចមិនរវីរវល់នឹងគេឡើយ។