២៧
លោកដាវីឌទៅរស់នៅជាមួយពួកភីលីស្ទីន
១ លោកដាវីឌរិះគិតថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួនទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ព្រះបាទសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច»។ ២ លោកដាវីឌនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ព្រះបាទអគីស ជាបុត្ររបស់ព្រះបាទម៉ាអុក និងជាស្ដេចក្រុងកាថ។ ៣ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយព្រះបាទអគីស។ លោកដាវីឌបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។ ៤ មានគេទូលព្រះបាទសូលថា លោកដាវីឌភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ ស្ដេចក៏ឈប់ដេញតាមលោកទៀត។
៥ ថ្ងៃមួយ លោកដាវីឌទូលសួរព្រះបាទអគីសថា៖ «បពិត្រព្រះករុណា! ប្រសិនបើស្ដេចពិតជាអនុគ្រោះដល់ទូលបង្គំមែន សូមមេត្តាប្រទានភូមិស្រុកណាមួយអោយទូលបង្គំទៅស្នាក់អាស្រ័យផង ដ្បិតមិនគួរអោយទូលបង្គំស្នាក់នៅក្នុងរាជធានីជាមួយព្រះករុណាឡើយ?»។ ៦ នៅថ្ងៃនោះ ព្រះបាទអគីសប្រទានក្រុងស៊ីគឡាក់អោយលោក។ ហេតុនេះហើយបានជាក្រុងនោះនៅជាកម្មសិទ្ធិរបស់ស្ដេចយូដា រហូតមកដល់សព្វថ្ងៃ។ ៧ លោកដាវីឌស្នាក់នៅស្រុកភីលីស្ទីន អស់រយៈពេលមួយឆ្នាំបួនខែ។ ៨ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើម ជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។ ៩ លោកដាវីឌវាយកំទេចទឹកដីនោះ ឥតទុកអោយមនុស្សប្រុស ឬស្រីណាម្នាក់រួចជីវិតឡើយ។ លោកប្រមូលហ្វូងចៀម និងហ្វូងគោ ព្រមទាំងលា អូដ និងសម្លៀកបំពាក់ ហើយត្រឡប់មកវិញ គាល់ព្រះបាទអគីស។ ១០ ពេលព្រះបាទអគីសសួរលោកដាវីឌថា «តើថ្ងៃនេះ លោកទៅវាយស្រុកណាខ្លះ?» លោកដាវីឌតែងតែទូលស្ដេចថា «ទូលបង្គំទៅវាយតំបន់ខាងត្បូងស្រុកយូដា» ឬ«ខាងត្បូងស្រុករបស់ពួកយេរ៉ាម្អែល» ឬក៏ «ខាងត្បូងទឹកដីរបស់ពួកកែន»។ ១១ លោកដាវីឌពុំដែលទុកជីវិតអោយមនុស្សប្រុស ឬស្រី ដើម្បីនាំមកក្រុងកាថទេ ព្រោះលោកខ្លាចក្រែងឈ្លើយសឹកទាំងនោះរាយការណ៍ថា ពួកលោកដាវីឌបានធ្វើដូច្នេះ ឬធ្វើដូច្នោះមួយ។ ក្នុងអំឡុងពេលលោកស្នាក់អាស្រ័យនៅក្នុងស្រុកភីលីស្ទីន លោកដាវីឌតែងតែប្រើវិធីនេះជារៀងរហូត។ ១២ ហេតុនេះហើយបានជាព្រះបាទអគីសជឿទុកចិត្តលើលោកដាវីឌ ព្រោះស្ដេចគិតថា៖ «ដាវីឌប្រព្រឹត្តអំពើដែលធ្វើអោយអ៊ីស្រាអែល ជាជនជាតិរបស់ខ្លួនស្អប់យ៉ាងខ្លាំង។ ដូច្នេះ ដាវីឌនឹងបំរើយើងរហូតតទៅ»។