១ បង​ប្អូន​ដែល​ជា​ម្ចាស់​អើយ ត្រូវ​ប្រព្រឹត្ត​អំពើ​ណា​ដែល​សុចរិត និង​យុត្តិធម៌​ដល់​អ្នក​បំរើ​របស់​ខ្លួន​ដោយ​ដឹង​ថា បង​ប្អូន​ផ្ទាល់​ក៏​មាន​ម្ចាស់​មួយ​ព្រះអង្គ​នៅ​ស្ថាន​បរមសុខ*​ដែរ។
ពាក្យ​ដាស់តឿន និង​ពាក្យ​សួរ​សុខ​ទុក្ខ​ផ្សេងៗ
២ ចូរ​ព្យាយាម​អធិស្ឋាន* ហើយ​ប្រុង​ស្មារតី​ក្នុង​ការ​អធិស្ឋាន​នេះ ទាំង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ផង។ ៣ ចូរ​ទូលអង្វរ​ព្រះជាម្ចាស់​អោយ​យើង​ដែរ ដើម្បី​ព្រះអង្គ​បើក​ទ្វារ​ចំហ​អោយ​យើង​មាន​ឱកាស​ប្រកាស​ព្រះបន្ទូល គឺ​ប្រកាស​អំពី​គំរោងការ​ដ៏​លាក់​កំបាំង​របស់​ព្រះគ្រិស្ដ ដ្បិត​ខ្ញុំ​ជាប់​ឃុំឃាំង ព្រោះ​តែ​គំរោងការ​នេះ​ឯង។ ៤ សូម​ទូលអង្វរ​ព្រះអង្គ អោយ​ខ្ញុំ​អាច​បកស្រាយ​យ៉ាង​ច្បាស់​លាស់​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។ ៥ ចូរ​ប្រព្រឹត្ត​ចំពោះ​អស់​អ្នក​ដែល​មិន​មែន​ជា​គ្រិស្ដបរិស័ទ ដោយ​ប្រើ​ប្រាជ្ញា និង​ចេះ​ប្រើប្រាស់​ពេល​វេលា​ផង។ ៦ សូម​បង​ប្អូន​និយាយ​ពាក្យ​សំដី​ទន់ភ្លន់​ជានិច្ច​មាន​ខ្លឹមសារ​ ដើម្បី​អោយ​បង​ប្អូន​អាច​ឆ្លើយ​ទៅ​ម្នាក់ៗ​ដោយ​សមរម្យ។ ៧ លោក​ទីឃីកុស ជា​បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់ និង​ជា​សហការី​របស់ ខ្ញុំ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នឹង​ជំរាប​បង​ប្អូន​អោយ​បាន​ជ្រាប​សព្វ​គ្រប់​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ។ ៨ ខ្ញុំ​ចាត់​គាត់​អោយ​មក​រក​បង​ប្អូន ក្នុង​គោល​បំណង​នេះ​ឯង គឺ​អោយ​បង​ប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​អោយ​គាត់​លើក​ទឹក​ចិត្ត​បង​ប្អូន​ទៀត​ផង។ ៩ ខ្ញុំ​ចាត់​គាត់​អោយ​មក​ជា​មួយ​លោក​អូណេស៊ីម ជា​បង​ប្អូន​ដ៏​ស្មោះ​ត្រង់ និង​ដ៏​ជា​ទី​ស្រឡាញ់​ជា​អ្នក​ដែល​នៅ​ស្រុក​ជា​មួយ​បង​ប្អូន។ អ្នក​ទាំង​ពីរ​នឹង​ជំរាប​បង​ប្អូន​អោយ​ជ្រាប​អំពី​សភាពការណ៍​នៅ​ទី​នេះ។ ១០ លោក​អើរីស្ដាក ដែល​ជាប់​ឃុំឃាំង​ជា​មួយ​ខ្ញុំ សូម​ជំរាប​សួរ​មក​បង​ប្អូន ហើយ​លោក​ម៉ាកុស​ដែល​ត្រូវ​ជា​សាច់ញាតិ​នឹង​លោក​បារណាបាស ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ (បង​ប្អូន​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើ​ស្ដី​អំពី​គាត់​ស្រាប់​ហើយ ប្រសិន​បើ​គាត់​មក សូម​បង​ប្អូន​ទទួល​ដោយ​រាក់ទាក់​ផង)។ ១១ រីឯ​លោក​យេស៊ូ​ហៅ​យូស្ទូស ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ផង​ដែរ។ ក្នុង​ចំណោម​ជន​ជាតិ​យូដា មាន​តែ​បង​ប្អូន​បី​នាក់​នេះ​ប៉ុណ្ណោះ ដែល​ធ្វើ​ការ​សំរាប់​ព្រះរាជ្យ*​ព្រះជាម្ចាស់​ជា​មួយ​ខ្ញុំ ហើយ​ក៏​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ទៀត​ផង។ ១២ លោក​អេប៉ាប្រាស​ដែល​នៅ​ស្រុក​ជា​មួយ​បង​ប្អូន ក៏​សូម​ជំរាបសួរ​មក​បង​ប្អូន​ដែរ។ គាត់​ជា​អ្នក​បំរើ​ព្រះគ្រិស្ដយេស៊ូ ហើយ​គាត់​តែងតែ​តយុទ្ធ​សំរាប់​បង​ប្អូន ដោយ​អធិស្ឋាន* ឥត​ឈប់​ឈរ ដើម្បី​អោយ​បង​ប្អូន​មាន​ជំហរ​រឹងប៉ឹង បាន​គ្រប់​លក្ខណៈ និង​សុខ​ចិត្ត​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ គ្រប់​ចំពូក​ទាំង​អស់។ ១៣ ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា គាត់​បាន​ខំ​ប្រឹង​ខ្នះខ្នែង​យ៉ាង​ខ្លាំង សំរាប់​បង​ប្អូន សំរាប់​អស់​អ្នក​នៅ​ស្រុក​ឡៅឌីសេ និង​អស់​អ្នក​នៅ​ស្រុក​ហេរ៉ាប៉ូល។ ១៤ លោក​គ្រូ​ពេទ្យ លូកា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​លោក​ដេម៉ាស ក៏​សូម​ជំរាប​សួរ​មក​បង​ប្អូន​ដែរ។ ១៥ សូម​ជំរាប​សួរ​បង​ប្អូន​នៅ​ស្រុក​ឡៅឌីសេ និង​ជំរាបសួរ​នាង​នឹមផាស ព្រម​ទាំង​ក្រុមជំនុំ​ដែល​តែង​ប្រជុំ​គ្នា​នៅ​ក្នុង​ផ្ទះ​គាត់​នោះ​ផង។ ១៦ ពេល​ណា​បង​ប្អូន​អាន​សំបុត្រ​នេះ​រួច​ហើយ សូម​លៃលក​យ៉ាង​ណា អោយ​ក្រុមជំនុំ​នៅ​ស្រុក​ឡៅឌីសេ​អាន​ផង ហើយ​បង​ប្អូន​ក៏​ត្រូវ​អាន​សំបុត្រ​ដែល​មក​ពី​ស្រុក​ឡៅឌីសេ​ដែរ។ ១៧ សូម​ជំរាប​លោក​អើឃីព​ថា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខងារ​ដែល​លោក​បាន​ទទួល​ពី​ព្រះអម្ចាស់ គឺ​ត្រូវ​បំពេញ​កិច្ចការ​នេះ​អោយ​បាន​ល្អ។ ១៨ ពាក្យ​ជំរាប​សួរ​នេះ ខ្ញុំ ប៉ូល សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ សូម​បង​ប្អូន​កុំ​ភ្លេច​ថា ខ្ញុំ​ជាប់​ឃុំឃាំង។ សូម​អោយ​បង​ប្អូន​បាន​ប្រកប​ដោយ​ព្រះគុណ។