២១
ដាវ​របស់​ព្រះអម្ចាស់
១ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ ២ «កូន​មនុស្ស​អើយ​ចូរ​បែរ​មុខ​ទៅ​រក​ក្រុង​យេរូសាឡឹម ហើយ​ប្រកាស​ប្រឆាំង​នឹង​កន្លែង​សក្ការៈ​ទាំងឡាយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ទឹក​ដី​អ៊ីស្រាអែល! ៣ ចូរ​ប្រាប់​ទឹក​ដី​អ៊ីស្រាអែល​ថា ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: យើង​ប្រឆាំង​នឹង​អ្នក​ហើយ! យើង​នឹង​ដក​ដាវ​ចេញ​ពី​ស្រោម ប្រហារ​ជីវិត​ប្រជាជន​របស់​អ្នក​ទាំង​មនុស្ស​សុចរិត ទាំង​មនុស្ស​ទុច្ចរិត។ ៤ ដាវ​របស់​យើង​នឹង​ចេញ​ពី​ស្រោម ប្រហារ​ជីវិត​មនុស្ស​លោក​ទាំង​អស់ តាំង​ពី​ទិស​ខាង​ត្បូង​រហូត​ដល់​ទិស​ខាង​ជើង ដ្បិត​យើង​ចង់​ដក​ជីវិត​ទាំង​មនុស្ស​សុចរិត​ទាំង​មនុស្ស​ទុច្ចរិត។ ៥ ពេល​នោះ មនុស្ស​លោក​ទាំង​អស់​នឹង​ទទួល​ស្គាល់​ថា គឺ​យើង​ជា​ព្រះអម្ចាស់ ដែល​បាន​ដក​ដាវ​ចេញ​ពី​ស្រោម ហើយ​ដាវ​នេះ​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រោម​វិញ​ឡើយ។ ៦ កូន​មនុស្ស​អើយ ចូរ​ស្រែក​ថ្ងូរ ទាំង​ឈឺ​ចាប់​ខ្លោចផ្សា ចូរ​ស្រែក​ថ្ងូរ​នៅ​ចំពោះ​មុខ​ពួក​គេ។ ៧ ពេល​ពួក​គេ​សួរ​អ្នក​ថា ហេតុ​អ្វី​បាន​ជា​លោក​ស្រែក​ថ្ងូរ​ដូច្នេះ? ត្រូវ​ឆ្លើយ​ទៅ​ពួក​គេ​វិញ​ថា: ខ្ញុំ​ស្រែក​ថ្ងូរ ព្រោះ​ខ្ញុំ​បាន​ទទួល​ដំណឹង​មួយ មនុស្ស​ទាំង​អស់​នឹង​ភ័យ​ស្លន់ស្លោ គេ​បាក់​ទឹក​ចិត្ត ហើយ​ទន់​ដៃ​ទន់​ជើង​ទាំង​អស់​គ្នា ដ្បិត​ហេតុការណ៍​នោះ​មក​ដល់​ហើយ» - នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ៩ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង! ចូរ​ពោល​ថា
ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ:
មើល​នែ៎ ដាវ!
គឺ​ដាវ​ដែល​គេ​សំលៀង និង​ខាត់​យ៉ាង​រលោង។
១០ គេ​សំលៀង​ដាវ​នេះ សំរាប់​ប្រហារ​ជីវិត
គេ​ខាត់​វា​យ៉ាង​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ។​
១១ គេ​ខាត់​ដាវ​យ៉ាង​រលោង​ដូច្នេះ
ដើម្បី​ប្រុង​ប្រៀប​ប្រហារ។
ដាវ​នេះ​ត្រូវ​បាន​សំលៀង និង​ខាត់​យ៉ាង​រលោង
សំរាប់​អោយ​ពេជ្ឈឃាត​ប្រើប្រាស់
១២ កូន​មនុស្ស​អើយ ចូរ​ស្រែក​ទ្រហោ​យំ​ទៅ!
ដ្បិត​គេ​ដក​ដាវ​នោះ
សំរាប់​ប្រហារ​ប្រជាជន​របស់​យើង
និង​មេ​ដឹក​នាំ​ទាំង​អស់​នៃ​ជន​ជាតិ​អ៊ីស្រាអែល។
ពួក​គេ​នឹង​ត្រូវ​ស្លាប់​ជា​មួយ​ប្រជាជន​របស់​យើង
ដូច្នេះ ចូរ​គក់​ទ្រូង​ទៅ!
១៣ ប្រជាជន​របស់​យើង
ត្រូវ​រង​ទុក្ខ​វេទនា​ជា​ពុំខាន
ប្រសិន​បើ​អំណាច​ត្រូវ​រលាយ​បាត់​ទៅ​ហើយ
នោះ​តើ​នៅ​សល់​អ្វី​ទៀត?
- នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់
១៤ «កូន​មនុស្ស​អើយ
ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ចុះ!
ចូរ​ទះ​ដៃ​ជា​សញ្ញា​ប្រកាស​ថា
សត្រូវ​នឹង​លើក​ដាវ​កាប់​ផ្ទួនៗ​គ្នា​ពីរ​បី​ដង
ដាវ​នេះ​ជា​ដាវ​ប្រល័យ​ជីវិត ដាវ​សម្លាប់​រង្គាល
និង​ដេញ​តាម​ពី​ក្រោយ​ប្រជាជន​របស់​យើង
១៥ ធ្វើ​អោយ​ពួក​គេ​បាក់​ទឹក​ចិត្ត
ហើយ​ដួល​ស្លាប់​បន្ត​បន្ទាប់​គ្នា។
យើង​ដាក់​ដាវ​នេះ​នៅ​មាត់​ទ្វារ​ផ្ទះ​ទាំង​អស់
ដើម្បី​សម្លាប់​ពួក​គេ។
ដាវ​នេះ​ភ្លឺ​រលោង ចាំង​ដូច​ផ្លេក​បន្ទោរ
សំរាប់​សម្លាប់​រង្គាល​ពួក​គេ។
១៦ ដាវ​អើយ ចូរ​ប្រើ​មុខ​ដ៏​មុត​របស់​ឯង!
ចូរ​វាត់​ទៅ​ខាង​ស្ដាំ វាត់​ទៅ​ខាង​ឆ្វេង!
តម្រង់​ទៅ​គ្រប់​ទិសទី!
១៧ ចំណែក​ឯ​យើង​វិញ យើង​ក៏​នឹង​ទះ​ដៃ​ដែរ
រហូត​ទាល់​តែ​ស្ងប់​កំហឹង​របស់​យើង
នេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះអម្ចាស់»។
ដាវ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន
១៨ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ១៩ «កូន​មនុស្ស​អើយ ចូរ​គូរ​ផ្លូវ​ពីរ​សំរាប់​ដាវ​របស់​ស្ដេច​ស្រុក​បាប៊ីឡូន ផ្លូវ​ទាំង​ពីរ​នេះ​ចេញ​ពី​ស្រុក​តែ​មួយ។ ចូរ​ដាក់​សញ្ញា​សំគាល់​នៅ​មាត់​ផ្លូវ​ដែល​នាំ​ទៅ​កាន់​ទីក្រុង​នីមួយៗ។ ២០ ចូរ​គូរ​ផ្លូវ​មួយ​នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបាត​ ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូសាឡឹម​ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹងមាំ។ ២១ ពេល​ស្ដេច​ស្រុក​បាប៊ីឡូន​មក​ដល់​ត្រង់​ផ្លូវ​បំបែក ហើយ​គន់គូរ​ចង់​ដឹង​ផ្លូវ​ដែល​ត្រូវ​ទៅ​ដោយ​អង្រួន​ព្រួញ​ផ្សង និង​សួរ​គ្រូ​។ ២២ ដៃ​ស្ដាំ​របស់​ស្ដេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូសាឡឹម ស្ដេច​ក៏​បញ្ជា​អោយ​គេ​រៀបចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល​ទាំង​ស្រែក​ហ៊ោ។ គេ​តំរៀប​គ្រឿង​សស្រ្ដាវុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សំរាប់​វាយ​លុក ព្រម​ទាំង​សង់​លេណដ្ឋាន​ទៀត​ផង។ ២៣ ប្រជាជន​ក្រុង​យេរូសាឡឹម​មិន​ចង់​ជឿ​ប្រផ្នូល​នេះ​ទេ ព្រោះ​ពួក​គេ​ពឹង​ផ្អែក​លើ​កិច្ច​សន្យា។ ប៉ុន្តែ ស្ដេច​ស្រុក​បាប៊ីឡូន​រំលឹក​ពួក​គេ​អំពី​កំហុស​របស់​ខ្លួន ហើយ​កៀរ​ពួក​គេ​ទៅ​ជា​ឈ្លើយ​សឹក»។ ២៤ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «អ្នក​រាល់​គ្នា​នឹក​ឃើញ​កំហុស​របស់​ខ្លួន ហើយ​នៅ​តែ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​អំពើ​បាប​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ អ្នក​រាល់​គ្នា​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ​មិន​ខាន។
២៥ ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន​ជាតិ​អ៊ីស្រាអែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។ ២៦ ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ថា៖ «គេ​នឹង​យក​ឆ្នួត​ចេញ​ពី​ក្បាល​អ្នក គេ​នឹង​ដក​មកុដ​រាជ្យ​ចេញ​ពី​អ្នក។ សភាពការណ៍​នឹង​ផ្លាស់​ប្រែ គឺ​មនុស្ស​ទន់ទាប​នឹង​ត្រូវ​គេ​លើក​តម្កើង រីឯ​អ្នក​ខ្ពង់ខ្ពស់​នឹង​ត្រូវ​គេ​បន្ទាប​ចុះ​វិញ។ ២៧ ការ​វិនាស​នឹង​កើត​មាន​ផ្ទួនៗ​គ្នា គឺ​យើង​នឹង​ធ្វើ​អោយ​ក្រុង​នេះ​វិនាស។ ប៉ុន្តែ មិន​មែន​មុន​ការ​មក​ដល់​របស់​អ្នក ដែល​យើង​ប្រគល់​អំណាច​អោយ​ដាក់​ទោស​ក្រុង​នេះ​ឡើយ។
ដាវ​នឹង​ប្រហារ​ជន​ជាតិ​អាំម៉ូន
២៨ កូន​មនុស្ស​អើយ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ទៅ! ចូរ​ពោល​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ស្ដី​អំពី​ជន​ជាតិ​អាំម៉ូន​ដែល​បាន​ប្រមាថ​ជន​ជាតិ​អ៊ីស្រាអែល​ដូច​ត​ទៅ: “ដាវ! ដាវ​ដក​ចេញ​ពី​ស្រោម ហើយ​ខាត់​យ៉ាង​រលោង ចាំង​ពន្លឺ​ដូច​ផ្លេក​បន្ទោរ សំរាប់​សម្លាប់​រង្គាល និង​ផ្ដាច់​ជីវិត។ ២៩ ពេល​អ្នក​អះអាង​លើ​និមិត្តហេតុ​បោក​ប្រាស់ និង​ការ​ទស្សន៍ទាយ​បោក​បញ្ឆោត គេ​នឹង​ត្រៀម​ដាវ​កាត់​ក​អ្នក​ដែល​ជា​មនុស្ស​ទុច្ចរិត និង​ជា​មនុស្ស​អាក្រក់ ព្រោះ​ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!។
៣០ ចូរ​ស៊ក​ដាវ​ក្នុង​ស្រោម​វិញ​ទៅ។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក នៅ​កន្លែង​ដែល​អ្នក​កើត គឺ​ស្រុក​កំណើត​របស់​អ្នក។ ៣១ យើង​នឹង​ជះ​កំហឹង​របស់​យើង​លើ​អ្នក យើង​នឹង​ផ្លុំ​ភ្លើង​នៃ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​កំរោល ដែល​ប៉ិនប្រសប់​ខាង​បំផ្លាញ។ ៣២ អ្នក​នឹង​វិនាស​នៅ​ក្នុង​ភ្លើង ឈាម​របស់​អ្នក​នឹង​ដក់​នៅ​ក្នុង​ស្រុក ហើយ​ក៏​គ្មាន​នរណា​នឹក​ដល់​អ្នក​ទៀត​ដែរ”។ នេះ​ជា​ពាក្យ​របស់​យើង ដែល​ជា​ព្រះអម្ចាស់»។