២៣
ផ្នូររបស់លោកស្រីសារ៉ា
១ លោកស្រីសារ៉ារស់បានទាំងអស់មួយរយម្ភៃប្រាំពីរឆ្នាំ។ ២ ក្រោយមក គាត់ក៏បានទទួលមរណភាពនៅក្រុងគារយ៉ាត់-អើបា ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ លោកអប្រាហាំមករៀបចំបញ្ចុះសពលោកស្រីសារ៉ា និងធ្វើពិធីកាន់ទុក្ខ។ ៣ បន្ទាប់មក លោកអប្រាហាំចាកចេញពីសាកសពភរិយាទៅនិយាយនឹងជនជាតិហេតដូចតទៅ៖ ៤ «ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែង ក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីអោយខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំ ដែលទើបនឹងចែកស្ថានទៅ»។ ៥ ជនជាតិហេតតបមកលោកអប្រាហាំវិញថា៖ ៦ «លោកម្ចាស់ សូមមេត្តាស្ដាប់យើងខ្ញុំសិន! ព្រះជាម្ចាស់បានប្រទានអោយលោកមានឋានៈខ្ពស់ ក្នុងចំណោមយើងខ្ញុំស្រាប់ហើយ សូមលោកបញ្ចុះសពភរិយារបស់លោក នៅក្នុងចំណោមផ្នូរដ៏ល្អណាមួយរបស់យើងខ្ញុំក៏បាន។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាម្នាក់បដិសេធមិនអោយលោកប្រើផ្នូររបស់ខ្លួន សំរាប់បញ្ចុះសពភរិយារបស់លោកឡើយ»។ ៧ លោកអប្រាហាំក្រោកឡើង ហើយក្រាបចុះនៅមុខអ្នកស្រុកនោះ គឺនៅមុខជនជាតិហេត។ ៨ លោកមានប្រសាសន៍ទៅគេថា៖ «បើបងប្អូនពិតជាយល់ព្រមអោយខ្ញុំបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនេះមែន សូមមេត្តាជួយនិយាយនឹងលោកអេប្រូន ជាកូនរបស់លោកសូហារអោយខ្ញុំផង ៩ គឺសូមអោយគាត់ផ្ទេរគុហាម៉ាកពេឡាដែលជាកម្មសិទ្ធិរបស់គាត់មកខ្ញុំ គឺគុហាដែលនៅចុងចំការរបស់គាត់។ សូមអោយគាត់លក់គុហានោះមកខ្ញុំ គិតតាមតម្លៃពិតប្រាកដ ដើម្បីខ្ញុំយកទីបញ្ចុះសពនោះ ធ្វើជាកម្មសិទ្ធិរបស់ខ្ញុំ នៅកណ្ដាលចំណោមបងប្អូនទាំងអស់គ្នា»។
១០ លោកអេប្រូន ជាជនជាតិហេត ក៏អង្គុយរួមជាមួយជនរួមជាតិរបស់គាត់ឯទៀតៗដែរ។ គាត់ឆ្លើយទៅលោកអប្រាហាំវិញ នៅចំពោះមុខជនជាតិហេត និងនៅចំពោះមុខមនុស្សម្នាទាំងប៉ុន្មាន ដែលអង្គុយនៅមាត់ទ្វារក្រុងថា៖ ១១ «លោកម្ចាស់ សូមស្ដាប់ខ្ញុំប្របាទសិន ខ្ញុំប្របាទសូមប្រគល់ដីចំការ ព្រមទាំងគុហានៅក្នុងចំការនោះជូនលោកម្ចាស់។ ខ្ញុំប្របាទជូនលោកម្ចាស់នៅចំពោះមុខជនជាតិខ្ញុំប្របាទទាំងអស់។ សូមលោកម្ចាស់បញ្ចុះសពភរិយារបស់លោកម្ចាស់នៅទីនោះទៅ»។
១២ លោកអប្រាហាំក្រាបចុះនៅមុខអ្នកស្រុកនោះ ១៣ ហើយមានប្រសាសន៍ទៅកាន់លោកអេប្រូននៅមុខមនុស្សទាំងអស់ថា៖ «សូមលោកស្ដាប់ខ្ញុំវិញ! ខ្ញុំសូមជូនប្រាក់លោកតាមតម្លៃដី សូមលោកទទួលយកពីដៃខ្ញុំផ្ទាល់ទៅ ខ្ញុំនឹងបញ្ចុះសពភរិយារបស់ខ្ញុំនៅទីនោះ»។ ១៤ ប៉ុន្តែ លោកអេប្រូនតបទៅលោកអប្រាហាំថា៖ ១៥ «លោកម្ចាស់ សូមស្ដាប់ខ្ញុំ! ដីនេះមានតម្លៃជាប្រាក់សុទ្ធតែមួយរយម្ភៃតម្លឹងប៉ុណ្ណោះ ដូច្នេះ គ្មានអ្វីសំខាន់រវាងលោកម្ចាស់ និងខ្ញុំទេ សូមបញ្ចុះសពភរិយារបស់លោកទៅ!»។ ១៦ លោកអប្រាហាំក៏ព្រមព្រៀងជាមួយលោកអេប្រូន ហើយថ្លឹងប្រាក់អោយគាត់ តាមចំនួនដែលគាត់បាននិយាយនៅមុខជនជាតិហេត គឺប្រាក់សុទ្ធមួយរយម្ភៃតម្លឹង គិតតាមតម្លៃដែលគេលក់ដីនៅសម័យនោះ។
១៧ តាំងពីពេលនោះមក ដីចំការរបស់លោកអេប្រូននៅម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ គឺទាំងដីចំការ ទាំងគុហា និងដើមឈើទាំងប៉ុន្មាននៅក្នុងចំការនោះទាំងមូល ១៨ បានត្រឡប់មកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ដោយមានជនជាតិហេត និងមនុស្សម្នាទាំងអស់ដែលអង្គុយនៅមាត់ទ្វារក្រុងជាសាក្សី។
១៩ បន្ទាប់មក លោកអប្រាហាំក៏បានបញ្ចុះសពលោកស្រីសារ៉ា ជាភរិយា ក្នុងគុហា នៅចំការម៉ាកពេឡា ដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។ ២០ ដូច្នេះ ជនជាតិហេតបានផ្ទេរដីចំការ និងគុហាដែលនៅលើដីនោះមកជាកម្មសិទ្ធិរបស់លោកអប្រាហាំ ទុកជាកន្លែងបញ្ចុះសពក្រុមគ្រួសារលោក។