លិខិត​ទី​ពីរ​របស់​លោក​ប៉ូល​ផ្ញើ​ជូន
គ្រិស្ដបរិស័ទ​នៅ​ក្រុង​ថេស្សាឡូនិក
សេចក្ដី​ផ្ដើម
១ យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជំរាប​មក​ក្រុមជំនុំ*​នៅ​ក្រុង​ថេស្សាឡូនិក ដែល​រួម​ជា​មួយ​ព្រះជាម្ចាស់​ជា​ព្រះបិតា​នៃ​យើង និង​រួម​ជា​មួយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ*។ ២ សូម​ព្រះជាម្ចាស់​ជា​ព្រះបិតា និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះគុណ និង​សេចក្ដី​សុខសាន្ត​ដល់​បង​ប្អូន។
ជីវិត និង​ជំនឿ​របស់​គ្រិស្ដបរិស័ទ​នៅ​ក្រុង​ថេស្សាឡូនិក
៣ បង​ប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ស្ដី​អំពី​បង​ប្អូន​ជានិច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង​ប្អូន​កាន់​តែ​ចំរើន​ឡើង ហើយ​បង​ប្អូន​ក៏​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។ ៤ ដូច្នេះ យើង​បាន​ខ្ពស់​មុខ នៅ​ចំពោះ​ក្រុមជំនុំ*​នានា​របស់​ព្រះជាម្ចាស់ ព្រោះ​តែ​បង​ប្អូន ដ្បិត​បង​ប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀតបៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។
៥ ហេតុការណ៍​នេះ ស​អោយ​ឃើញ​ថា ព្រះជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បង​ប្អូន ធ្វើ​អោយ​បង​ប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​ព្រះរាជ្យ*​របស់​ព្រះជាម្ចាស់​មែន ដ្បិត​បង​ប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​ព្រះរាជ្យ​នេះ​ឯង។ ៦ ព្រះជាម្ចាស់​នឹង​សំរេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ព្រះអង្គ​នាំ​ទុក្ខ​វេទនា យក​មក​សង​ពួក​អ្នក​ដែល​ធ្វើ​អោយ​បង​ប្អូន​វេទនា ៧ ហើយ​ព្រះអង្គ​នឹង​ប្រទាន​អោយ​បង​ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សំរាក​ជា​មួយ​យើង នៅ​ពេល​ព្រះអម្ចាស់យេស៊ូ​លេច​ចេញ​ពី​ស្ថាន​បរមសុខ*​មក ជា​មួយ​ពួក​ទេវតា*​ដ៏​មាន​ឫទ្ធានុភាព។ ៨ ព្រះអង្គ​យាង​មក​ក្នុង​ភ្លើង​សន្ធោសន្ធៅ ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះជាម្ចាស់ និង​អស់​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹងល្អ* របស់​ព្រះយេស៊ូជាអម្ចាស់​នៃ​យើង។ ៩ ពួក​គេ​នឹង​ទទួល​ទោស គឺ​ត្រូវ​វិនាស​អន្តរាយ​អស់កល្ប​ជានិច្ច។ ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះភក្ត្រ​ព្រះអម្ចាស់ និង​ឆ្ងាយ​ពី​ឥទ្ធិឫទ្ធិ​ប្រកប​ដោយ​សិរីរុងរឿង​របស់​ព្រះអង្គ។ ១០ នៅ​ថ្ងៃ​នោះ ពេល​ព្រះអង្គ​យាង​មក ប្រជាជន​ដ៏វិសុទ្ធ*​នឹង​លើក​តម្កើង​សិរីរុងរឿង​របស់​ព្រះអង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះអង្គ​ដែរ​។ ចំពោះ​បង​ប្អូន​វិញ បង​ប្អូន​បាន​ជឿ​សក្ខីភាព​របស់​យើង។
១១ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អធិស្ឋាន​អោយ​បង​ប្អូន​ជានិច្ច សូម​ព្រះជាម្ចាស់​នៃ​យើង ប្រទាន​អោយ​បង​ប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ របស់​ព្រះអង្គ។ សូម​ព្រះអង្គ​ប្រទាន​អោយ​បង​ប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​អោយ​ជំនឿ​របស់​បង​ប្អូន​បង្កើត​ផល​បាន​បរិបូណ៌​ ដោយសារ​ឫទ្ធានុភាព​របស់​ព្រះអង្គ។ ១២ ដូច្នេះ ព្រះនាម​របស់​ព្រះយេស៊ូ​ជា​អម្ចាស់​នៃ​យើង មាន​សិរីរុងរឿង​នៅ​ក្នុង​បង​ប្អូន ហើយ​បង​ប្អូន​ក៏​មាន​សិរីរុងរឿង​ក្នុង​ព្រះអង្គ ដោយសារ​ព្រះគុណ​របស់​ព្រះជាម្ចាស់​នៃ​យើង និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ។