២២
ព្រះបាទ​យ៉ូសៀស​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២របា.៣៤:១-២)
១ កាល​ព្រះបាទ​យ៉ូសៀស​ឡើង​សោយ​រាជ្យ ទ្រង់​មាន​ព្រះជន្មាយុ​ប្រាំ​បី​វស្សា ហើយ​សោយ​រាជ្យ​បាន​សាមសិប​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា យេឌីដា ជា​កូន​របស់​លោក​អដាយ៉ា ជា​អ្នក​ស្រុក​បូសកាថ។ ២ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះបាទ​ដាវីឌ ជា​អយ្យកោ​ឥត​ខ្ចោះ ដោយ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ឡើយ។
លោក​មហា​បូជាចារ្យ​រក​ឃើញ​គម្ពីរ​វិន័យ
(២របា.៣៤:៨-១៨)
៣ នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី នៃ​រជ្ជកាល​ព្រះបាទ​យ៉ូសៀស ទ្រង់​ចាត់​លោក​សាផាន​ជា​ស្មៀន​ហ្លួង ដែល​ត្រូវ​ជា​កូន​របស់​លោក​អសាលា និង​ជា​ចៅ​របស់​លោក​មស៊ូឡាម អោយ​ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដោយ​មាន​រាជឱង្ការ​ថា៖ ៤ «ចូរ​ទៅ​ជួប​លោក​មហា​បូជាចារ្យ​ហ៊ីលគីយ៉ា សុំ​អោយ​លោក​បូក​សរុប​ប្រាក់ ដែល​គេ​យក​មក​ថ្វាយ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ គឺ​ប្រាក់​ក្រុម​យាម​ទ្វារ​បាន​ទទួល​ពី​ប្រជាជន។​ ៥ ចូរ​អោយ​គេ​ប្រគល់​ប្រាក់​នោះ ទៅ​ពួក​មេ​ជាង​ដែល​ទទួល​ខុស​ត្រូវ​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ដើម្បី​បង់​ថ្លៃ​ឈ្នួល​របស់​ពួក​កម្មករ​ជួសជុល​ព្រះដំណាក់ ៦ គឺ​ពួក​ជាង​ឈើ ជាង​សំណង់ ជាង​កំបោរ និង​សំរាប់​ទិញ​ឈើ ថ្មដាប់ ដើម្បី​ជួសជុល​ព្រះដំណាក់។ ៧ ប៉ុន្តែ ចូរ​កុំ​សួរ​នាំ​ពី​ប្រាក់​ដែល​ប្រគល់​ទៅ​អោយ​ពួក​មេ​ជាង​ឡើយ ដ្បិត​ពួក​គេ​ធ្វើ​ការ​នេះ​ដោយ​ចិត្ត​ស្មោះ​បំផុត»។
៨ ពេល​នោះ លោក​មហា​បូជាចារ្យ​ហ៊ីលគីយ៉ា មាន​ប្រសាសន៍​ទៅ​កាន់​លោក​សាផាន​ជា​ស្មៀន​ហ្លួង​ថា៖ «ខ្ញុំ​បាន​រក​ឃើញ​គម្ពីរ​វិន័យ​ នៅ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់!»។ លោក​ហ៊ីលគីយ៉ា​ជូន​គម្ពីរ​នេះ​ទៅ​លោក​សាផាន ហើយ​លោក​សាផាន​ក៏​អាន។ ៩ បន្ទាប់​មក លោក​សាផាន​ជា​ស្មៀន​ហ្លួង ក៏​វិល​មក​គាល់​ស្ដេច​វិញ​ទូល​រៀប​រាប់​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​បាន​ប្រគល់​ប្រាក់​តង្វាយ​ដែល​ប្រមូល​នៅ​ក្នុង​ព្រះដំណាក់ ទៅ​អោយ​ពួក​មេ​ជាង​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជួសជុល​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ហើយ»។ ១០ លោក​សាផាន​ជា​ស្មៀន​ហ្លួង​ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជាចារ្យ​ហ៊ីលគីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ក្បាល អោយ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះរាជា​ស្ដាប់។
ព្រះបាទ​យ៉ូសៀស​សុំ​អោយ​ព្យាការិនី​ហ៊ូលដា​ទូល​សួរ​ព្រះអម្ចាស់
(២របា.៣៤:១៩-២៨)
១១ កាល​ព្រះរាជា​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ ស្ដេច​ក៏​ហែក​ព្រះភូសា។
១២ បន្ទាប់​មក ទ្រង់​បញ្ជា​ទៅ​លោក​បូជាចារ្យ​ហ៊ីលគីយ៉ា លោក​អហ៊ីកាម ជា​កូន​របស់​លោក​សាផាន លោក​អ័កបោរ ជា​កូន​របស់​លោក​មីកាយ៉ា លោក​សាផាន ជា​ស្មៀន​ហ្លួង និង​លោក​អសាយ៉ា ជា​រាជ​បំរើ​ថា៖ ១៣ «សូម​អស់​លោក​អញ្ជើញ​ទៅ​ទូល​សួរ​ព្រះអម្ចាស់​អោយ​យើង និង​ប្រជាជន​ស្រុក​យូដា​ទាំង​មូល ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ក្នុង​គម្ពីរ​ដែល​ទើប​រក​ឃើញ​នេះ​ផង។ ព្រះអម្ចាស់​មុខ​ជា​ព្រះពិរោធ​នឹង​យើង​យ៉ាង​ខ្លាំង ដ្បិត​ពួក​ដូនតា​របស់​យើង មិន​បាន​ស្ដាប់​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ទេ ហើយ​ក៏​មិន​ប្រតិបត្តិ​តាម​ដែរ»។
១៤ លោក​បូជាចារ្យ​ហ៊ីលគីយ៉ា លោក​អហ៊ីកាម លោក​អ័កបោរ លោក​សាផាន និង​លោក​អសាយ៉ា​នាំ​គ្នា​ទៅ​ជួប​ព្យាការិនី​ហ៊ូលដា ជា​ភរិយា​របស់​លោក​សាលូម ជា​កូន​របស់​លោក​ទីកវ៉ា ជា​ចៅ​របស់​លោក​ហារហាស និង​ជា​អ្នក​ថែរក្សា​សម្លៀកបំពាក់​បូជាចារ្យ។ នាង​រស់​នៅ​ក្នុង​សង្កាត់​ថ្មី​នៃ​ក្រុង​យេរូសាឡឹម។ កាល​រាជ​បំរើ​ទាំង​នោះ​រៀប​រាប់​ប្រាប់​នាង​ចប់​សព្វ​គ្រប់​ហើយ ១៥ នាង​មាន​ប្រសាសន៍​ថា៖ «ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ចូរ​ប្រាប់​មនុស្ស​ដែល​ចាត់​អ្នក​រាល់​គ្នា​អោយ​មក​រក​យើង​ថា ១៦ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: “យើង​នឹង​ធ្វើ​អោយ​ទុក្ខ​វេទនា​កើត​មាន​ដល់​ក្រុង​នេះ​ព្រម​ទាំង​ប្រជាជន ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ដែល​ស្ដេច​ស្រុក​យូដា​បាន​អាន។ ១៧ ដោយ​ពួក​គេ​បាន​បោះបង់​ចោល​យើង ហើយ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ​ដទៃ និង​បញ្ឆេះ​កំហឹង​របស់​យើង ព្រោះ​តែ​អំពើ​ទាំង​ប៉ុន្មាន​របស់​ពួក​គេ​ប្រព្រឹត្ត នោះ​យើង​នឹង​ដាក់​ទោស​ក្រុង​នេះ គឺ​យើង​មិន​អាច​អត់អោន​បាន​ឡើយ!” ១៨ ប៉ុន្តែ ចូរ​ទៅ​ប្រាប់​ស្ដេច​ស្រុក​យូដា ដែល​ចាត់​អស់​លោក​អោយ​មក​ទូល​សួរ​ព្រះអម្ចាស់​ថា ព្រះអម្ចាស់​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: អ្នក​បាន​ស្ដាប់​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ​ហើយ។ ១៩ ពេល​អ្នក​ឮ​សេចក្ដី​ដែល​យើង​ថ្លែង​ទាស់​នឹង​ក្រុង​យេរូសាឡឹម ព្រម​ទាំង​ទាស់​នឹង​ប្រជាជន​នៅ​ក្រុង​នេះ​ថា “ពួក​គេ​នឹង​ត្រូវ​វិនាស​អន្តរាយ ហើយ​សាសន៍​ដទៃ​នឹង​យក​ឈ្មោះ​ពួក​គេ​ទៅ​ដាក់​បណ្ដាសា​គ្នា” នោះ​អ្នក​ក៏​បាន​បើក​ចិត្ត​ទទួល ហើយ​ដាក់​ខ្លួន​នៅ​ចំពោះ​មុខ​យើង ទាំង​ហែក​សម្លៀកបំពាក់ យំ​សោក ដូច្នេះ យើង​ក៏​ស្ដាប់​អ្នក​ដែរ -នេះ​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់២០ ហេតុ​នេះ​ហើយ​បាន​ជា​យើង​នឹង​អោយ​អ្នក ទៅ​ជួបជុំ​ដូនតា​របស់​អ្នក អ្នក​នឹង​ចែក​ស្ថាន​ទៅ​ដោយ​សុខសាន្ត គេ​នឹង​បញ្ចុះ​សព​អ្នក។ អ្នក​ពុំ​ឃើញ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​យើង​នឹង​ធ្វើ​អោយ​កើត​មាន​ដល់​ក្រុង​នេះ​ឡើយ»។ រាជ​បំរើ​ក៏​នាំ​យក​ចម្លើយ​នេះ​ទៅ​ទូល​ស្ដេច​វិញ។