១១
១ រីឯ​ខ្ញុំ​វិញ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះចៅ​ដារីយុស ជា​ជន​ជាតិ​មេឌី ខ្ញុំ​បាន​ស្ថិត​នៅ​ជា​មួយ​មហា​ទេវតា​មីកែល ដើម្បី​ជួយ​គាំទ្រ​លោក។ ២ ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​សេចក្ដី​ពិត​ជូន​លោក​ដូច​ត​ទៅ:
ចំបាំង​រវាង​ស្ដេច​នៃ​អាណាចក្រ​ខាង​ជើង និង​ស្ដេច​នៃ​អាណាចក្រ​ខាង​ត្បូង​
ស្ដេច​បី​អង្គ​នឹង​ឡើង​គ្រង​រាជ្យ លើ​ចក្រភព​ពែរ្ស បន្ទាប់​មក មាន​ស្ដេច​ទី​បួន​ដែល​ប្រមូល​បាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ស្ដេច​ឯ​ទៀតៗ។ ពេល​ស្ដេច​នោះ​មាន​អំណាច​រឹងប៉ឹង ដោយសារ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន ស្ដេច​ក៏​ប្រើ​គ្រប់​មធ្យោបាយ​ធ្វើ​សឹក​នឹង​អាណាចក្រ​ក្រិក។
៣ ប៉ុន្តែ នឹង​មាន​ស្ដេច​មួយ​អង្គ​ទៀត​ដ៏​ពូកែ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​ឫទ្ធិ​អំណាច​ជា​ខ្លាំង ហើយ​ស្ដេច​នេះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត។ ៤ ពេល​ស្ដេច​បាន​ថ្កុំថ្កើង​ឡើង ចក្រភព​របស់​ស្ដេច​ត្រូវ​បាក់​បែក​ជា​បួន​ចំណែក។ ព្រះរាជវង្ស​របស់​ស្ដេច​នឹង​មិន​ស្នង​រាជ​សម្បត្តិ​ឡើយ ដ្បិត​រាជ​សម្បត្តិ​នោះ ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង តែ​អ្នក​ទាំង​នោះ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។
៥ ស្ដេច​របស់​អាណាចក្រ​ខាង​ត្បូង​នឹង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ខ្លាំង តែ​មេទ័ព​មួយ​រូប​របស់​ស្ដេច​នឹង​មាន​អំណាច​ខ្លាំង​ជាង ក៏​ឡើង​គ្រប់គ្រង​ស្រុក​ដែរ ហើយ​អាណាចក្រ​របស់​លោក​មាន​អំណាច​ខ្លាំង​ជាង​អាណាចក្រ​របស់​ស្ដេច​នោះ។ ៦ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេ​នឹង​ចង​ស្ពានមេត្រី​ជា​មួយ​គ្នា​វិញ គឺ​បុត្រី​របស់​ស្ដេច​អាណាចក្រ​ខាង​ត្បូង នឹង​ទៅ​នៅ​ជា​មួយ​ស្ដេច​របស់​អាណាចក្រ​ខាង​ជើង ដើម្បី​បញ្ជាក់​អំពី​ចំណង​នៃ​ស្ពានមេត្រី​នេះ។ ប៉ុន្តែ នាង​រក្សា​អំណាច​មិន​បាន​យូរ​ទេ ហើយ​ស្ដេច​ខាង​ត្បូង និង​រាជវង្ស​ក៏​មិន​ស្ថិតស្ថេរ​ដែរ គឺ​ទាំង​នាង ទាំង​អស់​អ្នក​ដែល​ហែហម​នាង ទាំង​បិតា​ទាំង​អ្នក​ដែល​ជួយ​គាំទ្រ​នាង នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ពេល​នោះ។ ៧ ពេល​នោះ នឹង​មាន​ស្ដេច​មួយ​អង្គ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្ដេច​នេះ​នឹង​លើក​ទ័ព​ទៅ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ជើង ហើយ​មាន​ជ័យជំនះ។ ៨ ស្ដេច​នាំ​យក​ជយភ័ណ្ឌ​ទៅ​ស្រុក​អេស៊ីប គឺ​មាន​រូប​ព្រះ រូប​សំណាក​ផ្សេងៗ​ដែល​ធ្វើ​ពី​លោហធាតុ​ដ៏​ភ្លឺៗ និង​វត្ថុ​ដ៏​មាន​តម្លៃ​ធ្វើ​ពី​ប្រាក់​ពី​មាស​ជា​ដើម។ បន្ទាប់​មក ស្ដេច​នេះ​នឹង​ឈប់​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ស្ដេច​ខាង​ជើង​មួយ​រយៈ។ ៩ ក្រោយ​មក​ស្ដេច​ខាង​ជើង​ក៏​ចេញ​ទៅ​ច្បាំង​នឹង​អាណាចក្រ​របស់​ស្ដេច​ខាង​ត្បូង រួច​វិល​ត្រឡប់​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ។
១០ បុត្រ​របស់​ស្ដេច​នោះ​នាំ​គ្នា​លើក​ទ័ព​ទៅ​ច្បាំង​ដោយ​ប្រមូល​កងពល​យ៉ាង​ច្រើន​ឥត​ឧបមា។ បុត្រ​មួយ​អង្គ​វាយ​ឆ្លង​ព្រំដែន​ដូច​ទឹក​ជំនន់​ហូរ​យ៉ាង​ខ្លាំង រួច​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន ទាំង​វាយ​លុក​ក្រុង​មួយ​ដែល​មាន​កំពែង​នៅ​តាម​ផ្លូវ​ផង។
១១ ពេល​នោះ ស្ដេច​ខាង​ត្បូង​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​យ៉ាង​ច្រើន​ទៅ​វាយ​លុក​ស្ដេច​ខាង​ជើង ហើយ​កងទ័ព​ដ៏​ច្រើន​របស់​ស្ដេច​ខាង​ជើង ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ខាង​ត្បូង។ ១២ ដោយ​ឃើញ​ខ្មាំង​យ៉ាង​ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្ដេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់​ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ដេច​នៅ​តែ​យក​ជ័យជំនះ​ពុំ​បាន​ដែរ។
១៣ ស្ដេច​ខាង​ជើង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​ច្រើន​ជាង​មុន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​ខាង​ជើង​នឹង​លើក​ទ័ព​យ៉ាង​ធំ​ទាំង​មាន​គ្រឿង​សស្រ្ដាវុធ​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។ ១៤ នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ស្ដេច​ខាង​ត្បូង ហើយ​មាន​មនុស្ស​ឃោរឃៅ​ជា​ច្រើន​ក្នុង​ចំណោម​ប្រជាជន​របស់​លោក​ លើក​គ្នា​បះបោរ ស្រប​តាម​និមិត្តហេតុ​ដ៏​អស្ចារ្យ​នោះ តែ​ពួក​គេ​ពុំ​អាច​សំរេច​គំរោងការ​របស់​ខ្លួន​បាន​ឡើយ។ ១៥ ទ័ព​ស្ដេច​ខាង​ជើង​កាន់​តែ​រុល​ទៅ​មុខ គេ​លើក​ដី​យ៉ាង​ខ្ពស់​ព័ទ្ធ​ជុំវិញ​ក្រុង​មួយ ដែល​មាន​កំពែង​រឹងមាំ ហើយ​វាយ​យក​ក្រុង​នោះ។ កងទ័ព​របស់​ស្ដេច​ខាង​ត្បូង និង​កងពល​ដ៏​ពូកែៗ​របស់​ពួក​គេ ពុំ​មាន​កម្លាំង​អាច​ទប់ទល់​បាន​ឡើយ។ ១៦ ស្ដេច​ខាង​ជើង​ក៏​វាយ​លុក​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ចិត្ត គ្មាន​នរណា​តទល់​បាន​ទាល់​តែ​សោះ រួច​ស្ដេច​ក៏​ឈប់​ត្រឹម​ស្រុក​ដ៏​ស្អាត​ ហើយ​កំទេច​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ជួប​ប្រទះ។
១៧ ស្ដេច​ខាង​ជើង​មាន​បំណង​ទៅ​ជួប​ស្ដេច​ខាង​ត្បូង ដើម្បី​បង្ហាញ​ឫទ្ធិ​អំណាច​នៃ​អាណាចក្រ​ទាំង​មូល​របស់​ខ្លួន និង​ចង់​ចង​ស្ពានមេត្រី​ជា​មួយ​ស្ដេច​ខាង​ត្បូង។ ទ្រង់​លើក​បុត្រី​អោយ​ធ្វើ​ជា​មហេសី​ស្ដេច​ខាង​ត្បូង ក្នុង​គោល​បំណង​បោក​បញ្ឆោត​ស្ដេច​នោះ តែ​ពុំ​បាន​សំរេច​ដូច​បំណង​ឡើយ។ ១៨ ដូច្នេះ ស្ដេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេទ័ព​ម្នាក់​មក​បញ្ឈប់​សកម្មភាព​ដ៏​អាម៉ាស់​របស់​ស្ដេច តែ​ស្ដេច​មិន​អាច​ធ្វើ​អោយ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។ ១៩ បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរាជ័យ ហើយ​វិនាស​សូន្យ​ទៅ។
២០ ស្ដេច​មួយ​អង្គ​ទៀត​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​អោយ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ថ្កុំថ្កើង​ជាង​គេ​ក្នុង​អាណាចក្រ​។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស​តែ មិន​មែន​ដោយ​ការ​បះបោរ ឬ​ដោយ​សង្គ្រាម​ទេ។
២១ ពេល​នោះ មាន​មនុស្ស​ម្នាក់​គួរ​អោយ​មាក់ងាយ ឡើង​សោយ​រាជ្យ ដោយ​ឥត​នរណា​អភិសេក​ជា​ស្ដេច។ ស្ដេច​ថ្មី​នេះ​ដណ្ដើម​យក​រាជ​សម្បត្តិ​បាន ក្នុង​គ្រា​មាន​សុខសាន្តត្រាណ​ដោយ​ប្រើ​កលល្បិច។ ២២ កងទ័ព​ដ៏​ខ្លាំង​ពូកែ​ដែល​មក​លុកលុយ​ស្រុក នឹង​ត្រូវ​ចុះ​ចាញ់​ស្ដេច​នោះ ហើយ​សូម្បី​តែ​មហាបូជាចារ្យ​របស់​ប្រជារាស្ត្រ​នៃ​សម្ពន្ធមេត្រី​ក៏​បរាជ័យ​ដែរ។ ២៣ ស្ដេច​នោះ​នឹង​ចង​សម្ពន្ធមិត្ត​ជា​មួយ​អ្នក​ឯ​ទៀតៗ​ដើម្បី​បោក​ប្រាស់​ពួក​គេ ហើយ​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ទោះ​បី​មាន​បក្សពួក​តិច​ក៏​ដោយ។ ២៤ ក្នុង​ឱកាស​ដែល​គេ​កំពុង​តែ​មាន​សន្តិភាព ស្ដេច​នោះ​ឆ្លៀត​ពង្រីក​ទឹក​ដី រហូត​ទៅ​ដល់​ស្រុក​ដែល​មាន​ជីជាតិ​ច្រើន​ជាង​គេ​ក្នុង​អាណាខេត្ត ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​ពុំ​បាន​ប្រព្រឹត្ត គឺ​ទ្រង់​រឹប​អូស​របស់​របរ និង​ទ្រព្យ​សម្បត្តិ​របស់​គេ​ចែក​អោយ​បក្សពួក​ខ្លួន។ ស្ដេច​ប្រើ​ល្បិច​កិច្ចកល​ផ្សេងៗ ដើម្បី​វាយ​លុក​បន្ទាយ​នានា តែ​ការ​នេះ​កើត​មាន​មួយ​រយៈ​ប៉ុណ្ណោះ។
២៥ ដោយ​អាង​លើ​កម្លាំង និង​ចិត្ត​ក្លាហាន​របស់​ខ្លួន ស្ដេច​នោះ​លើក​ទ័ព​ទៅ​វាយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​ខាង​ត្បូង​ក៏​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ពូកែ​មក​តទល់ តែ​ពុំ​អាច​យក​ជ័យជំនះ​បាន​ឡើយ ព្រោះ​ស្ដេច​ខាង​ជើង​ប្រើ​ល្បិច​កិច្ចកល​ផ្សេងៗ​ប្រឆាំង​ស្ដេច​ខាង​ត្បូង ២៦ គឺ​ពួក​ជំនិត​របស់​ស្ដេច​ផ្ទាល់​នឹង​នាំ​គ្នា​ក្បត់​ស្ដេច ធ្វើ​អោយ​ទ័ព​របស់​ស្ដេច​ត្រូវ​បរាជ័យ ហើយ​ទាហាន​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។ ២៧ បន្ទាប់​មក ស្ដេច​ទាំង​ពីរ​អង្គុយ​ចរចា​ជា​មួយ​គ្នា តែ​ដោយ​គំនិត​របស់​គេ​សុទ្ធ​តែ​អាក្រក់ គេ​ពោល​ពាក្យ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​ចរចា​របស់​គេ​ពុំ​អាច​បាន​ផល​អ្វី​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​បញ្ចប់​ដែល​បាន​កំណត់​ទុក។ ២៨ ស្ដេច​ខាង​ជើង​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​នាំ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ ពេល​នោះ ស្ដេច​នឹង​ធ្វើ​បាប​ប្រជារាស្ត្រ​នៃ​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ តាម​គំរោងការ​របស់​ខ្លួន រួច​បន្ត​ដំណើរ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។
២៩ លុះ​ដល់​ពេល​កំណត់ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​អាណាចក្រ​ខាង​ត្បូង​សា​ជា​ថ្មី ប៉ុន្តែ លើក​នេះ​ពុំ​ដូច​គ្រា​មុន​ទេ ៣០ គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​អោយ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ​ស្ដេច​ខ្ញាល់​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជារាស្ត្រ​នៃ​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ។ ៣១ ពេល​នោះ កងទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទីសក្ការៈ ហើយ​បញ្ឈប់​ការ​ថ្វាយ​យញ្ញបូជា​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។​ ៣២ ស្ដេច​នោះ​នឹង​ពោល​ពាក្យ​បញ្ចើចបញ្ចើ ល្បួង​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធមេត្រី។ ប៉ុន្តែ ប្រជាជន​ដែល​ស្គាល់​ព្រះជាម្ចាស់​នឹង​កាន់​ចិត្ត​រឹងប៉ឹង។ ៣៣ ពួក​អ្នក​មាន​ប្រាជ្ញា​ក្នុង​ចំណោម​ប្រជាជន នឹង​នាំ​គ្នា​អប់រំ​មនុស្ស​ជា​ច្រើន។ ក៏​ប៉ុន្តែ ក្នុង​ពេល​មួយ​រយៈ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា​ទាំង​នោះ មាន​អ្នក​ខ្លះ​ត្រូវ​គេ​សម្លាប់ ត្រូវ​គេ​ដុត ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​មួយ​រយៈ។ ៣៤ ក្នុង​ពេល​ដែល​គេ​ធ្វើ​បាប​អ្នក​ទាំង​នោះ នឹង​មាន​អ្នក​ខ្លះ​មក​ជួយ​បន្តិច​ដែរ។ មនុស្ស​ជា​ច្រើន​នឹង​មក​ចូល​រួម​ជា​មួយ​អ្នក​ទាំង​នោះ តែ​ដោយ​ប្រើ​កលល្បិច។ ៣៥ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា នឹង​មាន​អ្នក​ខ្លះ​បាត់​បង់​ជីវិត ដើម្បី​អោយ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ និង​បាន​សស្គុស​រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ នឹង​កើត​មាន​តាម​ពេល​កំណត់។
៣៦ ស្ដេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំងឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​ព្រះ​នានា​ផង។ ស្ដេច​នោះ​នឹង​ចំរើន​មាំមួន​ឡើង រហូត​ទាល់​តែ​ព្រះពិរោធ​កើន​ដល់​កំរិត ដ្បិត​ហេតុការណ៍​អ្វី​ដែល​ព្រះជាម្ចាស់​គ្រោង​ទុក​ត្រូវ​តែ​បាន​សំរេច​។ ៣៧ ស្ដេច​នោះ​មិន​យោគយល់​ដល់​ព្រះ ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគយល់​ដល់​ព្រះ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្ដេច​មិន​យោគយល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ទ្រង់​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ លើស​អ្វីៗ​ទាំង​អស់។ ៣៨ ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ថ្វាយ។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។ ៣៩ ស្ដេច​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​នៃ​ជន​បរទេស។ ស្ដេច​លើក​កិត្តិយស​អស់​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ​នេះ ហើយ​អោយ​ពួក​គេ​គ្រប់គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ទឹក​ដី​អោយ​ពួក​គេ​ជា​រង្វាន់​ផង។
៤០ នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សំរុក​ស្ដេច​ខាង​ត្បូង​ដោយ​ប្រើ​រទេះ​ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹកគគ្រេង​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់ ៤១ គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន​ជាតិ​អេដុម ជន​ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន​ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។ ៤២ ស្ដេច​នោះ​នឹង​វាត​អំណាច​ទៅ​លើ​ស្រុក​នានា ហើយ​សូម្បី​តែ​ស្រុក​អេស៊ីប​ក៏​គេច​មិន​ផុត​ដែរ។ ៤៣ ស្ដេច​នឹង​យក​ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន​ជាតិ​លីប៊ី និង​ជន​ជាតិ​អេត្យូពី​នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្ដេច​នោះ។ ៤៤ បន្ទាប់​មក មាន​លេច​ឮ​ដំណឹង​អំពី​ហេតុការណ៍​ដែល​កើត​ឡើង​នៅ​បូព៌ា​ប្រទេស និង​ស្រុក​ខាង​ជើង​បណ្ដាល​អោយ​ស្ដេច​បារម្ភ​ក្រៃលែង។ ស្ដេច​ពោរពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​ទៅ​កំទេច​ស្រុក​នានា ព្រម​ទាំង​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន។ ៤៥ ស្ដេច​នឹង​សង់​ពន្លា​នៅ​ចន្លោះ​សមុទ្រ​ទាំង​ពីរ គឺ​នៅ​ជិត​ភ្នំ​ដ៏​រុងរឿង​វិសុទ្ធ។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាត់​បង់​ជីវិត​ទៅ ដោយ​ឥត​មាន​នរណា​ជួយ​ឡើយ។