២៩
ព្រះបាទ​ហេសេគា​សោយ​រាជ្យ​នៅ​ស្រុក​យូដា
(២​ពង្សាវតារក្សត្រ ១៨:១-៤)
១ ព្រះបាទ​ហេសេគា​បាន​ឡើង​សោយ​រាជ្យ ក្នុង​ព្រះជន្មាយុ​ម្ភៃ​ប្រាំ​វស្សា ហើយ​សោយ​រាជ្យ​បាន​ម្ភៃ​ប្រាំ​បួន​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​អប៊ីយ៉ា ជា​កូន​របស់​លោក​សាការី។ ២ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ដូច​ព្រះបាទ​ដាវីឌ​ជា​ព្រះអយ្យកោ ឥត​ខុស​ត្រង់​ណា​ឡើយ។
៣ នៅ​ខែ​ទី​មួយ​ក្នុង​ឆ្នាំ​ទី​មួយ នៃ​រជ្ជកាល​របស់​ស្ដេច ព្រះបាទ​ហេសេគា​បើក​ទ្វារ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ព្រម​ទាំង​ជួសជុល​ឡើង​វិញ។ ៤ ស្ដេច​បាន​ត្រាស់​ហៅ​ក្រុម​បូជាចារ្យ និង​ក្រុម​លេវី អោយ​មក​ជួបជុំ​គ្នា​នៅ​ព្រលាន​ខាង​កើត ៥ រួច​មាន​រាជឱង្ការ​ទៅ​ពួក​គេ​ថា៖ «កូន​ចៅ​លេវី​អើយ សូម​ស្ដាប់​ខ្ញុំ! ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ហើយ​ញែក​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា អោយ​បាន​វិសុទ្ធ​ដែរ។ ចូរ​យក​អ្វីៗ​ដែល​មិន​បរិសុទ្ធ​ចេញ​ទៅ​ខាង​ក្រៅ​ទីសក្ការៈ។ ៦ ដូនតា​របស់​ពួក​យើង​បាន​បែក​ចិត្ត​ចេញ​ពី​ព្រះអម្ចាស់ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​យើង។ ពួក​លោក​បាន​បោះ​បង់​ចោល​ព្រះអង្គ ពួក​លោក​ងាក​មុខ​ចេញ​ពី​ទីសក្ការៈ​របស់​ព្រះអម្ចាស់ ព្រម​ទាំង​បែរ​ខ្នង​ដាក់​ទៀត​ផង។ ៧ ពួក​លោក​បាន​បិទ​ទ្វារ​ព្រះវិហារ និង​ពន្លត់​ចង្កៀង ហើយ​លែង​ថ្វាយ​គ្រឿង​ក្រអូប ឬ​តង្វាយ​ដុត*​ទាំង​មូល ចំពោះ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល នៅ​ក្នុង​ទីសក្ការៈ​នេះ។ ៨ ហេតុ​នេះ ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ទាស់​នឹង​ស្រុក​យូដា និង​ក្រុង​យេរូសាឡឹម ព្រះអង្គ​ធ្វើ​អោយ​ស្រុក​នេះ និង​ក្រុង​នេះ​ក្លាយ​ជា​ទី​ស្មសាន ដែល​ធ្វើ​អោយ​មនុស្សម្នា​ព្រឺខ្លាច ហើយ​ប្រមាថ​មាក់ងាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់។ ៩ ព្រោះ​តែ​កំហុស​នោះ ដូនតា​របស់​ពួក​យើង​បាន​ដួល​ស្លាប់​ដោយ​មុខ​ដាវ កូន​ប្រុស កូន​ស្រី និង​ភរិយា​របស់​ពួក​យើង ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ។ ១០ ឥឡូវ​នេះ ខ្ញុំ​មាន​បំណង​ចង​សម្ពន្ធមេត្រី​ជា​មួយ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ដើម្បី​សូម​ព្រះអង្គ​ពង្វាង​ព្រះពិរោធ​ចេញ​ពី​ពួក​យើង។ ១១ ឥឡូវ​នេះ សូម​កូន​ចៅ​លែង​ខ្ជីខ្ជា​ទៀត​ទៅ ដ្បិត​ព្រះអម្ចាស់​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា អោយ​ឈរ​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអង្គ ដើម្បី​បំពេញ​មុខងារ​បំរើ​ព្រះអង្គ ក្នុង​ការ​ថ្វាយ​គ្រឿង​ក្រអូប»។
១២ ពេល​នោះ កូន​ចៅ​លេវី​នាំ​គ្នា​ក្រោក​ឡើង គឺ​ក្នុង​អំបូរ​កេហាត់ មាន​លោក​ម៉ាហាត់ ជា​កូន​របស់​អម៉ាសាយ លោក​យ៉ូអែល ជា​កូន​របស់​លោក​អសារា។ ក្នុង​អំបូរ​ម៉្រារី មាន​លោក​គីស ជា​កូន​របស់​លោក​អាប់ឌី លោក​អសារា ជា​កូន​របស់​លោក​យេហាលែល។ ក្នុង​អំបូរ​គើរសុន មាន​លោក​យ៉ូអា។ ក្នុង​អំបូរ​ស៊ីម៉្មា មាន​លោក​អេដេន ជា​កូន​របស់​លោក​យ៉ូអា។ ១៣ ក្នុង​អំបូរ​អេលីសាផាន មាន​លោក​ស៊ីមរី និង​លោក​យីអែល។ ក្នុង​អំបូរ​អេសាភ មាន​លោក​សាការី និង​លោក​ម៉ាថានា។ ១៤ ក្នុង​អំបូរ​ហេម៉ាន មាន​លោក​យីអែល និង​លោក​ស៊ីម៉ៃ។ ក្នុង​អំបូរ​យេឌូថិន មាន​លោក​សេម៉ាយ៉ា និង​លោក​អ៊ូស៊ាល។
១៥ អ្នក​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​បង​ប្អូន​របស់​ពួក​គេ មក​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ហើយ​ធ្វើ​ពិធី​ជំរះ​ព្រះដំណាក់​របស់​ព្រះអម្ចាស់​អោយ​បាន​បរិសុទ្ធ តាម​បញ្ជា​របស់​ស្ដេច និង​ស្រប​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់១៦ ក្រុម​បូជាចារ្យ​នាំ​គ្នា​ចូល​ទៅ​ខាង​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដើម្បី​ធ្វើ​ពិធី​ជំរះ​ព្រះដំណាក់​អោយ​បាន​បរិសុទ្ធ។ ពួក​គេ​យក​អ្វីៗ​មិន​បរិសុទ្ធ​ដែល​គេ​រក​ឃើញ នៅ​ខាង​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ចេញ​មក​ទីធ្លា​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ហើយ​ក្រុម​លេវី​យក​ចេញ​ទៅ​ក្រៅ​បោះ​ចោល​នៅ​ជ្រោះ​កេដ្រូន។ ១៧ ពួក​គេ​ធ្វើ​ពិធី​ញែក​ព្រះដំណាក់​អោយ​បាន​វិសុទ្ធ*​នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ។ នៅ​ថ្ងៃ​ទី​ប្រាំ​បី ពួក​គេ​ចូល​ទៅ​ក្នុង​បន្ទប់​ល្វែង​នៃ​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ហើយ​ចំណាយ​ពេល​ប្រាំ​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ញែក​ព្រះដំណាក់​របស់​ព្រះអម្ចាស់​អោយ​បាន​វិសុទ្ធ។ ពួក​គេ​ធ្វើ​ពិធី​នេះ​ចប់​សព្វ​គ្រប់ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​មួយ។
១៨ បន្ទាប់​មក ក្រុម​លេវី នាំ​គ្នា​ទៅ​គាល់​ព្រះបាទ​ហេសេគា​ទូល​ថា៖ «យើង​ខ្ញុំ​ព្រះករុណា ធ្វើ​ពិធី​ជំរះ​ព្រះដំណាក់​ទាំង​មូល​របស់​ព្រះអម្ចាស់ ព្រម​ទាំង​អាសនៈ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើប្រាស់​ជា​មួយ តុ​តម្កល់​នំបុ័ង និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ដែល​ត្រូវ​ប្រើប្រាស់​ជា​មួយ ចប់​សព្វ​គ្រប់​ហើយ។ ១៩ រីឯ​វត្ថុ​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​អហាស​ធ្វើ​អោយ​សៅហ្មង នៅ​ពេល​ទ្រង់​បោះ​បង់​ចោល​ព្រះអម្ចាស់ ក្នុង​គ្រា​ទ្រង់​គ្រង​រាជ្យ​នោះ យើង​ខ្ញុំ​ក៏​បាន​ជួសជុល និង​ញែក​ជា​វិសុទ្ធ​ហើយ​ដែរ។ យើង​ខ្ញុំ​ដាក់​វត្ថុ​ទាំង​នោះ​នៅ​មុខ​អាសនៈ​របស់​ព្រះអម្ចាស់»។
ព្រះបាទ​ហេសេគា​រៀបចំ​អោយ​មាន​ពិធី​គោរព​បំរើ​ព្រះអម្ចាស់ និង​ការ​ថ្វាយ​យញ្ញបូជា​ឡើង​វិញ
២០ ព្រះបាទ​ហេសេគា​តើន​ពី​ព្រលឹម ហើយ​ប្រមូល​មេ​ដឹក​នាំ​នៅ​ក្នុង​ទីក្រុង​អោយ​មក​ជួបជុំ​គ្នា រួច​ឡើង​ទៅ​ព្រះដំណាក់​របស់​ព្រះអម្ចាស់២១ គេ​នាំ​គោ​បា​ប្រាំពីរ ចៀម​ឈ្មោល​ប្រាំពីរ កូន​ចៀម​ប្រាំពីរ និង​ពពែ​ឈ្មោល​ប្រាំពីរ ទៅ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប​សំរាប់​ព្រះរាជវង្ស ទីសក្ការៈ និង​ប្រជាជន​ស្រុក​យូដា។ ព្រះរាជា​បង្គាប់​ក្រុម​បូជាចារ្យ* ជា​ពូជពង្ស​របស់​លោក​អើរ៉ុន អោយ​យក​សត្វ​ទាំង​នោះ​ធ្វើ​យញ្ញបូជា នៅ​លើ​អាសនៈ​របស់​ព្រះអម្ចាស់២២ បូជាចារ្យ​នាំ​គ្នា​សម្លាប់​គោ រួច​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាសនៈ។ បន្ទាប់​មក គេ​សម្លាប់​ចៀម​ឈ្មោល យក​ឈាម​ប្រោះ​លើ​អាសនៈ ហើយ​សម្លាប់​កូន​ចៀម យក​ឈាម​ប្រោះ​លើ​អាសនៈ។ ២៣ បន្ទាប់​មក​ទៀត គេ​នាំ​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​រំដោះ​បាប មក​ដាក់​នៅ​មុខ​ស្ដេច និង​នៅ​មុខ​អង្គ​ប្រជុំ។ ស្ដេច​ព្រម​ទាំង​អ្នក​ឯ​ទៀតៗ ក៏​ដាក់​ដៃ​លើ​ពពែ​ឈ្មោល​ទាំង​នោះ។ ២៤ ក្រុម​បូជាចារ្យ​ក៏​សម្លាប់​ពពែ​ឈ្មោល ហើយ​ថ្វាយ​ឈាម​នៅ​លើ​អាសនៈ ទូល​សូម​ព្រះជាម្ចាស់​រំដោះ​បាប​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល ដ្បិត​ព្រះរាជា​បាន​ប្រកាស​ថា តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញបូជា​រំដោះ​បាប​នេះ​ត្រូវ​ថ្វាយ​សំរាប់​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​មូល។
២៥ ព្រះរាជា​ចាត់​ក្រុម​លេវី​អោយ​ឈរ​នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដោយ​កាន់​ស្គរ ឃឹម និង​ពិណ ស្រប​តាម​បទ​បញ្ជា​របស់​ព្រះបាទ​ដាវីឌ និង​លោក​កាដ ជា​គ្រូ​ទាយ​របស់​ស្ដេច ព្រម​ទាំង​ព្យាការី​ណាថាន​ ដ្បិត​ព្រះអម្ចាស់​បង្គាប់​ដូច្នេះ តាម​រយៈ​ព្យាការី​របស់​ព្រះអង្គ។ ២៦ ក្រុម​លេវី​ឈរ​នៅ​កន្លែង​របស់​ខ្លួន ទាំង​កាន់​ឧបករណ៍​តន្ត្រី​របស់​ព្រះបាទ​ដាវីឌ ហើយ​ក្រុម​បូជាចារ្យ​កាន់​ត្រែ។ ២៧ ព្រះបាទ​ហេសេគា​បង្គាប់​អោយ​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនៈ។ នៅ​ពេល​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល គេ​ក៏​ចាប់​ផ្ដើម​ច្រៀង​ថ្វាយ​ព្រះអម្ចាស់ ដោយ​មាន​ត្រែ និង​ឧបករណ៍​តន្ត្រី​របស់​ព្រះបាទ​ដាវីឌ ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​ប្រគំ​កំដរ​ផង។ ២៨ អង្គ​ប្រជុំ​ទាំង​មូល​នាំ​គ្នា​ក្រាប​ថ្វាយបង្គំ រីឯ​អ្នក​ចំរៀង​នាំ​គ្នា​ច្រៀង ជា​មួយ​សំឡេង​ត្រែ រហូត​ទាល់​តែ​គេ​ថ្វាយ​តង្វាយ​ដុត​ចប់​សព្វ​គ្រប់។ ២៩ ពេល​ថ្វាយ​តង្វាយ​ដុត​រួច​រាល់​ហើយ ព្រះរាជា និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច នាំ​គ្នា​ក្រាប​ចុះ​ថ្វាយបង្គំ។ ៣០ បន្ទាប់​មក ព្រះបាទ​ហេសេគា និង​ពួក​មន្ត្រី​បង្គាប់​អោយ​ក្រុម​លេវី​ច្រៀង​សរសើរ​តម្កើង​ព្រះអម្ចាស់ តាម​ទំនុក​ដែល​ព្រះបាទ​ដាវីឌ និង​លោក​អេសាភ ជា​គ្រូ​ទាយ​បាន​តែង។ ពួក​គេ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​អំណរ​សប្បាយ​ដ៏​លើសលប់ រួច​នាំ​គ្នា​អោន​កាយ​ក្រាប​ថ្វាយបង្គំ។
៣១ ពេល​នោះ ព្រះបាទ​ហេសេគា​មាន​រាជឱង្ការ​ទៅ​កាន់​ប្រជាជន​ថា៖ «អ្នក​រាល់​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអម្ចាស់។ ឥឡូវ​នេះ ចូរ​នាំ​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​អរ​ព្រះគុណ ចូល​ទៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ចុះ»។ អង្គ​ប្រជុំ​ក៏​នាំ​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​យញ្ញបូជា​ចូល​មក​ថ្វាយ ដើម្បី​អរ​ព្រះគុណ។ អស់​អ្នក​ដែល​មាន​ចិត្ត​ទូលាយ​ក៏​បាន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ដែរ។ ៣២ ចំនួន​សត្វ​ដែល​អង្គ​ប្រជុំ​យក​មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល មាន​គោ​ចិតសិប​ក្បាល ចៀម​ឈ្មោល​មួយ​រយ​ក្បាល កូន​ចៀម​ពីរ​រយ​ក្បាល។ គេ​ថ្វាយ​សត្វ​ទាំង​នោះ​ជា​តង្វាយ​ដុត​ទាំង​មូល​ដល់​ព្រះអម្ចាស់៣៣ គេ​ក៏​បាន​យក​គោ​ប្រាំ​មួយ​រយ​ក្បាល និង​ចៀម​បី​ពាន់​ក្បាល​ទៀត មក​ថ្វាយ​ជា​យញ្ញបូជា​ផ្សេងៗ​ដែរ។ ៣៤ ដោយ​បូជាចារ្យ​មាន​គ្នា​តិច​ពេក មិន​អាច​បក​ស្បែក​សត្វ​ទាំង​អស់ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​បាន ក្រុម​លេវី​ដែល​ជា​បង​ប្អូន​របស់​គេ​នាំ​គ្នា​ជួយ រហូត​ទាល់​តែ​បង្ហើយ​កិច្ចការ ដោយ​ទុក​អោយ​ក្រុម​បូជាចារ្យ​ធ្វើ​ពិធី​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ ដ្បិត​ក្រុម​លេវី​មាន​ចិត្ត​ខ្នះខ្នែង ក្នុង​ការ​ញែក​ខ្លួន​អោយ​បាន​វិសុទ្ធ​ជាង​ក្រុម​បូជាចារ្យ។ ៣៥ មួយ​វិញ​ទៀត ក្រៅ​ពី​ចំនួន​តង្វាយ​ដុត​ទាំង​មូល​ដ៏​ច្រើន រួម​ទាំង​ស្រា​ដែល​ច្រួច​ជា​មួយ​នោះ គេ​ក៏​ត្រូវ​ថ្វាយ​ខ្លាញ់​របស់​សត្វ ដែល​ថ្វាយ​ជា​យញ្ញបូជា​មេត្រីភាព​នៅ​លើ​អាសនៈ​ដែរ។
ដូច្នេះ គេ​បាន​ចាត់​ចែង អោយ​មាន​ពិធី​គោរព​បំរើ​ព្រះអម្ចាស់ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ​ឡើង​វិញ។ ៣៦ ព្រះបាទ​ហេសេគា និង​ប្រជាជន​ទាំង​មូល​សប្បាយ​រីករាយ​ក្រៃលែង ព្រោះ​ព្រះជាម្ចាស់​ជួយ​គេ​អោយ​សំរេច​ការ​នេះ​បាន ដោយ​ឥត​បង្អែបង្អង់​ឡើយ។