៣
១ គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ព្រះបាទសូល និងញាតិវង្សរបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ព្រះបាទសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
បុត្ររបស់ព្រះបាទដាវីឌប្រសូតនៅក្រុងហេប្រូន
២ បុត្ររបស់ព្រះបាទដាវីឌជាច្រើនអង្គ បានប្រសូតនៅក្រុងហេប្រូន គឺបុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល ៣ បុត្រទីពីរ ព្រះនាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល បុត្រទីបី ព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេសួរី ៤ បុត្រទីបួន ព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត បុត្រទីប្រាំ ព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល ៥ បុត្រទីប្រាំមួយ ព្រះនាមយីតរាម ប្រសូតពីនាងអេកឡា ដែលជាមហេសីរបស់ស្ដេចដែរ។ នេះជាបុត្ររបស់ព្រះបាទដាវីឌដែលប្រសូតនៅក្រុងហេប្រូន។
លោកអប៊ីនើរមានទំនាស់ជាមួយព្រះបាទអ៊ីសបូសែត
៦ នៅគ្រាដែលមានចំបាំងរវាងញាតិវង្សរបស់ព្រះបាទសូល និងញាតិវង្សរបស់ព្រះបាទដាវីឌនោះ លោកអប៊ីនើរបានពង្រឹងអំណាចរបស់ខ្លួន ក្នុងញាតិវង្សព្រះបាទសូល។ ៧ ព្រះបាទសូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ព្រះបាទអ៊ីសបូសែតមានរាជឱង្ការទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់បិតាយើង?»។ ៨ កាលឮព្រះបាទអ៊ីសបូសែតមានរាជឱង្ការដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្ដេចវិញថា៖ «តើទូលបង្គំជាឆ្កែបំរើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ទូលបង្គំសំដែងភក្ដីភាព ចំពោះរាជវង្សព្រះបាទសូលដែលជាបិតារបស់ព្រះករុណា ចំពោះបងប្អូន និងមិត្តភក្ដិរបស់ព្រះករុណា។ ទូលបង្គំពុំបានប្រគល់ព្រះករុណា ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចដាវីឌឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ព្រះករុណាបែរជាស្ដីបន្ទោសទូលបង្គំ ព្រោះតែរឿងស្រីទៅវិញ!។ ៩ ដូច្នេះ ប្រសិនបើទូលបង្គំមិនផ្ទេររាជសម្បត្តិនេះទៅអោយព្រះបាទដាវីឌ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ទេ សូមព្រះអង្គដាក់ទោសទូលបង្គំយ៉ាងធ្ងន់ចុះ! ១០ ដ្បិតព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងដករាជសម្បត្តិចេញពីរាជវង្សរបស់ព្រះបាទសូល ហើយតែងតាំងព្រះបាទដាវីឌអោយគ្រងរាជ្យលើអ៊ីស្រាអែល និងយូដាចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា»។ ១១ ព្រះបាទអ៊ីសបូសែតមិនហ៊ានឆ្លើយទៅលោកអប៊ីនើរវិញ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ព្រោះទ្រង់ខ្លាចលោកអប៊ីនើរណាស់។
លោកអប៊ីនើរចុះចូលជាមួយព្រះបាទដាវីឌ
១២ លោកអប៊ីនើរចាត់អ្នកនាំសារ អោយចូលទៅគាល់ព្រះបាទដាវីឌដើម្បីទូលថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់នរណា? សូមចងសម្ពន្ធមេត្រីជាមួយទូលបង្គំមក នោះទូលបង្គំនឹងជួយប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល អោយមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណា»។ ១៣ ព្រះបាទដាវីឌឆ្លើយទៅវិញថា៖ «យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក ប៉ុន្តែ យើងមានសំណូមពរតែមួយប៉ុណ្ណោះ គឺពេលលោកមកជួបយើង ត្រូវនាំព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូលមកជាមួយផង បើមិនដូច្នោះទេ សូមកុំមកជួបមុខយើងឡើយ»។ ១៤ បន្ទាប់មក ព្រះបាទដាវីឌចាត់អ្នកនាំសារអោយទៅទូលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូលថា៖ «សូមប្រគល់ព្រះនាងមិកាល់ ជាមហេសីរបស់ទូលបង្គំ មកអោយទូលបង្គំវិញ គឺមហេសីដែលទូលបង្គំយកស្បែកអង្គជាតិរបស់ពួកភីលីស្ទីន ចំនួនមួយរយជូនជាបណ្ដាការ»។ ១៥ ព្រះបាទអ៊ីសបូសែតបញ្ជាគេអោយទៅនាំព្រះនាងមិកាល់ ពីផ្ទះប្ដីរបស់ព្រះនាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។ ១៦ លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។
១៧ លោកអប៊ីនើរពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែលដោយពោលថា៖ «អស់លោកចង់បានព្រះបាទដាវីឌ ជាស្ដេចតាំងពីយូរណាស់មកហើយ។ ១៨ ឥឡូវនេះ សូមយាងស្ដេចមកគ្រងរាជ្យចុះ! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះបាទដាវីឌថា “យើងនឹងសង្គ្រោះអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង អោយរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈដាវីឌ ជាអ្នកបំរើរបស់យើង”»។ ១៩ លោកអប៊ីនើរមានប្រសាសន៍បែបនេះជាមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅទូលព្រះបាទដាវីឌនៅក្រុងហេប្រូន អោយបានជ្រាបអំពីសេចក្ដីសំរេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល។ ២០ លោកអប៊ីនើរចូលទៅគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ដោយមានមនុស្សម្ភៃនាក់អមដំណើរទៅជាមួយ។ ព្រះបាទដាវីឌបានរៀបចំពិធីជប់លៀងជូនលោកអប៊ីនើរ និងអស់អ្នកដែលមកជាមួយ។ ២១ លោកអប៊ីនើរទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណា ទូលបង្គំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល អោយមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណាជាអម្ចាស់។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយព្រះករុណា ហើយពេលនោះ ព្រះករុណាគ្រងរាជ្យលើស្រុកនេះទាំងមូល តាមព្រះហឫទ័យរបស់ព្រះករុណា»។ ព្រះបាទដាវីឌអនុញ្ញាតអោយលោកអប៊ីនើរចាកចេញទៅ ដោយសុខសាន្ត។
លោកយ៉ូអាប់ធ្វើឃាតលោកអប៊ីនើរ
២២ បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ព្រះបាទដាវីឌវិលមកពីច្បាំងវិញ ទាំងនាំយកជយភ័ណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអប៊ីនើរពុំបាននៅក្នុងក្រុងហេប្រូនជាមួយព្រះបាទដាវីឌទេ ដ្បិតព្រះរាជាអនុញ្ញាតអោយលោកចាកចេញទៅ ដោយសុខសាន្ត។ ២៣ កាលលោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលនៅជាមួយលោកមកដល់ មានគេជំរាបលោកថា៖ «លោកអប៊ីនើរ ជាកូនរបស់នើរបានចូលមកគាល់ព្រះរាជា ហើយស្ដេចអនុញ្ញាតអោយគាត់ចាកចេញទៅដោយសុខសាន្ត»។ ២៤ លោកយ៉ូអាប់ក៏ចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ? អប៊ីនើរចូលមកគាល់ព្រះករុណា ហើយព្រះករុណាអនុញ្ញាតអោយគេចាកចេញទៅដោយស្រួល។ ២៥ ព្រះករុណាស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតព្រះករុណា ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ព្រះករុណា និងដឹងអំពីគ្រប់កិច្ចការដែលព្រះករុណាកំពុងធ្វើ»។ ២៦ លោកយ៉ូអាប់ចាកចេញពីស្ដេច ហើយចាត់អ្នកនាំសារអោយទៅតាមលោកអប៊ីនើរ។ ពួកគេហៅលោកអប៊ីនើរពីអណ្ដូងទឹកស៊ីរ៉ាមកវិញ។ ព្រះបាទដាវីឌពុំបានជ្រាបពីរឿងនេះទេ។ ២៧ កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិតត្រង់ពោះ ដើម្បីសងសឹកអោយលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
២៨ ក្រោយមក ព្រះបាទដាវីឌជ្រាបអំពីរឿងនេះ ទ្រង់មានរាជឱង្ការថា៖ «ព្រះអម្ចាស់ជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ ២៩ សូមអោយបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់លោកទាំងអស់! សូមអោយនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។ ៣០ លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអប៊ីនើរ ព្រោះលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាប្អូនរបស់ពួកលោកក្នុងពេលប្រយុទ្ធនៅគីបៀន។
៣១ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយលោកថា៖ «ចូរហែកសម្លៀកបំពាក់រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ព្រះបាទដាវីឌយាងតាមក្រោយមឈូស។ ៣២ គេបានបញ្ចុះសពលោកអប៊ីនើរនៅក្រុងហេប្រូន។ ព្រះរាជាទ្រង់ព្រះកន្សែង ហើយប្រជាជនទាំងអស់ក៏នាំគ្នាយំដែរ។ ៣៣ បន្ទាប់មក ព្រះបាទដាវីឌលើកទំនុកមួយរំលឹកពីលោកអប៊ីនើរដូចតទៅ៖
«អប៊ីនើរអើយ លោកមិនគួរស្លាប់
ដូចមនុស្សលេលាបែបនេះសោះ!
៣៤ ដៃរបស់លោកគ្មានជាប់ចំណង
ជើងរបស់លោកក៏គ្មានជាប់ច្រវាក់ដែរ
តែលោកបានដួលស្លាប់
ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។
ប្រជាជនទាំងមូលនាំគ្នាយំស្ដាយលោកអប៊ីនើរសាជាថ្មី។ ៣៥ បន្ទាប់មក ពួកគេចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីថ្វាយព្រះស្ងោយទាន់មេឃនៅភ្លឺ ប៉ុន្តែ ព្រះរាជាសច្ចាថា៖ «ប្រសិនបើយើងបរិភោគនំបុ័ង ឬអ្វីក៏ដោយមុនពេលថ្ងៃលិច សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ!»។ ៣៦ ឃើញដូច្នេះប្រជាជនទាំងមូលពេញចិត្តណាស់ គឺដូចគេតែងតែពេញចិត្តចំពោះកិច្ចការឯទៀតៗ ដែលព្រះរាជាបានធ្វើដែរ។ ៣៧ នៅថ្ងៃនោះ កងទ័ព និងប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា ព្រះរាជាមិនបានចេញបញ្ជាអោយគេសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ ៣៨ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «អស់លោកដឹងទេថា ថ្ងៃនេះអ៊ីស្រាអែលបាត់បង់វរជនមួយរូប ដែលជាមេដឹកនាំដ៏សំខាន់! ៣៩ ទោះបីព្រះជាម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ជាស្ដេចក្ដី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមព្រះអម្ចាស់ដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។