ការ​សង់​អាសនៈ​ឡើង​វិញ
១ លុះ​ដល់​ខែ​ទី​ប្រាំពីរ​ ជន​ជាតិ​អ៊ីស្រាអែល ដែល​រស់​នៅ​តាម​ក្រុង​របស់​ខ្លួន​បាន​មក​ជួបជុំ​គ្នា​នៅ​ក្រុង​យេរូសាឡឹម ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ។ ២ លោក​យេសួរ ជា​កូន​របស់​យ៉ូសាដាក និង​បូជាចារ្យ​ឯ​ទៀតៗ ដែល​ជា​បង​ប្អូន​លោក​មក​ជា​មួយ​ផង ព្រម​ទាំង​លោក​សូរ៉ូបាបិល ជា​កូន​របស់​លោក​សាលធាល និង​បង​ប្អូន​របស់​លោក នាំ​គ្នា​សង់​អាសនៈ​របស់​ព្រះ​នៃ​អ៊ីស្រាអែល ដើម្បី​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះជាម្ចាស់។ ៣ ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះអម្ចាស់ នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក​ទាំង​ល្ងាច។ ៤ បន្ទាប់​មក ជន​ជាតិ​អ៊ីស្រាអែល​ប្រារព្ធ​ពិធី​បុណ្យ​បារាំ​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ ហើយ​ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ជា​រៀង​រាល់​ថ្ងៃ តាម​ចំនួន​ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​វិន័យ។ ៥ ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍ តង្វាយ​ដុត​សំរាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ថ្វាយ​ព្រះអម្ចាស់ ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​ដែល​ប្រជាជន​យក​មក​ថ្វាយ​ព្រះអម្ចាស់៦ ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំពីរ ពួក​គេ​ចាប់​ផ្ដើម​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះអម្ចាស់ ទោះ​បី​គ្រឹះ​នៃ​ព្រះវិហារ​របស់​ព្រះអម្ចាស់ ពុំ​ទាន់​បាន​ចាក់​នៅ​ឡើយ​ក៏​ដោយ។
៧ ពួក​គេ​ជួល​ជាង​ដាប់​ថ្ម និង​ជាង​ឈើ ព្រម​ទាំង​ផ្ដល់​ស្បៀង​អាហារ ភេសជ្ជៈ និង​ប្រេង​អូលីវ ដល់​អ្នក​ក្រុង​ស៊ីដូន និង​ក្រុង​ទីរ៉ុស ដើម្បី​អោយ​ពួក​នោះ​នាំ​ឈើ​តាត្រៅ​តាម​សមុទ្រ​ពី​ស្រុក​លីបង់ រហូត​មក​ដល់​កំពង់ផែ​យ៉ុបប៉េ យោង​តាម​ការ​អនុញ្ញាត​របស់​ព្រះបាទ​ស៊ីរូស ជា​ស្ដេច​ស្រុក​ពែរ្ស។ ៨ នៅ​ឆ្នាំ​ទី​ពីរ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពួក​គេ​វិល​ត្រឡប់​មក​ដល់​ព្រះដំណាក់​នៃ​ព្រះជាម្ចាស់​នៅ​ក្រុង​យេរូសាឡឹម​វិញ លោក​សូរ៉ូបាបិល​ជា​កូន​របស់​លោក​សាលធាល លោក​យេសួរ​ជា​កូន​លោក​យ៉ូសាដាក និង​បូជាចារ្យ​ឯ​ទៀតៗ​ជា​បង​ប្អូន​របស់​លោក ក្រុម​លេវី ព្រម​ទាំង​អស់​អ្នក​ដែល​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ ហើយ​វិល​ត្រឡប់​មក​ក្រុង​យេរូសាឡឹម​វិញ ក៏​នាំ​គ្នា​ចាប់​ផ្ដើម​សង់​ព្រះដំណាក់។ ពួក​គេ​ចាត់​តាំង​ក្រុម​លេវី ដែល​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ មើល​ខុស​ត្រូវ​លើ​ការ​សាង​សង់​ព្រះដំណាក់​របស់​ព្រះអម្ចាស់៩ លោក​យេសួរ និង​កូន ព្រម​ទាំង​បង​ប្អូន​របស់​លោក គឺ​មាន​លោក​កាឌមាល និង​កូន​របស់​លោក ដែល​មក​ពី​អំបូរ​យូដា កូន​ចៅ​របស់​លោក​ហេណាដាដ ព្រម​ទាំង​កូន និង​ក្រុម​លេវី​ឯ​ទៀតៗ​ដែល​ជា​បង​ប្អូន​របស់​ពួក​គេ រួម​គ្នា​ត្រួត​ពិនិត្យ​មើល​អស់​អ្នក​ដែល​សាង​សង់​ព្រះដំណាក់​ព្រះជាម្ចាស់។
១០ នៅ​ពេល​ពួក​ជាង​ចាក់​គ្រឹះ​ព្រះវិហារ​របស់​ព្រះអម្ចាស់ គេ​សុំ​អោយ​អស់​លោក​បូជាចារ្យ​ដែល​ស្លៀក​សម្លៀកបំពាក់​សំរាប់​ពិធី​បុណ្យ នាំ​គ្នា​មក​ទាំង​កាន់​ត្រែ ហើយ​ក្រុម​លេវី​ដែល​ជា​កូន​ចៅ​របស់​លោក​អេសាភ កាន់​ឈិង​សំរាប់​ប្រគំ​ភ្លេង​សរសើរ​តម្កើង​ព្រះអម្ចាស់ ដូច​ព្រះបាទ​ដាវីឌ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​បង្គាប់​ទុក។ ១១ ពួក​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​តម្កើង និង​អរ​ព្រះគុណ​ព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់​មាន​ព្រះហឫទ័យ​សប្បុរស ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច!»។
ប្រជាជន​ទាំង​មូល​ក៏​ស្រែក​ជយឃោស សរសើរ​តម្កើង​ព្រះអម្ចាស់​យ៉ាង​កង​រំពង ព្រោះ​គេ​ចាក់​គ្រឹះ​ព្រះដំណាក់​របស់​ព្រះអម្ចាស់១២ មាន​បូជាចារ្យ​ជា​ច្រើន​ព្រម​ទាំង​ក្រុម​លេវី និង​មេ​ក្រុម​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ ហើយ​ធ្លាប់​ឃើញ​ព្រះដំណាក់​ពី​ជំនាន់​មុន នាំ​គ្នា​យំ​សោក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះដំណាក់​ថ្មី​នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ។ ១៣ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជាជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជាជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។