១ ខ្ញុំ​សូម​ជំរាប​ថា ដរាប​ណា​កូន​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ គេ​មិន​ខុស​ពី​ខ្ញុំ​បំរើ​ទេ ថ្វីដ្បិត​តែ​គេ​ជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក៏​ដោយ ២ កូន​នោះ​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​អាណា​ព្យាបាល និង​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់​ទុក។ ៣ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បំរើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិពល​លើ​លោកីយ៍​នេះ ៤ ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះជាម្ចាស់​ក៏​ចាត់​ព្រះបុត្រា​របស់​ព្រះអង្គ​អោយ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង ៥ ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​អោយ​យើង​ទទួល​ឋានៈ​ជា​បុត្រ​​របស់​ព្រះអង្គ។ ៦ បង​ប្អូន​ពិត​ជា​បុត្រ​របស់​ព្រះជាម្ចាស់​មែន ព្រោះ​ព្រះអង្គ​បាន​ចាត់​ព្រះវិញ្ញាណ​នៃ​ព្រះបុត្រា​របស់​ព្រះអង្គ អោយ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះវិញ្ញាណ​នេះ​ហើយ ដែល​បន្លឺ​ព្រះសូរសៀង​ឡើង​ថា «អប្បា​! ឱ​ព្រះបិតា!»។ ៧ ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បំរើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ​របស់​ព្រះអង្គ​វិញ។ បើ​អ្នក​ជា​បុត្រ​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះជាម្ចាស់​ប្រទាន​អោយ​នោះ​ដែរ។
លោក​ប៉ូល​ព្រួយ​បារម្ភ​អំពី​អ្នក​ស្រុក​កាឡាទី
៨ កាល​ពី​ដើម បង​ប្អូន​ពុំ​ស្គាល់​ព្រះជាម្ចាស់​ទេ ហើយ​ក៏​ធ្វើ​ជា​ខ្ញុំ​បំរើ​របស់​ព្រះនានា ដែល​មិន​មែន​ជា​ព្រះពិត​ប្រាកដ។ ៩ តែ​ឥឡូវ​នេះ បង​ប្អូន​ស្គាល់​ព្រះជាម្ចាស់ បើ​និយាយ​អោយ​ចំ ព្រះអង្គ​បាន​ស្គាល់​បង​ប្អូន​ហើយ ហេតុ​ដូច​ម្ដេច​បាន​ជា​បង​ប្អូន​បែរ​ជា​វិល​ទៅ​ចុះ​ចូល​នឹង​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិពល​ក្នុង​លោកីយ៍ ហើយ​ចង់​បំរើ​ឥទ្ធិពល​ដ៏​ទន់​ខ្សោយ គ្មាន​បារមី​ទាំង​នោះ​សា​ជា​ថ្មី​វិញ​ដូច្នេះ? ១០ បើ​បង​ប្អូន​គោរព​ថ្ងៃ​ខែ គោរព​រដូវ និង​គោរព​ឆ្នាំ។ ១១ ខ្ញុំ​បារម្ភ​ក្រែង​តែ​ការ​នឿយហត់​ដែល​ខ្ញុំ​ធ្វើ​សំរាប់​បង​ប្អូន ត្រឡប់​ទៅ​ជា​ឥត​បាន​ផល​អ្វី​សោះ។
១២ បង​ប្អូន​អើយ ខ្ញុំ​អង្វរ​បង​ប្អូន​ថា សូម​កាន់​ចិត្ត​អោយ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ត​ដូច​បង​ប្អូន​ដែរ។ បង​ប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។ ១៣ បង​ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នាំ​ដំណឹងល្អ​មក​ជូន​បង​ប្អូន​ជា​លើក​ទី​មួយ មក​ពី​ខ្ញុំ​មាន​សុខភាព​ទន់​ខ្សោយ​។ ១៤ ក៏​ប៉ុន្តែ ទោះ​បី​ជំងឺ​របស់​ខ្ញុំ​បាន​បណ្ដាល​អោយ​បង​ប្អូន​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​បង​ប្អូន​ពុំ​បាន​មើលងាយ ឬ​ស្អប់​ខ្ពើម​ខ្ញុំ​ដែរ ផ្ទុយ​ទៅ​វិញ បង​ប្អូន​បាន​ទទួល​ខ្ញុំ ទុក​ដូច​ទទួល​ទេវតា*​របស់​ព្រះជាម្ចាស់ ឬ​ដូច​ទទួល​ព្រះគ្រិស្ដយេស៊ូ​ដែរ។ ១៥ តើ​អំណរ​សប្បាយ​ដែល​បង​ប្អូន​ធ្លាប់​មាន​កាល​ពី​មុន​នោះ​នៅ​ឯ​ណា? ដ្បិត​ខ្ញុំ​ហ៊ាន​ធ្វើ​ជា​សាក្សី​ថា នៅ​ពេល​នោះ សូម្បី​តែ​ភ្នែក​របស់​បង​ប្អូន​ក៏​បង​ប្អូន​សុខ​ចិត្ត​ខ្វេះ​អោយ​ខ្ញុំ​ដែរ ប្រសិន​បើ​បង​ប្អូន​អាច​ធ្វើ​បាន។ ១៦ ឥឡូវ​នេះ តើ​បង​ប្អូន​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ មក​ពី​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ឬ?
១៧ រីឯ​ពួក​គេ​វិញ គេ​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន​ណាស់ តែ​ក្នុង​គោល​បំណង​មិន​ល្អ​ទេ គេ​ចង់​បំបែក​បង​ប្អូន​ចេញ​ពី​យើង ដើម្បី​អោយ​បង​ប្អូន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គេ​វិញ​តែ​ប៉ុណ្ណោះ។ ១៨ ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​គោល​បំណង​ល្អ​គ្រប់​ពេល​វេលា​នោះ ត្រឹម​ត្រូវ​ហើយ គឺ​មិន​គ្រាន់​តែ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ។ ១៩ កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះគ្រិស្ដ​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។ ២០ ខ្ញុំ​ចង់​នៅ​ជិត​បង​ប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បង​ប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បង​ប្អូន​ទេ។
សម្ពន្ធមេត្រី​ចាស់ និង​សម្ពន្ធមេត្រី​ថ្មី
២១ បង​ប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ក្រឹត្យវិន័យ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​មិន​យល់​សេចក្ដី​ដែល​ក្រឹត្យវិន័យ​ចែង​ទុក​មក​ទេ​ឬ? ២២ ក្នុង​គម្ពីរ​មាន​ចែង​ទុក​មក​ថា លោក​អប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ត្រី​អ្នក​ជា​។ ២៣ ក៏​ប៉ុន្តែ កូន​របស់​ស្ត្រី​អ្នក​ងារ​នោះ ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ កើត​មក​តាម​ព្រះបន្ទូល​សន្យា​របស់​ព្រះជាម្ចាស់។ ២៤ យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្តរូប​មួយ​ដែរ ដ្បិត​ស្ត្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធមេត្រី*​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធមេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ​ គឺ​នាង​ហាការ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បំរើ។ ២៥ នាង​ហាការ​ជា​តំណាង​ភ្នំ​ស៊ីណៃ​នៅ​ស្រុក​អារ៉ាប់ ជា​និមិត្តរូប​នៃ​ក្រុង​យេរូសាឡឹម​សព្វ​ថ្ងៃ​នេះ​ ដ្បិត​នាង​ហាការ និង​កូន​ចៅ​របស់​នាង សុទ្ធ​តែ​ជា​អ្នក​ងារ។ ២៦ រីឯ​ក្រុង​យេរូសាឡឹម​នៅ​ស្ថាន​លើ​វិញ​ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ ២៧ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ
«នាង​ជា​ស្ត្រី​អារ នាង​ជា​ស្ត្រី​មិន​បាន
បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង!
នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ
ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង!
ដ្បិត​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ
នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី
ដែល​មាន​ប្ដី​ទៅ​ទៀត។»
២៨ បង​ប្អូន​អើយ បង​ប្អូន​បាន​កើត​មក តាម​ព្រះបន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។ ២៩ ប៉ុន្តែ ពី​អតីត​កាល​កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍ បាន​ធ្វើ​ទុក្ខ​បៀតបៀន​កូន ដែល​កើត​មក​តាម​ព្រះវិញ្ញាណ​យ៉ាង​ណា​នៅ​បច្ចុប្បន្ន​កាល​ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។ ៣០ តើ​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច​ម្ដេច? គឺ​មាន​ចែង​ថាៈ «ចូរ​បណ្ដេញ​ស្ត្រី​អ្នក​ងារ និង​កូន​របស់​នាង​ចេញ​ទៅ ដ្បិត​កូន​របស់​ស្ត្រី​អ្នក​ងារ​ពុំ​ត្រូវ​ទទួល​មត៌ក រួម​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ»៣១ ហេតុ​នេះ បង​ប្អូន​អើយ​យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។