២៨
ស្ដេចក្រុងទីរ៉ុសអស់រាជ្យ
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២ «កូនមនុស្សអើយចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិតអ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។ ៣ អ្នកអួតខ្លួនថា មានប្រាជ្ញាជាងដានីយ៉ែល ហើយថាគ្មានការអ្វីលាក់កំបាំងចំពោះអ្នកឡើយ។ ៤ ដោយសារប្រាជ្ញា និងតម្រិះវៃឆ្លាត អ្នកប្រមូលទ្រព្យសម្បត្តិ មាស និងប្រាក់យកមកទុកក្នុងឃ្លាំងរបស់ខ្លួន។ ៥ ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញអោយអ្នកអួតបំប៉ោង! ៦ ហេតុនេះហើយបានជា ព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយអ្នកលើកខ្លួនស្មើនឹងព្រះដូច្នេះ ៧ យើងនឹងនាំជនបរទេស ដែលកាចសាហាវក្នុងចំណោមប្រជាជាតិនានាមក ពួកគេនឹងហូតដាវបំផ្លាញស្នាដៃនៃប្រាជ្ញាដ៏វាងវៃរបស់អ្នក គេនឹងបន្ទាបបន្ថោក ព្រមទាំងបំផ្លាញភាពរុងរឿងរបស់អ្នកទៀតផង។ ៨ ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្ដៅ អ្នកនឹងត្រូវស្លាប់ ដោយគេចាក់ទម្លុះនៅកណ្ដាលសមុទ្រ។ ៩ នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។ ១០ អ្នកនឹងត្រូវស្លាប់ដោយដៃជនបរទេស ដូចជនមិនស្គាល់ព្រះជាម្ចាស់ ដ្បិតយើងហើយ ដែលប្រកាសការនេះ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
១១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
១២ «កូនមនុស្សអើយ ចូរលើកបទទំនួញអំពីស្ដេចក្រុងទីរ៉ុស! ចូរប្រាប់ស្ដេចនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកជាគំរូពេញលក្ខណៈ អ្នកពោរពេញទៅដោយប្រាជ្ញាវាងវៃ ព្រមទាំងមានសម្ផស្សយ៉ាងល្អឥតខ្ចោះ។ ១៣ អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់ព្រះជាម្ចាស់ដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹម ត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្ដៀង ត្បូងនិលរ័ត្ន មរកត និងមាស។ មានស្គរ និងខ្លុយនៅចាំលេងកំដរអ្នកជាស្រេច តាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។ ១៤ អ្នកជាចេរូប៊ីន*ត្រដាងស្លាប ដែលយើងបានតែងតាំងអោយការពារ យើងបានដាក់អ្នកនៅលើភ្នំរបស់យើង អ្នកដើរនៅកណ្ដាលថ្មដ៏ភ្លឺផ្លេក។ ១៥ ចាប់តាំងពីថ្ងៃដែលយើងបង្កើតអ្នក រហូតមកដល់ថ្ងៃដែលគេឃើញភាពទុច្ចរិតនៅក្នុងអ្នក អ្នកធ្លាប់តែមានកិរិយាមារយាទល្អឥតខ្ចោះ។ ១៦ ការរីកចំរើននៃជំនួញរបស់អ្នក នាំអោយអ្នកពោរពេញដោយអំពើឃោរឃៅ និងអំពើបាប។ ហេតុនេះយើងដេញអ្នកចុះពីភ្នំរបស់យើង អោយអ្នកក្លាយទៅជាមនុស្សសាមញ្ញ។ ចេរូប៊ីនដែលជាអ្នកការពារអើយ យើងដេញអ្នកចេញពីចំណោមថ្មដ៏ភ្លឺផ្លេក។ ១៧ អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើអោយខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដី យើងធ្វើទោសអ្នកអោយស្ដេចនានាឃើញ។ ១៨ អ្នកបានបង្អាប់ទីសក្ការៈរបស់យើង ដោយសារអំពើបាបដ៏ច្រើនឥតគណនា និងដោយសារជំនួញដ៏ទុច្ចរិតរបស់អ្នក។ យើងនឹងធ្វើអោយមានភ្លើងចេញពីអ្នក ឆេះបន្សុសអ្នក យើងនឹងកំទេចអ្នកអោយទៅជាផេះនៅលើផែនដី ដើម្បីអោយមនុស្សម្នាបានឃើញ។ ១៩ ជាតិសាសន៍នានាដែលស្គាល់អ្នកនឹងងឿងឆ្ងល់ ដោយឃើញអ្នកធ្លាក់ខ្លួនដូច្នេះ ពួកគេភ័យតក់ស្លុត ហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។
ព្រះបន្ទូលស្ដីអំពីក្រុងស៊ីដូន
២០ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ ២១ «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងស៊ីដូន ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងក្រុងនោះទៅ! ២២ ត្រូវពោលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសំរេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ហើយយើងនឹងសំដែងអោយអ្នកក្រុងនេះឃើញថា យើងជាព្រះដ៏វិសុទ្ធ។ ២៣ យើងនឹងធ្វើអោយជំងឺរាតត្បាត កើតមាននៅក្នុងទីក្រុង យើងនឹងធ្វើអោយឈាមហូរដាបនៅតាមដងផ្លូវ ខ្មាំងសត្រូវវាយប្រហារពីគ្រប់ទិសទី ធ្វើអោយពួកគេបរាជ័យដួលស្លាប់នៅក្នុងទីក្រុង ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”។
អ៊ីស្រាអែលនឹងទទួលព្រះពរ
២៤ ក្នុងចំណោមប្រជាជាតិនានាដែលនៅជុំវិញ គ្មាននរណាមាក់ងាយកូនចៅអ៊ីស្រាអែល គឺគ្មាននរណាធ្វើបាបពួកគេអោយឈឺចាប់ ដូចមុតបន្លាទៀតឡើយ។ ពេលនោះ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់»។
២៥ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅពេលយើងប្រមូលជនជាតិអ៊ីស្រាអែល ដែលយើងបានកំចាត់កំចាយ ទៅក្នុងចំណោមសាសន៍ទាំងឡាយនោះមកវិញ យើងនឹងសំដែងអោយប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ។ ពួកគេនឹងរស់នៅលើទឹកដីរបស់ខ្លួន គឺទឹកដីដែលយើងបានប្រគល់អោយយ៉ាកុបជាអ្នកបំរើរបស់យើង។ ២៦ ពួកគេនឹងរស់នៅយ៉ាងសុខសាន្តលើទឹកដីនេះ ពួកគេនឹងសង់ផ្ទះ ហើយដាំទំពាំងបាយជូរ។ កាលណាយើងដាក់ទោសសាសន៍ទាំងប៉ុន្មាននៅជុំវិញ ដែលបានមាក់ងាយពួកគេរួចហើយ ពួកគេនឹងរស់នៅយ៉ាងសុខសាន្ត។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ»។