១០
លោក​កូនេលាស​ប្រែ​ចិត្ត​គំនិត​ជឿ​ព្រះអម្ចាស់
១ នៅ​ក្រុង​សេសារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេលាស ជា​នាយ​ទាហាន​ក្នុង​កង​វរសេនា​តូច​ រ៉ូម៉ាំង​មួយ​ឈ្មោះ «កង​វរសេនា​តូច​អ៊ីតាលី»។ ២ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល ជា​អ្នក​គោរព​ប្រណិប័តន៍ និង​កោត​ខ្លាច​ព្រះជាម្ចាស់។ គាត់​តែង​ចែក​ទាន​ជា​ច្រើន​អោយ​ប្រជាជន ព្រម​ទាំង​ទូលអង្វរ​ព្រះជាម្ចាស់​គ្រប់​ពេល​វេលា។ ៣ ថ្ងៃ​មួយ ប្រមាណ​ជា​ម៉ោង​បី​រសៀល​គាត់​បាន​និមិត្ត​ឃើញ​ទេវតា*​មួយ​រូប​របស់​ព្រះជាម្ចាស់​យ៉ាង​ច្បាស់ ទេវតា​នោះ​ចូល​មក​ផ្ទះ​គាត់ ហៅ​គាត់​ថា៖ «លោក​កូនេលាស​អើយ!»។ ៤ លោក​កូនេលាស​សម្លឹង​មើល​ទៅ​ទេវតា ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​មាន​ការ​អ្វី?»។ ទេវតា​ពោល​មក​គាត់​ថា៖ «ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ហើយ ព្រះអង្គ​ក៏​ជ្រាប​អំពី​ទាន​របស់​លោក​ដែរ ព្រះអង្គ​មិន​ភ្លេច​ទេ។ ៥ សុំ​លោក​ចាត់​គេ​អោយ​ទៅ​ក្រុង​យ៉ុបប៉េ ឥឡូវ​នេះ អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស​មក។ ៦ គាត់​ស្នាក់​នៅ​ផ្ទះ​អ្នក​សម្លាប់​ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ផ្ទះ​នោះ​នៅ​ក្បែរ​មាត់​សមុទ្រ»។
៧ កាល​ទេវតា*​ដែល​បាន​និយាយ​ជា​មួយ​គាត់​ចេញ​ផុត​ទៅ លោក​កូនេលាស​ក៏​ហៅ​អ្នក​បំរើ​ពីរ​នាក់ និង​ទាហាន​ម្នាក់ ដែល​នៅ​ក្រោម​បញ្ជា​របស់​គាត់​ជា​យូរ​ហើយ ហើយ​គោរព​ប្រណិប័តន៍​ព្រះជាម្ចាស់​ផង​នោះ អោយ​ចូល​មក។ ៨ លោក​បាន​រៀប​រាប់​ហេតុការណ៍​ទាំង​អស់​ប្រាប់​ពួក​គេ រួច​ចាត់​អោយ​ទៅ​ក្រុង​យ៉ុបប៉េ។
៩ នៅ​ថ្ងៃ​បន្ទាប់ អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​យ៉ុបប៉េ។ ប្រមាណ​ជា​ថ្ងៃ​ត្រង់ លោក​ពេត្រុស​ឡើង​ទៅ​អធិស្ឋាន*​នៅ​លើ​ដំបូល​ផ្ទះ​។ ១០ ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី ១១ និមិត្ត​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ឃើញ​វត្ថុ​ម្យ៉ាង​ដូច​កំរាល​តុ​មួយ​យ៉ាង​ធំ ដែល​មាន​ចង​ចុង​ជាយ​ទាំង​បួន​ជ្រុង​ចុះ​ពី​លើ​មក​ដល់​ដី។ ១២ នៅ​លើ​កំរាល​នោះ មាន​សត្វ​ចតុប្បាទ​គ្រប់​ប្រភេទ មាន​សត្វ​លូន​វារ និង​បក្សាបក្សី។ ១៣ មាន​ព្រះ​សូរសៀង​បញ្ជា​មក​គាត់​ថា៖ «ពេត្រុស​អើយ! ចូរ​សម្លាប់​សត្វ​ទាំង​នេះ​បរិភោគ​ទៅ!»។ ១៤ ប៉ុន្តែ លោក​ពេត្រុស​ទូល​ទៅ​វិញ​ថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំ​ពុំ​ដែល​ទទួល​ទាន​អ្វី​ដែល​វិន័យ​ហាម​ឃាត់​ ឬ​មិន​បរិសុទ្ធ*​ទាល់​តែ​សោះ»។ ១៥ បន្ទាប់​មក លោក​ពេត្រុស​បាន​ឮ​ព្រះសូរសៀង​នោះ​ជា​លើក​ទី​ពីរ​ថា៖ «អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​អោយ​បរិសុទ្ធ​ហើយ ចូរ​កុំ​ចាត់​ទុក​ថា វិន័យ​ហាម​ឃាត់​នោះ​ឡើយ!»។ ១៦ ហេតុការណ៍​នេះ​កើត​មាន​ដល់​ទៅ​បី​ដង នៅ​ទី​បំផុត វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម​បាត់​ទៅ។
១៧ លោក​ពេត្រុស​កំពុង​តែ​នឹក​ឆ្ងល់​មិន​ដឹង​ជា​ត្រូវ​គិត​ដូច​ម្ដេច អំពី​ហេតុការណ៍​ដែល​លោក​បាន​និមិត្ត​ឃើញ​នោះ ស្រាប់​តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​អោយ​មក បាន​មក​ដល់​មាត់​ទ្វារ ទាំង​សាក​សួរ​រក​ផ្ទះ​របស់​លោក​ស៊ីម៉ូន។ ១៨ គេ​ស្រែក​សួរ​ថា៖ «លោក​ស៊ីម៉ូន​ហៅ​ពេត្រុស​ស្នាក់​ក្នុង​ផ្ទះ​នេះ​ឬ​ទេ?»។ ១៩ ពេល​លោក​ពេត្រុស​កំពុង​រិះគិត​អំពី​ហេតុការណ៍ ដែល​លោក​និមិត្ត​ឃើញ​នោះ ព្រះវិញ្ញាណ​មាន​ព្រះបន្ទូល​មក​គាត់​ថា៖ «មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក ២០ ចូរ​ចុះ​ទៅ​ក្រោម​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ភ្លាម​ទៅ កុំ​រារែក​ឡើយ ដ្បិត​យើង​នេះ​ហើយ​ដែល​បាន​ចាត់​គេ​អោយ​មក»។
២១ លោក​ពេត្រុស​ក៏​ចុះ​ទៅ​ក្រោម មាន​ប្រសាសន៍​ទៅ​បុរស​ទាំង​បី​នាក់​នោះ​ថា៖ «ខ្ញុំ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​រក! តើ​អ្នក​មក​មាន​ការ​អ្វី?»។ ២២ គេ​ឆ្លើយ​ថា៖ «លោក​កូនេលាស ជា​នាយ​ទាហាន បាន​ចាត់​យើង​អោយ​មក គាត់​ជា​មនុស្ស​សុចរិត គោរព​កោត​ខ្លាច​ព្រះជាម្ចាស់ ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រជាជាតិ​យូដា សរសើរ​គ្រប់ៗ​គ្នា។ ទេវតា​ដ៏វិសុទ្ធ​មួយ​រូប​បាន​មក​ប្រាប់​គាត់​អោយ​អញ្ជើញ​លោក​ទៅ​ផ្ទះ​គាត់ ដើម្បី​ស្ដាប់​លោក​មាន​ប្រសាសន៍»។ ២៣ លោក​ពេត្រុស​អញ្ជើញ​អ្នក​ទាំង​នោះ​ចូល​ក្នុង​ផ្ទះ​អោយ​ស្នាក់​នៅ​ជា​មួយ។
ព្រឹក​ឡើង លោក​ក៏​ចេញ​ដំណើរ​ទៅ​ជា​មួយ​គេ​ទាំង​មាន​បង​ប្អូន​ខ្លះ​នៅ​ក្រុង​យ៉ុបប៉េ ជូន​ដំណើរ​ទៅ​ផង។ ២៤ នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត លោក​បាន​ទៅ​ដល់​ក្រុង​សេសារា។ រីឯ​លោក​កូនេលាស​វិញ គាត់​បាន​អញ្ជើញ​ញាតិសន្ដាន និង​មិត្ត​ជិតដិត​មក​ផ្ទះ​របស់​គាត់ ហើយ​ទន្ទឹង​រង់ចាំ​ពួក​លោក​ពេត្រុស។ ២៥ ពេល​លោក​ពេត្រុស​មក​ដល់ លោក​កូនេលាស​ចេញ​ទៅ​ទទួល ក្រាប​ចុះ​ទៀប​ជើង​លោក។ ២៦ ប៉ុន្តែ លោក​ពេត្រុស​ចាប់​គាត់​អោយ​ក្រោក​ឡើង​ទាំង​ពោល​ថា៖ «អញ្ជើញ​ក្រោក​ឡើង ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ​ទេ​តើ!»។ ២៧ លោក​ដើរ​ចូល​ទៅ​ខាង​ក្នុង​បណ្ដើរ សន្ទនា​ជា​មួយ​លោក​កូនេលាស​បណ្ដើរ។ ដោយ​លោក​ឃើញ​មនុស្ស​ជា​ច្រើន​នៅ​ជុំ​គ្នា ២៨ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បង​ប្អូន​ជ្រាប​ឬ​ទេ វិន័យ*​របស់​សាសនា​យូដា ហាម​មិន​អោយ​សាសន៍​យូដា​ទាក់ទង​ជា​មួយ​ជន​បរទេស ឬ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គេ​ឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​អោយ​ដឹង​ថា មិន​ត្រូវ​ប្រកាន់​នរណា​ម្នាក់​ថា ជា​មនុស្ស​ដែល​វិន័យ​ហាម​ឃាត់​មិន​អោយ​ទាក់ទង ឬ​ជា​មនុស្ស​មិន​បរិសុទ្ធ​នោះ​ឡើយ។ ២៩ ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​មក​ភ្លាម ឥត​មាន​ជំទាស់​អ្វី​សោះ នៅ​ពេល​ដែល​បង​ប្អូន​ហៅ​ខ្ញុំ​មក។ ឥឡូវ​នេះ សុំ​ប្រាប់​ខ្ញុំ​មើល៍ បង​ប្អូន​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»។
៣០ លោក​កូនេលាស​មាន​ប្រសាសន៍​ថា៖ «កាល​ពី​បី​ថ្ងៃ​មុន ពេល​ខ្ញុំ​កំពុង​អធិស្ឋាន*​ក្នុង​ផ្ទះ​ខ្ញុំ នៅ​ម៉ោង​បី​រសៀល មាន​បុរស​ម្នាក់​ស្លៀក​សម្លៀកបំពាក់​ភ្លឺ​ត្រចះត្រចង់​មក​ឈរ​នៅ​មុខ​ខ្ញុំ ហើយ​ពោល​ថា ៣១ “លោក​កូនេលាស​អើយ ព្រះជាម្ចាស់​ទ្រង់​ព្រះសណ្ដាប់​ពាក្យ​ទូលអង្វរ​របស់​លោក​ហើយ រីឯ​ទាន​របស់​លោក ក៏​ព្រះអង្គ​មិន​ភ្លេច​ដែរ។ ៣២ ឥឡូវ​នេះ ចូរ​ចាត់​គេ​អោយ​ទៅ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ហៅ​ពេត្រុស នៅ​ក្រុង​យ៉ុបប៉េ​មក។ គាត់​ស្នាក់​នៅ​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ជា​អ្នក​សម្លាប់​ស្បែក ផ្ទះ​នោះ​ស្ថិត​នៅ​មាត់​សមុទ្រ”។ ៣៣ ខ្ញុំ​ក៏​បាន​ចាត់​គេ​អោយ​ទៅ​អញ្ជើញ​លោក​ភ្លាម លោក​មក​ដូច្នេះ​ជា​ការ​ប្រពៃ​ណាស់។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ស្ថិត​នៅ​ទី​នេះ​ចំពោះ​ព្រះភក្ត្រ​ព្រះជាម្ចាស់​រង់ចាំ​ស្ដាប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។
សុន្ទរកថា​របស់​លោក​ពេត្រុស​នៅ​ផ្ទះ​លោក​កូនេលាស
៣៤ ពេល​នោះ លោក​ពេត្រុស​ចាប់​ផ្ដើម​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ខ្ញុំ​បាន​យល់​យ៉ាង​ច្បាស់​ហើយ​ថា ព្រះជាម្ចាស់​រាប់​រក​មនុស្ស​ទួទៅ​ឥត​រើស​មុខ​ឡើយ ៣៥ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន អ្នក​ណា​ក៏​ដោយ​អោយ​តែ​គោរព​កោត​ខ្លាច​ព្រះអង្គ ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត* ព្រះអង្គ​មុខ​ជា​គាប់​ព្រះហឫទ័យ​នឹង​អ្នក​នោះ​មិន​ខាន។ ៣៦ ព្រះអង្គ​បាន​ប្រទាន​ព្រះបន្ទូល​មក​អោយ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​នាំ​ដំណឹងល្អ*​មក​ប្រាប់​គេ អំពី​សេចក្ដី​សុខសាន្ត តាម​រយៈ​ព្រះយេស៊ូគ្រិស្ដ* គឺ​ព្រះយេស៊ូ​នេះ​ហើយ ដែល​ជា​ព្រះអម្ចាស់​លើ​មនុស្ស​ទាំង​អស់។
៣៧ បង​ប្អូន​ជ្រាប​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​ស្រុក​យូដា​ទាំង​មូល​ស្រាប់​ហើយ ជា​ហេតុការណ៍​ដែល​បាន​ចាប់​ផ្ដើម​នៅ​ស្រុក​កាលីឡេ គឺ​បន្ទាប់​ពី​ពេល​ដែល​លោក​យ៉ូហាន បាន​ប្រកាស​អោយ​បណ្ដាជន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ៣៨ បង​ប្អូន​បាន​ជ្រាប​ថា ព្រះជាម្ចាស់​បាន​ចាក់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ* និង​ឫទ្ធានុភាព អភិសេក​ព្រះយេស៊ូ ជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា ព្រះយេស៊ូ​បាន​យាង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ត​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​មារ*​សង្កត់សង្កិន​អោយ​បាន​ជា ដ្បិត​ព្រះជាម្ចាស់​គង់​ជា​មួយ​ព្រះអង្គ។ ៣៩ យើង​ជា​បន្ទាល់​អំពី​កិច្ចការ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ធ្វើ នៅ​ក្នុង​ដែន​ដី​របស់​ជន​ជាតិ​យូដា និង​នៅ​ក្រុង​យេរូសាឡឹម។ ពួក​គេ​បាន​នាំ​គ្នា​ធ្វើ​គុត​ព្រះអង្គ​ដោយ​ព្យួរ​នៅ​លើ​ឈើ។ ៤០ ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​អោយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី និង​ប្រោស​ប្រទាន​អោយ​ព្រះអង្គ​បង្ហាញ​ខ្លួន ៤១ ដល់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​ជា​មុន​អោយ​ធ្វើ​ជា​បន្ទាល់ បាន​ឃើញ គឺ​យើង​ហ្នឹង​ហើយ​ជា​បន្ទាល់​ដែល​បាន​បរិភោគ​ជា​មួយ​ព្រះអង្គ ក្រោយ​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ ព្រះជាម្ចាស់​ពុំ​បាន​អោយ​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​អោយ​ប្រជារាស្ត្រ​ទាំង​មូល​ឃើញ​ទេ។ ៤២ ព្រះយេស៊ូ​បាន​បញ្ជា​អោយ​យើង​ធ្វើ​ជា​បន្ទាល់​ប្រកាស​ប្រាប់​ប្រជាជន​ថា ព្រះជាម្ចាស់​បាន​តែងតាំង​ព្រះអង្គ​អោយ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។ ៤៣ ព្យាការី*​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះយេស៊ូ​ថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ នឹង​ទទួល​ការ​លើកលែង​ទោស​អោយ​រួច​ពី​បាប ដោយសារ​ព្រះនាម​ព្រះអង្គ»។
ជន​ជាតិ​ដទៃ​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ
៤៤ លោក​ពេត្រុស​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ*​យាង​ចុះ​មក​សណ្ឋិត​លើ​អស់​អ្នក​ដែល​ស្ដាប់​ព្រះបន្ទូល។ ៤៥ ពួក​អ្នក​ជឿ​ជា​សាសន៍​យូដា​ ដែល​មក​ជា​មួយ​លោក​ពេត្រុស ងឿងឆ្ងល់​ណាស់ ដោយ​ព្រះជាម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ប្រទាន​អោយ​សាសន៍​ដទៃ​ដែរ ៤៦ ព្រោះ​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចំឡែក​អស្ចារ្យ* ព្រម​ទាំង​លើក​តម្កើង​ព្រះជាម្ចាស់​ផង។ ៤៧ ពេល​នោះ លោក​ពេត្រុស​មាន​ប្រសាសន៍​ថា៖ «គ្មាន​នរណា​អាច​ឃាត់​យើង មិន​អោយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អស់​អ្នក​ដែល​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ ដូច​ជា​យើង​បាន​ទទួល​ដែរ​នោះ​ទេ!»។ ៤៨ លោក​ក៏​បញ្ជា​អោយ​គេ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ទាំង​នោះ ក្នុង​ព្រះនាម​ព្រះយេស៊ូគ្រិស្ដ*។ បន្ទាប់​មក ពួក​គេ​សុំ​អោយ​លោក​ស្នាក់​នៅ​ជា​មួយ​គេ បាន​យូរ​ថ្ងៃ​បន្តិច​ទៀត។