ទឹកជំនន់ធំ
៦
ព្រះជាម្ចាស់សំរេចដាក់ទោសមនុស្សលោក
១ មនុស្សលោកចាប់ផ្ដើមកើនចំនួនកាន់តែច្រើនឡើងពាសពេញលើផែនដី ហើយគេក៏បង្កើតកូនស្រីៗ។ ២ កូនប្រុសៗរបស់ព្រះជាម្ចាស់ឃើញថាកូនស្រីៗរបស់មនុស្សមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។
៣ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកំរិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
៤ សម័យនោះ មានមនុស្សមាឌធំៗរស់នៅលើផែនដី ហើយក្រោយមកក៏នៅតែមានដែរ។ អ្នកទាំងនោះកើតនៅជំនាន់ដែលកូនប្រុសៗរបស់ព្រះជាម្ចាស់ នាំគ្នាមកយកកូនស្រីៗរបស់មនុស្សធ្វើជាប្រពន្ធ គឺអ្នកទាំងនោះហើយដែលជាវីរជនដ៏មានឈ្មោះល្បីនៅសម័យបុរាណ។
៥ ព្រះអម្ចាស់ទតឃើញថា មនុស្សលោកនាំគ្នាប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ នៅលើផែនដី ហើយពីព្រឹកដល់ល្ងាច ចិត្តរបស់គេចេះតែលំអៀងទៅប្រព្រឹត្តអំពើអាក្រក់។ ៦ ព្រះអម្ចាស់នឹកស្ដាយដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយព្រះអង្គព្រួយព្រះហឫទ័យ។ ៧ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងលុបបំបាត់មនុស្សលោក ដែលយើងបានបង្កើតមកអោយអស់ពីផែនដី គឺចាប់តាំងពីមនុស្សរហូតដល់សត្វស្រុក ចាប់តាំងពីសត្វលូនវារ រហូតដល់សត្វដែលហើរនៅលើមេឃ ដ្បិតយើងស្ដាយដោយបានបង្កើតគេមក»។
៨ ប៉ុន្តែ ព្រះអម្ចាស់គាប់ព្រះហប្ញទ័យនឹងលោកណូអេ។
ព្រះជាម្ចាស់រក្សាទុកក្រុមគ្រួសារលោកណូអេ
៩ នេះជាដំណើររឿងក្រុមគ្រួសាររបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់លោក។ លោកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់។
១០ លោកណូអេបានបង្កើតកូនប្រុសបីនាក់ឈ្មោះសិម ហាំ និងយ៉ាផេត។
១១ គ្រានោះ មនុស្សលោកនៅលើផែនដីប្រែជាអាក្រក់ខិលខូចអស់ ហើយពោរពេញដោយអំពើឃោរឃៅទៀតផង។ ១២ ព្រះជាម្ចាស់ទតឃើញថាផែនដីអាក្រក់ខូចអស់ ដ្បិតមនុស្សលោកទាំងប៉ុន្មាននៅលើផែនដី សុទ្ធតែមានកិរិយាមារយាទខិលខូចអាក្រក់។ ១៣ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងបានសំរេចចិត្តផ្ដាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើអោយផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេអោយវិនាសសូន្យទៅជាមួយផែនដី។
១៤ ចូរអ្នកយកស្រឡៅមកធ្វើទូកមួយយ៉ាងធំ ហើយចែកទូកធំនេះជាច្រើនបន្ទប់ ព្រមទាំងយកជ័រមកលាបភ្ជិតទាំងក្នុងទាំងក្រៅផង។ ១៥ អ្នកត្រូវធ្វើដូចតទៅនេះ: ទូកធំនោះមានបណ្ដោយបីរយហត្ថ ទទឹងហាសិបហត្ថ និងកំពស់សាមសិបហត្ថ។ ១៦ អ្នកត្រូវធ្វើដំបូលមួយដាក់ភ្ជាប់ពីលើទូក កំពស់មួយហត្ថ។ ត្រូវដាក់ទ្វារទូកនៅពីខាង ហើយធ្វើទូកនោះជាជាន់ គឺមានជាន់ក្រោម ជាន់ទីពីរ និងជាន់ទីបី។ ១៧ រីឯយើងវិញ យើងនឹងធ្វើអោយទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ ១៨ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រី*ជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសាស្រីរបស់អ្នក។ ១៩ អ្នកក៏ត្រូវនាំយកសត្វមួយគូៗពីបណ្ដាសត្វទាំងអស់ ចូលទៅក្នុងទូកធំ ដើម្បីអោយវាបានរួចជីវិតរួមជាមួយអ្នកដែរ គឺត្រូវយកឈ្មោលមួយញីមួយ។ ២០ សត្វមួយគូៗ ក្នុងពូជនីមួយៗនឹងនាំគ្នាមករកអ្នក ដើម្បីអោយបានរួចជីវិត គឺមានសត្វស្លាប សត្វស្រុក សត្វលូនវារនៅលើដី។ ២១ អ្នកក៏ត្រូវយកគ្រឿងបរិភោគទាំងប៉ុន្មាន ទុកជាស្បៀងអាហារសំរាប់បរិភោគ និងទុកជាចំណីសំរាប់សត្វដែរ»។ ២២ លោកណូអេក៏ធ្វើដូច្នោះមែន គឺលោកធ្វើសព្វគ្រប់ទាំងអស់ ដូចព្រះជាម្ចាស់បានបង្គាប់។