២៣
អំពើបាបរបស់ក្រុងសាម៉ារី និងក្រុងយេរូសាឡឹម
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖ ២ «កូនមនុស្សអើយ មានស្ត្រីពីរនាក់ជាបងប្អូនបង្កើត។ ៣ កាលនៅពីក្មេង នាងទាំងពីររស់នៅក្នុងស្រុកអេស៊ីប ហើយបានខូចខ្លួនដោយប្រព្រឹត្តអំពើពេស្យាចារ។ ៤ នាងបងឈ្មោះ អូហូឡា នាងប្អូនឈ្មោះ អូហូលីបា។ ពីមុននាងទាំងពីរជាភរិយារបស់យើង នាងបង្កើតបានកូនប្រុសកូនស្រី។ អូហូឡាគឺក្រុងសាម៉ារី រីឯអូហូលីបាគឺក្រុងយេរូសាឡឹម។ ៥ អូហូឡាបានក្បត់ចិត្តយើងទៅប្រព្រឹត្តពេស្យាចារ ហើយបែរទៅសហាយស្មន់ជាមួយពួកអាស្ស៊ីរីជាទាហាន ៦ ដែលស្លៀកពាក់ក្រណាត់ពណ៌ស្វាយជាទេសាភិបាល និងចៅក្រម។ អ្នកទាំងនោះមានវ័យក្មេង និងរូបរាងសង្ហា ហើយសុទ្ធសឹងជាអ្នកជិះសេះដ៏ចំណាន។ ៧ នាងប្រគល់ខ្លួនទៅអោយវីរបុរសអាស្ស៊ីរីទាំងនោះ។ ពេលនាងខូចខ្លួនជាមួយសហាយទាំងប៉ុន្មានរបស់នាង នាងបានធ្វើអោយខ្លួនទៅជាសៅហ្មង ដោយគោរពព្រះក្លែងក្លាយទាំងប៉ុន្មានរបស់ពួកគេ។ ៨ នាងពុំបានលះបង់អំពើពេស្យាចារដែលខ្លួនធ្លាប់ប្រព្រឹត្ត តាំងពីនៅស្រុកអេស៊ីបនោះឡើយ កាលនៅពីក្មេង នាងប្រគល់ខ្លួនទៅអោយប្រុសៗ ពួកគេបង្ខូចព្រហ្មចារីរបស់នាងធ្វើអោយនាងក្លាយទៅជាស្រីពេស្យា។ ៩ ហេតុនេះហើយបានជាយើងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់សហាយនាង គឺជនជាតិអាស្ស៊ីរីដែលនាងឈ្លក់ចិត្តជាខ្លាំងនោះ។ ១០ ពួកគេធ្វើអោយនាងនៅខ្លួនទទេ ពួកគេចាប់កូនប្រុសកូនស្រីរបស់នាង ហើយប្រហារជីវិតនាងដោយមុខដាវ។ ពួកគេដាក់ទោសនាង ទុកជាមេរៀនដល់ស្ត្រីឯទៀតៗ។
១១ ពេលអូហូលីបាជាប្អូនឃើញដូច្នេះ នាងមានតណ្ហាអាក្រក់ ខ្លាំងជាងបងទៅទៀត។ នាងប្រព្រឹត្តអំពើពេស្យាចារអាក្រក់លើសបងរបស់ខ្លួន។ ១២ នាងឈ្លក់ចិត្តនឹងជនជាតិអាស្ស៊ីរីជាទាហានទេសាភិបាល និងចៅក្រម។ អ្នកទាំងនោះស្លៀកពាក់យ៉ាងស្អាតជាអ្នកជិះសេះដ៏ចំណានមានវ័យក្មេង និងរូបរាងសង្ហា។ ១៣ យើងឃើញនាងខូចខ្លួន ទាំងបងទាំងប្អូនដើរតាមផ្លូវតែមួយ។ ១៤ នាងប្រព្រឹត្តអំពើពេស្យាចារបែបនេះហើយ នៅតែមិនអស់ចិត្តទៀត។ នាងឃើញរូបប្រុសៗដែលគេឆ្លាក់នៅតាមជញ្ជាំង គឺរូបចម្លាក់របស់ជនជាតិខាល់ដេ គូរដោយពណ៌ក្រហម ១៥ មានខ្សែក្រវាត់នៅជុំវិញចង្កេះ មានឆ្នួតដ៏ឆើតឆាយរុំជុំវិញក្បាល។ រូបទាំងនោះមានទំនងជាមេដឹកនាំ និងមានទ្រង់ទ្រាយជាជនជាតិបាប៊ីឡូននៅស្រុកខាល់ដេ ដែលជាមាតុភូមិរបស់ពួកគេ។ ១៦ ពេលឃើញរូបទាំងនោះ នាងចាប់ចិត្តស្នេហាភ្លាម ហើយចាត់អ្នកនាំសារទៅស្រុកខាល់ដេ។ ១៧ ជនជាតិបាប៊ីឡូននាំគ្នាមករកនាង ដើម្បីរួមដំណេកជាមួយនាង ហើយបង្ខូចនាងអោយក្លាយទៅជាស្រីពេស្យា។ នាងបានខូចខ្លួនជាមួយពួកគេ រហូតដល់នាងស្អប់ខ្ពើមពួកគេ។ ១៨ នាងបង្ហាញអោយគ្រប់គ្នាឃើញថា ខ្លួនជាស្រីពេស្យា នាងបើកកេរខ្មាសអោយគេឃើញ។ ហេតុនេះយើងស្អប់ខ្ពើមនាងដូចយើងស្អប់ខ្ពើមបងស្រីរបស់នាងដែរ។ ១៩ កាលនាងនឹកឃើញគ្រាដែលនាងនៅក្មេង គឺគ្រាដែលនាងធ្វើជាស្រីពេស្យានៅស្រុកអេស៊ីប នាងរឹតតែប្រព្រឹត្តអំពើពេស្យាចារកាន់តែច្រើនឡើងៗ។ ២០ នាងឈ្លក់ចិត្តនឹងពួកសហាយរបស់នាង ដែលមានសាច់ឈាមដូចសត្វលា និងពូកែចែចង់ដូចសេះឈ្មោល។ ២១ នាងចង់ប្រព្រឹត្តអំពើថោកទាប ដូចនាងធ្លាប់ប្រព្រឹត្តកាលនៅពីក្មេង គឺនៅគ្រាដែលពួកអេស៊ីបប៉ះពាល់ដើមទ្រូងរបស់នាង និងធ្វើអោយនាងខូចព្រហ្មចារី»។
២២ ហេតុនេះអូហូលីបាអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងនាំសហាយរបស់នាង គឺអស់អ្នកដែលនាងស្អប់ខ្ពើមនោះអោយមកប្រឆាំងនឹងនាង។ យើងនឹងនាំពួកគេមកវាយប្រហារនាងពីគ្រប់ទិសទី។ ២៣ ជនជាតិបាប៊ីឡូន និងជនជាតិខាល់ដេទាំងអស់ អ្នកស្រុកពេកុដ សូអា និងកូអា ព្រមទាំងជនជាតិអាស្ស៊ីរីទាំងប៉ុន្មានក៏លើកគ្នាមកដែរ អ្នកទាំងនោះមានវ័យក្មេង និងរូបរាងសង្ហា ពួកគេសុទ្ធតែជាទេសាភិបាល និងមេដឹកនាំ ជានាយទាហានដ៏ខ្ពង់ខ្ពស់ ហើយសុទ្ធតែជាអ្នកជិះសេះដ៏ចំណាន។ ២៤ ពួកគេលើកគ្នាពីទិសខាងជើងមកវាយប្រហារនាង ដោយមានរទេះសេះ រទេះចំបាំង និងពលទាហានដ៏ច្រើន។ ពួកគេឡោមព័ទ្ធនាងគ្រប់ទិសទី ដោយមានខែលតូចធំ និងមួកដែក។ យើងនឹងប្រគល់សំណុំរឿងរបស់នាង ទៅអោយពួកគេ ហើយពួកគេនឹងវិនិច្ឆ័យទោសនាង តាមច្បាប់របស់ពួកគេ។ ២៥ ដោយយើងមានចិត្តប្រច័ណ្ឌ យើងនឹងបណ្ដោយអោយពួកគេធ្វើបាបនាងយ៉ាងឃោរឃៅ ពួកគេកាត់ច្រមុះ និងកាត់ត្រចៀកនាង ព្រមទាំងសម្លាប់កូនចៅរបស់នាងដោយមុខដាវ ពួកគេនឹងយកកូនប្រុសកូនស្រីរបស់នាងទៅដុតទាំងរស់។ ២៦ ពួកគេនឹងយកសម្លៀកបំពាក់ ព្រមទាំងគ្រឿងអលង្ការចេញពីនាង។ ២៧ យើងនឹងបញ្ឈប់នាង លែងអោយប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារដែលនាងធ្លាប់ប្រព្រឹត្តតាំងពីនៅស្រុកអេស៊ីបរហូតតរៀងមក។ នាងលែងជំពាក់ចិត្តលើសហាយរបស់នាង ហើយក៏លែងនឹកនាដល់ស្រុកអេស៊ីបទៀតដែរ។
២៨ យើងជាព្រះជាអម្ចាស់ យើងប្រាប់អោយនាងដឹងថា យើងនឹងប្រគល់នាងទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលនាងស្អប់ គឺអស់អ្នកដែលនាងជិនណាយ។ ២៩ ពួកគេនឹងប្រព្រឹត្តចំពោះនាងដោយចិត្តស្អប់ ពួកគេនឹងរឹបអូសយកអ្វីៗទាំងអស់ដែលនាងខំប្រឹងរក ហើយទុកអោយនាងនៅខ្លួនទទេ។ មនុស្សម្នានឹងឃើញកេរខ្មាសរបស់នាង គេនឹងដឹងថានាងជាស្រីពេស្យា។ ៣០ គេប្រព្រឹត្តចំពោះនាងដូច្នេះ មកពីនាងប្រព្រឹត្តអំពើថោកទាប និងអំពើពេស្យាចារ តាមប្រជាជាតិនានា ព្រមទាំងធ្វើអោយខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់ពួកគេ។ ៣១ នាងបានដើរតាមផ្លូវរបស់បងស្រីនាង ហេតុនេះយើងនឹងអោយពែងនៃទុក្ខទោសដល់នាង ដូចបងស្រីរបស់នាងដែរ»។
៣២ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖
«នាងនឹងផឹកពីពែងនៃទុក្ខទោស
ដូចបងស្រីរបស់នាង
ពែងនេះធំ ហើយជ្រៅថែមទៀតផង។
មនុស្សម្នានឹងសើចចំអកមើលងាយនាង
ព្រោះពែងនោះពេញបរិបូណ៌។
៣៣ នាងនឹងវង្វេងស្មារតីដោយរងទុក្ខជាខ្លាំង
ដ្បិតពែងនោះជាពែងនៃការភ័យខ្លាច
និងការវិនាសហិនហោច
គឺពែងរបស់សាម៉ារី ជាបងស្រីនាង។
៣៤ នាងនឹងផឹក រហូតទាល់តែអស់ពីពែង
រួចនាងខាំបំបែកពែងនោះជាច្រើនបំណែក
ហើយយកអំបែងមកឆូតសាច់ខ្លួនឯង
ដូចយើងបាននិយាយទុកមែន»
- នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
៣៥ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖
«ដោយនាងបានបំភ្លេចយើង
ដោយនាងបែរខ្នងដាក់យើង
នាងនឹងត្រូវរងទុក្ខទោស
ព្រោះតែអំពើថោកទាប
និងអំពើពេស្យាចាររបស់ខ្លួន»។
ការវិនិច្ឆ័យទោស ក្រុងសាម៉ារី និងក្រុងយេរូសាឡឹម
៣៦ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោសអូហូឡា និងអូហូលីបាទៅ! ចូររៀបរាប់អោយនាងទាំងពីរស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួន ៣៧ ដ្បិតនាងទាំងពីរបានប្រព្រឹត្តអំពើផិតក្បត់ ហើយដៃប្រឡាក់ទៅដោយឈាម។ ពួកនាងបានប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះក្លែងក្លាយ ព្រមទាំងយកកូនដែលនាងបានបង្កើតអោយយើងទៅដុត សែនព្រះទាំងនោះទៀតផង។ ៣៨ មិនតែប៉ុណ្ណោះសោត នៅថ្ងៃដដែលនោះ ពួកនាងប្រព្រឹត្តអាក្រក់ចំពោះយើងថែមទៀត គឺធ្វើអោយទីសក្ការៈរបស់យើងទៅជាសៅហ្មង និងរំលោភលើថ្ងៃសប្ប័ទ*របស់យើង។ ៣៩ ក្នុងថ្ងៃតែមួយ ពួកនាងសម្លាប់កូនរបស់ខ្លួនសែនព្រះក្លែងក្លាយ រួចចូលទៅប្រមាថទីសក្ការៈរបស់យើង។ នេះហើយជាអំពើដែលពួកនាងប្រព្រឹត្តនៅក្នុងដំណាក់របស់យើង។
៤០ លើសពីនេះពួកនាងបានចាត់អ្នកនាំសារទៅរកប្រុសៗនៅស្រុកឆ្ងាយ និងហៅគេអោយមក។ អ្នកទាំងនោះក៏នាំគ្នាមក។ នាងងូតទឹកដើម្បីទទួលពួកគេ ដោយផាត់ម្សៅ និងពាក់គ្រឿងអលង្ការទៀតផង។ ៤១ នាងអង្គុយនៅលើគ្រែតាក់តែងយ៉ាងស្អាត នៅមុខមានតុមួយដែលនាងយកគ្រឿងក្រអូប និងប្រេងរបស់យើងមកដាក់ទទួលពួកគេ។ ៤២ សំរែករបស់មនុស្សដ៏ច្រើនកុះករ ដែលគ្មានកង្វល់អ្វីបានលាន់ឮឡើង ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សមួយចំនួនដែលមកពីគ្រប់ទិសតំបន់នៃវាលរហោស្ថាន គេបានពាក់កងដៃអោយនាងទាំងពីរ និងពាក់មកុដដ៏ល្អប្រណីតនៅលើក្បាលផង។ ៤៣ ពេលនោះ យើងក៏ឧទានឡើងថា “មើលចុះ សូម្បីស្រីដែលបាត់បង់សម្ផស្សដោយសារអំពើពេស្យាចារក៏នៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដែរ!”។ ៤៤ ពួកគេទៅរកនាង ដូចទៅរកស្រីពេស្យា គឺពួកគេទៅរកនាងអូហូឡា និងនាងអូហូលីបាជាស្រីថោកទាប។ ៤៥ ប៉ុន្តែ មនុស្សសុចរិតនឹងវិនិច្ឆ័យទោសស្រីទាំងពីរនោះ ដូចគេវិនិច្ឆ័យទោសស្រីផិតក្បត់ និងស្រីដែលសម្លាប់គេ ដ្បិតនាងទាំងពីរជាស្រីផិតក្បត់ ហើយដៃប្រឡាក់ដោយឈាម»។
៤៦ ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ចូរកោះហៅមនុស្សម្នាអោយមកជួបជុំគ្នាប្រឆាំងនឹងនាងទាំងពីរ។ យើងនឹងធ្វើអោយនាងភ័យតក់ស្លុត ហើយអោយគេរឹបអូសយកទ្រព្យសម្បត្តិរបស់នាង។ ៤៧ ចូរយកដុំថ្មគប់នាងទាំងពីរ ចូរសម្លាប់នាងទាំងពីរ ដោយមុខដាវ ចូរសម្លាប់កូនប្រុសកូនស្រីរបស់នាង ព្រមទាំងដុតកំទេចផ្ទះរបស់នាងទៀតផង។ ៤៨ យើងនឹងបំបាត់អំពើប្រាសចាកសីលធម៌អោយអស់ពីក្នុងស្រុក។ ស្ត្រីទាំងអស់នឹងយករឿងនេះទុកជាមេរៀន ហើយមិនប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដូចនាងទៀតឡើយ។ ៤៩ នាងទាំងពីរនឹងទទួលទោស តាមអំពើប្រាសចាកសីលធម៌ និងអំពើបាបដែលនាងប្រព្រឹត្តដោយគោរពព្រះក្លែងក្លាយ។ ពេលនោះ នាងនឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន»។