ព្រះបន្ទូលសន្យាស្ដារស្ថានភាពជនជាតិអ៊ីស្រាអែលឡើងវិញ
៣៣
ព្រះអម្ចាស់តែងតាំងព្យាការីជាអ្នកយាមល្បាត
១ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
២ «កូនមនុស្សអើយ ចូរថ្លែងប្រាប់ប្រជាជនរបស់អ្នកថា ពេលយើងនាំសង្គ្រាមមកប្រហារស្រុកណាមួយ ប្រជាជននៅស្រុកនោះជ្រើសរើសយកនរណាម្នាក់ក្នុងចំណោមពួកគេ អោយធ្វើជាអ្នកយាមល្បាត។ ៣ ពេលណាអ្នកយាមឃើញកងទ័ពខ្មាំងចូលមកវាយប្រហារស្រុក គាត់ផ្លុំស្នែងប្រកាសអាសន្នអោយប្រជាជនដឹង ៤ ប្រសិនបើនរណាម្នាក់ឮសំឡេងស្នែង តែមិនអើពើ បើគេស្លាប់ដោយមុខដាវ នោះគេនឹងទទួលខុសត្រូវលើការស្លាប់របស់ខ្លួន។ ៥ គេបាត់បង់ជីវិតព្រោះតែកំហុសរបស់ខ្លួន ដ្បិតគេបានឮសំឡេងស្នែង តែមិនអើពើ។ រីឯអ្នកដែលយកចិត្តទុកដាក់ចំពោះការប្រកាស នឹងបានរួចជីវិត។ ៦ ប្រសិនបើអ្នកយាមឃើញកងទ័ពខ្មាំងចូលមកវាយប្រហារស្រុក តែមិនផ្លុំស្នែងប្រកាសអាសន្នអោយប្រជាជនដឹងទេ បើអ្នកណាម្នាក់ស្លាប់ដោយមុខដាវ អ្នកនោះស្លាប់ព្រោះតែអំពើបាបរបស់ខ្លួន ប៉ុន្តែ យើងនឹងអោយអ្នកយាមទទួលទោសចំពោះការស្លាប់នេះ។
៧ ចំណែកឯអ្នកវិញ កូនមនុស្សអើយ យើងបានតែងតាំងអ្នកអោយធ្វើជាអ្នកយាមល្បាតសំរាប់ពូជពង្សអ៊ីស្រាអែល។ ចូរស្ដាប់ពាក្យដែលយើងនិយាយ ហើយយកទៅប្រកាសប្រាប់ពួកគេក្នុងនាមយើងផង។ ៨ ពេលណាយើងពោលទៅកាន់មនុស្សអាក្រក់ថា “នែ៎ មនុស្សអាក្រក់ អ្នកឯងនឹងត្រូវស្លាប់ជាមិនខាន!” ប្រសិនបើអ្នកមិនប្រាប់មនុស្សអាក្រក់នោះអោយលះបង់កិរិយាមារយាទអាក្រក់ទេ មនុស្សអាក្រក់នោះនឹងស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន ក៏ប៉ុន្តែ យើងនឹងអោយអ្នកទទួលទោសចំពោះការស្លាប់នេះ។ ៩ ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រាប់មនុស្សអាក្រក់អោយលះបង់ចោលកិរិយាមារយាទអាក្រក់របស់ខ្លួន តែគេមិនព្រមលះបង់ទេនោះ គេពិតជាស្លាប់ ព្រោះតែអំពើបាបរបស់គេពុំខាន រីឯអ្នកវិញអ្នកនឹងរួចជីវិត។
១០ កូនមនុស្សអើយ ចូរប្រកាសប្រាប់ពូជពង្សអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាតែងពោលថា “អំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំសង្កត់លើយើងខ្ញុំ ហេតុនេះហើយបានជាយើងខ្ញុំកាន់តែរីងរៃទៅៗ តើធ្វើម្ដេចអោយយើងខ្ញុំអាចរស់រានមានជីវិតបាន?” ១១ ចូរឆ្លើយទៅពួកគេវិញថា: យើងជាព្រះដែលមានជីវិតគង់នៅ! យើងមិនសប្បាយចិត្តនឹងអោយមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីអោយបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រាអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
១២ កូនមនុស្សអើយ ចូរប្រកាសប្រាប់ប្រជាជនរបស់អ្នកថា: នៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើទុច្ចរិតណាមួយ អំពើសុចរិតដែលគេធ្លាប់ធ្វើកាលពីមុន ពុំអាចសង្គ្រោះគេបានឡើយ។ ហេតុនេះនៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើបាបគេពុំអាចរស់ ដោយសារអំពើសុចរិតរបស់ខ្លួនបានឡើយ។ រីឯមនុស្សអាក្រក់វិញ នៅថ្ងៃដែលគេលះបង់ចោលអំពើអាក្រក់ នោះគេនឹងមិនទទួលទោស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្តកាលពីមុននោះឡើយ។ ១៣ ប្រសិនបើយើងពោលទៅកាន់មនុស្សសុចរិតថា “អ្នកពិតជារស់!” បើអ្នកនោះពឹងផ្អែកលើសេចក្ដីសុចរិតរបស់ខ្លួន រួចបែរជាប្រព្រឹត្តអំពើអាក្រក់ណាមួយ នោះគេមុខជាស្លាប់ ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត យើងនឹងមិនគិតគូរដល់អំពើសុចរិតណាមួយរបស់អ្នកនោះឡើយ។ ១៤ ប្រសិនបើយើងពោលទៅកាន់មនុស្សអាក្រក់ថា “អ្នកពិតជាស្លាប់!” តែបើអ្នកនោះលះបង់ចោលអំពើបាបបែរទៅប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ ១៥ បើមនុស្សអាក្រក់សងរបស់បញ្ចាំ សងអ្វីៗដែលខ្លួនរឹបអូសទៅម្ចាស់ដើមវិញ ប្រសិនបើគេប្រតិបត្តិតាមច្បាប់ដែលផ្ដល់ជីវិត ដោយឥតប្រព្រឹត្តអំពើអាក្រក់ទេនោះគេមុខជារស់ គឺមិនស្លាប់ឡើយ។ ១៦ យើងនឹងមិនគិតគូរដល់អំពើអាក្រក់ដែលអ្នកនោះធ្លាប់ប្រព្រឹត្តទេ។ គេពិតជារស់មិនខាន ព្រោះគេប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ១៧ ប្រជាជនរបស់អ្នកនាំគ្នាពោលថា “ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ មិនត្រឹមត្រូវទេ”។ តាមពិតគឺពួកគេវិញទេតើដែលប្រព្រឹត្តមិនត្រឹមត្រូវ! ១៨ ប្រសិនបើមនុស្សសុចរិតលះបង់ចោលអំពើសុចរិត បែរទៅប្រព្រឹត្តអំពើអាក្រក់ គេមុខជាស្លាប់ពុំខាន។ ១៩ ប្រសិនបើមនុស្សអាក្រក់លះបង់ចោលអំពើអាក្រក់ បែរមកប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌ គេមុខជារស់ ព្រោះតែធ្វើដូច្នេះ។ ២០ អ្នករាល់គ្នាតែងពោលថា “ព្រះអម្ចាស់ ប្រព្រឹត្តដូច្នេះមិនត្រឹមត្រូវទេ”។ ពូជពង្សអ៊ីស្រាអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នាតាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត!»។
មូលហេតុដែលសត្រូវវាយយកបានក្រុងយេរូសាឡឹម
២១ នៅឆ្នាំទីដប់ពីរ ថ្ងៃទីប្រាំ ក្នុងខែទីពីរ ក្រោយពេលដែលគេកៀរពួកយើងមកជាឈ្លើយ មានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡឹមមកជួបខ្ញុំប្រាប់ថា “សត្រូវវាយយកបានទីក្រុងហើយ!”។ ២២ មុនពេលអ្នកនោះមកដល់ នៅពេលល្ងាចព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ។ លុះព្រលឹមឡើងពេលអ្នកនោះមកដល់ ព្រះអម្ចាស់បើកអោយខ្ញុំនិយាយឡើងវិញបាន។ ព្រះអង្គបើកមាត់ខ្ញុំអោយនិយាយស្ដី គឺខ្ញុំលែងគទៀតហើយ។
២៣ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
២៤ «កូនមនុស្សអើយ អស់អ្នកដែលរស់លើគំនរបាក់បែក ក្នុងទឹកដីអ៊ីស្រាអែលនាំគ្នាពោលថា: “កាលលោកអប្រាហាំនៅតែម្នាក់ឯង លោកកាន់កាប់ស្រុកនេះបានទៅហើយ ចុះចំណង់បើពួកយើងដែលមានគ្នាច្រើន តើពួកយើងទទួលស្រុកនេះមកកាន់កាប់មិនបានឬ!”។ ២៥ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នករាល់គ្នាបរិភោគសាច់ដែលមានជាប់ឈាម អ្នករាល់គ្នាគោរពព្រះក្លែងក្លាយ ហើយបង្ហូរឈាមមនុស្ស តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ? ២៦ អ្នករាល់គ្នាពឹងផ្អែកលើអាវុធរបស់ខ្លួន ហើយប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ម្នាក់ៗប្រព្រឹត្តអំពើផិតក្បត់ជាមួយប្រពន្ធគេ តើអ្នករាល់គ្នាស្មានថា ខ្លួនកាន់កាប់ស្រុកនេះបានឬ?
២៧ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់ជាព្រះដ៏មានព្រះជន្មគង់នៅ មានព្រះបន្ទូលដូចតទៅ: អ្នកដែលនៅសល់ក្នុងទីក្រុងបាក់បែក នឹងត្រូវស្លាប់ដោយមុខដាវ រីឯអ្នករស់នៅតាមស្រុកស្រែ យើងនឹងប្រគល់គេទៅអោយសត្វសាហាវធ្វើជាអាហារ ហើយអ្នកដែលពួននៅតាមភ្នំ និងតាមក្រហែងថ្មនឹងត្រូវស្លាប់ដោយជំងឺរាតត្បាត។ ២៨ យើងនឹងធ្វើអោយស្រុកនោះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ អំណាចអួតអាងរបស់ពួកគេនឹងរលាយសូន្យ ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលក្លាយទៅជាទីស្ងាត់ជ្រងំ គ្មាននរណាដើរកាត់តាមនោះឡើយ។ ២៩ ពេលណាយើងធ្វើអោយស្រុកនេះក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ ព្រោះតែអំពើដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្ត ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
៣០ កូនមនុស្សអើយ ប្រជាជនរបស់អ្នក នាំគ្នានិយាយពីអ្នកនៅតាមកំពែងក្រុង និងតាមមាត់ទ្វារផ្ទះ ពួកគេបបួលគ្នាថា “មក! យើងទៅស្ដាប់សេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល”។ ៣១ ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។ ៣២ ពួកគេចាត់ទុកពាក្យសំដីរបស់អ្នក ជាចំរៀងកំដរអារម្មណ៍ ជាតូរ្យតន្ត្រីដ៏ពីរោះ ដែលមានសំឡេងគួរចាប់ចិត្ត។ ពួកគេស្ដាប់ពាក្យអ្នក តែមិនប្រតិបត្តិតាមឡើយ។ ៣៣ ពេលណាហេតុការណ៍កើតមាន ស្របតាមពាក្យរបស់អ្នក - គឺហេតុការណ៍ទាំងនោះកំពុងតែកើតមាន -ពួកគេនឹងដឹងថា មានព្យាការីមួយរូបនៅក្នុងចំណោមពួកគេមែន»។