៩
ជនជាតិយូដាដែលរៀបការជាមួយសាសន៍ដទៃ
១ ក្រោយពីនោះមក ពួកមេដឹកនាំមកប្រាប់ខ្ញុំថា “ប្រជាជនអ៊ីស្រាអែល ក្រុមបូជាចារ្យ និងក្រុមលេវីមិនបានញែកខ្លួនចេញពីជាតិសាសន៍នានា ដែលនៅក្នុងស្រុកនោះទេ។ ពួកគេប្រព្រឹត្តអំពើគួរអោយស្អប់ខ្ពើមដូចសាសន៍ទាំងនោះដែរ គឺមានជនជាតិកាណាន ជនជាតិហេត ជនជាតិពេរិស៊ីត ជនជាតិយេប៊ូស ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ជនជាតិអេស៊ីប និងជនជាតិអាម៉ូរី។ ២ ពួកគេ និងកូនប្រុសរបស់គេបានយកកូនស្រីរបស់ជនជាតិទាំងនោះ មកធ្វើជាប្រពន្ធជាហេតុធ្វើអោយជាតិដ៏វិសុទ្ធ លាយជាមួយជាតិសាសន៍នៅក្នុងស្រុកនោះ។ ពួកមេដឹកនាំ និងពួកគ្រប់គ្រងនាំគ្នាប្រព្រឹត្តអំពើក្បត់នេះមុនគេ”។
៣ ពេលឮពាក្យទាំងនេះ ខ្ញុំហែកអាវធំ និងសម្លៀកបំពាក់របស់ខ្ញុំ ខ្ញុំបោចសក់ និងបោចពុកចង្កាខ្លួនឯង ហើយអង្គុយកើតទុក្ខ។ ៤ អស់អ្នកដែលខ្លាចព្រះនៃជនជាតិអ៊ីស្រាអែល ដាក់ទោសជនជាតិយូដាជាប់ជាឈ្លើយ ដែលត្រឡប់មកវិញ ហើយប្រព្រឹត្តអំពើក្បត់បែបនេះ ក៏នាំគ្នាមកអង្គុយជុំវិញខ្ញុំដែរ។ ខ្ញុំអង្គុយបែបនេះ រហូតដល់ពេលថ្វាយតង្វាយល្ងាច។
៥ លុះដល់ពេលថ្វាយតង្វាយល្ងាចខ្ញុំក៏ងើបពីភាពសោកសៅ។ ខ្ញុំនៅតែស្លៀកសម្លៀកបំពាក់ និងពាក់អាវធំរហែកដដែលនោះ ខ្ញុំលុតជង្គង់ចុះ ហើយលើកដៃឆ្ពោះទៅរកព្រះអម្ចាស់ ជាព្រះនៃខ្ញុំ ៦ ដោយទូលអង្វរថា៖
«ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំអាម៉ាស់មុខខ្លាំងណាស់! ព្រះនៃទូលបង្គំអើយ ទូលបង្គំខ្មាសមិនហ៊ានសម្លឹងទៅរកព្រះអង្គទេ ដ្បិតកំហុសរបស់យើងខ្ញុំកើនកាន់តែច្រើនឡើង ខ្ពស់ជាងក្បាលយើងខ្ញុំទៅទៀត។ រីឯអំពើបាបរបស់យើងខ្ញុំក៏គរឡើងជាច្រើន រហូតដល់ផ្ទៃមេឃដែរ។ ៧ តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃ យើងខ្ញុំមានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាព្រះអង្គប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងបូជាចារ្យរបស់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ប្រជាជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវកៀរយើងខ្ញុំយកទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ធ្វើអោយយើងខ្ញុំត្រូវអាម៉ាស់ដូចសព្វថ្ងៃ។ ៨ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន ព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ បានសំដែងព្រះហឫទ័យប្រណីសន្ដោសមកលើយើងខ្ញុំ ដោយប្រោសប្រទានអោយប្រជាជនមួយចំនួននៅសេសសល់ ហើយមករស់នៅក្នុងទឹកដីដ៏វិសុទ្ធរបស់ព្រះអង្គ។ ទោះបីយើងធ្លាក់ខ្លួនជាទាសករក្ដី ក៏ព្រះនៃយើងខ្ញុំប្រោសអោយយើងខ្ញុំបានភ្លឺភ្នែក និងអោយយើងខ្ញុំមានជីវិតធូរស្រាលឡើងវិញ។ ៩ យើងខ្ញុំជាទាសករមែន ប៉ុន្តែ ព្រះនៃយើងខ្ញុំ ពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ព្រះអង្គសំដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ នៅចំពោះព្រះភក្ត្រស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺព្រះអង្គប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីអោយយើងខ្ញុំសង់ព្រះដំណាក់របស់ព្រះនៃយើងខ្ញុំឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងអោយយើងខ្ញុំមានទីជំរកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។
១០ ឥឡូវនេះ ឱព្រះនៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះ តើអោយយើងខ្ញុំពោលដូចម្ដេច? ដ្បិតយើងខ្ញុំពុំបានគោរពតាមបទបញ្ជារបស់ព្រះអង្គទេ ១១ គឺបទបញ្ជាដែលព្រះអង្គប្រទានដល់យើងខ្ញុំ តាមរយៈព្យាការីជាអ្នកបំរើរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំជាមុនថា “ស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ ជាស្រុកមិនបរិសុទ្ធ ដ្បិតជាតិសាសន៍ដែលរស់នៅលើទឹកដីនោះជាមនុស្សមិនបរិសុទ្ធ ហើយគោរពព្រះក្លែងក្លាយ គួរស្អប់ខ្ពើមពាសពេញក្នុងស្រុក។ ១២ ដូច្នេះ មិនត្រូវលើកកូនស្រីរបស់អ្នករាល់គ្នាអោយរៀបការជាមួយកូនប្រុសរបស់សាសន៍ដទៃ ហើយក៏មិនត្រូវអោយកូនប្រុសរបស់អ្នករាល់គ្នា រៀបការជាមួយកូនស្រីរបស់ពួកគេដែរ។ ទោះបីពួកគេបានសុខ និងចំរុងចំរើនក្ដី កុំរវីរវល់នឹងពួកគេឡើយ។ ធ្វើដូច្នេះ អ្នករាល់គ្នានឹងមានកម្លាំងខ្លាំងក្លា ហើយបរិភោគភោគផលដ៏ល្អៗនៅក្នុងស្រុក ព្រមទាំងទុកទឹកដីនេះជាកេរមត៌ក អោយកូនចៅរបស់អ្នករហូតតរៀងទៅ”។
១៣ ឱព្រះនៃយើងខ្ញុំអើយ យើងខ្ញុំរងទុក្ខវេទនាបែបនេះ ព្រោះតែអំពើបាប និងកំហុសដ៏ធ្ងន់របស់យើងខ្ញុំ។ ប៉ុន្តែ ព្រះអង្គពុំបានដាក់ទោសយើងខ្ញុំអោយសមនឹងកំហុសរបស់យើងខ្ញុំឡើយ គឺព្រះអង្គបានទុកអោយពួកយើងខ្ញុំមួយចំនួននៅសេសសល់។ ១៤ យើងខ្ញុំពុំអាចរំលោភលើបទបញ្ជារបស់ព្រះអង្គ ដោយទៅចងស្ពានមេត្រីជាមួយជាតិសាសន៍ដ៏គួរស្អប់ខ្ពើមទាំងនោះទៀតទេ។ បើមិនដូច្នោះទេ ព្រះអង្គមុខជាព្រះពិរោធទាស់នឹងពួកយើងខ្ញុំ រហូតបំផ្លាញយើងខ្ញុំអោយវិនាសសូន្យ ឥតទុកអោយនៅសេសសល់ឡើយ។ ១៥ បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ព្រះអង្គជាព្រះដ៏សុចរិត ហេតុនេះហើយបានជាព្រះអង្គ ទុកអោយយើងខ្ញុំនៅសេសសល់។ យើងខ្ញុំស្ថិតនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គទាំងមានបាប។ ធម្មតាអ្នកដែលប្រព្រឹត្តអំពើបាបបែបនេះ មិនអាចឈរនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបានឡើយ»។