២០
លោកប៉ូលធ្វើដំណើរទៅស្រុកម៉ាសេដូន និងស្រុកក្រិក
១ លុះចលាចលនេះបានស្ងប់ទៅវិញហើយ លោកប៉ូលក៏ហៅពួកសិស្សមកលើកទឹកចិត្ត រួចជំរាបលាគេ ធ្វើដំណើរទៅស្រុកម៉ាសេដូន។ ២ លោកធ្វើដំណើរកាត់ស្រុកនោះ ទាំងមានប្រសាសន៍លើកទឹកចិត្តអ្នកជឿយ៉ាងច្រើនផង។ បន្ទាប់មក លោកក៏បានទៅដល់ស្រុកក្រិក ៣ ហើយស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ។ ពេលលោកហៀបនឹងចុះសំពៅធ្វើដំណើរទៅស្រុកស៊ីរី ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបលោក។ លោកជ្រាបដូច្នេះ ក៏សំរេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។ ៤ អ្នកដែលបានរួមដំណើរជាមួយលោកនៅពេលនោះ មានលោកសូប៉ាត្រុស កូនរបស់លោកពីរូស ជាអ្នកស្រុកបេរា លោកអើរីស្ដាក និងលោកសេគុនដុស ជាអ្នកស្រុកថេស្សាឡូនិក លោកកៃយុសជាអ្នកស្រុកឌើបេ លោកធីម៉ូថេ ព្រមទាំងលោកទីឃីកុស និងលោកត្រូភីម ជាអ្នកស្រុកអាស៊ីផង។ ៥ បងប្អូនទាំងនេះបានចេញដំណើរទៅមុនហើយរង់ចាំយើងនៅក្រុងត្រូអាស ៦ ចំណែកឯយើងវិញ ក្រោយថ្ងៃបុណ្យនំបុ័ងឥតមេ* យើងចេញពីក្រុងភីលីពទៅចុះសំពៅ។ ប្រាំថ្ងៃក្រោយមក យើងក៏បានមកដល់ក្រុងត្រូអាស ជួបជុំនឹងពួកគេ រួចស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
លោកប៉ូលប្រោសអ៊ើទីកុសអោយរស់ឡើងវិញនៅក្រុងត្រូអាស
៧ នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះយើងបានជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង។ ដោយលោកប៉ូលត្រូវចេញដំណើរនៅថ្ងៃបន្ទាប់ លោកមានប្រសាសន៍ទៅកាន់អង្គប្រជុំ ហើយអធិប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ។ ៨ ក្នុងបន្ទប់ដែលយើងប្រជុំគ្នានៅជាន់ខាងលើ មានចង្កៀងជាច្រើន។
៩ ពេលលោកប៉ូល កំពុងតែមានប្រសាសន៍ យ៉ាងយូរនោះ យុវជនម្នាក់ឈ្មោះ អ៊ើទីកុស អង្គុយនៅលើមាត់បង្អួច ហើយលង់លក់ ក៏ដាច់ផ្ងារធ្លាក់ពីជាន់ទីបីនោះមក។ ពេលគេលើកគាត់ឡើង គាត់ស្លាប់ផុតទៅហើយ។ ១០ លោកប៉ូលចុះទៅក្រោម ឱនពីលើអ៊ើទីកុស ត្រកងគាត់លើកឡើងទាំងពោលថា៖ «សូមបងប្អូនកុំបារម្ភអោយសោះ គាត់នៅរស់ទេ!»។ ១១ កាលលោកឡើងទៅលើវិញ លោកក៏ធ្វើពិធីកាច់នំបុ័ង និងបរិភោគ។ បន្ទាប់មក លោកមានប្រសាសន៍បន្តទៅទៀតយ៉ាងយូរ រហូតដល់ភ្លឺ ទើបលោកចេញដំណើរទៅ។ ១២ គេបាននាំយុវជនដែលនៅមានជីវិតនោះទៅវិញ ហើយពួកគេធូរស្រាលក្នុងចិត្តឥតឧបមា។
លោកប៉ូលនៅក្រុងមីលេត
១៣ រីឯយើងវិញ យើងបានចុះសំពៅទៅមុនធ្វើដំណើរដល់ក្រុងអាសុស ដើម្បីចាំលោកប៉ូលនៅទីនោះ ដូចលោកបានគ្រោងទុក ព្រោះលោកចង់ធ្វើដំណើរដោយថ្មើរជើង។ ១៤ កាលលោកបានមកជួបជុំជាមួយពួកយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូឡែន។ ១៥ យើងបានចេញពីទីនោះ បន្តដំណើរតាមសមុទ្រ ទៅដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ នៅថ្ងៃបន្ទាប់មកទៀត យើងទៅដល់កោះសាម៉ូស ហើយនៅថ្ងៃទីបីយើងក៏បានទៅដល់ក្រុងមីលេត។ ១៦ លោកប៉ូលសំរេចចិត្តមិនចូលក្រុងអេភេសូទេ ដើម្បីកុំអោយយឺតដំណើរនៅស្រុកអាស៊ី ដ្បិតលោកប្រញាប់ចង់ទៅដល់ក្រុងយេរូសាឡឹម អោយទាន់បុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
លោកប៉ូលមានប្រសាសន៍ទៅកាន់ក្រុមព្រឹទ្ធាចារ្យ ដែលមកពីក្រុងអេភេសូ
១៧ លោកប៉ូលបានចាត់គេពីក្រុងមីលេត អោយទៅអញ្ជើញពួកព្រឹទ្ធាចារ្យ*នៃក្រុមជំនុំ*នៅក្រុងអេភេសូមក។ ១៨ លុះគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖
«បងប្អូនជ្រាបស្រាប់ហើយ អំពីអាកប្បកិរិយាដែលខ្ញុំមានចំពោះបងប្អូនរាល់ពេលវេលា តាំងពីថ្ងៃដំបូងដែលខ្ញុំបានទៅដល់ស្រុកអាស៊ីម៉្លេះ ១៩ គឺខ្ញុំបានបំរើព្រះអម្ចាស់ ដោយចិត្តសុភាពរាបសា ទាំងទឹកភ្នែក ទាំងលំបាក ដោយជនជាតិយូដា បានឃុបឃិតគ្នាប៉ុនប៉ងធ្វើបាបខ្ញុំ។ ២០ ខ្ញុំបានជំរាប និងបង្រៀនបងប្អូន តាមទីសាធារណៈ និងតាមផ្ទះ នូវសេចក្ដីទាំងប៉ុន្មានដែលមានសារប្រយោជន៍ដល់បងប្អូន ឥតមានលាក់លៀមត្រង់ណាសោះឡើយ ២១ ខ្ញុំបានធ្វើជាបន្ទាល់អោយទាំងសាសន៍យូដាទាំងសាសន៍ក្រិក កែប្រែចិត្តគំនិតមករកព្រះជាម្ចាស់ និងមានជំនឿលើព្រះយេស៊ូជាព្រះអម្ចាស់របស់យើងផង។
២២ ឥឡូវនេះ ព្រះវិញ្ញាណបានទាក់ទាញចិត្តខ្ញុំអោយធ្វើដំណើរទៅក្រុងយេរូសាឡឹម ហើយខ្ញុំមិនដឹងថា នឹងមានហេតុការណ៍អ្វីកើតមានដល់ខ្ញុំ នៅក្រុងនោះឡើយ ២៣ គឺខ្ញុំគ្រាន់តែដឹង តាមព្រះវិញ្ញាណដ៏វិសុទ្ធបញ្ជាក់ប្រាប់ ពីក្រុងមួយទៅក្រុងមួយថា ខ្ញុំនឹងត្រូវគេចាប់ចង ហើយនឹងត្រូវរងទុក្ខវេទនា។ ២៤ ប៉ុន្តែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ អោយតែខ្ញុំបានបង្ហើយមុខងារ និងសំរេចកិច្ចការដែលព្រះអម្ចាស់យេស៊ូបានប្រទានអោយខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អ*នៃព្រះគុណរបស់ព្រះជាម្ចាស់។
២៥ ខ្ញុំធ្លាប់រស់នៅក្នុងចំណោមបងប្អូនទាំងអស់គ្នាទាំងប្រកាសដំណឹងល្អ* អំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ ប៉ុន្តែ ឥឡូវនេះខ្ញុំដឹងថា បងប្អូននឹងលែងឃើញមុខខ្ញុំទៀតហើយ។ ២៦ ហេតុនេះបានជាខ្ញុំផ្ដល់សក្ខីភាពអោយបងប្អូនដឹងនៅថ្ងៃនេះថា ប្រសិនបើមានម្នាក់ក្នុងចំណោមបងប្អូនត្រូវវិនាស មិនមែនមកពីកំហុសរបស់ខ្ញុំទេ ២៧ ដ្បិតខ្ញុំបានជំរាបបងប្អូន អំពីគំរោងការទាំងមូលរបស់ព្រះជាម្ចាស់រួចហើយ ឥតមានលាក់លៀមត្រង់ណាសោះ ២៨ ដូច្នេះ សូមបងប្អូនថែរក្សាខ្លួនឯង និងថែរក្សាក្រុមអ្នកជឿទាំងមូលផង ព្រោះព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ទុកផ្ដាក់អោយបងប្អូនធ្វើជាអ្នកទទួលខុសត្រូវនេះ ដើម្បីអោយបងប្អូនថែរក្សាក្រុមជំនុំរបស់ព្រះជាម្ចាស់ ដែលព្រះអង្គបានលោះមក ដោយសារព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ២៩ ខ្ញុំដឹងច្បាស់ថា ពេលខ្ញុំចេញផុតទៅ នឹងមានមនុស្សចិត្តសាហាវដូចចចក នាំគ្នាចូលមកក្នុងចំណោមបងប្អូន គេនឹងធ្វើបាបក្រុមអ្នកជឿឥតត្រាប្រណីឡើយ ៣០ ថែមទាំងមានអ្នកខ្លះក្នុងចំណោមបងប្អូននាំគ្នាពោលពាក្យបញ្ឆោត ដើម្បីទាក់ទាញពួកសិស្សអោយទៅតាមគេទៀតផង។ ៣១ ហេតុនេះ សូមបងប្អូនប្រុងស្មារតីអោយមែនទែន ដោយនឹកចាំថា ខ្ញុំបានដាស់តឿនបងប្អូនគ្រប់ៗរូបទាំងទឹកភ្នែកក្នុងរវាងបីឆ្នាំ ទាំងយប់ ទាំងថ្ងៃ ឥតមានឈប់ឡើយ។
៣២ ឥឡូវនេះ ខ្ញុំសូមផ្ញើបងប្អូននឹងព្រះជាម្ចាស់ ហើយផ្ញើនឹងព្រះបន្ទូលស្ដីអំពីព្រះគុណរបស់ព្រះអង្គ។ មានតែព្រះអង្គទេ ដែលអាចកសាងបងប្អូនឡើងជាក្រុមជំនុំ* ព្រមទាំងអោយបងប្អូនទទួលមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ។ ៣៣ ខ្ញុំមិនដែលចង់បានមាស ប្រាក់ ឬសម្លៀកបំពាក់អ្វីពីនរណាឡើយ។ ៣៤ បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ ៣៥ ក្នុងគ្រប់កិច្ចការទាំងអស់ខ្ញុំតែងតែប្រាប់អោយបងប្អូនដឹងថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយទំនុកបម្រុងអស់អ្នកដែលក្រខ្សត់ ហើយត្រូវចងចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូថាៈ “បើអោយ នោះនឹងបានសុភមង្គលច្រើនជាងទទួល”»។ ៣៦ លោកមានប្រសាសន៍ដូច្នេះរួចហើយ ក៏លុតជង្គង់ចុះអធិស្ឋានជាមួយពួកគេទាំងអស់គ្នា។ ៣៧ ពួកព្រឹទ្ធាចារ្យទាំងនោះ នាំគ្នាទ្រហោយំឱបកលោកប៉ូល ហើយថើបលោកទៀតផង ៣៨ ជាពិសេស គេព្រួយចិត្តមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោករហូតដល់សំពៅ។