៣៣
ព្រះបាទម៉ាណាសេសោយរាជ្យលើស្រុកយូដា
(២ពង្ស.២១, ១-១៨)
១ កាលព្រះបាទម៉ាណាសេឡើងសោយរាជ្យ ស្ដេចមានជន្មាយុដប់ពីរព្រះវស្សា ទ្រង់សោយរាជ្យបានហាសិបឆ្នាំនៅក្រុងយេរូសាឡឹម។ ២ ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិនានា ដែលព្រះអម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រាអែល។ ៣ ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះបាទហេសេគាជាបិតា បានកំទេចចោល។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលព្រះអាសេរ៉ា ហើយក្រាបថ្វាយបង្គំ និងគោរពបំរើផ្កាយទាំងប៉ុន្មាននៅលើមេឃ។ ៤ ស្ដេចបានសង់អាសនៈរបស់ព្រះដទៃក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ គឺនៅកន្លែងដែលព្រះអង្គមានព្រះបន្ទូលថា “យើងនឹងយកក្រុងយេរូសាឡឹមនេះ ទុកជាកន្លែងសំរាប់នាមយើងរហូតតទៅ”។ ៥ ព្រះបាទម៉ាណាសេសង់អាសនៈសំរាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ៦ ស្ដេចបានយកបុត្រាទៅធ្វើបូជាយញ្ញនៅក្នុងជ្រលងភ្នំហ៊ីនណូម ស្ដេចរកគ្រូមើលជោគរាសី ប្រព្រឹត្តមន្តអាគម និងអំពើអាបធ្មប់ ព្រមទាំងតែងតាំងអោយមានគ្រូអន្ទងខ្មោច និងគ្រូទស្សន៍ទាយផង។ ស្ដេចប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងឡើងៗ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ធ្វើអោយព្រះអង្គទ្រង់ព្រះពិរោធ។ ៧ ព្រះបាទម៉ាណាសេយករូបបដិមា ដែលស្ដេចបានអោយគេឆ្លាក់ ទៅតម្កល់ក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ថ្វីដ្បិតតែព្រះជាម្ចាស់ធ្លាប់មានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ និងព្រះបាទសាឡូម៉ូនជាបុត្រថា “យើងបានជ្រើសរើសព្រះដំណាក់ និងក្រុងយេរូសាឡឹម ពីចំណោមកុលសម្ព័ន្ធទាំងប៉ុន្មាននៃជនជាតិអ៊ីស្រាអែល ទុកជាកន្លែងសំរាប់នាមយើងរហូតតទៅ។ ៨ ប្រសិនបើប្រជាជនអ៊ីស្រាអែលកាន់តាមក្រឹត្យវិន័យទាំងប៉ុន្មាន ព្រមទាំងធ្វើតាមច្បាប់ និងបទបញ្ជាដែលយើងបានបង្គាប់មកតាមរយៈម៉ូសេ នោះយើងមិនធ្វើអោយពួកគេចាកចេញឆ្ងាយពីទឹកដី ដែលយើងបានចែកអោយដូនតារបស់គេឡើយ”។ ៩ ប៉ុន្តែ ព្រះបាទម៉ាណាសេបាននាំអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមអោយវង្វេង រហូតដល់ប្រព្រឹត្តអំពើអាក្រក់ជាងប្រជាជាតិនានាដែលព្រះអម្ចាស់បានបំផ្លាញ នៅចំពោះមុខកូនចៅអ៊ីស្រាអែលទៅទៀត។ ១០ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជាជន តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
១១ ពេលនោះ ព្រះអម្ចាស់នាំកងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី អោយមកវាយប្រហារជនជាតិយូដា ហើយចាប់បានព្រះបាទម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន។ ១២ នៅពេលមានទុក្ខទោសដូច្នេះ ស្ដេចបានអង្វរករព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនៃអយ្យកោរបស់ស្ដេច។ ១៣ ស្ដេចទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ និងឆ្លើយតបចំពោះពាក្យដែលស្ដេចទូលអង្វរ ដោយប្រោសប្រទានអោយស្ដេចវិលត្រឡប់មកគ្រងរាជ្យ នៅក្រុងយេរូសាឡឹមវិញ។ ចាប់ពីពេលនោះមក ព្រះបាទម៉ាណាសេទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។
១៤ បន្ទាប់មក ស្ដេចបានសង់កំពែង ពីក្រៅបុរីព្រះបាទដាវីឌ គឺនៅខាងលិចប្រភពទឹកគីហូន ក្នុងជ្រលងភ្នំ រហូតដល់ច្រកចូលទ្វារមច្ឆា។ កំពែងនេះព័ទ្ធខាងក្រៅអូផែល ហើយស្ដេចបានសង់យ៉ាងខ្ពស់។ ស្ដេចក៏បានតែងតាំងមេបញ្ជាការកងទ័ព នៅតាមក្រុងនានា ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
១៥ ស្ដេចបានយកព្រះដទៃព្រមទាំងរូបចម្លាក់ចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ហើយស្ដេចក៏យកអាសនៈទាំងប៉ុន្មានដែលស្ដេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ ទៅបោះចោលខាងក្រៅទីក្រុងដែរ។ ១៦ ស្ដេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ រួចថ្វាយយញ្ញបូជាមេត្រីភាព* និងយញ្ញបូជាអរព្រះគុណ។ ស្ដេចបង្គាប់អោយអ្នកស្រុកយូដាគោរពបំរើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ១៧ ប្រជាជននៅតែធ្វើយញ្ញបូជានៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដដែល តែគេឧទ្ទិសយញ្ញបូជានោះថ្វាយព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។
១៨ រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទម៉ាណាសេ ព្រមទាំងពាក្យដែលស្ដេចអធិស្ឋានដល់ព្រះរបស់ស្ដេច និងពាក្យដែលគ្រូទាយថ្លែងប្រាប់ស្ដេច ក្នុងនាមព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់ស្ដេចស្រុកអ៊ីស្រាអែល។ ១៩ រីឯពាក្យដែលស្ដេចអធិស្ឋាន និងរបៀបដែលព្រះជាម្ចាស់ឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្ដេច កន្លែងផ្សេងៗដែលស្ដេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្ដេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។ ២០ កាលព្រះបាទម៉ាណាសេសោយទិវង្គត គេបានបញ្ចុះសពរបស់ស្ដេចនៅក្នុងរាជវាំង ហើយព្រះបាទអាំម៉ូន ជាបុត្របានឡើងស្នងរាជ្យ។
ព្រះបាទអាំម៉ូនសោយរាជ្យលើស្រុកយូដា
(២ពង្ស.២១:២១-២៦)
២១ កាលព្រះបាទអាំម៉ូនឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃពីរព្រះវស្សា ហើយសោយរាជ្យបានពីរឆ្នាំនៅក្រុងយេរូសាឡឹម។ ២២ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចព្រះបាទម៉ាណាសេជាបិតា។ ស្ដេចថ្វាយយញ្ញបូជាដល់រូបបដិមាទាំងប៉ុន្មាន ដែលព្រះបាទម៉ាណាសេជាបិតាបានសូនធ្វើ ព្រមទាំងគោរពបំរើរូបទាំងនោះទៀតផង។ ២៣ ស្ដេចពុំបានសារភាពកំហុសដូចព្រះបាទម៉ាណាសេជាបិតាបានសារភាពនោះឡើយ គឺព្រះបាទអាំម៉ូនប្រព្រឹត្តអំពើបាបជាងបិតាទៅទៀត។ ២៤ ពួកមន្ត្រីរបស់ព្រះបាទអាំម៉ូនបានឃុបឃិតគ្នាក្បត់នឹងស្ដេច ហើយធ្វើគុតស្ដេចក្នុងរាជវាំង។ ២៥ ប៉ុន្តែ ប្រជាជនយូដានាំគ្នាប្រហារពួកក្បត់ ដែលបានឃុបឃិតគ្នាធ្វើគុតព្រះបាទអាំម៉ូន ហើយតែងតាំងព្រះបាទយ៉ូសៀស ជាបុត្រអោយឡើងស្នងរាជ្យ។