៤
គ្រូក្លែងក្លាយ
១ ព្រះវិញ្ញាណមានព្រះបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងក្រោយ នឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ទៅជាប់ចិត្តនឹងវិញ្ញាណបោកបញ្ឆោត ហើយទៅជាប់ចិត្តនឹងសេចក្ដីប្រៀនប្រដៅរបស់អារក្ស។ ២ គេចាញ់បោកពុតត្បុតរបស់មេបោកប្រាស់។ មនសិការរបស់អ្នកទាំងនោះជាប់ជាខ្ញុំបំរើរបស់អារក្ស។ ៣ ពួកគេហាមប្រាមមិនអោយយកប្ដីប្រពន្ធ មិនអោយបរិភោគអាហារខ្លះដែលព្រះជាម្ចាស់បានបង្កើតមក ដើម្បីអោយអ្នកជឿដែលស្គាល់សេចក្ដីពិតបរិភោគ ទាំងអរព្រះគុណ។ ៤ អ្វីៗដែលព្រះជាម្ចាស់បានបង្កើតមកសុទ្ធតែល្អទាំងអស់ មិនត្រូវចោលណាមួយឡើយ គឺត្រូវទទួលទាំងអរព្រះគុណវិញ ៥ ដ្បិតព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងពាក្យអរព្រះគុណ បានធ្វើអោយអាហារទាំងអស់ទៅជាវិសុទ្ធហើយ។
អ្នកបំរើដ៏ល្អរបស់ព្រះអម្ចាស់
៦ បើអ្នកយកសេចក្ដីទាំងនេះ ទៅពន្យល់បងប្អូន នោះអ្នកពិតជាបំរើព្រះគ្រិស្ដយេស៊ូយ៉ាងល្អប្រសើរ ស្របតាមការអប់រំអំពីជំនឿ និងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវ ដែលអ្នកបានខិតខំរៀនយ៉ាងដិតដល់នោះមែន។ ៧ កុំរវីរវល់នឹងរឿងព្រេងដ៏ឥតខ្លឹមសាររបស់យាយចាស់ៗឡើយ តែត្រូវហាត់គោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ។ ៨ ការហាត់ប្រាណមានប្រយោជន៍តែបន្តិចបន្តួចប៉ុណ្ណោះ រីឯការគោរពប្រណិប័តន៍ព្រះជាម្ចាស់វិញ មានប្រយោជន៍គ្រប់ចំពូកទាំងអស់ ហើយផ្ដល់ជីវិតនាបច្ចុប្បន្នកាល និងជីវិតទៅអនាគតកាល តាមព្រះបន្ទូលសន្យា។ ៩ ពាក្យដូចតទៅនេះគួរអោយជឿ សមនឹងទទួលយកទាំងស្រុង គឺថាៈ ១០ យើងធ្វើការនឿយហត់ យើងខំប្រឹងតយុទ្ធ មកពីយើងសង្ឃឹមលើព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ព្រះអង្គជាព្រះសង្គ្រោះរបស់មនុស្សលោកទាំងអស់ ជាពិសេសរបស់អ្នកជឿ។ ១១ អ្នកត្រូវដាស់តឿន និងបង្រៀនសេចក្ដីទាំងនេះ។ ១២ កុំបណ្ដោយអោយនរណាមើលងាយអ្នក ព្រោះអ្នកនៅក្មេង ផ្ទុយទៅវិញ ក្នុងការនិយាយស្ដីក្ដី កិរិយាមារយាទក្ដី ចិត្តស្រឡាញ់ក្ដី ជំនឿក្ដី និងចិត្តបរិសុទ្ធក្ដី ត្រូវធ្វើជាគំរូដល់អស់អ្នកជឿ។
១៣ ចូរឧស្សាហ៍អានគម្ពីរ ឧស្សាហ៍ដាស់តឿន និងបង្រៀនបងប្អូនកុំខាន ទំរាំខ្ញុំមកដល់។ ១៤ កុំធ្វេសប្រហែសនឹងព្រះអំណោយទាន ដែលស្ថិតនៅក្នុងអ្នក គឺជាព្រះអំណោយទាន ដែលអ្នកបានទទួល ដោយពាក្យដែលគេបានថ្លែងប្រាប់ក្នុងនាមព្រះអម្ចាស់ និងដោយក្រុមព្រឹទ្ធាចារ្យ*បានដាក់ដៃ*លើ ១៥ ត្រូវយកចិត្តទុកដាក់បំពេញមុខងារនេះ និងព្យាយាមតទៅមុខទៀត ដើម្បីអោយគ្រប់គ្នាឃើញថា អ្នកពិតជាបានចំរើនឡើងមែន។ ១៦ ត្រូវប្រយ័ត្នប្រយែងលើខ្លួនឯង ប្រយ័ត្នប្រយែងនឹងសេចក្ដីដែលអ្នកបង្រៀន ដោយព្យាយាមធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នកផង ទាំងបងប្អូនដែលស្ដាប់អ្នកផង។