១៤
លោកប៉ូល និងលោកបារណាបាសនៅក្រុងអ៊ីកូនាម
១ នៅក្រុងអ៊ីកូនាម ក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាសបានចូលទៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលប់នាំគ្នាជឿ។ ២ ប៉ុន្តែ ជនជាតិយូដាដែលមិនព្រមជឿ បានញុះញង់សាសន៍ដទៃ និងជំរុញគេអោយមានចិត្តប៉ុនប៉ងធ្វើបាបពួកបងប្អូនទៀតផង។ ៣ លោកប៉ូល និងលោកបារណាបាសស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ លោកទាំងពីរមានចិត្តអង់អាច ដោយទុកចិត្តលើព្រះអម្ចាស់ ដែលទ្រង់បានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ គឺទ្រង់ប្រោសប្រទានអោយលោកទាំងពីរសំដែងទីសំគាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។ ៤ មនុស្សម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា អ្នកខ្លះទៀតកាន់ខាងក្រុមសាវ័ក*។ ៥ សាសន៍ដទៃ និងសាសន៍យូដា បានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេ ចង់ធ្វើបាប និងចង់យកដុំថ្មគប់សម្លាប់លោកទាំងពីរ។ ៦ លោកប៉ូល និងលោកបារណាបាសយល់ថាសភាពការណ៍មិនស្រួល ក៏រត់ភៀសខ្លួនទៅស្រុកលូកៅនា គឺទៅក្រុងលីស្ដ្រា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ ៧ ហើយផ្សព្វផ្សាយដំណឹងល្អ*នៅទីនោះ។
លោកប៉ូល និងលោកបារណាបាសនៅក្រុងលីស្ដ្រា
៨ នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ ៩ គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន ១០ លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើង ឈរអោយត្រង់!»។ បុរសនោះស្ទុះក្រោកឈរឡើង ហើយដើរបាន។ ១១ កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ ១២ គេហៅលោកបារណាបាសថា «ព្រះសេយូស» និងហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។ ១៣ បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។
១៤ កាលសាវ័ក*បារណាបាស និងសាវ័កប៉ូល បានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖ ១៥ «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជំរាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ ១៦ នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយអោយជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។ ១៧ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គនៅតែសំដែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីអោយគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើអោយបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។ ១៨ ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនអោយធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។
១៩ បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្តមហាជនអោយចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។ ២០ ប៉ុន្តែ ក្រុមសិស្ស*នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។
លោកប៉ូល និងលោកបារណាបាសវិលត្រឡប់ទៅក្រុងអន់ទីយ៉ូកក្នុងស្រុកស៊ីរីវិញ
២១ លោកប៉ូល និងលោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អ*នៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនអោយធ្វើជាសិស្ស*។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអន់ទីយ៉ូកវិញ។ ២២ លោកដាស់តឿនពួកសិស្សអោយតាំងចិត្តមាំមួន និងលើកទឹកចិត្តគេអោយមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីអោយបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។ ២៣ លោកបានតែងតាំងពួកព្រឹទ្ធាចារ្យ*នៅតាមក្រុមជំនុំនីមួយៗ។ លុះបានអធិស្ឋាន* និងតមអាហាររួចហើយ លោកទាំងពីរក៏ផ្ញើពួកសិស្ស ទុកនៅនឹងព្រះអម្ចាស់ដែលគេបានជឿ។
២៤ បន្ទាប់មកទៀត លោកទាំងពីរធ្វើដំណើរឆ្លងកាត់ស្រុកពីស៊ីឌា មកដល់ស្រុកប៉ាមភីលា។ ២៥ លោកបានប្រកាសព្រះបន្ទូលនៅក្រុងពើកា រួចលោកនាំគ្នាចុះទៅក្រុងអាតាលា។ ២៦ នៅទីនោះ លោកនាំគ្នាចុះសំពៅ វិលត្រឡប់មកក្រុងអន់ទីយ៉ូកវិញ គឺនៅក្រុងអន់ទីយ៉ូកនេះហើយ ដែលក្រុមជំនុំបានផ្ញើលោកទាំងពីរទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការដែលលោកទើបនឹងបានសំរេចនេះ។
២៧ កាលលោកទាំងពីរមកដល់ លោកប្រមូលក្រុមជំនុំអោយមកជួបជុំគ្នា ហើយរៀបរាប់អំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះជាម្ចាស់បានធ្វើជាមួយពួកលោក និងរៀបរាប់អំពីរបៀបដែលព្រះអង្គបើកផ្លូវអោយសាសន៍ដទៃជឿ។ ២៨ បន្ទាប់មក លោកទាំងពីរស្នាក់នៅទីនោះ ជាមួយពួកសិស្សអស់រយៈពេលជាយូរក្រែល។