២
ព្រះអម្ចាស់ត្រាស់ហៅលោកអេសេគាល
១ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។ ២ ពេលព្រះអង្គមានព្រះបន្ទូលដូច្នោះហើយ ព្រះវិញ្ញាណក៏យាងចូលមកគង់នៅក្នុងខ្ញុំធ្វើអោយខ្ញុំអាចក្រោកឈរឡើងបាន ហើយស្ដាប់ព្រះអង្គមានព្រះបន្ទូល។
៣ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងចាត់អ្នកអោយទៅរកជនជាតិអ៊ីស្រាអែល គឺទៅរកប្រជាជាតិដែលបះបោរប្រឆាំងនឹងយើង។ ពួកគេបះបោរប្រឆាំងនឹងយើងរហូតដល់សព្វថ្ងៃ ដូចដូនតារបស់ពួកគេដែរ។ ៤ ពួកគេជាកូនក្បាលរឹង និងមានចិត្តចចេសទៀតផង។ យើងចាត់អ្នកអោយទៅរកពួកគេ ហើយត្រូវនិយាយថា: “នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់”។ ៥ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាពូជអ្នកបះបោរ- ពួកគេនឹងដឹងថា មានព្យាការីមួយរូបស្ថិតនៅក្នុងចំណោមពួកគេ។ ៦ រីឯអ្នកវិញកូនមនុស្សអើយ កុំខ្លាចពួកគេឡើយ ហើយក៏កុំខ្លាចពាក្យដែលពួកគេប្រកែកតវ៉ានឹងអ្នកដែរ ដ្បិតពួកនោះប្រៀបដូចជាបន្លា និងអញ្ចាញ អ្នកនឹងអង្គុយជាមួយមនុស្សដែលមានចិត្តដូចខ្យាដំរី។ កុំខ្លាចពាក្យរបស់ពួកគេ ហើយក៏កុំញ័ររន្ធត់ ដោយឃើញទឹកមុខរបស់ពួកគេឡើយ ដ្បិតពួកគេជាពូជអ្នកបះបោរ។ ៧ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាមនុស្សបះបោរ - អ្នកត្រូវតែនាំពាក្យយើងទៅប្រាប់ពួកគេ។ ៨ កូនមនុស្សអើយ ចូរស្ដាប់សេចក្ដីដែលយើងប្រាប់! កុំមានចិត្តរឹងរូសដូចពូជបះបោរនេះឡើយ ចូរហាមាត់ ហើយបរិភោគអាហារដែលយើងនឹងអោយអ្នកនៅពេលនេះ»។
៩ ពេលនោះ ខ្ញុំក្រឡេកមើលទៅ ឃើញដៃមួយកាន់ក្រាំងហុចមកអោយខ្ញុំ។ ១០ ដៃនោះបើកក្រាំង នៅចំពោះមុខខ្ញុំក្រាំងនោះមានសរសេរទាំងខាងក្នុងទាំងខាងក្រៅ ដែលកត់ត្រាសុទ្ធតែពាក្យសំណោក ពាក្យទំនួញ និងពាក្យត្អូញត្អែរ។