១៣
លោកឡុតបែកចេញពីលោកអាប់រ៉ាម
១ លោកអាប់រ៉ាមបានវិលត្រឡប់មកពីស្រុកអេស៊ីបវិញ ឆ្ពោះទៅកាន់តំបន់ណេកិបជាមួយភរិយា និងអ្វីៗដែលជាកម្មសិទ្ធិរបស់លោក។ លោកឡុតក៏មកជាមួយដែរ។ ២ លោកអាប់រ៉ាមមានហ្វូងសត្វ និងមានមាសប្រាក់ជាច្រើន។ ៣ លោកបានធ្វើដំណើរជាច្រើនដំណាក់ ពីតំបន់ណេកិបរហូតទៅដល់បេតអែល ជាកន្លែងដែលលោកធ្លាប់បោះជំរំកាលពីដំបូង នៅចន្លោះបេតអែល និងក្រុងអៃ ៤ គឺនៅកន្លែងដែលលោកបានសង់អាសនៈមួយកាលពីមុន។ លោកក៏គោរពបំរើព្រះនាមព្រះអម្ចាស់នៅទីនោះ។
៥ លោកឡុតដែលមកជាមួយលោកអាប់រ៉ាម ក៏មានហ្វូងចៀម ហ្វូងគោ និងមានជំរំជាច្រើនដែរ។ ៦ ស្រុកនោះពុំមានលទ្ធភាពអោយលោកទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតលោកទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើអោយរស់នៅជាមួយគ្នាមិនកើត។ ៧ ពេលនោះ ពួកគង្វាលហ្វូងសត្វរបស់លោកអាប់រ៉ាម និងពួកគង្វាលហ្វូងសត្វរបស់លោកឡុត កើតវិវាទនឹងគ្នា។ រីឯជនជាតិកាណាន និងជនជាតិពេរិស៊ីត ក៏រស់នៅក្នុងស្រុកនោះដែរ។ ៨ លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់លោកឡុតថា៖ «អ៊ំសូមអង្វរក្មួយថា សុំកុំអោយមានជម្លោះរវាងអ៊ំ និងក្មួយ ឬរវាងពួកគង្វាលរបស់អ៊ំ និងពួកគង្វាលរបស់ក្មួយឡើយ ដ្បិតយើងជាបងប្អូននឹងគ្នា។ ៩ មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្ដាំ ហើយបើក្មួយទៅខាងស្ដាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។
១០ លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះអម្ចាស់រំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ ១១ លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសំរាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។ ១២ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណាន រីឯលោកឡុតរស់នៅតាមទីក្រុងនានាក្នុងតំបន់នោះ ហើយបោះជំរំនៅក្បែរក្រុងសូដុម។ ១៣ អ្នកក្រុងសូដុមសុទ្ធតែជាជនពាល ដែលបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ប្រឆាំងនឹងព្រះអម្ចាស់។
ព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់
១៤ ក្រោយពេលលោកឡុតបែកចេញពីលោកអាប់រ៉ាមទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមថា៖ «ចូរងើបមុខមើលពីកន្លែងដែលអ្នកនៅនោះ ហើយសម្លឹងឆ្ពោះទៅទិសខាងជើង និងទិសខាងត្បូង ទិសខាងកើត និងទិសខាងលិចទៅ! ១៥ ដ្បិតយើងនឹងប្រគល់ស្រុកទាំងមូល ដែលអ្នកមើលឃើញនេះអោយអ្នក និងអោយពូជពង្សរបស់អ្នករហូតតទៅ។ ១៦ យើងនឹងធ្វើអោយពូជពង្សរបស់អ្នកកើនចំនួនច្រើនដូចធូលីដី គ្មាននរណាអាចរាប់ពូជពង្សរបស់អ្នកបានឡើយ គឺដូចជាគេពុំអាចរាប់ធូលីបានយ៉ាងនោះដែរ។ ១៧ ចូរក្រោកឡើង ដើរអោយសព្វទីកន្លែងក្នុងស្រុកនេះទៅ ដ្បិតយើងប្រគល់អោយអ្នកហើយ»។ ១៨ លោកអាប់រ៉ាមរើជំរំមកបោះនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ ជិតក្រុងហេប្រុន។ នៅទីនោះ លោកបានសង់អាសនៈមួយ សំរាប់ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់។