១០
លោកអេសេគាលនិមិត្តឃើញព្រះអម្ចាស់សាជាថ្មី
(សូមអាន ១:១-២៨)
១ ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកចេរូប៊ីន*។ ក្នុងលំហអាកាសនោះមានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។ ២ ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់បុរសដែលពាក់អាវទេសឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកចេរូប៊ីន ហើយយករងើកភ្លើងដែលកំពុងតែឆេះនៅចន្លោះពួកចេរូប៊ីនពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។
ខ្ញុំក៏ឃើញបុរសនោះចូលទៅ។ ៣ ពេលគាត់ទៅដល់ ពួកចេរូប៊ីនស្ថិតនៅខាងស្ដាំព្រះដំណាក់ ហើយមានពពកពាសពេញទីលានខាងក្នុង។ ៤ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតឡើងពីលើពួកចេរូប៊ីន ឆ្ពោះកាន់មាត់ទ្វារព្រះដំណាក់។ មានពពកនៅពេញព្រះដំណាក់ ហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់ព្រះអម្ចាស់។ ៥ សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។ ៦ ព្រះអម្ចាស់បង្គាប់ទៅបុរសដែលពាក់អាវទេសឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកចេរូប៊ីនមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។ ៧ ពេលនោះ ចេរូប៊ីនមួយលូកដៃទៅកាន់ភ្លើងដែលកំពុងឆេះនៅចន្លោះពួកចេរូប៊ីន ហើយយកភ្លើងហុចទៅអោយបុរសនោះ។ គាត់ក៏ទទួលយករួចចេញទៅ។ ៨ នៅក្រោមស្លាបរបស់ពួកចេរូប៊ីន មានហាក់ដូចជាដៃរបស់មនុស្សលេចចេញមក។
៩ ខ្ញុំក្រឡេកមើលទៅ ឃើញមានកង់បួននៅក្បែរពួកចេរូប៊ីន គឺនៅក្បែរចេរូប៊ីននីមួយៗមានកង់មួយ។ កង់ទាំងនោះភ្លឺចាំងដូចត្បូងពេជ្រ។ ១០ កង់ទាំងបួនមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ។ ដោយកង់ទាំងនោះមានទ្រង់ទ្រាយ និងមានរាងដូចៗគ្នា មើលទៅហាក់ដូចជាកង់មួយស្ថិតនៅក្នុងកង់មួយទៀត។ ១១ ពេលកង់ទាំងនោះវិលទៅមុខវាអាចវិលទៅទិសទាំងបួនដោយឥតងាករេ គឺវាវិលទៅមុខតាមទិសដែលមុខរបស់ចេរូប៊ីនបែរទៅគេ ដោយឥតងាករេឡើយ។ ១២ រូបកាយរបស់ចេរូប៊ីនទាំងមូល គឺខ្នង ដៃ ស្លាប មានផ្កាភ្លើងពាសពេញ ហើយតាមរង្វង់កង់របស់ចេរូប៊ីនទាំងបួនក៏មានផ្កាភ្លើងពាសពេញដែរ។ ១៣ ខ្ញុំឮគេហៅកង់ទាំងនោះថា “ខ្យល់កួច”។ ១៤ ចេរូប៊ីននីមួយៗមានមុខបួន។ មុខទីមួយដូចមុខចេរូប៊ីនមុខទីពីរដូចមុខមនុស្ស មុខទីបីដូចមុខសិង្ហ មុខទីបួនដូចមុខឥន្ទ្រី។ ១៥ ពួកចេរូប៊ីនទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។ ១៦ ពេលចេរូប៊ីនទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលចេរូប៊ីនទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។ ១៧ ពេលចេរូប៊ីនឈប់កង់ក៏ឈប់ ពេលចេរូប៊ីនឡើងកង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។
១៨ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតឡើងពីមាត់ទ្វារព្រះដំណាក់ ទៅសណ្ឋិតលើពួកចេរូប៊ីន។ ១៩ ខ្ញុំឃើញចេរូប៊ីនទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅលើចេរូប៊ីន ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ២០ ពេលនោះ ខ្ញុំដឹងថាសត្វលោក ដែលខ្ញុំបានឃើញនៅក្រោមព្រះនៃជនជាតិអ៊ីស្រាអែល ក្បែរទន្លេកេបារ គឺចេរូប៊ីននេះឯង។ ២១ ចេរូប៊ីននីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។ ២២ ចេរូប៊ីនទាំងនោះ មានមុខដូចសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ បេះបិទ។ ចេរូប៊ីននីមួយៗហើរទៅមុខយ៉ាងត្រង់។