២៧
ព្រះបាទយ៉ូថាមសោយរាជ្យលើស្រុកយូដា
(២ពង្សាវតារក្សត្រ ១៥:៣២-៣៨)
១ ព្រះបាទយ៉ូថាមឡើងសោយរាជ្យ ក្នុងជន្មាយុម្ភៃប្រាំព្រះវស្សា ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា យេរូសា ជាកូនរបស់លោកសាដុក។ ២ ស្ដេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទអូសៀសជាបិតាដែរ។ ប៉ុន្តែ ស្ដេចមិនបានចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ទេ។ ពេលនោះ ប្រជាជនប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ។
៣ ព្រះបាទយ៉ូថាមបានសង់ទ្វារ ដែលនៅខាងលើព្រះដំណាក់របស់ព្រះអម្ចាស់ និងពង្រឹងកន្លែងផ្សេងៗនៃកំពែងក្រុងត្រង់អូផែល អោយរឹតតែមាំថែមទៀត។ ៤ ស្ដេចបានសង់ក្រុងនៅតាមតំបន់ភ្នំនៃស្រុកយូដា ព្រមទាំងសង់បន្ទាយ និងប៉មចាំយាមនៅតាមព្រៃផង។ ៥ ស្ដេចបានធ្វើសង្គ្រាមទល់នឹងស្ដេចស្រុកអាំម៉ូន ហើយយកជ័យជំនះលើពួកគេ។ នៅឆ្នាំនោះ ជនជាតិអាំម៉ូនយកប្រាក់ចំនួនបីតោន ស្រូវបីពាន់តោន និងពោតបីពាន់តោន មកថ្វាយជាសួយសារអាករដល់ព្រះបាទយ៉ូថាម។ នៅឆ្នាំបន្ទាប់ និងឆ្នាំទីបី ពួកគេក៏ថ្វាយបែបនោះដែរ។ ៦ ព្រះបាទយ៉ូថាមមានអំណាចកាន់តែខ្លាំងឡើងៗ ព្រោះទ្រង់ប្រព្រឹត្តតាមមាគ៌ារបស់ព្រះអម្ចាស់យ៉ាងជាប់លាប់។
៧ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទយ៉ូថាម ព្រមទាំងសង្គ្រាម និងអ្វីៗទាំងប៉ុន្មានដែលទ្រង់បានធ្វើ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្ដេចស្រុកអ៊ីស្រាអែល និងស្ដេចស្រុកយូដា។ ៨ នៅពេលឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។ ៩ ព្រះបាទយ៉ូថាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូរនៃរាជវង្សនៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអហាសជាបុត្រ ឡើងស្នងរាជ្យ។