៧
១ បងប្អូនជាទីស្រឡាញ់អើយ បើយើងបានទទួលព្រះបន្ទូលសន្យាដ៏អស្ចារ្យយ៉ាងនេះហើយ យើងត្រូវជំរះខ្លួនអោយបានបរិសុទ្ធ* ចាកផុតពីសៅហ្មងគ្រប់យ៉ាង ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ ដើម្បីអោយបានវិសុទ្ធ*ទាំងស្រុង ដោយគោរពកោតខ្លាចព្រះជាម្ចាស់។
អំណរសប្បាយរបស់លោកប៉ូល
២ សូមបងប្អូនយល់ចិត្តយើងផង! យើងពុំបានបោកប្រាស់នរណា ពុំបានធ្វើអោយនរណាហិនហោច ឬក៏កេងប្រវ័ញ្ចនរណាម្នាក់ឡើយ។ ៣ ខ្ញុំនិយាយដូច្នេះ មិនមែនចង់ចោទប្រកាន់បងប្អូនទេ ដ្បិតខ្ញុំបានជំរាបបងប្អូនរួចស្រេចហើយថា យើងស្រឡាញ់បងប្អូន និងស៊ូស្លាប់រស់ជាមួយបងប្អូនជានិច្ច។ ៤ ខ្ញុំទុកចិត្តលើបងប្អូនយ៉ាងខ្លាំង ហើយខ្ញុំបានខ្ពស់មុខ ព្រោះតែបងប្អូនដែរ។ ខ្ញុំក៏បានធូរស្បើយក្នុងចិត្តយ៉ាងច្រើន ព្រមទាំងមានអំណរសប្បាយពន់ប្រមាណ ទោះបីយើងកំពុងតែរងទុក្ខវេទនាខ្លាំងយ៉ាងនេះក៏ដោយ។ ៥ តាំងពីយើងបានទៅដល់ស្រុកម៉ាសេដូន រូបកាយយើងពុំដែលបានសំរាកសោះឡើយ។ យើងបានរងទុក្ខវេទនាសព្វបែបយ៉ាង គឺផ្នែកខាងក្រៅ គេធ្វើបាបយើង ហើយនៅខាងក្នុងចិត្ត យើងចេះតែបារម្ភ។ ៦ ក៏ប៉ុន្តែ ព្រះជាម្ចាស់ដែលតែងតែសំរាលទុក្ខអ្នកទន់ទាប ទ្រង់បានសំរាលទុក្ខយើងដោយលោកទីតុសទៅដល់។ ៧ យើងធូរចិត្ត មិនមែនត្រឹមតែបានលោកទីតុសទៅដល់ប៉ុណ្ណោះទេ គឺមកពីបងប្អូនបានសំរាលទុក្ខគាត់ផងដែរ។ គាត់បាននាំដំណឹងមកថា បងប្អូនមានចិត្តចង់ជួបខ្ញុំយ៉ាងខ្លាំង បងប្អូនបង្ហូរទឹកភ្នែកព្រមទាំងឈឺឆ្អាលនឹងខ្ញុំ ជាហេតុធ្វើអោយខ្ញុំមានអំណររឹតតែខ្លាំងឡើងថែមទៀត។
៨ ប្រសិនបើសេចក្ដីដែលខ្ញុំសរសេរក្នុងសំបុត្រនេះ ធ្វើអោយបងប្អូនព្រួយចិត្ត ក៏ខ្ញុំមិនស្ដាយក្រោយដែរ។ ប្រសិនបើខ្ញុំស្ដាយក្រោយ (ដ្បិតខ្ញុំយល់ថា សំបុត្រនេះនឹងនាំអោយបងប្អូនព្រួយចិត្តមួយគ្រាមែន) ៩ ក៏ខ្ញុំសប្បាយចិត្តនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្តនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំអោយបងប្អូនកែប្រែចិត្តគំនិត ដ្បិតបងប្អូនព្រួយចិត្តដូច្នេះ ស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើអោយបងប្អូនខូចខាតអ្វីឡើយ។ ១០ តាមពិតទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំអោយកែប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍តែងតែនាំអោយស្លាប់វិញ។ ១១ សូមគិតមើល៍ទុក្ខព្រួយដែលស្របតាមព្រះជាម្ចាស់ដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្តខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោសទាស់ចិត្តនឹងអំពើអាក្រក់ មានចិត្តគោរពកោតខ្លាចមានចិត្តប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្តឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្តអំពើអាក្រក់ដែរ។ ការទាំងនេះ បង្ហាញអោយឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។
១២ ដូច្នេះ ហេតុដែលខ្ញុំសរសេរមកបងប្អូន មិនមែនមកពីគិតដល់អ្នកប្រព្រឹត្តអាក្រក់ ឬគិតដល់អ្នកដែលរងនូវអំពើអាក្រក់នោះឡើយ ខ្ញុំសរសេរមកដើម្បីអោយបងប្អូនមានឱកាសបង្ហាញទឹកចិត្តខ្នះខ្នែងរបស់បងប្អូនចំពោះយើង នៅមុខព្រះជាម្ចាស់។ ១៣ ការនេះហើយដែលបានសំរាលទុក្ខយើង។ ប៉ុន្តែ លើសពីនេះ យើងក៏មានអំណររឹតតែខ្លាំងថែមទៀត ដោយឃើញលោកទីតុសមានអំណរសប្បាយ ព្រោះបងប្អូនទាំងអស់គ្នាបានជួយគាត់អោយស្ងប់ចិត្ត លែងព្រួយបារម្ភ។ ១៤ ប្រសិនបើខ្ញុំបានខ្ពស់មុខបន្តិច ដោយនិយាយសរសើរពីបងប្អូនប្រាប់គាត់ ក៏ខ្ញុំមិនខ្មាសគាត់ដែរ។ សេចក្ដីដែលយើងសរសើរពីបងប្អូនប្រាប់លោកទីតុស គាត់នឹងឃើញថាជាការពិតមែន ដូចយើងធ្លាប់តែនិយាយអ្វីៗគ្រប់យ៉ាងប្រាប់បងប្អូន ស្របតាមសេចក្ដីពិតយ៉ាងនោះដែរ។ ១៥ ពេលគាត់នឹកឃើញថា បងប្អូនទាំងអស់គ្នាតែងតែយកចិត្តទុកដាក់ស្ដាប់បង្គាប់ និងទទួលគាត់ដោយគោរពកោតខ្លាចញាប់ញ័រផងនោះ គាត់មានចិត្តស្រឡាញ់បងប្អូនរឹតតែខ្លាំងឡើងៗ។ ១៦ ខ្ញុំត្រេកអរណាស់ ព្រោះខ្ញុំអាចទុកចិត្តបងប្អូន ក្នុងគ្រប់កិច្ចការទាំងអស់។