៥
១ យើងដឹងហើយថា រូបកាយរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាជំរកមួយដែលត្រូវរលាយសូន្យទៅ តែយើងមានវិមានមួយនៅស្ថានបរមសុខ* ជាលំនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលពុំមែនជាស្នាដៃរបស់មនុស្សឡើយ គឺជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ២ ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសួគ៌មកគ្របពីលើរូបកាយនេះថែមទៀត ៣ គឺអោយតែយើងបានរូបកាយថ្មី ប្រសើរជាជាងគ្មាន។ ៤ ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និងពិបាកចិត្ត។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីអោយជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។ ៥ ព្រះជាម្ចាស់ផ្ទាល់បានតំរូវអោយយើងផ្លាស់ប្រែដូច្នេះ ព្រះអង្គក៏បានប្រទានព្រះវិញ្ញាណ មកបញ្ចាំចិត្តយើងផងដែរ។
៦ ដូច្នេះ យើងមានចិត្តក្លាហានជានិច្ច។ យើងដឹងថាដរាបណាយើងស្ថិតនៅក្នុងរូបកាយនេះ យើងឃ្លាតឆ្ងាយពីព្រះអម្ចាស់ ៧ ដ្បិតយើងដើរដោយមានជំនឿ មិនមែនដោយមើលឃើញនោះទេ។ ៨ យើងមានចិត្តក្លាហាន យើងចូលចិត្តឃ្លាតឆ្ងាយពីរូបកាយនេះ ហើយទៅនៅជិតព្រះអម្ចាស់ប្រសើរជាង។ ៩ ទោះបីយើងស្ថិតនៅក្នុងរូបកាយនេះ ឬក៏ត្រូវឃ្លាតឆ្ងាយពីរូបកាយនេះក្ដី យើងមានបំណងធ្វើយ៉ាងណាអោយតែបានគាប់ព្រះហឫទ័យព្រះអង្គ ១០ ដ្បិតយើងទាំងអស់គ្នានឹងត្រូវទៅឈរនៅមុខទីកាត់ក្ដីរបស់ព្រះគ្រិស្ដ ដើម្បីអោយម្នាក់ៗទទួលផល តាមអំពើដែលខ្លួនបានប្រព្រឹត្ត កាលពីនៅរស់ក្នុងរូបកាយនេះនៅឡើយ ទោះបីជាអំពើនោះល្អ ឬអាក្រក់ក្ដី។
ការសំរុះសំរួលអោយមនុស្សលោកបានជានានឹងព្រះជាម្ចាស់វិញ
១១ ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកអោយជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្តយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្តយើងដែរ)។ ១២ យើងមិនតែងតាំងខ្លួនឯង នៅចំពោះមុខបងប្អូនសាជាថ្មីទៀតទេ តែយើងជូនឱកាសអោយបងប្អូនបានខ្ពស់មុខព្រោះតែយើងវិញ ដើម្បីអោយបងប្អូនអាចឆ្លើយតប នឹងអស់អ្នកដែលអួតខ្លួនតែពីអ្វីៗនៅខាងក្រៅ ហើយមិនគិតពីអ្វីៗក្នុងចិត្តទេ។ ១៣ ប្រសិនបើគេថា យើងជាមនុស្សវង្វេងស្មារតី នោះយើងវង្វេងស្មារតីព្រោះតែព្រះជាម្ចាស់ ហើយប្រសិនបើគេថាយើងជាមនុស្សដឹងខុសត្រូវ នោះយើងដឹងខុសត្រូវព្រោះតែបងប្អូន ១៤ ដ្បិតព្រះហឫទ័យស្រឡាញ់របស់ព្រះគ្រិស្ដបានជំរុញយើង ដោយយើងយល់ឃើញថា បើមនុស្សម្នាក់ស្លាប់សំរាប់មនុស្សទាំងអស់ នោះមនុស្សទាំងអស់ក៏ដូចជាបានស្លាប់ដែរ។ ១៥ ព្រះអង្គបានសោយទិវង្គតសំរាប់មនុស្សទាំងអស់ ដើម្បីអោយអស់អ្នកដែលមានជីវិត លែងរស់សំរាប់ខ្លួនឯងទៀតហើយ គឺរស់សំរាប់ព្រះអង្គដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញសំរាប់គេ។ ១៦ ដូច្នេះ ពីពេលនេះតទៅយើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់ព្រះគ្រិស្ដ កាលព្រះអង្គនៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គ តាមរបៀបមុនទៀតឡើយ។ ១៧ ប្រសិនបើអ្នកណាម្នាក់នៅរួមជាមួយព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី អ្វីៗពីអតីតកាលបានកន្លងផុតទៅ ហើយអ្វីៗទាំងអស់បានប្រែមកជាថ្មីវិញ។ ១៨ ការទាំងនេះកើតមកពីព្រះជាម្ចាស់ ដែលសំរុះសំរួលយើងអោយជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ដ ហើយប្រទានអោយយើងមានមុខងារសំរុះសំរួលមនុស្សម្នាអោយជានានឹងព្រះអង្គវិញដែរ។ ១៩ នៅក្នុងអង្គព្រះគ្រិស្ដ ព្រះជាម្ចាស់បានសំរុះសំរួលមនុស្សលោកអោយជានានឹងព្រះអង្គ ដោយមិនប្រកាន់ទោសគេឡើយ។ ព្រះអង្គក៏ដាក់ព្រះបន្ទូលនៃការសំរុះសំរួលនេះមកក្នុងយើងដែរ។ ២០ ដូច្នេះ យើងជាទូតរបស់ព្រះគ្រិស្ដ គឺដូចជាព្រះជាម្ចាស់មានព្រះបន្ទូលដាស់តឿនបងប្អូន តាមរយៈយើងដែរ។ យើងសូមអង្វរបងប្អូនក្នុងព្រះនាមព្រះគ្រិស្ដថា ទុកអោយព្រះជាម្ចាស់សំរុះសំរួលបងប្អូន អោយជានានឹងព្រះអង្គវិញទៅ។ ២១ ព្រះគ្រិស្ដគ្មានបាបទាល់តែសោះ តែព្រះជាម្ចាស់បានធ្វើអោយព្រះអង្គទៅជាតួបាបសំរាប់យើង ដើម្បីប្រោសយើងអោយបានសុចរិត*រួមជាមួយព្រះគ្រិស្ដដែរ។