១២
លោកប៉ូលនិមិត្តឃើញការអស្ចារ្យ
១ តើខ្ញុំត្រូវតែអួតខ្លួនឬ? ទោះបីអួតខ្លួនគ្មានប្រយោជន៍អ្វីក៏ដោយ ក៏ខ្ញុំសូមនិយាយអំពីការអស្ចារ្យដែលព្រះអម្ចាស់បានប្រោសអោយខ្ញុំនិមិត្តឃើញ និងសំដែងអោយខ្ញុំដឹង។ ២ ខ្ញុំស្គាល់បុរសម្នាក់ដែលជឿព្រះគ្រិស្ដ* កាលពីដប់បួនឆ្នាំមុន ព្រះអម្ចាស់បានលើកគាត់ឡើងទៅដល់ស្ថានសួគ៌ជាន់ទីបី (ប៉ុន្តែ ខ្ញុំមិនដឹងថា រូបកាយគាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញ មានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ ៣ ខ្ញុំក៏ដឹងថា ព្រះអម្ចាស់លើកបុរសនោះទៅដល់ស្ថានបរមសុខ* (ប៉ុន្តែ ខ្ញុំមិនដឹងថារូបកាយរបស់គាត់ឡើងទៅ ឬមួយគាត់គ្រាន់តែនិមិត្តឃើញមានតែព្រះជាម្ចាស់ប៉ុណ្ណោះទ្រង់ជ្រាប)។ ៤ គាត់បានឮព្រះបន្ទូលដ៏អស្ចារ្យរកថ្លែងពុំបាន ដែលគ្មានមនុស្សណាមានសិទ្ធិនឹងនិយាយឡើងវិញបានទេ។ ៥ ខ្ញុំអួតតែពីបុរសនោះ រីឯខ្ញុំវិញ ខ្ញុំមិនអួតខ្លួនខ្ញុំផ្ទាល់ឡើយ ខ្ញុំអួតតែពីភាពទន់ខ្សោយរបស់ខ្ញុំប៉ុណ្ណោះ។ ៦ ប្រសិនបើខ្ញុំចង់អួតខ្លួន ខ្ញុំក៏មិនមែនល្ងីល្ងើដែរ ព្រោះខ្ញុំគ្រាន់តែនិយាយសេចក្ដីពិត។ ប៉ុន្តែ ខ្ញុំសុខចិត្តនៅស្ងៀមវិញ ក្រែងលោមាននរណាម្នាក់ស្មានថា ខ្ញុំមានឋានៈខ្ពស់លើសពីភាពដែលគេឃើញ និងលើសពីពាក្យដែលខ្ញុំនិយាយ។ ៧ ព្រះជាម្ចាស់បានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំអោយខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលព្រះអង្គបានសំដែងអោយខ្ញុំឃើញ គឺដូចជាមានតំណាងរបស់មារ*សាតាំងមកធ្វើទារុណកម្មខ្ញុំ កុំអោយខ្ញុំអួតខ្លួនបានឡើយ។ ៨ ខ្ញុំបានអង្វរព្រះអម្ចាស់ចំនួនបីដង សូមទ្រង់មេត្តាដកយកបន្លានេះចេញពីរូបកាយខ្ញុំ។ ៩ ក៏ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា «ព្រះគុណរបស់យើងបានផ្ដល់មកល្មមគ្រប់គ្រាន់សំរាប់អ្នកហើយ ដ្បិតឫទ្ធានុភាពរបស់យើងនឹងលេចចេញមកយ៉ាងខ្លាំងបំផុត ក្នុងមនុស្សទន់ខ្សោយ»។ ដូច្នេះ ខ្ញុំចូលចិត្តអួតខ្លួនអំពីភាពទន់ខ្សោយរបស់ខ្ញុំជាង ដើម្បីអោយឫទ្ធានុភាពរបស់ព្រះគ្រិស្ដមកសណ្ឋិតលើខ្ញុំ។ ១០ ហេតុនេះព្រោះតែព្រះគ្រិស្ដ ខ្ញុំអរសប្បាយនៅពេលទន់ខ្សោយ នៅពេលគេជេរប្រមាថ នៅពេលខ្វះខាត នៅពេលគេបៀតបៀន នៅពេលតប់ប្រមល់ ដ្បិតពេលណាខ្ញុំទន់ខ្សោយ គឺពេលនោះហើយដែលខ្ញុំមានកម្លាំង។
លោកប៉ូលខ្វល់ខ្វាយអំពីក្រុមគ្រិស្ដបរិស័ទនៅក្រុងកូរិនថូស
១១ ខ្ញុំនិយាយដូច្នេះ ដូចជាមនុស្សលេលាហើយ គឺមកពីបងប្អូនបង្ខំខ្ញុំ ដ្បិតបងប្អូនហ្នឹងហើយដែលត្រូវគាំទ្រខ្ញុំ ទោះបីខ្ញុំជាមនុស្សឥតបានការក្ដី ក៏ខ្ញុំមិនអន់ជាងមហាសាវ័កទាំងនោះដែរ។ ១២ មានសញ្ញាសំគាល់ផ្សេងៗដែលបញ្ជាក់ថា ខ្ញុំជាសាវ័កបានកើតឡើងក្នុងចំណោមបងប្អូន គឺមានការអត់ធ្មត់គ្រប់យ៉ាង មានទីសំគាល់ឫទ្ធិបាដិហារិយ៍ និងការអស្ចារ្យផ្សេងៗ។ ១៣ បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំនុំឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសអោយខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។
១៤ ឥឡូវនេះ ខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមករកបងប្អូនជាលើកទីបី ប៉ុន្តែ ខ្ញុំមិនធ្វើជាបន្ទុកដល់បងប្អូនទេ ព្រោះខ្ញុំមក មិនមែនប្រាថ្នាចង់បានសម្បត្តិរបស់បងប្អូនឡើយ គឺចង់បានបងប្អូនផ្ទាល់តែម្ដង។ ធម្មតា កូនចៅមិនដែលប្រមូលសម្បត្តិជូនឪពុកម្ដាយទេ គឺឪពុកម្ដាយវិញទេតើ ដែលប្រមូលសម្បត្តិទុកអោយកូន! ១៥ ចំពោះខ្ញុំ ខ្ញុំពេញចិត្តនឹងចំណាយអ្វីៗដែលខ្ញុំមាន ហើយខ្ញុំក៏ចំណាយខ្លួនខ្ញុំថែមទៀត ដើម្បីជាប្រយោជន៍ដល់ជីវិតបងប្អូនដែរ។ បើខ្ញុំស្រឡាញ់បងប្អូនខ្លាំងយ៉ាងហ្នឹងទៅហើយ តើបងប្អូនស្រឡាញ់ខ្ញុំតិចជាងឬ?
១៦ យើងសន្មតទៅចុះថា ខ្ញុំពុំបានធ្វើជាបន្ទុកដល់បងប្អូនមែន តែប្រហែលជាមានអ្នកខ្លះថាខ្ញុំជាមនុស្សមានពុតត្បុត ប្រើកលល្បិចបោកប្រាស់បងប្អូន។ ១៧ តើខ្ញុំមានដែលបោកប្រាស់បងប្អូន តាមរយៈអ្នកដែលខ្ញុំចាត់មករកបងប្អូននោះទេ? ១៨ ខ្ញុំបានអង្វរលោកទីតុសអោយមករកបងប្អូន ហើយខ្ញុំក៏ចាត់បងប្អូនម្នាក់ទៀតអោយមកជាមួយគាត់ដែរ តើលោកទីតុសបានបោកប្រាស់បងប្អូនឬ? តើយើងទាំងពីរនាក់មិនបានប្រកាន់យកចិត្តគំនិត និងដើរតាមគន្លងតែមួយទេឬ?
១៩ តាំងពីយូរមកហើយ ប្រហែលជាបងប្អូនចេះតែស្មានថា យើងនិយាយដោះសានៅចំពោះមុខបងប្អូន! ទេ! យើងនិយាយដោយរួមជាមួយព្រះគ្រិស្ដ នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ បងប្អូនជាទីស្រឡាញ់អើយ! យើងនិយាយសេចក្ដីទាំងនេះ ដើម្បីកសាងជំនឿបងប្អូនតែប៉ុណ្ណោះ ២០ ដ្បិតខ្ញុំបារម្ភខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញបងប្អូនមានលក្ខណៈ ដូចដែលខ្ញុំចង់ឃើញ ហើយក៏ខ្លាចក្រែងបងប្អូនឃើញខ្ញុំខុសពីលក្ខណៈដែលបងប្អូនចង់ឃើញនោះដែរ។ ខ្ញុំបារម្ភក្រែងលោមានការទាស់ទែងគ្នា ច្រណែនគ្នា ខឹងសម្បារ ប្រណាំងប្រជែងនិយាយដើមគ្នា បរិហារកេរ្តិ៍គ្នា អួតបំប៉ាង ខ្វះសណ្ដាប់ធ្នាប់។ ២១ ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ ព្រះរបស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្តអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្តគំនិត លះបង់អំពើសៅហ្មងប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្តនៅឡើយ។