និមិត្តហេតុស្ដីអំពីព្រះវិហារ នៅអនាគតកាល
៤០
លោកអេសេគាលនិមិត្តឃើញក្រុងយេរូសាឡឹម
១ នៅឆ្នាំទីម្ភៃប្រាំ ដែលគេកៀរយើងមកជាឈ្លើយ គឺដប់បួនឆ្នាំក្រោយពេលក្រុងយេរូសាឡឹមរលំ នៅថ្ងៃទីដប់ក្នុងខែដើមឆ្នាំនោះ ព្រះអម្ចាស់បានដាក់ព្រះហស្ដលើខ្ញុំ ហើយលើកខ្ញុំទៅ។ ២ ខ្ញុំនិមិត្តឃើញហេតុដ៏អស្ចារ្យពីព្រះជាម្ចាស់ គឺព្រះអង្គនាំខ្ញុំទៅស្រុកអ៊ីស្រាអែល ហើយដាក់ខ្ញុំនៅលើភ្នំមួយយ៉ាងខ្ពស់។ ខ្ញុំមើលទៅខាងត្បូងឃើញមានហាក់ដូចជាអាគាររបស់ទីក្រុងមួយ។ ៣ ព្រះអង្គនាំខ្ញុំទៅទីនោះ ឃើញមនុស្សម្នាក់មានភាពដូចលង្ហិន ឈរនៅក្បែរខ្លោងទ្វារទាំងកាន់ខ្សែវេញពីធ្មៃ និងឈើរង្វាស់មួយ។ ៤ បុរសនោះពោលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរខំប្រឹងមើល ចូរប្រុងត្រចៀកស្ដាប់ ចូរយកចិត្តទុកដាក់ចំពោះហេតុការណ៍ដែលខ្ញុំបង្ហាញអោយអ្នកឃើញ ដ្បិតព្រះអម្ចាស់នាំអ្នកមកទីនេះ ដើម្បីអោយអ្នកឃើញ។ បន្ទាប់មក ចូរយកហេតុការណ៍ទាំងអស់ដែលអ្នកឃើញ ទៅពន្យល់ប្រាប់កូនចៅអ៊ីស្រាអែល»។
ទីលាន និងទ្វារខាងក្រៅ
៥ ខ្ញុំមើលទៅឃើញមានកំពែងព័ទ្ធជុំវិញព្រះដំណាក់។ បុរសនោះកាន់ឈើរង្វាស់ ដែលមានបណ្ដោយប្រាំមួយហត្ថ (ក្នុងមួយហត្ថៗមានប្រវែងលើសពីខ្នាតធម្មតាមួយទះ) ទៅវាស់កំពែងនោះឃើញមានបណ្ដោយមួយឈើរង្វាស់ និងទទឹងមួយឈើរង្វាស់។ ៦ បន្ទាប់មក បុរសនោះទៅខ្លោងទ្វារដែលបែរមុខទៅទិសខាងកើត ហើយឡើងតាមជណ្ដើរ។ លោកវាស់ក្របខ្លោងទ្វារឃើញមានកំរាស់មួយឈើរង្វាស់។ ៧ បន្ទប់តូចៗមានបណ្ដោយមួយឈើរង្វាស់ ទទឹងមួយឈើរង្វាស់។ ពីបន្ទប់មួយទៅបន្ទប់មួយ មានចន្លោះប្រាំហត្ថ។ ក្របទ្វារដែលនៅក្បែរច្រកខ្លោងទ្វារខាងក្នុង ក៏មានកំរាស់មួយឈើរង្វាស់ដែរ។ ៨ លោកវាស់បន្ទប់ល្វែង ដែលនៅជាប់នឹងខ្លោងទ្វារខាងក្នុងឃើញមានទទឹងមួយឈើរង្វាស់។ ៩ រីឯបណ្ដោយបន្ទប់ល្វែងនោះលោកវាស់ទៅឃើញ មានប្រវែងប្រាំបីហត្ថ ហើយសសរនីមួយៗមានកំរាស់ពីរហត្ថ។ បន្ទប់ល្វែងនៃខ្លោងទ្វារនោះស្ថិតនៅខាងក្នុង។ ១០ ចំនួនបន្ទប់តូចៗនៅខ្លោងទ្វារខាងកើតមានម្ខាងបី និងមានទំហំដូចៗគ្នា រីឯសសរដែលនៅសងខាងក៏មានទំហំដូចគ្នាដែរ។ ១១ លោកវាស់ទទឹងខ្លោងទ្វារ ឃើញមានប្រវែងដប់ហត្ថ ហើយបណ្ដោយមានដប់បីហត្ថ។ ១២ នៅពីមុខបន្ទប់តូចៗមានប្រឡោះមួយ ដែលជ្រុងនីមួយៗមានប្រវែងមួយហត្ថ។ រីឯជ្រុងនីមួយៗរបស់បន្ទប់តូចៗមានប្រវែងប្រាំមួយហត្ថ។ ១៣ លោកវាស់ចុងជញ្ជាំងម្ខាងនៃបន្ទប់ រហូតដល់ចុងជញ្ជាំងម្ខាងនៃបន្ទប់មួយទៀតដែលនៅទល់មុខគ្នា ឃើញមានប្រវែងម្ភៃប្រាំហត្ថ។ ១៤ លោកវាស់បន្ទប់ឃើញមានបណ្ដោយម្ភៃហត្ថ។ មានទីលាននៅជុំវិញបន្ទប់នោះ។ ១៥ ពីខ្លោងទ្វារចូលរហូតដល់បន្ទប់លែងនៅជាប់នឹងខ្លោងទ្វារខាងក្នុង មានប្រវែងហាសិបហត្ថ។ ១៦ នៅតាមបន្ទប់តូចៗមានបង្អួចព័ទ្ធជុំវិញ បង្អួចនោះធ្វើពីចម្រឹងដែក ហើយក៏មានសសរព័ទ្ធជុំវិញដែរ។ នៅតាមបន្ទប់ល្វែងខាងក្នុង ក៏មានបង្អួចធ្វើពីចម្រឹងដែកព័ទ្ធជុំវិញដែរ។ នៅលើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាកជាលំអផង។
១៧ លោកបាននាំខ្ញុំទៅទីលានខាងក្រៅ ដែលមានក្រាលថ្មនៅជុំវិញទីលាននោះមានបន្ទប់សាមសិប។ ១៨ កំរាលថ្មស្ថិតនៅជាប់ខ្លោងទ្វារ ហើយមានបណ្ដោយស្មើនឹងបណ្ដោយរបស់ខ្លោងទ្វារ។ កំរាលថ្មនោះជាកំរាលថ្មខាងក្រោម។ ១៩ លោកវាស់ពីមុខខ្លោងទ្វារខាងក្រោមរហូតដល់ទីលានខាងក្នុង គឺពីទិសខាងកើត រហូតដល់ទិសខាងជើង មានប្រវែងមួយរយហត្ថ។
២០ លោកវាស់បណ្ដោយ និងទទឹងរបស់ខ្លោងទ្វារដែលបែរមុខទៅរកទីលានខាងក្រៅ គឺនៅខាងជើងទីលាន។ ២១ ខ្លោងទ្វារនោះមានបន្ទប់តូចៗ ម្ខាងបីៗ រីឯជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចខ្លោងទ្វារទីមួយដែរ គឺបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។ ២២ រីឯបង្អួចបន្ទប់ល្វែង និងក្បាច់ដើមចាក មានទំហំដូចខ្លោងទ្វារដែលបែរមុខទៅទិសខាងកើតដែរ។ ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។ ២៣ នៅទីលានខាងក្នុង មានខ្លោងទ្វារមួយទៀត ដែលនៅទល់មុខខ្លោងទ្វារខាងជើង និងខ្លោងទ្វារខាងកើត។ លោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត ឃើញមានប្រវែងមួយរយហត្ថ។
២៤ បន្ទាប់មក លោកនាំខ្ញុំទៅទិសខាងត្បូងដែលមានខ្លោងទ្វារមួយបែរទៅខាងត្បូង លោកវាស់ជញ្ជាំង និងបន្ទប់ល្វែងឃើញមានទំហំដូចគ្នា។ ២៥ នៅជុំវិញខ្លោងទ្វារនេះ ព្រមទាំងបន្ទប់ល្វែង មានបង្អួច ដូចបង្អួចឯទៀតៗ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបណ្ដោយហាសិបហត្ថ និងទទឹងម្ភៃប្រាំហត្ថ។ ២៦ ជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំពីរកាំ ហើយបន្ទប់ល្វែងស្ថិតនៅពីមុខកាំជណ្ដើរនោះ។ នៅសងខាងមានឆ្លាក់ក្បាច់ដើមចាកលើសសរ។ ២៧ ទីលានខាងក្នុងមានទ្វារមួយនៅខាងត្បូង។ លោកវាស់ពីខ្លោងទ្វារមួយទៅខ្លោងទ្វារមួយទៀត នៅខាងត្បូងមានប្រវែងមួយរយហត្ថ។
២៨ បន្ទាប់មក លោកនាំខ្ញុំចូលទៅទីលានខាងក្នុង តាមទ្វារខាងត្បូង។ លោកវាស់ទ្វារខាងត្បូងមានទំហំដូចទ្វារឯទៀតៗ។ ២៩ បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ ៣០ ជុំវិញបន្ទប់ល្វែង មានបណ្ដោយម្ភៃប្រាំហត្ថ និងទទឹងប្រាំហត្ថ។ ៣១ បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ លើជញ្ជាំងមានឆ្លាក់ក្បាច់ដើមចាក ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំបីកាំ។
៣២ លោកបាននាំខ្ញុំចូលទៅទីលានខាងក្នុង តាមខ្លោងទ្វារខាងកើត។ លោកវាស់ខ្លោងទ្វារមានទំហំដូចគ្នា។ ៣៣ បន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែង ក៏មានទំហំដូចគ្នាដែរ។ ខ្លោងទ្វារ និងបន្ទប់ល្វែងនេះមានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថ ទទឹងម្ភៃប្រាំហត្ថ។ ៣៤ បន្ទប់ល្វែងទាំងនោះនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាងមានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំបីកាំ។
៣៥ លោកនាំខ្ញុំទៅខ្លោងទ្វារខាងជើង ហើយវាស់ខ្លោងទ្វារឃើញមានទំហំដូចគ្នា ៣៦ រីឯបន្ទប់តូចៗ ជញ្ជាំង និងបន្ទប់ល្វែងក៏មានទំហំដូចគ្នា។ មានបង្អួចជុំវិញ ហើយមានបណ្ដោយហាសិបហត្ថទទឹងម្ភៃប្រាំហត្ថ។ ៣៧ ជញ្ជាំងនៅជាប់នឹងទីលានខាងក្រៅ។ នៅសងខាងមានឆ្លាក់ក្បាច់ដើមចាកលើជញ្ជាំង ហើយជណ្ដើរដែលឡើងទៅខ្លោងទ្វារមានប្រាំបីកាំ។
៣៨ នៅក្បែរជញ្ជាំងទាំងនោះមានបន្ទប់មួយ ជាកន្លែងដែលគេលាងតង្វាយដុត។ ៣៩ ក្នុងបន្ទប់ល្វែងនៃខ្លោងទ្វារ មានតុពីរនៅម្ខាង និងតុពីរនៅម្ខាងទៀត។ គេអារកសត្វនៅលើតុទាំងនោះ សំរាប់ថ្វាយជាតង្វាយដុតយញ្ញបូជាសុំអោយរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស។ ៤០ ត្រង់កន្លែងមួយ ដែលស្ថិតនៅខាងក្រៅនៃច្រកចូលតាមខ្លោងទ្វារ ខាងជើង មានតុពីរ ហើយនៅម្ខាងទៀត គឺនៅក្បែរបន្ទប់ល្វែងក៏មានតុពីរដែរ។ ៤១ នៅត្រង់បន្ទប់ល្វែង មានតុប្រាំបី គឺម្ខាងបួនៗដែលគេអារ ក សត្វពីលើ។ ៤២ មានតុបួនទៀតដែលធ្វើពីផ្ទាំងថ្ម សំរាប់ធ្វើពិធីយញ្ញបូជា។ តុនីមួយៗមានបណ្ដោយមួយហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកំពស់មួយហត្ថ។ គេដាក់ឧបករណ៍សំរាប់អារ ក សត្វថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាផ្សេងៗទៀតនៅលើតុនោះ។ ៤៣ នៅតាមគែមតុមានចង្អូរព័ទ្ធជុំវិញ ចង្អូរនោះមានទទឹងមួយចង្អាម រីឯសាច់សំរាប់ធ្វើយញ្ញបូជាគេដាក់នៅលើតុ។
៤៤ នៅមុខខ្លោងទ្វារខាងក្នុង គឺនៅទីលានខាងក្នុង មានបន្ទប់ផ្សេងៗសំរាប់អ្នកចំរៀង។ បន្ទប់មួយស្ថិតជិតខ្លោងទ្វារខាងជើង ហើយបែរមុខទៅទិសខាងត្បូង មួយទៀតនៅជិតខ្លោងទ្វារខាងកើត ហើយបែរមុខទៅទិសខាងជើង។ ៤៥ លោកពោលមកខ្ញុំថា៖ «បន្ទប់បែរមុខទៅទិសខាងត្បូង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារក្នុងព្រះដំណាក់។ ៤៦ រីឯបន្ទប់បែរមុខទៅទិសខាងជើង ជាបន្ទប់របស់ពួកបូជាចារ្យដែលបំពេញការងារនៅទីអាសនៈ។ អ្នកទាំងនោះជាកូនចៅរបស់លោកសាដុក ក្នុងកុលសម្ព័ន្ធលេវីដែលមានភារកិច្ចចូលមកបំរើព្រះអម្ចាស់»។
៤៧ លោកវាស់ទីលានដែលមានរាងបួនជ្រុងស្មើជ្រុងនីមួយៗ មានប្រវែងមួយរយហត្ថ។ រីឯអាសនៈស្ថិតនៅមុខទីសក្ការៈ។
ទីសក្ការៈ
៤៨ លោកនាំខ្ញុំចូលទៅក្នុងបន្ទប់ល្វែងនៃព្រះដំណាក់។ លោកវាស់សសរបន្ទប់នោះ ម្ខាងៗមានប្រវែងប្រាំហត្ថ។ រីឯទទឹងខ្លោងទ្វារម្ខាងៗមានប្រវែងបីហត្ថ។ ៤៩ បន្ទប់ល្វែងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់មួយហត្ថ។ មានជណ្ដើរឡើងទៅកាន់បន្ទប់ល្វែងនោះ ហើយមានបង្គោលនៅក្បែរសសរ គឺម្ខាងៗមានបង្គោលមួយ។