១៨
សម្ដេច​យ៉ូណាថាន​ចង​សម្ពន្ធមិត្ត​ជា​មួយ​ដាវីឌ
១ ពេល​ដាវីឌ​និយាយ​ជា​មួយ​ព្រះបាទ​សូល​ចប់​ហើយ សម្ដេច​យ៉ូណាថាន​ក៏​ជំពាក់​ចិត្ត​នឹង​ដាវីឌ ហើយ​ស្រឡាញ់​ដាវីឌ​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ។ ២ នៅ​ថ្ងៃ​នោះ ព្រះបាទ​សូល​ឃាត់​ដាវីឌ​អោយ​នៅ​ជា​មួយ គឺ​ទ្រង់​មិន​អោយ​លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​វិញ​ទេ។ ៣ សម្ដេច​យ៉ូណាថាន​ចង​សម្ពន្ធមេត្រី​ជា​មួយ​ដាវីឌ ព្រោះ​ទ្រង់​ស្រឡាញ់​ដាវីឌ ដូច​ខ្លួន​ឯង។ ៤ សម្ដេច​យ៉ូណាថាន​បាន​ដោះ​អាវ​ធំ​របស់​សម្ដេច​មក​បំពាក់​អោយ​ដាវីឌ ហើយ​ក៏​ប្រគល់​អាវ​សឹក ដាវ ធ្នូ និង​ខ្សែ​ក្រវាត់​របស់​សម្ដេច អោយ​ដាវីឌ​ដែរ។ ៥ គ្រប់​សមរភូមិ​ដែល​ព្រះបាទ​សូល​ចាត់​អោយ​ទៅ ដាវីឌ​តែងតែ​ទទួល​ជោគ​ជ័យ​ជានិច្ច។ ព្រះបាទ​សូល​តែងតាំង​ដាវីឌ​អោយ​ធ្វើ​ជា​មេទ័ព ហើយ​ប្រជាជន​ទាំង​មូល និង​រាជ​បំរើ​របស់​ព្រះបាទ​សូល ពេញ​ចិត្ត​នឹង​លោក​គ្រប់ៗ​គ្នា។
ព្រះបាទ​សូល​ច្រណែន​នឹង​លោក​ដាវីឌ
៦ កាល​កងទ័ព​ត្រឡប់​មក​ពី​ច្បាំង​វិញ ក្រោយ​លោក​ដាវីឌ​បាន​ប្រហារ​ជន​ភីលីស្ទីន​ហើយ ស្ត្រីៗ​នៅ​គ្រប់​ក្រុង​ក្នុង​ស្រុក​អ៊ីស្រាអែល​ចេញ​ទៅ​ទទួល​ព្រះបាទ​សូល ទាំង​ស្រែក​ច្រៀង និង​រាំ​តាម​ចង្វាក់​ស្គរ និង​តូរ្យតន្ត្រី ហើយ​ស្រែក​ហ៊ោ​ដោយ​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ៧ ស្ត្រី​ទាំង​នោះ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​រីករាយ​ថា៖
«ព្រះបាទ​សូល​ប្រហារ​បាន​រាប់​ពាន់​នាក់
រីឯ​លោក​ដាវីឌ​ប្រហារ​បាន​រាប់​ម៉ឺន​នាក់»។
៨ ពាក្យ​ទាំង​នេះ​ធ្វើ​អោយ​ព្រះបាទ​សូល​ខ្ញាល់​ជា​ខ្លាំង ទ្រង់​នឹក​ថា៖ «គេ​សរសើរ​ដាវីឌ​ថា ប្រហារ​បាន​រាប់​ម៉ឺន​នាក់ រីឯ​អញ​វិញ​ត្រឹម​តែ​រាប់​ពាន់​នាក់។ ដូច្នេះ ដាវីឌ​នៅ​ខ្វះ​តែ​រាជ​សម្បត្តិ​ប៉ុណ្ណោះ»។ ៩ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ព្រះបាទ​សូល​ស្អប់​លោក​ដាវីឌ​យ៉ាង​ខ្លាំង។
១០ លុះ​ស្អែក​ឡើង មាន​វិញ្ញាណ​អាក្រក់​ពី​ព្រះជាម្ចាស់​មក​ចូល​ក្នុង​ព្រះបាទ​សូល បណ្ដាល​អោយ​ស្ដេច​ទៅ​ជា​វិកលចរិត​នៅ​ក្នុង​ដំណាក់។ លោក​ដាវីឌ​លេង​ភ្លេង​ថ្វាយ​ស្ដេច​ដូច​សព្វ​ដង ពេល​នោះ ព្រះបាទ​សូល​កាន់​លំពែង ១១ ទ្រង់​ចោល​លំពែង​ទៅ​ដោយ​នឹក​ថា៖ «អញ​នឹង​គប់​ទម្លុះ​ដាវីឌ​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង»។ ប៉ុន្តែ លោក​ដាវីឌ​គេច​ផុត​ដល់​ទៅ​ពីរ​លើក។ ១២ ព្រះបាទ​សូល​ខ្លាច​លោក​ដាវីឌ ព្រោះ​ព្រះអម្ចាស់​បាន​បោះ​បង់​ចោល​ស្ដេច ហើយ​ទៅ​គង់​នៅ​ជា​មួយ​លោក​ដាវីឌ។ ១៣ ហេតុ​នេះ​ហើយ ទើប​ព្រះរាជា​អោយ​លោក​ដាវីឌ​ចេញ​ឆ្ងាយ​ពី​ស្ដេច ដោយ​តែងតាំង​លោក​ជា​មេទ័ព​ត្រួត​លើ​ទាហាន​មួយ​ពាន់​នាក់។ លោក​ដាវីឌ​ក៏​ដឹក​នាំ​កងទ័ព​ទៅ​ច្បាំង ១៤ ហើយ​លោក​តែងតែ​បាន​ទទួល​ជ័យជំនះ​គ្រប់​ពេល​ទាំង​អស់ ដ្បិត​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ។ ១៥ ពេល​ឃើញ​លោក​ដាវីឌ​មាន​ជ័យជំនះ​ជា​ច្រើន​ដូច្នេះ ព្រះបាទ​សូល​ខ្លាច​លោក​ក្រៃលែង។ ១៦ ផ្ទុយ​ទៅ​វិញ ប្រជាជន​អ៊ីស្រាអែល និង​ប្រជាជន​យូដា​ទាំង​មូល​ស្រឡាញ់​លោក​ដាវីឌ ព្រោះ​លោក​ដឹក​នាំ​ពួក​គេ​ចេញ​ទៅ​ច្បាំង។
ដាវីឌ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​បុត្រី​ស្ដេច​សូល
១៧ ព្រះបាទ​សូល​នឹក​ថា៖ «អញ​មិន​ចង់​សម្លាប់​ដាវីឌ​ដោយ​ផ្ទាល់​ឡើយ គឺ​ទុក​អោយ​ពួក​ភីលីស្ទីន​សម្លាប់​វិញ»។ ដូច្នេះ ស្ដេច​មាន​រាជឱង្ការ​ទៅ​កាន់​លោក​ដាវីឌ​ថា៖ «យើង​នឹង​លើក​នាង​ម៉្រាម​ជា​កូន​ច្បង​របស់​យើង​អោយ​អ្នក។ ចូរ​មាន​ចិត្ត​ក្លាហាន​បំរើ​យើង ហើយ​ចេញ​ទៅ​ច្បាំង​ថ្វាយ​ព្រះអម្ចាស់»។ ១៨ លោក​ដាវីឌ​ទូល​ថា៖ «បពិត្រ​ព្រះករុណា! តើ​ទូលបង្គំ​ជា​នរណា ហើយ​គ្រួសារ និង​អំបូរ​របស់​ឪពុក​ទូលបង្គំ​មាន​ឋានៈ​អ្វី នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល បាន​ជា​ទូលបង្គំ​អាច​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ?»។ ១៩ ប៉ុន្តែ នៅ​ពេល​កំណត់​ដែល​លោក​ដាវីឌ​ត្រូវ​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​ព្រះនាង​ម៉្រាម នោះ​ព្រះបាទ​សូល​បែរ​ជា​លើក​នាង​ទៅ​អោយ​លោក​អទ្រីអែល ជា​អ្នក​ក្រុង​មេហូឡា​ទៅ​វិញ។ ២០ ពេល​នោះ ព្រះនាង​មិកាល់​ជា​បុត្រី​របស់​ស្ដេច​សូល ក៏​ចាប់​ចិត្ត​ស្រឡាញ់​លោក​ដាវីឌ​ដែរ។ មាន​គេ​យក​រឿង​នេះ​ទៅ​ទូល​ព្រះបាទ​សូល ស្ដេច​គាប់​ព្រះហឫទ័យ​ណាស់។ ២១ ព្រះបាទ​សូល​នឹក​ថា៖ «អញ​នឹង​លើក​នាង​អោយ​ដាវីឌ​ធ្វើ​ជា​ភរិយា ដើម្បី​ប្រើ​នាង​ជា​អន្ទាក់​អោយ​ដាវីឌ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន»។ ដូច្នេះ ព្រះបាទ​សូល​ស្នើ​ជា​លើក​ទី​ពីរ​អោយ​លោក​ដាវីឌ​ធ្វើ​ជា​កូន​ប្រសា។
២២ ព្រះបាទ​សូល​បញ្ជា​រាជ​បំរើ​ថា៖ «ចូរ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់​ថា “ព្រះរាជា​គាប់​ព្រះហឫទ័យ​នឹង​លោក​ណាស់ ហើយ​រាជ​បំរើ​ទាំង​អស់​ក៏​ស្រឡាញ់​លោក​ដែរ។ ដូច្នេះ សូម​យល់​ព្រម​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ទៅ”»។ ២៣ ពួក​រាជ​បំរើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ​ជា​សម្ងាត់។ លោក​ដាវីឌ​ឆ្លើយ​ថា៖ «តើ​អស់​លោក​ស្មាន​ថា​ធ្វើ​ជា​កូន​ប្រសា​ស្ដេច​ដូច្នេះ ជា​រឿង​តូចតាច​ឬ? ជា​ពិសេស មនុស្ស​ក្រីក្រ​ដូច​ខ្ញុំ ហើយ​គ្មាន​ឋានៈ​សមរម្យ​ផង!»។ ២៤ ពួក​រាជ​បំរើ​នាំ​ពាក្យ​សំដី​របស់​លោក​ដាវីឌ ទៅ​ទូល​ស្ដេច​វិញ។ ២៥ ព្រះបាទ​សូល​មាន​រាជឱង្ការ​ថា៖ «សូម​អស់​លោក​ទៅ​និយាយ​ប្រាប់​ដាវីឌ​ថា “ស្ដេច​មិន​ចង់​បាន​បណ្ដាការ​អ្វី ក្រៅ​ពី​ស្បែក​អង្គជាត​របស់​ពួក​ភីលីស្ទីន​ចំនួន​មួយ​រយ ដើម្បី​សងសឹក​ខ្មាំង​សត្រូវ​ប៉ុណ្ណោះ”»។ ព្រះបាទ​សូល​មាន​គោល​បំណង​ធ្វើ​អោយ​លោក​ដាវីឌ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលីស្ទីន។ ២៦ ពួក​រាជ​បំរើ​នាំ​ពាក្យ​ទាំង​នោះ​ទៅ​ប្រាប់​លោក​ដាវីឌ ហើយ​លោក​ដាវីឌ​ក៏​យល់​ឃើញ​ថា សំណើ​នេះ​ជា​ការ​សមរម្យ ដើម្បី​ធ្វើ​ជា​កូន​ប្រសា​របស់​ស្ដេច។ មុន​ពេល​កំណត់​ត្រូវ​រៀប​អភិសេក ២៧ លោក​ដាវីឌ និង​ទាហាន​របស់​លោក​នាំ​គ្នា​ចេញ​ទៅ​ច្បាំង លោក​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​ពីរ​រយ​នាក់។ លោក​ដាវីឌ​បាន​កាត់​យក​ស្បែក​អង្គជាត​របស់​ពួក​គេ ហើយ​នាំ​យក​មក​រាប់​ថ្វាយ​ព្រះរាជា ដើម្បី​ធ្វើ​ជា​កូន​ប្រសា​ស្ដេច។ ពេល​នោះ ព្រះបាទ​សូល​ក៏​លើក​ព្រះនាង​មិកាល់ ជា​បុត្រី អោយ​ធ្វើ​ជា​ភរិយា។
២៨ ព្រះបាទ​សូល​យល់​ឃើញ​ថា ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​លោក​ដាវីឌ ហើយ​ឃើញ​ថា​ព្រះនាង​មិកាល់​ជា​បុត្រី​ស្រឡាញ់​លោក​ដែរ ២៩ ដូច្នេះ ស្ដេច​ខ្លាច​លោក​ដាវីឌ​រឹត​តែ​ខ្លាំង​ឡើង ហើយ​ចាត់​ទុក​លោក​ជា​គូ​សត្រូវ ចាប់​ពី​ពេល​នោះ​ត​ទៅ។ ៣០ ពួក​មេទ័ព​របស់​ជន​ជាតិ​ភីលីស្ទីន​តែងតែ​នាំ​គ្នា​ចេញ​មក​ទន្ទ្រាន ប៉ុន្តែ គ្រប់​ពេល​ប្រយុទ្ធ លោក​ដាវីឌ​ទទួល​ជ័យជំនះ​ច្រើន​ជាង​រាជ​បំរើ​ឯ​ទៀតៗ​របស់​ព្រះបាទ​សូល ជា​ហេតុ​នាំ​អោយ​លោក​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​យ៉ាង​ខ្លាំង។