៧
១ កេរ្តិ៍ឈ្មោះល្អ
ប្រសើរជាងទឹកអប់ដ៏ក្រអូប
ហើយថ្ងៃស្លាប់ ក៏ប្រសើរជាងថ្ងៃកើតដែរ។
២ ចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ
ប្រសើរជាងចូលទៅក្នុងផ្ទះដែលគេជប់លៀង
ដ្បិតអ្នកដែលនៅរស់ត្រូវចងចាំថាសេចក្ដីស្លាប់
ជាចុងបញ្ចប់របស់មនុស្សគ្រប់ៗរូប។
៣ ទុក្ខព្រួយប្រសើរជាងសើចសប្បាយ
ដ្បិតទឹកមុខក្រៀមក្រំអាចបង្កប់នូវ
ចិត្តអរសប្បាយ។
៤ មនុស្សមានប្រាជ្ញាតែងចូលចិត្តនៅជាមួយ
អ្នកមានទុក្ខ
រីឯមនុស្សលេលាចូលចិត្តតែកន្លែងណា
ដែលមានការសប្បាយ។
៥ ស្ដាប់ពាក្យស្ដីបន្ទោសរបស់មនុស្សមានប្រាជ្ញា
ប្រសើរជាងស្ដាប់ពាក្យបញ្ចើចបញ្ចើរបស់
មនុស្សល្ងីល្ងើ។
៦ សំណើចរបស់មនុស្សលេលាប្រៀបបីដូចជា
ស្នូរបន្លាដែលឆេះនៅពីក្រោមឆ្នាំង។
ត្រង់នេះ ក៏ឥតបានការអ្វីដែរ។
៧ ពេលណាអ្នកប្រាជ្ញប្រើអំណាចសង្កត់សង្កិន
អ្នកដទៃ
អ្នកប្រាជ្ញនោះក្លាយទៅជាមនុស្សលេលា
ហើយសំណូកក៏រមែងធ្វើអោយ
មនុស្សពុករលួយដែរ។
៨ បង្ហើយការងារអ្វីមួយ វិសេសជាងចាប់ផ្ដើម
ចិត្តអត់ធ្មត់ ក៏វិសេសជាងចិត្តអួតបំប៉ោងដែរ។
៩ កុំឆាប់មានចិត្តមួម៉ៅឡើយ
ដ្បិតមានតែមនុស្សលេលាប៉ុណ្ណោះ
ដែលរហ័សមួម៉ៅ។
១០ មិនត្រូវពោលថា «ហេតុអ្វីបានសម័យបុរាណប្រសើរជាងសព្វថ្ងៃ?» ដ្បិតសំណួរបែបនេះ មិនមែនមកពីប្រាជ្ញាទេ។
១១ ប្រាជ្ញាមានតម្លៃដូចកេរមត៌ក ហើយតែងតែផ្ដល់ផលប្រយោជន៍ អោយមនុស្សគ្រប់ៗរូប។ ១២ ស្ថិតនៅក្រោមម្លប់ប្រាជ្ញាក៏ដូចជាស្ថិតនៅក្រោមម្លប់របស់ប្រាក់ដែរ។ គុណប្រយោជន៍នៃចំណេះដឹងមានដូចតទៅ: ប្រាជ្ញាតែងតែផ្ដល់អាយុយឺនយូរដល់អ្នកដែលមានប្រាជ្ញា។
១៣ ចូរសង្កេតមើលកិច្ចការដែលព្រះជាម្ចាស់ធ្វើ។ អ្វីៗដែលព្រះអង្គធ្វើអោយកោង នោះគ្មាននរណាអាចពត់អោយត្រង់បានឡើយ។
១៤ នៅថ្ងៃមានសុភមង្គល ចូរសប្បាយរីករាយ ហើយនៅថ្ងៃមានទុក្ខវេទនា ចូររិះគិតពិចារណា។ ព្រះជាម្ចាស់ធ្វើអោយមានសុភមង្គល និងទុក្ខវេទនា ដើម្បីកុំអោយមនុស្សដឹងថា អនាគតនឹងទៅជាយ៉ាងណា។
អំពើបាបរបស់មនុស្ស
១៥ ក្នុងជីវិតដ៏ឥតន័យរបស់ខ្ញុំនេះ ខ្ញុំបានសង្កេតឃើញហេតុការណ៍គ្រប់យ៉ាង។ ខ្ញុំឃើញមនុស្សសុចរិតបាត់បង់ជីវិត ព្រោះតែអំពើសុចរិត ហើយមនុស្សទុច្ចរិតមានអាយុវែងដោយសារអំពើទុច្ចរិតរបស់ខ្លួន។ ១៦ កុំសុចរិតជ្រុលពេក ហើយក៏កុំបង្ហាញថាខ្លួនមានប្រាជ្ញាជ្រុលពេកដែរ ក្រែងនាំអោយខ្លួនវិនាស។ ១៧ កុំបណ្ដោយខ្លួនអោយអាក្រក់ហួសហេតុ ហើយក៏កុំលេលាអោយសោះ ក្រែងនាំអោយខ្លួនអាយុខ្លី។ ១៨ ត្រូវតែទទួលយកយោបល់ទាំងពីរនេះ ដ្បិតអ្នកដែលកោតខ្លាចព្រះជាម្ចាស់ នៅពេលស្ថានភាពទាំងពីរកើតមាន គេតែងតែមានច្រកចេញជានិច្ច។
១៩ ប្រាជ្ញារមែងធ្វើអោយអ្នកប្រាជ្ញមានកម្លាំង ជាងអភិបាលដប់នាក់នៅក្នុងក្រុងមួយទៅទៀត។ ២០ នៅលើផែនដីនេះ គ្មានមនុស្សណាម្នាក់សុចរិតធ្វើតែអំពើល្អ ហើយមិនប្រព្រឹត្តអំពើបាបនោះឡើយ។
២១ ហេតុនេះកុំយកចិត្តទុកដាក់ស្ដាប់ពាក្យសំដីទាំងប៉ុន្មាន ដែលមនុស្សម្នានិយាយឡើយ បើមិនដូច្នោះទេក្រែងលោអ្នកឮខ្ញុំបំរើរបស់អ្នកនិយាយអាក្រក់ពីអ្នក។ ២២ អ្នកដឹងខ្លួនស្រាប់ហើយថា អ្នកក៏ធ្លាប់និយាយអាក្រក់ពីអ្នកដទៃ ជាច្រើនលើកច្រើនសាដែរ។
២៣ ខ្ញុំពិនិត្យពិច័យមើលហេតុការណ៍ទាំងនេះដោយប្រើប្រាជ្ញា ហើយខ្ញុំគិតថាខ្ញុំនឹងមានប្រាជ្ញា តែប្រាជ្ញាស្ថិតនៅឆ្ងាយពីខ្ញុំនៅឡើយ។ ២៤ អ្វីៗដែលមានសព្វថ្ងៃ ហាក់ដូចជានៅឆ្ងាយហើយជ្រៅបំផុត គ្មាននរណាអាចយល់បានទេ។ ២៥ ខ្ញុំយកចិត្តទុកដាក់ស្វែងយល់ ខិតខំពិចារណា ព្រមទាំងស្វែងរកប្រាជ្ញា និងវិចារណញ្ញាណ។ ខ្ញុំក៏យល់ថាអំពើអាក្រក់ជាការឆោតល្ងង់ ហើយភាពល្ងីល្ងើជាការលេលាបំផុត។ ២៦ ខ្ញុំបានឃើញទៀតថា ស្ត្រីៗជាអន្ទាក់ដែលនាំអោយខ្លោចផ្សាជាងសេចក្ដីស្លាប់ទៅទៀត។ សេចក្ដីស្រឡាញ់របស់នាងប្រៀបដូចជាសំណាញ់ ហើយដៃរបស់នាងប្រៀបដូចជាចំណង។ អ្នកដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់រមែងគេចផុតពីនាង រីឯអ្នកមានបាបតែងតែធ្លាក់ក្នុងកណ្ដាប់ដៃរបស់នាង។
២៧ សាស្ដាមានរាជឱង្ការទៀតថា៖ ខ្ញុំយល់ឃើញដូចតទៅ: ខ្ញុំបានសង្កេតមើលហេតុការណ៍ទាំងនេះម្ដងមួយៗ ដើម្បីស្វែងរកហេតុផល ២៨ ក៏ប៉ុន្តែ ខ្ញុំរកមិនទាន់ឃើញទេ ហើយខ្ញុំចេះតែស្វែងរកបន្តទៀត។ ក្នុងចំណោមបុរសមួយពាន់នាក់ ខ្ញុំរកបានម្នាក់ដែលគួរគោរព ប៉ុន្តែ ក្នុងចំណោមស្ត្រីទាំងអស់ សូម្បីតែម្នាក់ក៏ខ្ញុំរកពុំបានដែរ។ ២៩ ខ្ញុំគ្រាន់តែយល់ឃើញថា ព្រះជាម្ចាស់បង្កើតមនុស្សមកអោយបានទៀងត្រង់ តែមនុស្សធ្វើអោយខ្លួនឯងក្លាយជាស្មុគស្មាញយ៉ាងច្រើនទៅវិញ។