២៤
លោកដាវីឌមិនដាច់ចិត្តធ្វើគុតព្រះបាទសូល
១ កាលព្រះបាទសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេទូលស្ដេចថា៖ «លោកដាវីឌរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។ ២ ស្ដេចនាំទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ ក្នុងចំណោមកងទ័ពអ៊ីស្រាអែលទាំងមូល ចេញទៅតាមរកលោកដាវីឌ និងពួកលោក នៅទល់មុខថ្មពពែព្រៃ។ ៣ ព្រះបាទសូលបានយាងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្ដេចក៏យាងចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ ៤ អស់អ្នកដែលនៅជាមួយជំរាបលោកថា៖ «នេះជាថ្ងៃដែលព្រះអម្ចាស់បានសន្យាជាមួយលោកថា “យើងនឹងប្រគល់បច្ចាមិត្តមកក្នុងកណ្ដាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្ដេច តាមលោកយល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះភូសារបស់ព្រះបាទសូល។ ៥ ប៉ុន្តែ ក្រោយពេលកាត់ជាយព្រះភូសារបស់ព្រះបាទសូលរួចហើយ ចិត្តរបស់លោកញាប់ញ័រជាខ្លាំង។ ៦ លោកមានប្រសាសន៍ទៅកាន់អស់អ្នកដែលនៅជាមួយលោកថា៖ «សូមព្រះអម្ចាស់ទប់ខ្ញុំ កុំអោយធ្វើគុតម្ចាស់របស់ខ្ញុំ ដែលព្រះអម្ចាស់បានចាក់ប្រេងអភិសេកជាស្ដេចនេះឡើយ គឺខ្ញុំមិនត្រូវលើកដៃប្រហារព្រះរាជា ដែលព្រះអម្ចាស់បានតែងតាំងជាស្ដេចនេះទេ»។ ៧ លោកដាវីឌបានឃាត់ពួកលោក ដោយសារពាក្យសំដីទាំងនោះ គឺលោកហាមពួកគេមិនអោយធ្វើគុតព្រះបាទសូល។ ព្រះបាទសូលយាងចេញពីរអាងភ្នំ បន្តដំណើរទៅមុខទៀត។ ៨ បន្តិចក្រោយមក លោកដាវីឌក្រោកឡើងចេញពីរអាងភ្នំ ហើយស្រែកពីក្រោយព្រះបាទសូលថា៖ «ព្រះករុណាជាអម្ចាស់នៃទូលបង្គំ!»។ ព្រះបាទសូលងាកមក លោកដាវីឌអោនមុខចុះ ក្រាបដល់ដី ថ្វាយបង្គំស្ដេច។ ៩ លោកទូលថា៖ «ហេតុអ្វីបានជាព្រះករុណាចេះតែសណ្ដាប់ពាក្យរបស់អស់អ្នកដែលទូលស្ដេចថា “ដាវីឌចង់ព្យាបាទព្រះករុណា”ដូច្នេះ? ១០ ព្រះករុណាទតឃើញស្រាប់ហើយថា ថ្ងៃនេះ ព្រះអម្ចាស់ប្រគល់ព្រះករុណាមកក្នុងកណ្ដាប់ដៃទូលបង្គំ កាលព្រះករុណានៅក្នុងរអាងភ្នំនេះ។ គេសុំអោយទូលបង្គំធ្វើគុតព្រះករុណា តែទូលបង្គំមិនធ្វើតាមឡើយ។ ទូលបង្គំពោលថា “ខ្ញុំមិនលើកដៃប្រហារម្ចាស់របស់ខ្ញុំជាដាច់ខាត ដ្បិតព្រះអម្ចាស់បានចាក់ប្រេងអភិសេកទ្រង់ជាស្ដេចហើយ”។ ១១ បពិត្រព្រះបិតា សូមទតមើលមកជាយព្រះភូសា ដែលនៅក្នុងដៃទូលបង្គំនេះ។ ទូលបង្គំគ្រាន់តែកាត់ជាយព្រះភូសា តែទូលបង្គំមិនធ្វើគុតព្រះអង្គទេ។ ដូច្នេះ សូមស្ដេចជ្រាបអោយច្បាស់ថា ទូលបង្គំគ្មានគំនិតអាក្រក់ចង់ធ្វើគុត ឬបះបោរប្រឆាំងនឹងព្រះបិតាឡើយ ហើយទូលបង្គំក៏ពុំបានប្រព្រឹត្តអំពើខុសឆ្គងនឹងព្រះអង្គដែរ គឺមានតែព្រះករុណាប៉ុណ្ណោះ ដែលចេះតែតាមប្រហារជីវិតទូលបង្គំ។ ១២ សូមព្រះអម្ចាស់ធ្វើជាចៅក្រមកាត់ក្ដីអោយយើងទាំងពីរ។ ព្រះអម្ចាស់នឹងរកយុត្តិធម៌អោយទូលបង្គំ ចំពោះអំពើដែលព្រះករុណាប្រព្រឹត្តដល់ទូលបង្គំ។ រីឯទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាទេ ១៣ ដូចសុភាសិតពីព្រេងនាយចែងថា “មនុស្សអាក្រក់ប្រព្រឹត្តតែអំពើអាក្រក់”។ ចំពោះទូលបង្គំវិញ ទូលបង្គំនឹងមិនធ្វើគុតព្រះករុណាឡើយ។ ១៤ តើព្រះមហាក្សត្រអ៊ីស្រាអែលចេញមកច្បាំងនឹងនរណា? ព្រះករុណាដេញតាមនរណា? គឺព្រះករុណាដេញតាមទូលបង្គំ ដែលប្រៀបដូចជាឆ្កែងាប់ ឬចៃមួយដ៏តូច។ ១៥ សូមព្រះអម្ចាស់ធ្វើជាចៅក្រម កាត់ក្ដីអោយយើងទាំងពីរ។ ព្រះអង្គនឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌អោយទូលបង្គំ ព្រះអង្គនឹងការពារទូលបង្គំ ព្រមទាំងរំដោះទូលបង្គំអោយរួចផុតពីកណ្ដាប់ដៃរបស់ព្រះករុណាជាមិនខាន»។
១៦ កាលលោកដាវីឌទូលសេចក្ដីទាំងនោះចប់សព្វគ្រប់ហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «ដាវីឌ កូនអើយ! នេះពិតជាសំឡេងកូនមែនឬ?»។ ព្រះបាទសូលចាប់ផ្ដើមទ្រង់ព្រះកន្សែងយ៉ាងខ្លាំង។ ១៧ បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកដាវីឌថា៖ «កូនជាមនុស្សសុចរិតជាងបិតា ព្រោះកូនបានប្រព្រឹត្តល្អចំពោះបិតា តែបិតាបានប្រព្រឹត្តអាក្រក់ចំពោះកូន។ ១៨ ថ្ងៃនេះ កូនបានបង្ហាញចិត្តសប្បុរសមកលើបិតាយ៉ាងជាក់ស្ដែង ដ្បិតព្រះអម្ចាស់ប្រគល់បិតាទៅក្នុងកណ្ដាប់ដៃកូន តែកូនមិនសម្លាប់បិតាទេ។ ១៩ ធម្មតា កាលណាមនុស្សម្នាក់ជួបប្រទះនឹងបច្ចាមិត្តហើយ គេមិនដែលទុកអោយបច្ចាមិត្តនោះបន្តដំណើរទៅមុខទៀតដោយស្រួលៗទេ។ សូមព្រះអម្ចាស់ប្រទានរង្វាន់ដល់កូនចំពោះអំពើល្អ ដែលកូនបានប្រព្រឹត្តមកលើបិតានៅថ្ងៃនេះ។ ២០ បិតាក៏ដឹងច្បាស់ថា ថ្ងៃមួយ កូននឹងឡើងគ្រងរាជ្យ ហើយរាជាណាចក្រអ៊ីស្រាអែលនឹងបានស្ថិតស្ថេរ ក្រោមការគ្រប់គ្រងរបស់កូន។ ២១ ដូច្នេះ សូមកូនស្បថក្នុងនាមព្រះអម្ចាស់ឥឡូវនេះចុះថា កូននឹងមិនបំផ្លាញពូជពង្សរបស់បិតាដែលនៅជំនាន់ក្រោយទេ ហើយក៏មិនធ្វើអោយឈ្មោះរបស់បិតា ត្រូវលុបបំបាត់ចេញពីក្រុមគ្រួសាររបស់បិតាដែរ»។ ២២ លោកដាវីឌក៏ស្បថថ្វាយស្ដេច។ បន្ទាប់មក ព្រះបាទសូលវិលទៅកាន់ដំណាក់វិញ ចំណែកឯលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ក៏វិលទៅកន្លែងលាក់ខ្លួនវិញដែរ។